សម្រង់ប្រសាសន៍​​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ចាក់អង្រែលើ

CNV: 

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានធ្វើពិធីជួបជុំសាជាថ្មីម្ដងទៀត ជាមួយកម្មករ/ការិនីរបស់យើង នៅតំបន់ចាក់អង្រែ ប៉ុន្តែដោយសារនៅទីនោះ មិនមានទីធ្លាទូលាយសម្រាប់ជួបជុំ យើងក៏ប្រើប្រាស់ នូវ មហាវិថីលេខ ៦០ ម៉ែត្រនេះ ដើម្បីធ្វើពិធីជួបជុំជាមួយនឹងកម្មករចំនួនជាង ១៣.០០០ នាក់​។

ភ្ជុំបិណ្ឌប្រព្រឹត្តដោយសន្តិភាព សុវត្ថិភាព

ថ្ងៃនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាពិតជាទទួលបាននូវការរីករាយបន្ទាប់ពីភ្ជុំបិណ្ឌ។ ហើយភ្ជុំបិណ្ឌឆ្នាំនេះ ក៏បានប្រព្រឹត្តទៅក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្ដិភាព សុវត្ថិភាពទាំងស្រុង។ អ្វីដែលជន បរ ទេសមួយរូបបានប្រកាសប្រាប់ទៅជនជាតិរបស់ខ្លួនថា អោយមានការប្រុងប្រយ័ត្នអំពីសន្ដិសុខរបស់កម្ពុជា មិនត្រូវបានកើតទេ។ ផ្ទុយទៅវិញ សង្រ្គាមនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក វាស្ទើរតែជិតដល់ទីកន្លែងរបស់វាទៅហើយ បើយោងទៅលើ អ្វីដែលជាភាពតានតឹង(រវាងប្រទេសទាំងពីរ) ប៉ុន្តែសម្រាប់កម្ពុជា មិនដូច្នេះទេ ប្រជាជនកម្ពុជាមិន ចាញ់ បោកជនណាទាំងអស់ ក្រៅតែពីការជឿជាក់លើខ្លួនឯង។ សមត្ថភាពផ្ទាល់របស់ប្រជាជនកម្ពុជា ទៅលើ ការការពារសន្ដិសុខជាតិ ទៅលើការការពារនូវសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ពិតជា មានពិតប្រាកដ។ បើទោះបីជាតំណាងអោយប្រទេសមហាអំណាចខ្លះ អាចថាជាបុគ្គលក៏ថាបានបំផុស ដោយមានចរិកញុះញង់ធ្វើអោយមានការភ័យខ្លាច។ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងបានធ្វើដំណើរទូទាំង ប្រទេសក្នុងរយៈពេលភ្ជុំបិណ្ឌកន្លងទៅនេះ។ ឆ្នាំនេះ នៅទីក្រុងភ្នំពេញ ក៏ដូចជាឆ្នាំមុនៗដែរ​ គឺប្រជាពល រដ្ឋរបស់យើងនៅទីក្រុងភ្នំពេញ (មានចំនួន) តិចណាស់ ដោយសារបានធ្វើដំណើរទៅឆ្ងាយ ហើយជឿ ជាក់ថា កម្មករ/ការិនីរបស់យើងក៏បានធ្វើដំណើរទៅភូមិកំណើត ដើម្បីចូលរួមជាមួយនឹងឪពុកម្ដាយ សាច់ សាលោហិត ដើម្បីធ្វើពិធីតាមប្រពៃណីរបស់ខ្លួន។

កត្តាទី ១៖ សន្តិភាព នាំឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកក្នុងពិធីបុណ្យភ្ជុំ និងពិធីបុណ្យនានា

ខ្ញុំសូមអរគុណជាមួយនឹងការទទួលយកអនុសាសន៍ ឬទទួលយកនូវសំណូមពររបស់ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ថៅកែរោងចក្រ ដែលក្នុងនោះ មានការបើកបៀវត្សជាមុន ឬក៏ភាគច្រើន​ក៏​បាន​ផ្ដល់នូវការធ្វើបុរេប្បទាននូវថវិកា។ ឯសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធវិញ ក៏បានបើក​ប្រាក់បៀ​វត្សទាំងពីមុនភ្ជុំបិណ្ឌ ជាមួយនឹងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីអោយការភ្ជុំបិណ្ឌឆ្នាំនេះអាចប្រព្រឹត្ត​ទៅ​បាន។ ខ្ញុំអាចនិយាយបានថា ហេតុអ្វីទៅបានជាយើងអាចធ្វើបុណ្យនេះ? មុនចូលទៅដល់ប្រធានបទ​ទាក់​ទងនឹងកម្មករផ្ទាល់ ក៏មានចំណែកដែលកម្មករយើងបានចូលរួមនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។ មាន​កត្តា ៤ យ៉ាង ដែលធ្វើអោយពិធីភ្ជុំបិណ្ឌ ក៏ដូចជាពិធីបុណ្យនានា អាចប្រព្រឹត្តទៅបានស្រួល ប្រជាជន​អាច​មានលទ្ធភាពធ្វើដំណើរ តើអ្វីខ្លះ? ទី ១ កត្តាសន្ដិភាព។ កត្តានេះហើយ ជាកត្តាធំជាងគេ ដែលធ្វើ​អោយ​ប្រទេសកម្ពុជារបស់យើងមានលទ្ធភាពធ្វើដំណើរដោយគ្មានការភ័យខ្លាច។ មិនមែនគ្រាន់តែ​ភ័យ​ខ្លាច​សម្រាប់ការវាយភេរវកម្ម ឬការពួនស្ទាក់ដោយក្រុមឧទ្ទាមណាមួយដូចកាល​ពី​ពេលមុនទេ ក៏ប៉ុន្តែ​ឥឡូវ​នេះ ប្រជាពលរដ្ឋមិនត្រឹមតែធ្វើដំណើរពេលថ្ងៃទេ គេធ្វើដំណើរក្នុងពេលយប់ ដោយមានសុវត្ថិភាព។

ត្រង់នេះហើយ ជាចំណុចដែលយើងត្រូវឃើញថា កាលពីអតីតកាល ពីសម័យសង្រ្គាម ក្នុងចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ ពេលនោះ ប្រជាពលរដ្ឋរបស់យើងត្រូវខ្ចាត់ព្រាត់​ បែកគ្នា ហើយកាត់​ជា​កង់ៗ​ពី​ខេត្ត​មួយ​ទៅកាន់ខេត្តមួយមិនធ្វើដំណើរបានទេ។ បន្ទាប់ទៅ របប ប៉ុល ពត។ បន្ទាប់ទៅ សង្រ្គាមនៅបន្ត រហូត​មកដល់ឆ្នាំ ១៩៩៨ តាមរយៈនៃនយោបាយឈ្នះឈ្នះ អនុញ្ញាតអោយប្រជាពលរដ្ឋរបស់យើងអាចធ្វើដំ​ណើរ​ដោយ​គ្មានការភ័យខ្លាច។ មុននេះ ប្រទេសកម្ពុជារបស់យើង ជាប្រទេសមួយដែលមាន​តំបន់​ត្រួត​ត្រា​ច្រើន។ ឆ្លងពីតំបន់មួយទៅកាន់តំបន់មួយទៀត ត្រូវឆ្លងកាត់ចំការមីន ត្រូវឆ្លងកាត់នូវខ្សែត្រៀម ត្រូវមាន​ការ​បាញ់ប្រហារដោយកម្លាំងបដិបក្ខប្រដាប់អាវុធជាមួយគ្នា។ ប៉ុន្តែ បន្ទាប់ពីការអនុវត្តនូវនយោ​បាយ​ឈ្នះឈ្នះ ប្រទេសរបស់យើងលែងមានតំបន់ត្រួតត្រា(ច្រើន) គ្មានរបងផ្ទៃក្នុងទៀតទេ គឺជាប្រ​ទេស​មួយ​តំ​បន់​ត្រួតត្រាមួយ ព្រះមហាក្សត្រមួយ រដ្ឋធម្មនុញ្ញមួយ រាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធតែមួយ។ នេះ​គឺ​ជាកត្តាទីមួយធំជាងគេ ដែលអនុញ្ញាតអោយប្រជាជនកម្ពុជារបស់យើង មានលទ្ធភាពធ្វើដំណើរទៅ​គ្រប់​ទីកន្លែង។

កត្តាទី ២៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

កត្តាទី ២ ហេដ្ឋារចនាសម័្ពនតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ។ បើទោះបីវាមិនទាន់ស្រួលឥតខ្ចោះ ក៏ប៉ុន្តែ បានអនុញ្ញាតអោយប្រជាពលរដ្ឋរបស់យើងអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង នៅក្នុងក្របខណ្ឌ​ទូ​ទាំងប្រទេស។ កាលពីជំនាន់ឆ្នាំ ២០០០ ប្លាយ ឬក្រោយ​បន្ដិច ពេលនោះ បើទោះបីយើងមាន​សន្ដិ​ភាព​ក៏​ដោយ ក៏ប៉ុន្តែ ប្រជាពលរដ្ឋនៅពេលដែលគាត់ចង់ធ្វើដំណើរនាំកូននាំចៅ ធ្វើដំណើរទៅធ្វើបុណ្យធ្វើទាន​នៅ​ឯភូមិកំណើត គឺជួបការលំបាកណាស់ ដោយសារខ្វះផ្លូវ ខ្វះស្ពានក្នុងការធ្វើដំណើរទៅ​កាន់ភូមិ​កំ​ណើត។ ប៉ុន្តែឥឡូវនេះ ហេដ្ឋារចនាសម័្ពនតភ្ជាប់ មានតាំងពីផ្លូវស្ពាន រហូតទៅដល់មានយន្តហោះ​។ ដូច​ជាខ្លះ ធ្វើដំណើរពីភ្នំពេញ ទៅកាន់សៀមរាប ពីសៀមរាប ទៅក្រុងព្រះសីហនុ ឬក៏ពីភ្នំពេញ ទៅក្រុងព្រះ​សីហនុ គេអាចធ្វើដំណើរតាមយន្តហោះទៀតផង។ អញ្ចឹងទេ ការតភ្ជាប់ ចំណុចនេះ គឺជាចំណុច​អាទិ​ភាព​មួយ ក្នុងអាទិភាព នៃនយោបាយរបស់រាជរដ្ឋាភិបាល​ទាក់ទងជាមួយនឹងគមនាគមន៍ និងដឹកជញ្ជូន។

ប៉ុន្មានថ្ងៃមុន ខ្ញុំក៏បានធ្វើដំណើរទៅតាមផ្លូវគោក ដោយធ្វើដំណើរឆ្លងកាត់ចាប់ចេញពីទីក្រុងភ្នំពេញ កាត់​ខេត្ត​កណ្ដាល​ កាត់ខេត្តកំពង់ចាម កាត់ខេត្តក្រចេះ​ ទៅធ្លាយដល់ខេត្តស្ទឹងត្រែង ដើម្បីបិទទំនប់សេសានទី ២។ ដល់ត្រឡប់មកវិញ កាត់ខេត្តស្ទឹងត្រែង កាត់ខេត្តព្រះវិហារ កាត់ខេត្តកំពង់ធំ ចូលខេត្តកំពង់ចាម ចូល​ខេត្ត​កណ្ដាល ចូលដល់ភ្នំពេញវិញ។ បូកសរុបទៅប្រមាណជាង ៩០០ គីឡូម៉ែត្រ។ ដូច្នេះ ស្ថានភាព​វាមិន​ចាំ​បាច់​វិលត្រឡប់ក្រោយ។ កាលពីដើម ទៅដល់រតនគិរី ទៅដល់មណ្ឌលគិរី ត្រូវវិលត្រឡប់ផ្លូវជាតិលេខ ៧ វិញ បានឡើងមកក្រចេះ បានឡើងទៅស្ទឹងត្រែង ប៉ុន្តែឥឡូវអត់ទេ ទៅដល់មណ្ឌលគិរី គេធ្វើដំណើរ​ឆ្ពោះ​ទៅរតនគិរី គេធ្វើដំណើរឆ្ពោះទៅស្ទឹងត្រែង គេធ្វើដំណើរចុះមកក្រចេះក៏បាន គេធ្វើដំណើរមកព្រះវិហារ ចេញមកកំពង់ធំ ចេញមកសៀមរាប ទៅតាមអ្វីដែលគេចង់(ធ្វើដំណើរ)។ នេះជាកត្តាទី ២ រាជរដ្ឋាភិ​បាល​បាន​ប្រឹងណាស់ ដើម្បីសម្រួលអោយប្រជាពលរដ្ឋរបស់យើងអាចធ្វើដំណើរបាន។

កត្តាទី ៣៖ មធ្យោបាយធ្វើដំណើរ

កត្តាទី ៣ យើងមានមធ្យោបាយធ្វើដំណើរ។ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើងមួយចំនួន មានមធ្យោបាយធ្វើផ្ទាល់សម្រាប់ការធ្វើដំណើរ។ ក្នុងហ្នឹង យោងទៅលើស្ថិតិ គ្រាន់តែស្ថិតិនៅទីក្រុងភ្នំ​ពេញ​មួយ​ ដែលមានរថយន្តជិតកន្លះលានគ្រឿង និងមានម៉ូតូជាងមួយលានគ្រឿង។​ ប្រសិនបើទីក្រុងភ្នំ​ពេញ​ចេញតែ ៥០% នៃមធ្យោបាយធ្វើដំណើរ ត្រូវកកស្ទះទាំងអស់ អត់ធ្វើដំណើរអីបានទេ ប៉ុន្តែដោយ​សារមធ្យោបាយធ្វើដំណើរនេះ បូកជាមួយនឹងមធ្យោបាយដោយបង់ប្រាក់របស់អ្នក ដែលមានរថយន្ត​(ឈ្នួល)​ ក៏ផ្តល់ការអនុញ្ញាតដល់ប្រជាពលរដ្ឋរបស់យើង អាចធ្វើដំណើរទៅបាន តាមរយៈមធ្យោបាយ​ផ្ទាល់​ខ្លួន និងតាមរយៈរថយន្តឈ្នួល រថយន្តតាក់ស៊ី ដែលពួកគាត់អាចធ្វើដំណើរបាន​ ហើយដែលវា​ខុស​ប្លែក​គ្នាខ្លាំងណាស់ នៅឆ្នាំ ១៩៧៩ ក្រោយពីរំដោះប្រទេស យើងមានរថយន្តតែប៉ុន្មានគ្រឿង​ប៉ុណ្ណោះនៅ​ក្នុងទី​ក្រុងភ្នំពេញ។ ពេលនោះមានត្រឹមតែម៉ូតូមួយស្មើនឹងមានឡាន Mercedes មួយអញ្ចឹង។ ជំនាន់​នោះ​គេហៅមានកង់ឌុបមជ្ឈឹម។ ប៉ុន្តែ ឥឡូវនេះ បញ្ហាកង់ យើងធ្វើដំណើរមួយត្រួសអញ្ចឹង កង់ស្ទើរ​តែ​គ្មាន។ ប៉ុន្តែ បើសិនជួបប្រទះវិញ ឥឡូវមានប្រភេទកង់ថ្លៃជាងឡាន(ទៅទៀត) កង់សម្រាប់គេហាត់​ប្រាណ ថាប្រមាណជាង ១ ម៉ឺនដុល្លារក្នុងមួយគ្រឿងឯណោះ។

មានរថយន្តមួយនោះ(ថ្លៃ)តែ ២.៣០០ ដុល្លារទេ កាលពីថ្ងៃទី ១៥ កក្កដា ខ្ញុំមកបើកឡាននៅទីនេះ(ផ្លូវ ៦០ម៉ែត្រ) ឃើញគេកំពុងតែបង្រៀនបើកឡាន ស័ក្តិ ២ ម្នាក់នៅក្រសួងការពារជាតិ ជាគ្រូខាងកីឡា កំពុង​បង្រៀនប្រពន្ធបើករថយន្ត។ ដល់អញ្ចឹង ខ្ញុំក៏សុំឡើងបើក ធ្វើជាតៃកុងតាក់ស៊ី។ សួរទៅថាឡានហ្នឹងតែ ២.៣០០ ដុល្លារ ឆ្លាមឆ្នាំ ១៩៩១ ប៉ុន្តែ នឹងល្អ បានជាខ្ញុំសួរថា ក្មួយឯង ឡានហ្នឹងមានដូរម៉ាស៊ីនទេ? ថា​អត់​មានដូរអីផង​ វាអញ្ចឹង។ ថ្ងៃនោះ ខ្ញុំបើកបាន ៤ ឡាន ចុះមួយ មានអ្នកទើបនឹងទិញឡានថ្មី សុំមកធ្វើ​ម៉េច​សម្តេចជួយបើកឲ្យខ្ញុំផង ដើម្បីយកហុងស៊ុយ ក៏ចេះតែឡើងបើកមួយព័ទ្ធអញ្ចឹងទៅ​។ អញ្ចឹងទេ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង កាន់តែច្រើន ដែលផ្តល់លទ្ធភាព(ធ្វើដំណើរ) ហើយឆ្នាំ​នេះ បើទោះបីជារថយន្តឡើងថ្លៃ ក៏ឡើងមានលក្ខណៈតិចតួច។ ហើយអរគុណដែរចំពោះ​ថៅកែ(លក់)​រថ​យន្ត ហើយអ្នកបើកបររថយន្ត ដែលឆ្នាំនេះ កម្រិតនៃការខូចខាត បាត់បង់អាយុជីវិត ក៏ដូចជាគ្រោះថ្នាក់​ចរាចរណ៍​ហាក់ដូចជាមានការថយចុះ ប្រៀបធៀប​ជាមួយនឹងពេលបុណ្យភ្ជុំឆ្នាំមុនៗ។

កត្តាទី ៤៖ កត្តាប្រាក់ចំណូល

ឯកត្តាទី ៤ គឺអ្វីទៅ? នោះគឺប្រាក់ចំណូលដែលប្រជាជនយើងមាន។ សូម្បីតែកម្មករ/ការិនីនេះ ប្រសិន​បើ​ក្មួយ​ៗគ្មានការងារធ្វើ តើក្មួយៗមានប្រាក់ចំណូលសម្រាប់ទៅធ្វើបុណ្យទេ? មិនមែន(ស្ងៀមៗ)ក្មួយៗ​មក​នៅ​ទីនេះទេ ការពិតទៅបើសិនជាគ្មានរោងចក្រសហគ្រាសនៅទីនេះទេ ប្រហែលជាមិនមានវត្តមានក្មួយ​ៗ​នៅទីនេះទេ ហើយច្បាស់ជាក្មួយៗកំពុងស្ថិតនៅឯវាលស្រែ ជាមួយនឹងឪពុកម្តាយ ឬក៏ស្ថិតនៅជាមួយនឹង​មុខ​ងារផ្សេងៗ ដែលឪពុកម្តាយបានបង្កើតឡើង។ ប៉ុន្តែ ដោយសារតែប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ រាប់ទាំងប្រាក់ចំណូលរបស់កម្មករ/ការិនីរបស់យើង មានការកើនឡើង ហើយដោយសារការយកចិត្ត​ទុក​ដាក់​ពីសំណាក់រាជរដ្ឋាភិបាល សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណជាងកន្លះលាននាក់ ក៏ត្រូវបានទទួលនូវប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភ មុនពេលភ្ជុំបិណ្ឌ។ បន្ថែមលើនោះ នៅតាមរោងចក្រ សហគ្រាសជាច្រើន ក៏បានទទួលបានការបើកបៀវត្ស ឬក៏បុរេប្បទានថវិកាជាមុន។ បើទោះបីជាគ្មាន ក៏ក្មួយ​ៗមានលទ្ធភាពនឹងធ្វើដំណើរទៅស្រុកដែរ ក៏ប៉ុន្តែ មានអ្នកខ្លះក៏មិនអាចធ្វើដំណើរ​ទៅបានដែរ។

ឆ្នាំនេះ អត់បានទៅវត្ត ព្រោះជាប់ភ្ញៀវពីសាធារណរដ្ឋប្រជាមានិតចិន

ខ្ញុំសុំយកឱកាសនេះក្នុងនាមរាជរដ្ឋាភិបាលថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នា្កក់ កម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ និងទីអារាមនានា ដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ ក៏ដូចជា​បាន​ធ្វើ​បុណ្យ ធ្វើទានក្នុងរយៈពេល ១៥ ថ្ងៃ តាំងពីបិណ្ឌ ១ រហូតដល់ពេលភ្ជុំ។ អកុសលតែខ្ញុំទេឆ្នាំនេះ ប៉ុន្តែ​ខ្ញុំសង្ឃឹម​ថា ឪពុកម្ដាយរបស់ខ្ញុំបានចាប់ជាតិរួចស្រេចទៅហើយ ហើយខ្ញុំក៏មិនទាន់ដឹងថាឪពុករបស់​ខ្ញុំបាន​កើតមក​ហើយ ឬនៅ? ប៉ុន្តែម្ដាយរបស់ខ្ញុំអាយុ ១៨ ឆ្នាំទៅហើយ ចាប់ជាតិមក។ ឆ្នាំនេះ សូម្បីតែ​មួយ​វត្តក៏អត់បានទៅ​ដែរ។ ប៉ុន្តែប្រហែលជាដូនតារបស់ខ្ញុំ ឬក៏អ្នកដែលត្រូវស្វែងរកមុខខ្ញុំ ក៏យោគយល់​ចំ​​ការលំបាក​របស់ខ្ញុំដែរ។ ឆ្នាំនេះ នៅពេលដែលថ្ងៃភ្ជុំ មានភ្ញៀវដ៏សំខាន់សម្រាប់ជំនួបនៃការសន្ទនា​ទាក់​ទង​នឹងកិច្ចសហ​ប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនក្នុង​ភាពជាដៃគូ​យុទ្ធ​សាស្រ្ដ​។ ទន្ទឹម​នឹងជំនួបហើយ ​យើងក៏មានការទទួលទានបាយជាមួយគ្នា ដើម្បីបន្តការពិភាក្សាទាក់ទងជាមួយនឹងបញ្ហា​ជម្រុញ​កំណើន​សេដ្ឋកិច្ចរបស់កម្ពុជាជាបន្តទៀត តាមរយៈនៃសហប្រតិបត្តិការជាមួយសាធារណរដ្ឋ​ប្រជា​មា​និតចិន។ សម្ដេចពិជ័យសេនា ទៀ បាញ់ និងអ្នកដឹកនាំមួយចំនួនទៀតក៏អត់បាន​ទៅវត្តដែរប៉ុន្មាន​នាក់?​ គឺ​នាំគ្នាធ្វើការ​នៅថ្ងៃភ្ជុំតែម្ដង។

បន្ទាប់ពី​​នមស្ការទាក់ទងជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឥឡូវ ថ្ងៃនេះយើងបន្តនូវអ្វីដែលជាកិច្ចការ​ដែលខ្ញុំបាន​ធ្វើ​ក្នុង​​រយៈ​​ពេលកន្លងទៅ ហើយប្រហែលជាកម្មករ/ការិនីរបស់យើងក៏បានស្ដាប់លឺ ហើយក៏បានទទួល​ព័ត៌មាន​​ខ្លះៗរួចមកហើយ ដោយឡែកតែនៅតំបន់នេះ ក៏មានកម្មករ/ការិនីរបស់យើងថ្នាក់ប្រធានផ្នែក ប្រ​ធាន​​រដ្ឋបាល ប្រធានក្រុម ជំនួយការរោងចក្រចំនួន ១៧ (រោងចក្រ), ៩៣០ នាក់ ក៏បានទៅសំណេះ​សំ​ណាល​ជាមួយខ្ញុំនៅឯកោះពេជ្ររួចស្រេចទៅហើយ ហើយនឹងមានជាបន្ដបន្ទាប់តទៅទៀត។ ថ្ងៃនេះ ក៏​មាន​វត្ត​មានកម្មការិនីមានផ្ទៃពោះចំនួន ៣៩៦ នាក់ ហើយសង្ឃឹមថាចៅៗទាំងនោះ​នឹងកើតឡើងជាមួយ​នឹង​​សុខភាពដ៏ល្អរបស់ពួកគេ។

សំណូមពរអនុញ្ញាតកម្មការិនីមានផ្ទៃពោះចេញមុនម៉ោងយ៉ាងហោចណាស់ ១៥ នាទី

អម្បាញ់មិញ ខ្ញុំក៏បានទៅជួបជាមួយនឹងប៉ុន្មាននាក់នៅខាងមុខនេះ ហើយខ្ញុំហាក់​ដូចជាទទួល​អារម្មណ៍​ថា សំណូមពររបស់ខ្ញុំដែលសុំឲ្យកម្មការិនី ដែលមានផ្ទៃពោះ ឲ្យទទួលបាននូវការចេញ​មុនម៉ោង ១៥ នាទី ពិត​ជា​អាចទទួលបានដោយម្ចាស់រោងចក្រ។ ព្រោះអម្បាញ់មិញនេះ ខ្ញុំបានសួរថា ក្មួយៗបានចេញត្រឹមតែ ៥ នាទីតែ​ប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំបានសំណូមពរអនុវត្តជាទូទៅ ១៥ នាទី។ មានរោងចក្រខ្លះឲ្យលើសពីនេះ បើឲ្យលើស​ពីនេះ ក៏សុំឲ្យបន្តទៅ។ ខ្ញុំសុំតែកុំឲ្យក្រោម ១៥ នាទី ប៉ុន្តែបើសិនជារោងចក្រមានចិត្តធម៌ ឲ្យដល់ ២០ នាទី ឲ្យដល់ ៣០ នាទី ក៏សុំឲ្យចុះ។ សង្ឃឹមថា ឯកឧត្តម រដ្ឋមន្រ្ដី អ៊ិត សំហេង នឹងបន្ត​ការ​ងារ​ជាមួយ​ម្ចាស់រោងចក្រ ដើម្បីបើកឱកាសឲ្យក្មួយៗជាកម្មការិនី ដែលមានផ្ទៃពោះមាន​ឱកាសដើម្បីនឹង​ចេញ​មុនម៉ោងក្នុង​រយៈពេល ១៥ នាទី។ នោះគឺជាយកចិត្តទុកដាក់មួយចំពោះសុខុមាលភាពរបស់មាតា និងទារក ដែលជា​គោលនយោបាយអាទិភាពរបស់យើង ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់របស់មាតា និង​ទារក។

បន្ដចុះជួបកម្មកររហូតបញ្ចប់បេសកកម្មនាយករដ្ឋមន្ត្រី

ខ្ញុំក៏សុំ​យកឱកាសនេះ ថ្លៃងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលក្នុងរយៈពេលមួយ​រយៈ​ចុងក្រោយនេះ បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំមួយអំពីការពិនិត្យសុខភាពកម្មករ/ការិនីរបស់យើង។ យើង​នឹងបន្តធ្វើកិច្ចការងារនេះដោយមិនដកថយទេ។ បើទោះថ្ងៃនេះមានរោងចក្រមួយមាន​ចំនួន ៥៥០ នាក់ ហើយក្មួយៗទាំង ៥៥០ នាក់នោះ នឹងជួបពូពេលបន្តិចទៀត ក្រោយពីសំណេះ​សំណាលនេះទៅ។ ក្រុម​ហ៊ុន​កាត់ដេរ តេរ៉ាតិច នីតធីង & ​ហ្គាមិន ចំនួន ៥៥០ នាក់ដែលកំពុងធ្វើការ ហើយស្ដាប់​ការ​ផ្សាយ​ចេញ​ពី​ទីនេះ។ ខ្ញុំនឹងទៅរោងចក្រនោះ។ ខ្ញុំនឹងបន្តដំណើររបៀបនេះតទៅទៀត មិនមែនគ្រាន់តែធ្វើដំណើរ​ក្នុងឆ្នាំ ២០១៧-២០១៨ ទេ ខ្ញុំនឹងធ្វើដំណើរជា tour ដោយប្រើ​ប្រាស់ពេលវេលាក្នុង ១ អាទិត្យចំនួន ២ ពេល។ មួយពេលសម្រាប់ជំនួបជាមួយប្រធានរដ្ឋបាល ជំនួយការ ប្រធានផ្នែក ប្រធានក្រុម នៅឯកោះពេជ្រ។ ឯមួយផ្នែកទៀតគឺជួបជាមួយកម្មករ/ការិនីរបស់យើង ប៉ុន្តែ ដល់ទៅជួបថ្នាក់ប្រធានអស់ហើយនោះ ខ្ញុំក៏ធ្វើ​ដំ​ណើរក្រៅពីភ្នំពេញ ទៅតាមបណ្ដាខេត្តដទៃទៀត។ ហើយ​បន្ទាប់ទៅ ជួបអស់ហើយក៏ខ្ញុំនៅតែបន្ត ដើម្បី​ចូល​ទៅ​តាមរោងចក្រនេះ ចូលទៅតាមរោងចក្រនោះ ព្រោះថាពេលវេលា វាសមស្របខ្លាំង​ណាស់ជាមួយ​ដំ​ណើរ​វិវឌ្ឍ​របស់កម្ពុជា ដែលពេលនេះកំពុងអនុវត្តនូវនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥។

វត្តមាននៅកន្លែងផ្សេងៗគ្នា ទៅតាមដំណាក់កាល និងស្ថានភាពផ្សេងៗគ្នា

ច្បាស់ហើយ ថាក្មួយៗ​មួយចំនួនដែលមានអាយុច្រើនបង្គួរ ហើយក៏អាចថាឪពុកម្ដាយ ជីដូនជីតា របស់ ក្មួយៗមួយចំនួនក៏អាចដឹងពី​សកម្មភាពរបស់ខ្ញុំទៅតាមលំដាប់លំដោយ។ ដំណាក់កាលនៃការសង្គ្រោះប្រ​ទេស​ចេញពីសម័យ ប៉ុល ពត នៅក្នុងសម័យសង្គ្រាម ខ្ញុំត្រូវធ្វើទាហាន ព្រោះនេះជាតម្រូវការដើម្បី​រំដោះ​ប្រ​ទេស​អោយចេញពីរបប ប៉ុល ពត។ ​បន្ទាប់ទៅដំណាក់កាលទប់ស្កាត់នូវការវិលត្រឡប់នៃរបប ប៉ុល ពត និង​ដំណាក់កាលស្វែងរកសន្តិភាព គេឃើញវត្តមានរបស់ខ្ញុំនៅឯខ្សែត្រៀមជួរមុខ ដើម្បីសួរសុខទុក្ខ និង​ដោះស្រាយការលំបាករបស់កងទ័ព ហើយ​បន្ទាប់ទៅក៏ឃើញវត្តមានរបស់ខ្ញុំនៅលើតុចរចា ដើម្បីស្វែងរក​សន្តិភាពអំពីកម្ពុជា។ គេក៏បានឃើញវត្តមាន​របស់ខ្ញុំនៅអតីតតំបន់គ្រប់គ្រងដោយកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្ម នាំមកនូវ​សន្តិ​ភាព ការឯកភាពទឹកដី។ ជាបន្តមកទៀត គេបានឃើញ​វត្តមានរបស់ខ្ញុំនៅតាមវាលស្រែយ៉ាងច្រើន រាប់ទាំង​ការបង្កើតឲ្យមានវេទិកាសាធារណៈឆ្លងឆ្លើយគ្នារវាង​កសិករ ជាមួយនាយករដ្ឋមន្ត្រី នៅច្រើនខេត្ត នៅច្រើនទី​កន្លែង។ គេបានឃើញវត្តមានរបស់ខ្ញុំវនៅតាម​ទំ​នប់ទឹក ប្រឡាយទឹក និងនៅតាមវាលស្រែ ជួនកាលមានចូល​រួមដកស្ទូង ដើម្បីលើកទឹកចិត្តចំពោះ​កសិ​ករ​របស់​យើងចំពោះការផលិត ការដាំដុះ រហូតមានការដាំកៅស៊ូជាដើម។​ យើងធ្វើពីប្រទេសមួយដែលខ្វះ​ខាត​ស្បៀង ទៅជាប្រទេសមួយដែលសល់ស្បៀងសម្រាប់ការនាំចេញ រហូតដល់ ​៥ លាន តោន ជាស្រូវ។ យើងមិនទាន់គិតដល់ដំឡូង ពោត ដែលមានសល់យ៉ាងច្រើន ហើយកំពុងជួបប្រទះនូវ​បញ្ហាទីផ្សារ និង​តម្លៃ​កសិផលដែលវាធ្លាក់ចុះ ដែលជាបញ្ហាកត្តាសត្យានុម័តនៃសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ច​ក្នុង​តំបន់​របស់​យើងផង។

ឥឡូវ ដល់ពេលវេលាដែលកម្ពុជារបស់យើងបន្តអនុវត្តនូវនយោបាយឧស្សាហកម្ម ២០១៥​-២០២៥ ខ្ញុំត្រូវ​ធ្វើ​ដំណើរទៅតាមរោងចក្រសហគ្រាសនានា ហើយខ្ញុំនឹងមិនឈប់នៅការជួបគ្នាត្រឹមឆ្នាំនេះ ឬឆ្នាំក្រោយ​ទេ ខ្ញុំនឹង​ធ្វើដំណើររហូតដល់បញ្ចប់បេសកម្មជានាយករដ្ឋមន្ត្រីក្នុងរយៈពេល ១០ ឆ្នាំ ខាងក្រោយ ប៉ុន្តែ ខ្ញុំប្រើ​ពាក្យ ១០ ឆ្នាំ យ៉ាងតិច។ សង្ឃឹមថាក្មួយៗកម្មករ/ការិនី ក៏ដូចជាមាតាបិតា អាណាព្យាបាល ដែល​បាន​ទទួល​ផលពីសុខសន្តិភាព ពីការរំដោះប្រទេសដឹកនាំដោយខ្ញុំ រួមជាមួយមេដឹកនាំដទៃទៀត ហើយ​ដែល​​​មានការងារ​ធ្វើ នឹងបន្តបោះឆ្នោតអោយខ្ញុំបន្តនូវសកម្មភាពជា​ប្រវត្តិសាស្រ្ត។ និយាយយ៉ាង​ដូច្នេះ មិនមែនជាករណីដោយឡែកសម្រាប់ការជួបនោះទេ។

វិវាទការងារ ហាក់ដូចជាមានការថយចុះ ដោយសារការយោគយល់គ្នារវាងនិយោជក និងនិយោជិត

ខ្ញុំក៏បានជួបកម្មករ​ច្រើនដែរ ទៅតាមទីកន្លែង​ខុសៗគ្នា។ ហើយជារៀងរាល់ឆ្នាំកាលពីមុន ខ្ញុំយកពីរ​ពេល​ផងដែរ ដើម្បីជួបជាមួយ​តំណាងឲ្យកម្មករ​ហ្នឹង​មួយពេលទៅ មួយពេលទៀតគឺយកថ្ងៃ ១ ខែ ឧសភា ជា​រៀងរាល់ឆ្នាំ ដើម្បីជួបកម្មករនៅឯ​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុដើម្បីជាតំណាងអោយកម្មករ និងមាន​ការ​ចូលទៅតាមរោងចក្រមួយចំនួនផ្សេង​ទៀត។ ប៉ុន្តែ ជំនួបរបស់ខ្ញុំ(ពេលកន្លងមក)មិនបាន​ទូលំទូលាយ​ដូច​​ជាពេលនេះនោះទេ។ នៅតាមផ្លូវចាក់អង្រែ​នេះ ខ្ញុំឧស្សាហ៍ឃើញណាស់ជាមួយរូបថតរបស់ខ្ញុំ និង​ភរិយាខ្ញុំ ដែលកម្មករ/ការិនីរបស់យើងតែងតែកាន់​ ដើម្បី​ទាមទារនូវអ្វីមួយនោះ។ ឥឡូវ ទោះបីជាអ្នក​ណា​គេ​ចង់​ធ្វើអីក៏ដោយ ទាមទារនូវអ្វីក៏ដោយ ហើយ​ទោះ​បីបក្ស​ប្រឆាំង ក៏គេកាន់រូបថតរបស់ខ្ញុំដែរ អញ្ចឹង​រូប​ថត​របស់ខ្ញុំ វាទៅជារូបថតដែលមានតម្លៃ​ណាស់​ឥឡូវ​នេះ។ ត្រូវការធ្វើបាតុកម្ម ធ្វើអី ត្រូវការ​លើក​រូបថត ហ៊ុន សែន ដើម្បីទាមទារ ប៉ុន្តែ វាមានអាធុន «ហ៊ុន សែន អើយ ចុះចេញទៅ» ឥឡូវរក​មុខ​ឃើញ​ហើយ។

វាមិនមែនរឿងតូចតាចទេ។ រឿងចូល​ដល់កម្រិតក្បត់ជាតិ។ វាមិនត្រឹមតែរឿង​សិទ្ធិ​បញ្ចេញមតិ «ហ៊ុន សែន អើយ ចុះចេញទៅ» ក៏ប៉ុន្តែ គេបាន​ទទួលសារភាពហើយ តាមរយៈដែលថា​យករបៀបនៅយូហ្គោស្លាវី និង​ស៊ែ​ប៊ី យកមកធ្វើ។ ក៏ប៉ុន្តែ ទេវតាផ្តល់ឱកាសឲ្យយើង​រកឃើញនូវចំណុច​ ហើយទប់ស្កាត់បាន​នៅពេល​នោះ។ គេចង់​បន្ត តែក៏គ្មានលទ្ធភាព​ដែរ ព្រោះយើង​បាន​កាត់ស្មៅក្រោមជើងមុនទៅហើយ។ ប៉ុន្តែ មួយ​រយៈ​មុននោះ ខ្ញុំឧស្សាហ៍ឃើញ ដោយការធ្វើ​ដំណើរ​របស់​ខ្ញុំតាមផ្លូវចាក់អង្រែ ផ្លូវជាតិលេខ ២។ អញ្ចឹងជួន​កាល​មាន ៥០ ទៅ ៦០ ឬ ១០០ នាក់ កាន់រូបថត​ខ្ញុំ​ និងប្រពន្ធខ្ញុំ ព្រោះមានវិវាទការងារ។ ប៉ុន្តែ ក្រោយ​មក​វិវាទនេះ និងការលើករូបថតរបស់ខ្ញុំតាមមុខរោងចក្រនេះ ហាក់ដូចជាបានកាត់បន្ថយ។ នេះបង្ហាញ​អោយ​ឃើញថា វិវាទការងារដែលមានពីអតីតកាល ត្រូវបានកាត់បន្ថយយ៉ាងច្រើន តាមរយៈនៃការយោគ​យល់​គ្នា ដោះស្រាយបញ្ហាជាមួយគ្នា ដើម្បីធ្វើសុខដុមបនីយកម្មនៅក្នុងក្របខណ្ឌរោងចក្រសហគ្រាស ដើម្បី​ការរីកចម្រើនទាំងអស់គ្នា។ នេះជាការវិវឌ្ឍថ្មីនៅក្នុងដំណាក់កាលដែលយើងបានស្វែងរករូបមន្ត នៃ​ដំ​ណោះស្រាយនានា។

កម្មករ និងម្ចាស់រោងចក្រ ត្រូវរួមគ្នារក្សាឆ្នាំងបាយរបស់ខ្លួន

អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលថ្ងៃនេះ​ទាំង ១៧ រោងចក្រ បានផ្តល់ឱកាសអោយ​កម្មករ​/ការិ​នីរបស់យើងបានមកជួបជុំគ្នា។ ខ្ញុំបានជួបជាមួយប្រធានរដ្ឋបាល ជួបជាមួយប្រធានក្រុម ជួបជាមួយ​ប្រ​ធានផ្នែក ចំណុចដែលយើងដោះស្រាយបានបញ្ហាទាំងឡាយនេះ គឺជាចំណុចវិជ្ជមានខ្លាំងណាស់។ ធ្វើ​ថៅ​កែបើអត់​មានកម្មករទេ ក៏មិនមែនជាថៅកែដែរ។ ឯកម្មករវិញ ប្រសិនបើខ្លួនកាន់នង្គ័ល ឬក៏កាន់ចប ឬក៏ច្រូតកាត់ មិនមែនជាកម្មករទេ គឺជាកសិករទៅវិញ។ អញ្ចឹង កម្មករ និងម្ចាស់រោងចក្រ គឺរួមគ្នារក្សា​ឆ្នាំង​បាយ​របស់ខ្លួន។ ម្ចាស់រោងចក្រយកចិត្តទុកដាក់ចំពោះកម្មករ ឯកម្មករ តាមរយៈនៃការ​យកចិត្តទុក​ដាក់​នោះ ក៏ខិតខំធ្វើការ ដើម្បីការរីកលូតលាស់ នៃរោងចក្ររបស់ខ្លួន ហើយការរីកលូតលាស់នោះហើយ ដែល​នាំ​មក​នូវការបង្កើនបៀវត្សលើសពីបៀវត្សអប្បបរមា។

ប្រាក់ខែអប្បបរមាកម្មករ/ការិនី មិនទាបជាង​ ១៦០ ដុល្លារសហរដ្ឋអាមេរិក  និងឡើងរាល់ឆ្នាំ

យន្តការត្រីភាគីបានកំពុងបន្តពិភាក្សាទៅលើបញ្ហាបៀវត្សរបស់កម្មករ/ការិនីរបស់យើង សម្រាប់ឆ្នាំ ២០១៨​។ ចំណុចទាំងអស់នេះ យើងគួររំលឹកអំពីប្រវត្តិរបស់យើងបន្តិច ដើម្បីអោយយើងយល់​ថា តើប្រវត្តិនៃវិស័យ ឧស្សាហកម្មរបស់កម្ពុជាវារបៀបណា? ឥឡូវនេះ កម្មករ/ការិនីរបស់កម្ពុជារបស់យើង បៀវត្សអប្បបរមារបស់ខ្លួនមានចំនួន ១៥៣ ដុល្លារសហរដ្ឋអាមេរិក។ ខ្ញុំមិនដឹងថា តើនៅពេលខាងមុខនេះ ការចរចារបស់យើង នឹងឡើងដល់ប៉ុន្មាន? ក៏ប៉ុន្តែ ខ្ញុំហ៊ានប្រកាសថា បៀវត្សអប្បបរមា​របស់កម្មករ​/រិនី​របស់​យើង មិនត្រូវអោយទាបជាង ១៦០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។ បៀវត្សនេះនឹងត្រូវឡើង​ជា​រៀងរាល់ឆ្នាំ។ យើងកំពុងតែធ្វើច្បាប់ទាក់ទងនឹងបៀវត្សរ៍អប្បបរមា ដើម្បីជាមូលដ្ឋានអោយយន្តការត្រីភាគី ​សម្រាប់ធ្វើការចរចា។

ពីប្រទេសមានរោងចក្រតិច កម្មករតិច ក្លាយទៅជាប្រទេសមានរោងចក្រច្រើន កម្មករច្រើន

ខ្ញុំគួរតែរំលឹកបន្តិចដោយត្រួសៗ​ដោយសារមុននេះ ខ្ញុំក៏បាននិយាយនៅច្រើនកន្លែងហើយ។ យើងចាប់​ផ្តើម​ពីស្ថានភាពដ៏លំបាកលំបិន ស្តារឡើងវិញនូវរោងចក្រ សហគ្រាស ដែលសល់ពីការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម និង​របបប្រល័យពូជសាសន៍ ប៉ុល ពត។ បើនៅតាមផ្លូវជាតិលេខ ២​ របស់យើងនេះ ចាក់​អង្រែនេះ តំបន់នេះ ​គឺជាតំបន់រោងចក្របារី? ការពិតពីដើម យើងហៅសុទ្ធតែរោងចក្រ គ្រាន់តែផលិត​ទឹកកក​ក៏ហៅរោងចក្រដែរ រោងចក្រផលិតទឹកកក ប៉ុន្តែ ការពិតសិប្បកម្មសុទ្ធ។ សម្រាប់ទូទាំងប្រទេស​យើង​មាន​រោងចក្រ ​សហគ្រាស ដែលចុះក្នុងបញ្ជី ចំនួន ១១.១៦៨ រោងចក្រ សហគ្រាស​ ជាមួយនឹង​កម្មករ​ជាង​ ១ លាន ២ សែននាក់ និយាយលេខគត់។ សម្រាប់វិស័យកាត់ដេរ ដែលមុននេះ ផ្នែកវាយន​ភណ្ឌ យើងនៅសល់រោងចក្រដែលសល់ពីការបំផ្លាញដោយសង្គ្រាម និងរបប ប៉ុល ពត រោងចក្រនៅកំ​ពង់​ចាម និងរោងចក្រតម្បាញមួយចំនួន។ ក៏ប៉ុន្តែ រោងចក្រនោះមិនអាចទ្រាំទ្រនឹងការផលិតបាន​តទៅទៀត​ទេ។ យើងក៏ចាប់ផ្តើមទាក់ទាញអោយមានការបង្កើតរោងចក្រនៅកម្ពុជារបស់យើង។ ដែលមកដល់​បច្ចុប្បន្ន​នេះ យើងមានរោងចក្រជាង ១.១០០ រោងចក្រ ដែលមានកម្មករប្រមានជាង ៧៤ ម៉ឺននាក់​ប៉ុន្តែ យើងមិនត្រូវភ្លេចថា នៅឆ្នាំ ១៩៩៧ យើងមានរោងចក្រត្រឹមតែ ៦៤ តែប៉ុណ្ណោះ ដែលមានកម្មករ ចំនួន ៨២.០០០ នាក់។ បើយើងគិតពីចំនួនរោងចក្រដែលមាននៅក្នុងឆ្នាំ ១៩៩៧ និងមកដល់បច្ចុប្បន្ននេះ វាខុសត្រូវគ្នាច្រើនដង។ ចំនួនកម្មករដែលមានត្រឹមតែប្រមាណជាង ៨ ម៉ឺននាក់ ឥឡូវជិត ៨០ ម៉ឺននាក់ គឺជាចំនួនមួយកើន​ ១០ ដង។

នាំចេញ និងបៀវត្សតិចតួច ទៅជាច្រើន

សម្រាប់ទំហំ នៃការនាំចេញវិញ ឆ្នាំ ១៩៩៧ យើងនាំចេញបានត្រឹមតែ ២២៧ លាន(ដុល្លារ​សហ​រដ្ឋ​អាមេរិក) តែប៉ុណ្ណោះ ក៏ប៉ុន្តែ ឆ្នាំ ២០១៧ នេះ ក៏មានការនាំចេញកើនឡើងរហូតទៅដល់ ៧.៦៦៣ លាន​(ដុល្លារសហរដ្ឋអាមេរិក)។ សម្រាប់បៀវត្សរបស់កម្មកររបស់យើង ឆ្នាំ ១៩៩៧ ក្មួយៗមួយចំនួនបានធ្វើការ​តាំង​ពីពេលនោះ មកដល់ពេលនេះ ២០ ឆ្នាំហើយ។ នៅឆ្នាំ ១៩៩៧ បៀវត្សកម្មករអប្បបរមារបស់យើង​មានត្រឹម​តែ ៤០ ដុល្លារសហរដ្ឋអាមេរិក។ ក្នុងពេលនោះ ប្រទេសភូមា ឬប្រទេសមីយ៉ាន់ម៉ា គឺមានត្រឹមតែ ២៥ ដុល្លារសហរដ្ឋអាមេរិក ទេ ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចថា នៅមុនឆ្នាំ ១៩៩៧ បៀវត្សអប្បបរមារបស់​កម្មករ​របស់យើងមានទាបជាង ៤០ ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ យើងយកតួលេខគោលមួយ គឺនៅឆ្នាំ ១៩៩៧ ត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិក។ តែឥឡូវវាបានកើនទៅដល់ ១៥៣ ដុល្លារ(សហរដ្ឋអាមេរិក) បូកនឹងអត្ថប្រយោជន៍ដទៃទៀត គឺកម្មកររបស់​យើងភាគច្រើនទទួលបានលើសពី ២០០ ដុល្លារសហរដ្ឋ​អាមេរិក។

តបណ្តាញទឹក/ភ្លើងដែលមានតម្លៃថោកទៅតំបន់កម្មករ/ការិនីរស់នៅ ដើម្បីកាត់បន្ថយការចំណាយ 

ជាមួយនឹងកំណើនប្រាក់បៀវត្ស ដែលបានកើនឡើងជារៀងរាល់ឆ្នាំ អត្ថប្រយោជន៍ដែលបាន​ទទួលមក​ពី​ច្បាប់ការងារ និងអំពីសមិទ្ធផលនៅតាមរោងចក្រនានា រាជរដ្ឋាភិបាលក៏បានប្រឹងប្រែងដើម្បីកាត់បន្ថយ នូវការចំណាយរបស់កម្មកររបស់យើង ដូចជាការតបណ្តាញទឹក និងបណ្តាញភ្លើង ទៅកាន់តំបន់ដែល​កម្មករ​​យើងរស់នៅ។ ដែលកាលមុននេះ កម្មករ/ការិនីរបស់យើង បង់ថ្លៃទឹក/ភ្លើងច្រើនជាង ប៉ុន្តែឥឡូវនេះ កម្មករ/ការិនីរបស់យើងបានបង់ថ្លៃទឹក/ភ្លើងចំនួនតិចជាង។

ចំណុចនេះក៏សុំបញ្ជាក់ ដើម្បីអោយបានដឹងទាំងអស់គ្នា ហើយបាន និងកំពុងអនុវត្តរួចស្រេចទៅហើយ អំពីថ្លៃភ្លើងរឿងមួយទៅហើយកំពុងអនុវត្ត។ ប៉ុន្តែ ថ្លៃទឹកថ្មី កម្មករ/ការិនីរបស់យើងក៏ត្រូវតែដឹង ហើយបាន​ចាប់​ផ្តើមអនុវត្តជិតមួយខែទៅហើយ មកដល់ថ្ងៃនេះ គឺថ្ងៃទី ២៧ បានសេចក្តីថា យើងអនុវត្ត ២៧ ថ្ងៃរួច​មក​ហើយ។ នៅត្រង់ថា ថ្លៃទឹកកាលមុននេះ រដ្ឋាករទឹកលក់អោយម្ចាស់ផ្ទះ ១ ម៉ែត្រគូប ថ្លៃ ១.០៣០ រៀល ឯ​ម្ចាស់​ផ្ទះលក់អោយកម្មករ ថ្លៃ ១.២០០ រៀល ក្នុង ១ ម៉ែត្រគូប។ ប៉ុន្តែចាប់តាំងពីថ្ងៃទី ១ កញ្ញា ២០១៧ មក រដ្ឋាករទឹកលក់អោយម្ចាស់ផ្ទះ ថ្លៃ ៧០០ រៀល ក្នុង ១ ម៉ែត្រគូប ឯម្ចាស់ផ្ទះលក់អោយកម្មករត្រឹមតែ ៨០០ រៀលតែប៉ុណ្ណោះ ដូច្នេះ កម្មកររបស់យើងចំណេញបានទឹកក្នុង ១ ម៉ែត្រគូប ៤០០ រៀល ថែមទៀត។ នេះដើម្បីកាត់បន្ថយនូវការចំណាយរបស់កម្មករ/ការិនីរបស់យើង។

សុំម្ចាស់ផ្ទះមិនតម្លើងថ្លៃឈ្នួលផ្ទះមួយឆ្នាំ ២០១៨ ប្រតិកម្មវិជ្ជមាន

ពិតហើយ រដ្ឋក៏ត្រូវតែមានការបង់ថ្លៃមួយចំនួន ប្រមាណជា ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្មករ ទាំងនៅតំបន់ភ្នំពេញផង និងនៅខេត្តកណ្តាលផងដែរ។ ក៏ប៉ុន្តែ នេះជាអំរែកដែលកម្មករសម​នឹងទទួល​យក​​បាន​។ ម្យ៉ាងទៀត យើងក៏បានស្នើសុំអោយម្ចាស់ផ្ទះ សុំកុំដំឡើងថ្លៃឈ្នួលផ្ទះ នៅឆ្នាំ ២០១៨ មួយឆ្នាំ បានសេចក្តីថា ថ្លៃដែលក្មួយៗធ្លាប់បង់នៅឆ្នាំ ២០១៧ នេះ ត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ ២០១៨ ហើយចាំឆ្នាំ ២០១៩ ចាំឡើងថ្លៃក៏មិនទាន់យឺតពេលដែរ។ ឃើញមានប្រតិកម្មវិជ្ជមាន និងការគាំទ្រពីសំណាក់ម្ចាស់ផ្ទះ ដែលខ្ញុំសុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល អរគុណចំពោះម្ចាស់ផ្ទះ ដែលបង្ហាញពីការយោគយល់​អធ្យា​ស្រ័យ គិតគូរទៅលើ​ការលំបាករបស់កម្មករ/ការិនីរបស់យើង។

ប្រៀបធៀបបៀវត្សកម្មករនៅកម្ពុជា ជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់

ខ្ញុំក៏គួរតែបញ្ជាក់ជូនចំពោះក្មួយៗកម្មករ/ការិនី ដើម្បីបានជ្រាបថា ជាមួយកម្ពុជាដែលកំពុងអនុវត្តនូវប្រាក់ បៀវត្សអប្បបរមា ១៥៣ ដុល្លារ(សហរដ្ឋអាមេរិក) និងឡើងទៅដល់លើសពី ១៦០ ដុល្លារ(សហរដ្ឋ​អាមេ​រិក) នៅឆ្នាំក្រោយ។ ប្រទេសមួយចំនួនកំពុងតែប្រកួតប្រជែងជាមួយនឹងយើង។ ប្រទេសបង់ក្លាដេស ដែល​នា​យករដ្ឋមន្ត្រីរបស់​គាត់នឹងមកទស្សនកិច្ច នៅថ្ងៃទី ១៦ តុលា ខាងមុខនេះ។ ប្រទេសនេះមានពលកម្ម​ច្រើន​ណាស់។ តម្លៃកម្មករនៅទីនោះត្រឹមតែ ៦៧ ដុល្លារសហរដ្ឋអាមេរិកទេ។ ស្រីលង្ការ មានត្រឹមតែ ៦៧ ដុល្លារ(សហរដ្ឋ)អាមេរិកដែរ។ ឥណ្ឌា មានត្រឹមតែ ៧៧ ដុល្លារ(សហរដ្ឋ)អាមេរិក។ ភូមា ឬមីយ៉ាន់ម៉ា មាន​ត្រឹម​តែ ៧៩ ដុល្លារ(សហរដ្ឋ)អាមេរិកទេ។ ឥណ្ឌូនេស៊ី គឺចែកជាតំបន់ តំបន់ទាបបានត្រឹមតែ ៩៩ (ដុល្លារ​សហ​រដ្ឋ​អាមេរិក) តំបន់ខ្ពស់មាន ២៤៩ (ដុល្លារសហរដ្ឋអាមេរិក)។ ឡាវ បាន ១១០ (ដុល្លារសហរដ្ឋ​អាមេ​រិក)។ វៀតណាម មានចែកជាតំបន់ តំបន់ទាបបានតែ ១១៣ (ដុល្លារសហរដ្ឋអាមេរិក) និងតំបន់ខ្ពស់បាន ១៦៥ (ដុល្លារសហរដ្ឋអាមេរិក)។ ប៉ាគីស្ថាន បានតែ ១៣៤ (ដុល្លារសហរដ្ឋអាមេរិក)។ ឯចិន មានចែកជា​តំ​បន់។ តំបន់ដែលទាប ១៧០ (ដុល្លារសហរដ្ឋអាមេរិក) តំបន់ខ្ពស់ ៦០០ (ដុល្លារសហរដ្ឋអាមេរិក)។ ថៃ ២៥០ (ដុល្លារសហរដ្ឋអាមេរិក) ដោយគិតតាមប្រាក់បាត ៣១០ បាត ក្នុងមួយថ្ងៃ។ ម៉ាឡេស៊ី ៣០០ ដុល្លារ​(សហរដ្ឋអាមេរិក)។ សាំងហ្គាពួរ ៨៤០ ដុល្លារ(សហរដ្ឋអាមេរិក)។ ហ្វីលីពីន មានចែកជាតំបន់ តំបន់​ដែលទាប ១៣៩ ដុល្លារ(សហរដ្ឋអាមេរិក) តំបន់ដែលខ្ពស់មាន ២៥៧ ដុល្លារ(សហរដ្ឋអាមេរិក)។

កុំទាមទារហួសហេតុ នាំឲ្យគេប្តូររោងចក្រទៅប្រទេសដទៃ កម្មករជាអ្នកខាតបង់

ដូច្នេះ ចំណុចនេះ សុំអំពាវនាវអោយមានការគិតគូរវែងឆ្ងាយ យើងមិនត្រូវអារកមាន់ សម្លាប់មេមាន់ ដើម្បី​ឆ្ងាញ់​មួយពេលទេ រួមគ្នាចិញ្ចឹមមេមាន់អោយបានល្អ ដើម្បីយកពងរបស់វា ឬក៏យករបស់វាចិញ្ចឹមបន្ត។ ខ្ញុំច​ង់និយាយថា ប្រសិនបើយើងទាមទារហួសហេតុ ម្ចាស់រោងចក្រមិនអាចទ្រាំទ្របាន គេនឹងដករោង​ចក្រ​ពី​ប្រទេសយើងទៅកាន់ភូមា។ គេដករោងចក្រពីប្រទេសយើងទៅកាន់ឡាវ។ គេដក(រោងចក្រ)ពីប្រ​ទេស​យើងទៅ​ប្រទេសបង់ក្លាដេស ឬទៅប្រទេសឥណ្ឌា ឬទៅប្រទេសផ្សេងៗទៀត។ នោះហើយ ផលវិ​បាក​ទៅដល់អ្នកណា? ផលវិបាក គឺកម្មករអត់មានការងារធ្វើ។ ជាមួយនឹងការបាត់បង់​ប្រាក់ចំ​ណូល​ទាំង​អស់ ដែលខ្លួនបាននឹងកំពុងទទួល។ ដូច្នេះ សុំអោយមានការពិភាក្សាក្នុងស្មារតីស្ថាបនា ដែលមិនត្រូវ​ភាគី​ណា​មួយយកផលចំណេញពីការទាមទារ ដើម្បីយកប្រជាប្រិយភាពពីក្នុងកម្មករនោះទេ។

ការងារ/ប្រាក់ចំណូល នៃកម្មករ/ការិនី បានពីការខិតខំរបស់រាជរដ្ឋាភិបាល មិនមែនបានមកពីបក្សប្រឆាំងទេ

ម្យ៉ាងទៀត ក្មួយៗក៏ត្រូវចាំអោយបានច្បាស់។​ ការងារដែលក្មួយៗមានធ្វើ ប្រាក់ចំណូលដែលក្មួយៗ​កំពុង​តែមាន កំពុងតែទទួល(បាន) មិនមែនធ្លាក់មកពីលើមេឃទេ ហើយក៏មិនបានមកពីបក្សប្រឆាំងនោះដែរ។ តែបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងធ្វើការងារគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិ​យោគ​ទុនមកកាន់ប្រទេសរបស់យើង។ ពីការដែលយើងមានរោងចក្រត្រឹម ៤ (ឬ) ១០ មកកាន់យើង​មាន​រោង​ចក្រ សហគ្រាសចំនួនជាង ១ ម៉ឺន។ ដោយឡែកតែសម្រាប់ផ្នែកវាយនភណ្ឌ ដេរសម្លៀកបំពាក់ និង​ដេរ​ស្បែកជើង ដែលមានចំនួនរហូតជាង ១ ពាន់រោងចក្រ។ មិនមែនជាការងាយទេ។ រាជរដ្ឋាភិបាល​ត្រូវ​ប្រឹង​ច្រើនណាស់ ដើម្បីអោយគមកវិនិយោគនៅក្នុងប្រទេសរបស់យើង។

ការកសាងផ្លូវថ្នល់ ការកសាងស្ពាន កសាងព្រលានយន្តហោះ កសាងកំពង់ផែ ដើម្បីសម្រួលអោយការ ដឹកជញ្ជូន រាជរដ្ឋាភិបាលបានប្រឹងធ្វើកិច្ចការទាំងអស់នេះ។ ការផ្គត់ផ្គង់អគ្គិសនី​ សូម្បីតែ ២ ថ្ងៃមុននេះ ការ​បិទទំនប់វារីអគ្គិសនីសេសាន(ក្រោម ២) ដែលនឹងបញ្ចេញថាមពលអគ្គិសនីមក ចំនួន ៤០០ មេហ្គា​វ៉ាត់ វានឹងបង្កើនសមត្ថភាព ដើម្បីបង្កើតរោងចក្របន្ថែមទៀត ផ្តល់ទៅផ្នែកឧស្សាហកម្ម ទៅផ្នែកសេវា​ រាប់​ទាំង​សណ្ឋាគារ ឬភោជនីយដ្ឋាន ឬរហូតទៅវិស័យកសិកម្មផងដែរ។ ព្រោះឥឡូវនេះ ដល់ដំណាក់កាល​ដែល​ប្រជាពលរដ្ឋ​របស់យើងត្រូវបូមទឹកតាមរយៈប្រើប្រាស់ភ្លើង​ សម្រាប់ការបូមទឹក។

រាជរដ្ឋាភិបាលបានប្រឹងធ្វើច្រើនណាស់ជាមួយនឹងច្បាប់ ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស ក្នុង​ហ្នឹងជាមួយកម្មករ/ការិនីរបស់យើងក្នុងការធ្វើការងារ មិនមែនចូលមកដោយដំឡូងមូលនោះទេ។ នៅតាម​រោងចក្រ សហគ្រាស សុទ្ធតែមានការបណ្តុះបណ្តាលជំនាញ។​ បន្ថែមលើនោះ យើងក៏មាន​បណ្តុះ​បណ្តាលជំនាញនានា ដែលបម្រើអោយការទាក់ទាញវិនិយោគ ព្រោះថា ការវិនិយោគសំដៅដោះ​ស្រាយ​ការ​ងារធ្វើ បង្កើតនូវប្រាក់ចំណូល​សម្រាប់ពលរដ្ឋ និងបង្កើតទំនិញសម្រាប់ការនាំចេញ។

នយោបាយ ៣ សុំ របស់រាជរដ្ឋាភិបាល និង ៣ កុំ របស់ក្រុមប្រឆាំង

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ទៅលើវិស័យពន្ធដារ ពាក់ព័ន្ធជាមួយនានា ដើម្បី​សម្រួល​ធ្វើយ៉ាងណាអោយគេមកវិនិយោគបាន មានទំនិញសម្រាប់ការនាំចេញ ហើយសម្រួលអោយការ​នាំ​ចេញ ដែលយើងមិនគ្រាន់តែធ្វើជាមួយប្រទេសមួយទេ តែយើងធ្វើជាមួយប្រទេសច្រើន។ ដូចជាក្នុង​ក្រប​ខណ្ឌ​អាស៊ាន ឬអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីសម្រួលអោយការនាំចេញរបស់យើងទៅកាន់​ប្រ​ទេស​ដទៃកាន់តែងាយស្រួល។ ការសម្រួលទាំងអស់នោះហើយ ដែលបង្កើតលក្ខណសម្បត្តិ សម្រាប់​អោយ​រោងចក្ររកបាននូវប្រាក់ចំណូល ហើយប្រាក់ចំណូលរោងចក្រនោះហើយ ក៏មានមួយផ្នែកដើម្បី​បង្កើត​ឡើង​ជាបៀវត្សអប្បបរមា និងអត្ថប្រយោជន៍ដទៃទៀតរបស់កម្មករ/ការិនីរបស់យើង។ យើងធ្វើការ​ងារ​ច្រើនណាស់ យើងទៅសុំឲ្យគេមកវិនិយោគ យើងទៅសុំអោយគេមកទិញទំនិញពីកម្ពុជា។ យើង​បើកទី​ផ្សារ​នៅ​ក្រៅប្រទេស។ បើគ្មានទីផ្សារនៅក្រៅប្រទេសទេ តើយើងផលិតនាំចេញទីណា?

យើងបានប្រឹង​ប្រែងច្រើនណាស់ ហើយជាមួយនឹងការខិតខំរបស់យើង ទៅសុំឲ្យគេផ្តល់ជំនួយ ទៅសុំឲ្យ​គេ​មកវិនិយោគ ទៅសុំឲ្យគេជួយ​ទិញ​ទំនិញពីកម្ពុជា។ (ទន្ទឹមនេះ)ក៏មានចរន្តរារាំង សុំឲ្យគេកុំជួយដល់​កម្ពុជា សុំអោយ​គេ​កុំ​មក​វិនិយោគ​នៅកម្ពុជា ហើយសុំ​អោយគេកុំទិញទំនិញពីកម្ពុជា ដែលជាទង្វើសម្លាប់​កម្ម​ករ/ការិនី​​របស់​យើង។ ក្មួយៗ​ត្រូវ​កាប់ថ្ម​ចំណាំ ការងារដែលក្មួយៗមានសព្វថ្ងៃ ប្រាក់ចំណូលដែលក្មួយ​មាន បើទោះបីជាមិនទាន់គ្រប់គ្រាន់តាមតម្រូវការ តាម​ដូចដែលយើងចង់បាន ការងារ និងប្រាក់ចំណូល​មិន​បាន​ធ្លាក់​មកពី​លើមេឃ​ទេ ហើយក៏មិនបានមកពីបក្ស​ប្រឆាំងដែរ។ តែបានមកពីការខិតខំរបស់​បក្ស​កាន់​អំណាច បានមកអំពីការ​ខិតខំ​របស់រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ខ្ញុំពិតជាមានមោទនភាព​ជាមួយនឹងអ្វីដែលបានកើតឡើងនៅ​លើ​ទឹកដីកម្ពុជាយើង។

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ច ៧.១% សម្រាប់ ២០១៧-២០១៨

ម្សិលមិញ ប្រហែលជាមានមនុស្សមួយចំនួនដែលចាប់អារម្មណ៍តាមដានលើបញ្ហាសេដ្ឋកិច្ច​ច្បាស់ជា​បាន​ដឹង​ហើយ កាសែតបានធ្វើការចុះផ្សាយ បញ្ជាក់អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដោយធនាគារ​អភិវឌ្ឍន៍​អាស៊ី។ រយៈពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញរបាយការណ៍មួយថា  កំណើនសេដ្ឋកិច្ចនៅ​កម្ពុជា​នៅឆ្នាំ ២០១៧ និង ២០១៨ មានរហូតដល់ទៅ ៧.១%។ បើដូច្នោះ វាលើសពី​ការគ្រោង​ទុករបស់​យើង។ ការគ្រោងទុករបស់យើងពិតប្រាកដ យើងគិតត្រឹម ៧% ប៉ុណ្ណោះ ប៉ុន្តែដើម្បីធានាថាវាលើសបន្តិច ក្រោម​បន្តិច​​យើងប្រើពាក្យថាជុំវិញ ៧% នេះជាអត្រាមួយ​ខ្ពស់។ ប្រសិនបើអភិបាលកិច្ចមួយស្មោគគ្រោក​ដូច​ដែល​មនុស្ស​មួយចំនួននិទាន ប្រហែលសេដ្ឋកិច្ចរបស់កម្ពុជាមិនមានកំណើនថេរ ៧% ក្នុងមួយឆ្នាំ ហើយ​បើគិតរយៈពេល ​២០ ឆ្នាំ ជាប់គ្នា គឺកម្ពុជាមានកំណើនសេដ្ឋកិច្ច ៧.៧% ប្រសិនបើគ្មាន​វិបត្ដិ​សេដ្ឋ​កិច្ច​នៅ​ក្រៅ​ប្រទេសទេ កម្ពុជាមានកំណើនសេដ្ឋកិច្ចលើសពីនេះ។ ព្រោះកម្ពុជាធ្លាប់ធ្វើឲ្យមានកំណើន​សេដ្ឋកិច្ចឆ្នាំ ២០០៥ រហូតដល់ ១៣.៣% ឯណោះ។ ប៉ុន្តែបើទោះបីស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចក៏ដោយចុះ ក៏ប៉ុន្តែ​កម្ពុជា​នៅ​តែ​រក្សាបាននូវកំណើន​សេដ្ឋកិច្ចក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ។ ហើយតាមរយៈនេះ ធ្វើឲ្យកម្ពុជា​របស់​យើង​ដែល​កាលពីជាង ១០ ឆ្នាំ មុន ប្រាក់ចំណូលរបស់មនុស្សម្នាក់មានតែជាង ២០០ ដុល្លារ ក្នុង​មួយឆ្នាំ ឥឡូវ​យើង​មាន​ប្រាក់ចំណូល​១៤០២ ដុល្លារ ក្នុងមនុស្សម្នាក់ដែលក្លាយទៅទៅជាប្រទេសដែល​មានប្រាក់​ចំ​ណូល​មធ្យមកម្រិតទាប ហើយយើងមានមហិច្ឆតា ដើម្បីធ្វើឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេស​ដែល​មាន​ប្រាក់ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយយើងមានជំនឿថាយើងអាច​ធ្វើ​បាន ព្រោះ​ដោយ​សារកំណើនសេដ្ឋកិច្ចរបស់​យើងស្ថិតនៅក្នុងរង្វង់ ៧%។ ម្យ៉ាងទៀត គេក៏ត្រូវសង្កេត​មើល​ទៅទីផ្សារ​របស់កម្ពុជានៅក្នុងរយៈពេល​ក្រោយភ្ជុំ​បិណ្ឌ សាច់ប្រាក់បាន​ចេញច្រើនណាស់។ បើកប្រាក់ខែ​នៅក្នុងខែ ៨ ចរាចរណ៍វិលចូលត្រឡប់មកវិញ​មិន​ទាន់​អស់ផង បែរជា​យើងចាប់ផ្តើមបើកប្រាក់ខែនៅខែ ៩ ទៀត​ហើយ។ ដូច្នេះសាច់ប្រាក់ចេញយ៉ាងច្រើនទៅ​លើ​ទីផ្សារ ក៏ប៉ុន្តែ អត្រាប្តូរប្រាក់របស់យើងស្ថិតនៅក្នុង​ស្ថាន​ភាព​ល្អ។

ថ្ងៃនេះ សុំទោស ចុះពីលើឡានមកមិញ មានមេដឹកនាំមួយចំនួនគាត់សើច គាត់មិនដែលឃើញខ្ញុំពាក់អាវ​អញ្ចឹង។ ពីដើមធ្លាប់តែពាក់ក្រវ៉ាត់ក អាវសាហ្វារី។ ប៉ុន្តែ ឥឡូវ ដូចជាជក់អានេះ ព្រោះវាស្រួល។ ថ្ងៃមុន​ខុស​ ទៅ​សួនវឌ្ឍនៈ ១ ខ្ញុំពាក់អាវដៃខ្លី។  បើពាក់អាវដៃវែងញើសរបស់យើងវា​មានទំនប់វា។ ដល់​ពាក់អាវ​ដៃ​ខ្លីវាទៅតែម្តង​ វាហូរស្រក់។ ប៉ុន្តែដល់តែក្មួយៗមកសែលហ្វ៊ីជាមួយ ដូចជួយ​ជូត​ញើសម្នាក់ប៉ះបន្ដិចៗ។ ខ្ញុំ​​ពិបាក​បន្តិច។ មនុស្សខុសខ្នាត។ អាវរបស់ខ្ញុំ មិនដែលពាក់អាវផលិតនៅក្រៅប្រទេសទេ ព្រោះករបស់ខ្ញុំ​ខុសគេ​កន្លះ​លេខ។ ខ្ញុំពាក់តែអាវក្នុង​ស្រុក។ កាត់តែក្នុងស្រុក។ ប៉ុន្តែ កាល​ពី​មុនគេមិនសូវឃើញពាក់​អាវ​ក្រ​ឡេក្រឡាអញ្ចឹង ឥឡូវ វាចេញអាក្រឡេក្រឡាអញ្ចឹង ព្រោះជួបជាមួយ​ក្មួយៗកម្មករ/ការិនី​មាន​ទាស់​ខុស​អី ចាំបាច់តែក្រវាត់កអី។

ចក្ខុវិស័យ និងផែនទីចង្អុលផ្លូរបស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសម្រាប់ទៅមុខ

ខ្ញុំបាននិយាយរឿងរ៉ាវមួយចំនួនដើម្បីបញ្ជាក់ជូនហើយ ឥឡូវនេះ ខ្ញុំគួរតែត្រូវនិយាយអំពីបញ្ហា​ទាក់ទិន​ជាមួយ​បញ្ហាដែលយើងត្រូវធ្វើបន្ត។ យើងមិនទាន់បញ្ចប់នៅត្រឹមដំណាក់កាលនេះទេ។ ការអនុវត្តនយោ​បាយ​ឧស្សាហកម្ម ២០១៥-២០២៥ នឹងឈានបន្ត យើងធ្វើឲ្យប្រទេសនេះឈានមួយជំហានទៅមុខទៀត តាម​រយៈជម្រុញឲ្យប្រទេសរបស់យើង ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស​ដែល​មាន​​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។ ពិតមែន​ហើយនៅ​ពេលនោះ នៅសល់តែក្មួយៗជាកម្មករ/ការិនីទេ អ្នកដែលនៅលើនេះ(ឆាក)ភាគច្រើន​ស្លាប់អស់​ហើយ គ្មាននៅទេ។​ ប៉ុន្តែ​យ៉ាងណាក៏ដោយ ទោះបីដឹងថាខ្លួនមិនអាចរស់នៅដល់ហ្នឹង តែយើងបានរៀបចំ​ចក្ខុវិស័យ​មួយ ផែនទីចង្អុលផ្លូវមួយសម្រាប់ដំណើរការទៅមុខរបស់កម្ពុជា។ ដូចជាផែនការសម្រាប់​ការ​អភិ​វឌ្ឍអគ្គិសនី ផែនការទៅលើការរៀបចំកំពង់ផែ ផែនការទៅលើការរៀបចំអាកាសយានដ្ឋាន និងផែនការ​ដទៃទៀត ត្រូវបាន​គ្រោងទុកសម្រាប់រយៈពេលវែង។ ព្រោះកម្ពុជា បើទោះបីជាស្លាប់​អស់មនុស្ស​មួយ​ជំ​នាន់ ក៏នៅមានមនុស្សច្រើនជំនាន់តៗគ្នាបន្តទៅទៀត។

ត្រូវរក្សាសន្តិភាព ទើបមានការអភិវឌ្ឍ/សូមអាមេរិកមកយកគ្រាប់បែក ដែលខ្លួនទម្លាក់ទៅវិញផង

ការងារដែលត្រូវបន្ត ដំបូងបំផុត ខ្ញុំអំពាវនាវទាំងអស់គ្នាមេត្តារួមគ្នា ដើម្បីរក្សានូវសន្តិភាព ដើម្បីដំណើរការ​អភិវឌ្ឍន៍។ គ្មានសន្តិភាព វាមិនអាចមានការអភិវឌ្ឍបានទេ។ នេះជាបទពិសោធន៍ ដែលជីដូនជីតា និងឪ​ពុក​ម្តាយរបស់ក្មួយៗ បានឆ្លងកាត់ ហើយបងប្អូនមួយចំនួន ក៏បានឆ្លងកាត់ដំណាក់កាល ដែលប្រទេស​យើង​មានសង្គ្រាម តើយើងបានអភិវឌ្ឍអ្វីខ្លះទៅ? មិនមានការអភិវឌ្ឍណាមួយកើតឡើង ក្រៅតែពីការបំ​ផ្លិច​បំផ្លាញដោយគ្រាប់បែក ២ លាន ៧ សែន តោន។ ឥឡូវ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹង​ពិនិត្យមើលឡើងវិញ ហើយបើសិនជាអាចធ្វើទៅបាន កុំមកយកតែឆ្អឹងខ្មោច(ទាហាន​អាមេរិក)នៅស្រុក​ខ្មែរ មកជួយយកគ្រាប់បែក ដែលនៅសេសសល់ ពីស្រុកខ្មែរ ទៅវិញផង។ មានគ្រាប់បែកមួយគ្រាប់ ដូច​ជា​គ្រាប់ប៊ុមប៊ីផង នៅខេត្តស្វាយរៀង កំពុងតែផ្អើលថាគ្រាប់គីមី។ គិតតែមកទារលុយ ទារមិនឈប់ ហើយ លន់ នល់ មិនដឹងខ្ចីលុយអាមេរិកមកធ្វើអី? ជំពាក់។ ទារលុយមិនឈប់។ តែរឿងឲ្យមកយកគ្រាប់បែកទៅ​វិញ មិនព្រម(គិតឬធ្វើ)ទេ ហើយមកប្រដៅឲ្យធ្វើប្រជាធិបតេយ្យ។ មកសម្លាប់ប្រជាជនខ្មែរ អត់បាននិ​យាយ​ប្រជាធិបតេយ្យមួយម៉ាត់ទេ។ សង្ឃឹមថា អគ្គរដ្ឋទូតអាមេរិក ដែលបានធ្វើដំណើរទៅកម្សាន្ត​នឹងគេ​នឹង​ឯងនៅកំពង់សោមកន្លងទៅ នឹងទៅមើលគ្រាប់បែករបស់ខ្លួនដែលបន្សល់ទុកនៅស្វាយរៀង។ គឺគ្រាប់​គីមី​តែម្តង។ សូមឯកឧត្តម អគ្គរដ្ឋទូតអាមេរិក អញ្ជើញទៅមើលផង។ ហើយថាគួរធ្វើយ៉ាងម៉េច? នេះជា​ការ​ទទួលខុសត្រូវរបស់អាមេរិក។ មិនអាចនឹងព្រលែងចោលទេ។

ខ្ញុំសង្ឃឹមថា អគ្គរដ្ឋទូតអាមេរិក នឹងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាមួយនេះ។ គ្រាប់គីមីនេះ តើ​យើង​ត្រូវ​ធ្វើយ៉ាងម៉េច? បើទុកនៅអញ្ចឹង ក្មេងវាខ្លាច។ បើបំផ្លាញវា គីមីនឹងសាយភាយ។ អញ្ចឹង ត្រូវដោះ​ស្រាយ​ម៉េចអាហ្នឹង? ហើយទូតអាមេរិកដែលទៅមើលឬនៅ? បើនៅអញ្ជើញគាត់ផង។ អាជ្ញាធរមីន ទាំង CMAC អីហ្នឹង អញ្ជើញអគ្គរដ្ឋទូតអាមេរិកទស្សនកិច្ចគ្រាប់បែកគីមី។ ជួយយកទៅស្រុកវិញផង ឬយក​ទៅ​បំផ្លាញចោលនៅសមុទ្រឯណា។ តែយកកប៉ាល់ហោះអាមេរិកមកដឹកណា យើងអត់មានដឹកឲ្យទេ មិន​ដឹងដឹករបៀបម៉េចទេ។ បើបំផ្លាញវា គីមីនឹងសាយភាយៗ ទៅមនុស្សអាចស្លាប់ អាចកើតមេរោគនេះ មេ​រោគ​នោះ រហូតទៅដល់កូនក្មេងកើតមក ខ្លះឆែបមាត់ ខ្លះដាច់ដៃ ដាច់ជើង បង្កើតជាបញ្ហា។

អញ្ចឹងសម្រាប់ប្រទេសរបស់យើង មានពិសោធន៍ជូរចត់ហើយសង្គ្រាម ដែលជនបរទេសជាអ្នកបញ្ជា​ខ្មែរ​នៅ​ខាងក្នុង។ ឥឡូវនេះ សកម្មភាពប្រហាក់ប្រហែលគ្នានេះ វាជាការច្រំដែលនៃប្រវត្តិសាស្ត្រ តែខ្ញុំជឿ​ជាក់​លើ​ប្រជាជនកម្ពុជា ដែលថាមិនទុកឲ្យប្រទេសរបស់ខ្លួននៅក្រោមឥទ្ធិពលរបស់បរទេស នៅក្រោមខ្សែ​ញាក់​របស់​បរទេស ដែលធ្វើឲ្យប្រទេសកើតនូវសង្គ្រាម បាត់​បង់នូវសន្តិភាព ដែលវាជាផ្នែកដ៏សំខាន់ មិន​អាច​បេះដាច់ចេញពីការអភិវឌ្ឍ។ ដូច្នេះកិច្ចការរួមរបស់យើង ត្រូវរួមគ្នាដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលយើងបាន និងកំពុងធ្វើរួចមកហើយបន្តទៅទៀត។

កិច្ចការទី ១៖ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និង ស្ថេរភាពការងារ

កិច្ចការ ៥ ដែលយើងត្រូវធ្វើបន្តគឺ​ ទី ១៖ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ។ ចំណុចនេះខ្ញុំប្រើពាក្យរួមគ្នា គ្មានអ្នកណាមួយ​អាចធ្វើ​បាន ដោយគ្មានការចូលរួមទេ។ ម្នាក់ៗក្នុងឋានៈជាពលរដ្ឋនៃប្រទេសមួយ មានចំណែកទទួលខុសត្រូវ ដើម្បី​រួមគ្នា រក្សានូវសន្តិភាព​ ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ គ្មានអសន្តិសុខ​ណា​មួយ ដែលផ្តល់​ឱកាសឲ្យយើងនូវសុវត្ថិភាពការងារ។ សូមក្រឡេកមើលទៅប្រទេសអ៊ីរ៉ាក់ សូមក្រឡេក​មើល​ទៅ​ប្រទេសស៊ីរី សូមក្រឡេកមើលទៅប្រទេសលីប៊ី សូមក្រឡេកមើលទៅប្រទេសយេមែន តើពួក​គេ​បាន​អភិវឌ្ឍទេ? មិនត្រឹមតែមិនបានអភិវឌ្ឍទេ ប៉ុន្តែថែមទាំងត្រូវបំផ្លាញផង។ សូម្បីតែក្នុងប្រទេសអាស៊ាន​របស់​យើង កោះមួយនៅក្នុងប្រទេសហ្វីលីពីន ដែលវាយកាន់កាប់ដោយក្រុមឧទ្ទាម ហើយដែលកងទ័ព​រដ្ឋា​ភិ​បាល​ទើបនឹងវាយដណ្តើមយកមកវិញ។​ បំផ្លិចបំផ្លាញច្រើនណាស់នៅទីនោះ។

អញ្ចឹងទេ សូមក្មួយ​ៗទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ ទាំងកម្មករ ទាំងអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ធ្វើ​យ៉ាង​ម៉េច រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ គ្មានរោងចក្រ សហ​គ្រាស​​ណាមួយ អាចដំណើរការដោយស្រួល ដោយមានក្រុមបងតូច បងធំ និងក្រុមគ្រឿង​ញៀន​នៅទី​នោះ​ទេ។ នោះហើយជាអ្វីដែលយើងត្រូវធ្វើទាំងអស់គ្នា។ មិនអាចនឹងមិនគិតដល់បញ្ហានេះ​នោះទេ។ ដំបូង​បំ​ផុត​គិតហ្នឹងមុនគេ បើគ្មានសន្តិភាពទេ គ្មានសណ្តាប់ធ្នាប់ទេ ការងាររបស់យើងក៏គ្មានសុវត្ថិភាពដែរ។ បន្តិចៗ​បិទរោងចក្រ គ្មានអ្នកណាមកវិនិយោគក្នុងប្រទេសរបស់យើង ក្រោមគ្រាប់បែក ឬគ្រាប់ប្លោង ឬការ​បាញ់ ប្រហារគ្នាតាមបែបការវាយភេរវកម្ម ឬក៏បាញ់ប្រហារគ្នាតាមរយៈបងតូច បងធំ ក្រុមម៉ាហ្វៀនោះទេ ហើយក៏គ្មានអ្នកណាមកទស្សនកិច្ចប្រទេសយើង តាមរយៈនៃការធ្វើសកម្មភាពទេសចរណ៍នោះដែរ។

យើងមានទេសចរជាង ៥ លាននាក់រួចស្រេចទៅហើយ ហើយសង្ឃឹមថានឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ។ ឆ្នាំនេះទេសចរមកកាន់ប្រទេសយើងកាន់តែច្រើន ដោយសារសេដ្ឋកិច្ចនៃប្រទេសអភិវឌ្ឍ និងប្រទេសកំពុង​អភិ​វឌ្ឍ ត្រូវបានងើបឡើងវិញ។ ជាមួយនឹងប្រាក់ចំណូលរបស់ប្រទេសគេ គេមានលទ្ធភាពមកធ្វើទស្សន​កិច្ច​នៅក្នុងប្រទេសរបស់យើង ហើយសម្រាប់យើង ជាមួយនឹងប្រាក់ចំណូលរបស់ប្រជាជនយើង យើងក៏​មាន​លទ្ធភាពធ្វើទេសចរណ៍ក្នុងប្រទេសរបស់យើងរាប់លាននាក់ ពីទីក្រុងភ្នំពេញ ពីខេត្តមួយ ទៅកាន់​ខេត្ត​មួយ ធ្វើទេសចរណ៍។ ប៉ុន្តែសម្រាប់គ្រាន់តែប្រទេសថៃ កម្ពុជាយើងចេញទៅលេងប្រទេសថៃ ៩២ ម៉ឺន​នាក់ សម្រាប់ឆ្នាំកន្លងទៅ ហើយឆ្នាំនេះអាចនឹងមានការកើនឡើងថែមទៀត។

កិច្ចការទី ២៖ យើងត្រូវរួមគ្នារក្សាការងារ និងបង្កើតការងារ

ឯកិច្ចការនេះ យើងត្រូវរួមគ្នារក្សាការងារ និងបង្កើតការងារ។ ចំណុចនេះ ការងារ​ដែលយើងមាន​រួចទៅ​ហើយ ត្រូវខិតខំរក្សាវា ពង្រឹងពង្រីកនូវសមត្ថភាព ដើម្បីផលិតឲ្យកាន់តែល្អ។ យើងមិនត្រូវឲ្យបាត់បង់​ការ​ងារ​នេះទេ ដូចដែលខ្ញុំបានជម្រាបជូនអម្បាញ់មិញ អ្នកដែលបាត់បង់មុនគេ គឺអត់ការងារធ្វើតែម្តង។ មិន​ត្រូវ​ទុកឲ្យអានុភាពណាមួយ បើទោះបីមកពីខាងណាក៏ដោយ បំផ្លិចបំផ្លាញនូវការងារដែលយើងបាន និង​កំពុងមាននោះទេ។ ដូច្នេះ ខិតខំរក្សាការងារដែលយើងមាន ហើយក៏ត្រូវពង្រីកការងារដែលយើងមាន​ និង​បង្កើត​ការងារបន្តទៅទៀត។ ហេតុអីបានជាយើងត្រូវពង្រីកការងារ?

​ថ្ងៃនេះកម្មករ/ការិនីរបស់យើងមានការងារធ្វើ ដែលសរុបទាំងអស់ ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ​ ដែលបាន​ចុះ​បញ្ជី មានរហូតជាង ១ លាននាក់ ប៉ុន្តែយើងត្រូវមានការងារច្រើនជាងនេះ សម្រាប់អ្នកដែល​មិនទាន់​មាន​ការងារធ្វើ ហើយសម្រាប់អ្នកដែលដល់អាយុត្រូវរកការងារធ្វើ ដែលក្នុងមួយឆ្នាំ ចូលទៅក្នុងទីផ្សារ​ការ​ងារ​ប្រមាណ ៣០ ម៉ឺននាក់។ ដូច្នេះ យើងត្រូវបង្កើតការងារ ដើម្បីឲ្យពលរដ្ឋរបស់យើងមានការងារធ្វើ រាជ​រដ្ឋា​ភិបាលក៏ត្រូវយកចិត្តទុកដាក់ ខិតខំទាក់ទាញវិនិយោគ និងពង្រីកទីផ្សារនាំចេញ។ ទាញវិនិយោគ​មក​ផង តែពង្រីកទីផ្សារសម្រាប់ការនាំចេញ ដែលកន្លងទៅ យើងបានធ្វើដំណើរទៅកាន់កន្លែងនេះ ទៅ កាន់​កន្លែង​នោះ ដើម្បីធ្វើការចរចាសម្រាប់ការពង្រីកទីផ្សាររបស់កម្ពុជា នាំចេញទៅកាន់ប្រទេសរបស់គេ។

កិច្ចការទី ៣ រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង

ឯកិច្ចការទី ៣ រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ កិច្ចការនេះ វាទាមទារនូវការរួមគ្នា​ទាំង​ផ្នែក​រាជរដ្ឋាភិបាល ទាំងផ្នែកឯកជន ដែលជាអ្នកវិនិយោគ និងទាំងផ្នែកកម្មករ/ការិនី ធ្វើយ៉ាងណាឲ្យប្រាក់​ចំ​ណូល​កាន់តែច្រើនទៅ។ ដូចដែលខ្ញុំបានបញ្ជាក់ ប្រាក់ឈ្នួលអប្បបរមាមិននៅត្រឹមប៉ុណ្ណឹង ១៥៣ ដុល្លារ​នោះទេ វានឹងត្រូវកើនឡើងជារៀងរាល់ឆ្នាំ ជាមួយនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត ដូចជាប្រាក់​អតីត​ភាពការងារ ប្រាក់ការងារទៀងទាត់​ ប្រាក់ដឹកជញ្ជូន ប្រាក់ថ្លៃបាយ ប្រាក់ស្អីៗ។ សូមបញ្ជាក់ថា រាជ​រដ្ឋាភិបាលពិនិត្យតែបាតរបស់វាតែប៉ុណ្ណោះ មិនមែនពិដានទេ មិនឲ្យការអនុវត្តនៅតាមរោងចក្រនានា មានប្រាក់បៀវត្សទាបជាង ១៥៣ ដុល្លារ។ បើ​ទាបជាង ១៥៣ ដុល្លារ គឺខុសច្បាប់ ប៉ុន្តែខ្ពស់ជាង ១៥៣ ដុល្លារ គឺត្រូវច្បាប់ទាំងអស់។ អញ្ចឹងម្ចាស់រោងចក្រនានា​ កុំមើលឃើញថា រាជរដ្ឋាភិបាល ការចរចា​ត្រូវ​គ្នា​ត្រឹមតែ ១៦០ ឥឡូវនៅត្រឹម ១៥៣ អញ្ចឹងធ្លាប់ឲ្យដល់ ១៧០, ១៨០ ហើយ បែរជាវិលត្រឡប់មក ១៥៣ មិនមែនអញ្ចឹង​ទេ។ ឲ្យកាន់តែខ្ពស់ យើងកាន់តែអរ ចូលរួមជាមួយកម្មករ/ការិនីរបស់យើង អបអរសាទរ។ កម្មករ/ការិនីរបស់យើងក៏ត្រូវបង្កើនការចេះដឹង និងពង្រឹងសមត្ថភាព ភាពស្ទាត់ជំនាញរបស់យើង ដើម្បី​ទទួល​បានប្រាក់កម្រៃកាន់តែច្រើន។ បៀវត្សត្រូវឡើងជារៀងរាល់ឆ្នាំ ពន្ធលើបៀវត្សត្រឹម ១ លានរៀល មិន​ត្រូវ​បានយកនោះទេ។ ថ្លៃទឹក ថ្លៃភ្លើង ក៏ត្រូវកាត់បន្ថយ។

កម្មករ កម្មការិនី ប្រព័ន្ធ និងក្រៅប្រព័ន្ធ ជិះរថយន្តក្រុង ដោយមិនបង់ប្រាក់រយៈពេលយ៉ាងតិច ២ ឆ្នាំ

ជាមួយនោះក៏សូមបញ្ជាក់ជូន ហើយប្រហែលជាបាន និងកំពុងអនុវត្តទៅហើយ អំពីបញ្ហាកម្មករទាំងក្នុង ប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបានទទួលនូវការជិះរថយន្តក្រុង ដោយមិនចាំបាច់បង់ប្រាក់​ក្នុងរយៈពេល​យ៉ាង​តិច ២ ឆ្នាំ។ ដោយសារការអនុវត្តនេះ បានអនុវត្តប្រមាណជាជិត ១ ខែទៅហើយ ឥឡូវសូមសួរថា តើ​កម្មករប៉ុន្មាននាក់ទៅ ដែលធ្លាប់បានជិះឡានក្រុងនោះ សូមលើកដៃទៅមើល? អីយ៉ាស់។ អរគុណ​ណាស់។ ជិះឡានក្រុងដោយមិនចាំបាច់បង់ថ្លៃនោះទេ យើងនឹងបង្កើនចំនួនឡានក្រុងបន្ថែមទៀត។ ឯក​ឧត្តម ឃួង ស្រេង​ ត្រូវបង្កើនចំនួនឡានក្រុងបន្ថែមទៀត ព្រោះកម្មកររបស់យើងនៅក្នុងទីក្រុងភ្នំពេញ រាប់​សិប​ម៉ឺននាក់ បូកជាមួយនិស្សិត សិស្ស គ្រូបង្រៀន បូកជាមួយនឹងចាស់ជរា ជនពិការ គឺមានចំនួន​ច្រើន​បង្គួរ។ អញ្ចឹងដើម្បីកាត់បន្ថយនូវតម្លៃនៃចំណាយ រាជរដ្ឋាភិបាល ឥឡូវខ្ញុំចាប់ផ្តើមពាក្យយ៉ាងតិច ២ ឆ្នាំ អញ្ចឹងវាមានលទ្ធភាពច្រើនណាស់ ដែលកម្មករធ្លាប់តែបានទទួលនូវការលើកលែងហើយ ហើយបែរជា​ចាប់​ផ្តើម​បង់ថ្លៃឡើងវិញនោះ។ អញ្ចឹងទេ ខ្ញុំបានគិតរួចស្រេចហើយ ឥឡូវខ្ញុំប្រើពាក្យយ៉ាងតិច ចាំទៅដល់​កៀក​ហ្នឹង ចាំយើងប្រកាសថែម។ ប្រកាសបន្ត។ មិនចាំបាច់តែមកធ្វើការទេក្មួយ ជិះទៅណាក៏ដោយ ទៅ​ជួបសង្សារក៏ដោយ​ បង្ហាញតែកាតទៅ …។

កិច្ចការទី ៤៖ ការគាំពារសង្គម

សម្រាប់ការងារទី ៤ នេះគឺជាការងារអាទិភាពបំផុតសម្រាប់កម្មករ កម្មការិនីរបស់យើង។ បញ្ហាប្រាក់​ឈ្នួល​វា ជារឿងមួយ ប៉ុន្តែសម្រាប់បញ្ហាអនាគត អញទៅជាយ៉ាងម៉េច​ វាជារឿងមួយទៀត ដែលខ្ញុំចាត់​ទុក​ថា ​វាសំខាន់ណាស់ ដើម្បីឆ្លើយតបជាមួយនឹងកង្វល់របស់មនុស្សគ្រប់រូប កង្វល់របស់មន្ត្រីរាជការ កង្វល់​របស់​កម្មករ/ការិនីរបស់យើង។ បញ្ហាចោទជាសំណួរ តើអនាគតរបស់អញទៅជាយ៉ាងម៉េច? នេះជាចំ​ណោទ​ធំណាស់​សម្រាប់មនុស្សគ្រប់រូប មិនថារូបខ្ញុំ មិនថារូបគេទេ សូម្បីតែខ្លួនខ្ញុំ ក៏គិតថា តើដល់ពេល​អញ​ជរាទៅ តើកូនមួយណាចិត្តបាន? បានចាប់ផ្តើមគិតទៅហើយ។ តើកូនមួយណាយក​ចិត្តទុក​ដាក់​លើ​យើង ក្នុងពេលដែលយើងចាស់ទៅ? កូនពៅ កូនបង កូនទីពីរ ឬកូនទីប៉ុន្មាន? ចាប់ផ្តើមគិតហើយ ជួន​កាល​យើងនៅឥឡូវអត់អី ដល់ពេលទៅ គេក៏មានកូនគេ គេមានប្តីប្រពន្ធគេ។ អញ្ចឹងទេឯងនៅម៉ង់ៗ​តែ​ឯង​ទៅ។ កំសត់ខ្លួន។ បើអញ្ចឹងមានតែទៅរកនៅវត្ត។ នៅវត្តវាមិនសុខទៀត។ អញ្ចឹងករណីដូចយើងនេះ ចិត្តគេចិត្តយើង តើអនាគតវាទៅយ៉ាងម៉េច?​ ដូច្នេះ បានជារាជរដ្ឋាភិបាលត្រូវគិតគូរទៅតាមរង្វង់ហ្នឹង ការ​ដាក់ចេញនយោ​បាយជាតិគាំពារសង្គម ដែលសម្ពោធដាក់ឲ្យប្រើប្រាស់កាលពី ខែ សីហា កន្លងទៅ មិន​មែន​ជាការចៃដន្យ​ទេ តែជាការរៀបចំគ្រោងទុករយៈពេលប៉ុន្មានឆ្នាំហើយ ទើបនឹងដាក់ឲ្យអនុវត្ត។

របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និយោជកជាអ្នកចេញ ១០០%

ឥឡូវ យើងត្រូវច្បាមយកនៅក្នុងផ្នែកកម្មករ ដើម្បីអនុវត្តមុន។ ក្នុងនេះ ​ក៏សូមបញ្ជាក់ជូន កម្មករ/ការិនី​សា​ជាថ្មីម្តងទៀតថា ​របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលកន្លងមក កម្មករចេញពាក់កណ្តាល ចេញ ៥០% និយោជកចេញ ៥០%។ ចាប់ពី ខែ មករា ឆ្នាំ ២០១៨ ទៅ កម្មករ/ការិនីរបស់យើងមិន​ត្រូវបង់​ទៀតទេ គឺនិយោជកជាអ្នកបង់ជំនួស ១០០%។ ដូច្នេះ កម្មករ/ការិនីរបស់យើងក៏បានចំណេញប្រាក់​។ អ្នកដែលមានប្រាក់ខែទាប មួយខែចំណេញបាន ៨.០០០ រៀល អ្នកដែលមានប្រាក់ខែខ្ពស់ ក្នុងមួយខែ​ចំណេញ​បាន ១៣.០០០ ​​រៀល។ អញ្ចឹងទេ កម្មករ/ការិនីរបស់យើង មិនត្រូវបានបង់ថ្លៃសម្រាប់ ៥០% ដែលខ្លួនធ្លាប់ បង់ នឹងត្រូវឈប់បង់។

ខែមករា​ ២០១៨ កម្មករក្នុងប្រព័ន្ធ/ក្រៅប្រព័ន្ធ ទទួលការពិ​និត្យព្យាបាលឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ

ដូច្នេះ វាជាផលចំណេញមួយសម្រាប់កម្មករ/ការិនីរបស់យើង។ ចាប់ពី ខែ មករា​ ២០១៨ តទៅ កម្មករ​គ្រប់​ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ត្រូវបានទទួលពិ​និត្យព្យាបាលដោយឥត​គិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យរដ្ឋទាំងអស់ ហើយរដ្ឋជាអ្នកបង់ថ្លៃជំនួសតាមមូលនិធីសមធម៌ ដែលបាន និងកំពុង​អនុវត្តជាង ៣ លាននាក់រួចស្រេចទៅហើយ។ ឥឡូវនេះ យើងបញ្ចូលកម្មករ/ការិនី ដែលជាមុខសញ្ញាងាយ​ត្រួតពិនិត្យ​ជាង ១ លាននាក់ បញ្ចូលទៅក្នុងក្របខណ្ឌនៃមូលនិធិសមធម៌​ ដែលរដ្ឋនឹងត្រូវបង់ថ្លៃជំនួស។ ប៉ុន្តែ សូម​បញ្ជាក់​ថា តែក្នុងមន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ។ បើទៅមន្ទីរពេទ្យឯកជន គឺត្រូវបង់ថ្លៃខ្លួនឯងហើយ។ មន្ទីរពេទ្យ​រដ្ឋ​កំ​ពុង​ត្រូវបានពង្រីក និងពង្រឹងសមត្ថភាព ដើម្បីស្រូបយក​នូវកម្មករ/ការិនី ដែលនៅជិតខាង។ ក្រសួង​សុ​ខាភិបាល ឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បាន និងកំពុងដឹកនាំការងារនេះយ៉ាងសស្រាក់សស្រាំ។ រាប់ទាំងកំពុងតែដំណើរការពិនិត្យជំងឺ ពិនិត្យសុខភាពជូនកម្មករ/ការិនីរបស់យើង ហើយសម្រាប់កម្មករ/កា​រិនី ដែលមានផ្ទៃពោះ ខ្ញុំក៏បន្តស្នើសុំ ហើយខ្ញុំជឿថា ថៅកែរោងចក្រនឹងមិនបដិសេធនោះទេ ឲ្យកម្មការិនី​ដែលមានផ្ទៃពោះ​​ចេញ(ពីធ្វើការ)មុន ១៥ នាទី យ៉ាងតិច។ នេះពាក្យថា ១៥ នាទី យ៉ាងតិច (ព្រោះ) ៥ នាទី យឺតណាស់ ព្រោះ​​យើងបានឃើញហើយ អ្នកដែលមកអង្គុយនៅទីនេះស្រាប់ មិនមែនស្រួលប៉ុន្មាន​ទេ។ ខ្ញុំយល់ ព្រោះខ្ញុំក៏ធ្លាប់មានប្រពន្ធមានផ្ទៃពោះដែរ។ អញ្ចឹងការចេញទៅមុន ៥ នាទី រវល់តែដើរ​ត្រេត​ត្រតៗ ព្រោះធម្មតា គេថា មនុស្សម្នាក់ជីវិតដល់ទៅ ២ អញ្ចឹងអ្នកដែលគេចេញក្រោយមែន តែគេដើរ​លឿន​ជាង។ អញ្ចឹងវាមានបញ្ហា។ អញ្ចឹងសង្ឃឹមថា ១៥ នាទី សម្រាប់អ្នកមានផ្ទៃពោះចេញមុន គឺសមស្រប ហើយបើរោងចក្រណាមានចិត្តធម៌ ឲ្យ(ដល់) ២០ ឬ ៣០ នាទី ក៏តាមចិត្តចង់ ហើយសូមអបអរសាទរ និងអរគុណសម្រាប់អ្នកដែលបានធ្វើកិច្ចការនេះ។ មានរោងចក្រណាមួយនោះ គាត់ឲ្យដល់ទៅ ៣០ នាទី​ឯ​ណោះ រោងចក្រដែលយើងបានចូលថ្ងៃមុន Oriental​ គាត់ឲ្យដល់ ៣០ នាទី ឯណោះ។

កម្មការីឆ្លងទន្លេ ទទួលបៀវត្ស ១២០% សម្រាក ៣ ខែ ថែមដោយប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀលក្នុងកូនម្នាក់

ម្យ៉ាងទៀត កម្មការិនី ដែលឆ្លងទន្លេ នឹងត្រូវទទួលបានបៀវត្ស ១២០%​​ និងការឈប់សម្រាករយៈពេល ៣ ខែ។ ត្រូវអនុវត្តរឿងនេះឲ្យបានហ្មត់ចត់ ហើយឲ្យមានប្រសិទ្ធភាពបំផុត។ កម្មការិនីរបស់យើងពេលដែល​ឆ្លង​ទន្លេ ត្រូវទទួលបានការឈប់សម្រាករយៈពេល ៣ ខែ និងមានបៀវត្ស ១២០%។ ក្នុងនោះចេញដោយ​បេ​ឡាជាតិ​សន្តិសុខសង្គម ៧០% និងចេញដោយនិយោជក ៥០% ដូច្នេះ នេះហើយជាចំណុចដែល​ទាក់​ទង​នឹងកិច្ចការគាំពារសង្គម។ មួយផ្នែកទៀត ក៏សូមបញ្ជាក់ថា នេះជាការចាប់ផ្តើមអនុវត្ត នូវអ្វីដែលខ្ញុំបាន​និយាយ​នៅពេលសម្ពោធដាក់ឲ្យប្រើនូវកម្មវិធីជាតិគាំពារសង្គមថា ត្រូវអនុវត្តចំពោះស្ត្រីមានផ្ទៃពោះជា​មុន។ ប៉ុន្តែ យើងចាប់ផ្តើមអនុវត្តនៅក្នុងកម្មការិនី ក្នុងចំណោមកម្មករដែលជាស្រ្តីមានផ្ទៃពោះ ឆ្លងទន្លេ​ តែ​ម្តង ដោយជាកម្មវិធីផ្តល់សាច់ប្រាក់ដល់ស្រ្តីជាកម្មការិនីឆ្លងទន្លេ ក្នុងម្នាក់ឆ្លងទន្លេបានកូនមួយ ទទួល​បាន​សាច់ប្រាក់ចំនួន ៤០ ម៉ឺនរៀល ស្មើ​នឹង ១០០ ដុល្លារសហរដ្ឋអាមេរិក។ កើតបានកូនពីរ ៨០ ម៉ឺនរៀល កើត​បានកូនបី ១២០ ម៉ឺនរៀល ហើយកូនបីទាំងអស់ ក្រៅពីការឧបត្ថម្ភដោយថវិការដ្ឋ នឹងត្រូវ​ឧបត្ថម្ភ​ដោយ​ខ្ញុំម្ត​ងទៀត ដែលមកដល់បច្ចុប្បន្នពេលនេះមានជាង ៣០០ គ្រួសាររួចមកហើយ។ ខ្ញុំកំពុងតែរកវិធី​ដើម្បី​ជួបជុំគ្រួសារដែលមានកូន ៣ ឲ្យវាជួបជុំគ្នាម្តង។ តែសូមបញ្ជាក់ កូនភ្លោះបី …។

ការអនុវត្តនេះ យើង​ត្រៀមថវិកាដោយបញ្ចូលទៅក្នុងកញ្ចប់ថវិកាជាតិសម្រាប់ផ្នែកកម្មការិនី ដែលឆ្លងទន្លេ នូវថវិកាប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។ ហើយខ្ញុំកំពុងតែពិនិត្យថា តើមាន​លទ្ធ​ភាព​អនុវត្តទូទៅហើយឬនៅ? ព្រោះក្នុងមួយឆ្នាំ អ្នកដែលឆ្លងទន្លេមានត្រឹមតែប្រមាណជា ៣០ ម៉ឺននាក់​តែ​ប៉ុណ្ណោះ។ បើដូច្នេះ យើងចាយត្រឹមតែ ៤០ លានដុល្លារសហរដ្ឋអាមេរិកទេ។ នេះជាផ្នែកមួយនៃកម្មវិធី ដើម្បី​កាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ហើយក៏ជាផ្នែកមួយនៃការផ្តល់អាហារូបត្ថម្ភ​សម្រាប់ស្ត្រី​មាន​ផ្ទៃពោះ។ តែយើងចាប់ផ្តើមពីចំណោមកម្មការិនីយើងសិន។

អំពាវនាវសហគ្រាសទាំងអស់មកចុះបញ្ជី ដើម្បីនិយោជិតទទូលបានផលប្រយោជន៍ទាំងអស់

ខ្ញុំអំពាវនាវចំពោះសហគ្រាសទាំងឡាយ ដែលនៅក្រៅប្រព័ន្ធមិនទាន់បានចុះបញ្ជី ឲ្យប្រញាប់ប្រញាល់មក​ចុះ​បញ្ជី ដើម្បីឲ្យកម្មករ/ការិនីទទួលបានផលប្រយោជន៍ពីអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើកិច្ចគាំពារសង្គម ពិសេស លើបញ្ហាការពិនិត្យសុខភាព លើបញ្ហាទាក់ទិនជាមួយនឹងមធ្យោបាយ​ដឹក​ជញ្ជូន ក៏ដូចជាលើបញ្ហាកម្មការិនីដែលត្រូវឆ្លងទន្លេ។ ហើយខ្ញុំក៏សូមបញ្ជាក់ សូមរំលឹក ស្ត្រីខ្លះគ្នាឆ្លង​ទន្លេ​ទៅ គាប់ជួនកូនមិនរស់ តើត្រូវបានប្រាក់ឬអត់? វាពិតជាត្រូវបាន។ ទោះបីកូនរស់ ឬស្លាប់ ប្រាក់គឺ​ត្រូវ​បាន​ដូចគ្នា។

សូមរោងចក្រ សហគ្រាស បន្តរៀបចំ គិលានដ្ឋាន ទារកដ្ឋាន និងកន្លែងហូបបាយ ជូនកម្មករ

ឯចំណុចចុងក្រោយ ខ្ញុំចង់និយាយថា យើងត្រូវខិតខំរៀបចំកែលម្អស្ថានភាពនៅតាមបណ្តារោង​ចក្រសហ​គ្រាស​ទាំងអស់ ធ្វើយ៉ាងណាដើម្បីសុវត្ថិភាព និងផាសុកភាពរបស់កម្មករ/ការិនីរបស់យើង។ ដោយក្នុង​នោះ រោងចក្រ សហគ្រាស មកដល់បច្ចុប្បន្ននេះ មាន ៨៨% ហើយដែលមានគិលានដ្ឋាន។ សូមរោង​ចក្រ សហគ្រាស ដែល​នៅសេសសល់ បន្តការរៀបចំ។ មាន ៣៣% មានកន្លែងហូបបាន មាន ២១% មាន​កន្លែងបំបៅកូន និងមាន ២៨% មានទារកដ្ឋាន ដែលយើងត្រូវខិតខំបង្កើតលក្ខខណ្ឌកាន់តែប្រសើរ ហើយតំបន់រោងចក្រ ដែលនៅ​តែបន្តមានការដួលសន្លប់របស់កម្មករ ក៏ត្រូវតែពិនិត្យមើលថាត្រូវកែលម្អ​វាយ៉ាង​ណា ដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់ទាក់ទងនឹងការ​ដួលសន្លប់របស់កម្មករ/ការិនីរបស់យើង។

រាជរដ្ឋាភិបាល ខិតខំធ្វើឲ្យពលករធ្វើការក្រៅប្រទេសស្របច្បាប់ និងបានអត្ថប្រយោជន៍ដូចកម្មករគេ

កិច្ចការចុងក្រោយ យើងមិនភ្លេចចំពោះកម្មករ/ការិនីរបស់យើង ដែលកំពុងធ្វើការនៅឯក្រៅប្រទេស។ ធ្វើ​យ៉ាង​ម៉េច ក្រសួងការងារ និងផ្នែកពាក់ព័ន្ធ ជាពិសេស ស្ថានទូតយើងនៅឯក្រៅប្រទេស ក្នុងហ្នឹង ព្រះរាជា​ណា​ច​ក្រថៃ គឺជាប្រទេសដែលមានកម្មករច្រើនជាងគេ ទាំងខុស និងត្រូវច្បាប់។ អ្នកដែលខុសច្បាប់ត្រូវ​ខិត​ខំធ្វើយ៉ាងណាជាមួយអាជ្ញាធរថៃ ដើម្បីឲ្យពួកគេបានក្លាយទៅជាអ្នកធ្វើការស្របច្បាប់នៅទីនោះ។ ផ្តាំ​ផ្ញើទៅកម្មករ/ការិនីនៅរោងចក្រ សហគ្រាស និងអ្នកដែល​កំពុងធ្វើការនៅក្នុងប្រទេសថៃ បើគ្មានរាជរដ្ឋាភិ​បាល​ច​រចា​ជាមួយរដ្ឋាភិបាលថៃទេ អ្នកមិនអាចរស់នៅ និងធ្វើការនៅក្នុងប្រទេសគេបានទេ។ ជួនកាល អាច​នឹងត្រូវគេចាប់កាត់ទោសដាក់គុកថែមទៀតផង។ ប៉ុន្តែ រាជរដ្ឋាភិបាលបានប្រឹងណាស់ជាមួយនឹង​ការ​ធ្វើយ៉ាងម៉េចឲ្យបងប្អូនទាំងនោះស្របច្បាប់ បន្ថែមទៅទៀត ក៏ខិតខំធ្វើយ៉ាងណាឲ្យបងប្អូនទាំងនោះ​អាច​ទទួលបាននូវអត្ថប្រយោជន៍ដូចកម្មករថៃផងដែរ។ ក្រៅពីនោះ យើងកំពុងពង្រីកការងារ​ទៅកាន់កូរ៉េ​ខាង​ត្បូង ជប៉ុន និងមជ្ឈឹមបូព៌ា ដើម្បីឲ្យកម្មករ/ការិនីរបស់យើងមានលទ្ធភាពទៅរកប្រាក់ចំណូលកាន់តែខ្ពស់ ហើយនាំមកនូវបច្ចេកវិទ្យាកាន់តែខ្ពស់ សម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង។

សំណូមពររោងចក្រ និងក្រុមហ៊ុននានា យោគយល់ដល់កម្មការិនីជនជាតិឥស្លាមក្នុងការស្លៀកពាក់

មុននឹងបញ្ចប់​ ខ្ញុំសូមសាកល្បងជាមួយនឹងការអំពាវនាវចំពោះម្ចាស់រោងចក្រ សហគ្រាសនានា ដោយខ្ញុំ​បាន​មើលនូវការត្អូញត្អែររបស់កម្មការិនី ដែលជាជនជាតិឥស្លាម អំពីការ​លំបាកសម្រាប់ការចូលធ្វើការងារ ដោយតម្រូវឲ្យពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុន។ សូមអំពាវនាវ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន តើ​អាច​ធ្វើទៅបានទេ ដែលផ្តល់ឱកាសឲ្យស្ត្រីដែលជាជនជាតិឥស្លាមស្លៀកពាក់តាមរបៀបឥស្លាម? រាជរដ្ឋា​ភិ​បាល​បាន​ផ្តល់​នូវ​ការអនុញ្ញាត សម្រាប់និស្សិត សិស្ស ជាស្រ្តីឥស្លាមដើម្បីចូលទៅសិក្សា នៅតាម​គ្រឹះ​ស្ថានសិក្សានានា ដោយស្លៀកពាក់តាមតម្រូវការរបស់ខ្លួន ជាការស្លៀកតាមឯកសណ្ឋានសាលា ឬការ​ស្លៀក​តាមរបៀបឥស្លាម។ ប៉ុន្តែ កន្លងទៅ ខ្ញុំបានមើលនូវការផ្សាយព័ត៌មាន ដូចជាទូរទស្សន៍ CNC អំពីការលំបាករបស់ស្រ្តីឥស្លាម ក្នុងការសុំចូលធ្វើការងារ ដោយគេតម្រូវឲ្យស្លៀកពាក់ជាឯក​សណ្ឋាន​របស់​ក្រុមហ៊ុន។ បើដូច្នេះ វាមានការលំបាក ព្រោះចំណុចនេះយើងគួរតែមានការយោគយល់ ហើយនេះក៏​ជា​ផ្នែក​សុខដុមភាវូបនីយកម្មលើបញ្ហាជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលដែលខ្ញុំទៅសម្ពោធព្រះវិហារឥស្លាមនៅឯខេត្តកំពង់ចាម​ ក៏មានជួបជាមួយកម្មការិនីរោង​ចក្រកាត់​ដេរ​នៅទីនោះ។ គាត់បានប្រាប់ខ្ញុំថា គាត់ជាកម្មករកាត់ដេរ ហើយមិនបានទៅជួបលោកពូថ្ងៃមុន ដោយ​សារ​ខ្ញុំ​ត្រូវ​មកសម្ពោធព្រះវិហារឥស្លាមនៅកំពង់ចាម។ ប៉ុន្តែ ក្រោយមក​ ខ្ញុំបានមើលនៅតាមទូរទស្សន៍​ដូច​ជា CNC ​ផ្សព្វផ្សាយអំពីការលំបាក និងការប្រឈមរបស់ស្រ្តីឥស្លាម ក្នុងការរកការងារធ្វើ។ សាលាបាន​ផ្តល់​ឱ​កាស​បាន​ស្លៀក​ពាក់តាមបែបឥស្លាមហើយ ប៉ុន្តែតាមក្រុមហ៊ុនតម្រូវឲ្យស្លៀកពាក់តាមឯក​សណ្ឋាន​ក្រុមហ៊ុន​។

អញ្ចឹងខ្ញុំសូមអំពាវនាវចំពោះក្រុមហ៊ុនទាំងអស់ មេត្តាយោគយល់ផ្តល់ឱកាសឲ្យក្មួយៗ ចៅៗ ដែលជាស្រ្តី​ជន​ជាតិឥស្លាមអាចស្លៀក​ពាក់តាមបែបឥស្លាម ព្រោះនេះជាប្រពៃណី ដែលមិនអាចបង្ហាញស្លឹកត្រចៀក បង្ហាញក បង្ហាញស្អីបាន ព្រោះវាបាប។ រាជរដ្ឋាភិបាលបានផ្តល់ឱកាសសម្រាប់ការថតរូបដាក់ Passport និងអត្តសញ្ញាណបណ្ណ ទៅលើការបិទបាំងស្លឹកត្រចៀក និងក។ អញ្ចឹងសង្ឃឹមថាក្រុមហ៊ុន(នឹងធ្វើបាន)។ មិនមានចំនួនច្រើនពេកទេ។ សង្ឃឹមថា ឯកឧត្តម រដ្ឋមន្រ្តី ពិភាក្សាជាមួយនឹងក្រុមហ៊ុននានា​ ហើយ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ពិភាក្សាជាមួយក្រុមហ៊ុននានាផងដែរ ដើម្បីផ្តល់ឱកាសឲ្យស្ត្រីឥស្លាមមានការ​ងារ​ធ្វើ ព្រោះមិនមែនមានតែក្នុងរោងចក្រទេ មានវិស័យធនាគារ ក្នុងវិស័យសេវា និងវិស័យផ្សេងៗទៀត។ បើ​សិនជាផ្តល់ឱកាសបែបនេះ ស្រ្តីឥស្លាមរបស់យើងនឹងមានការងារធ្វើកាន់តែច្រើន។ ហើយនេះគឺជាការ​ផ្តល់​ឱកាសសម្រាប់ប្រជាពលរដ្ឋទាំងអស់ មិនថាជនជាតិណាៗនោះទេ។ ហើយនេះក៏ជាផ្នែក​មួយនៃ​ភាព​សុខ​ដុមរមនានៅក្នុងប្រទេសរបស់យើង ក្នុងពេលដែលប្រទេសដទៃរឹតបន្តឹង ហើយហៅថាជាឥស្លាម​និយម​ជ្រុល តែផ្ទុយទៅវិញ កម្ពុជាគ្មានបញ្ហាទំនាស់សាសនា ឬក៏គ្មានពាក្យឥស្លាមជ្រុលនិយម។ ខ្ញុំក៏​ទាម​ទារឲ្យមានការកុំប្រើប្រាស់បន្តទៀតនូវពាក្យឥស្លាមជ្រុលនិយម ព្រោះពាក្យជ្រុលនិយម ជនជាតិ​សាសន៍​ណាក៏មានពាក្យជ្រុលនិយមរបស់គេនៅទីនោះដែរ។ នេះជាការអំពាវនាវចុងក្រោយរបស់ខ្ញុំ ហើយ​សង្ឃឹមថា ក្មួយៗ បងប្អូនឥស្លាម នឹងអាចមើលឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះ​កង្វល់​របស់បងប្អូនឥស្លាម ជាពិសេសក្មួយៗជាស្រ្តីឥស្លាម ចំពោះសុខទុក្ខ និងការងារធ្វើរបស់ក្មួយៗ ដែល​ថ្ងៃនេះ ខ្ញុំអំពាវនាវទូទាំងប្រទេស មិនមែនក្របខណ្ឌវិស័យកាត់ដេរមួយទេ គ្រប់ក្រុមហ៊ុន ទាំង​ផ្នែក​នេះ ផ្នែកនោះ គឺប្រើឯកសណ្ឋានឥស្លាម ដើម្បីផ្តល់ឱកាសឲ្យពួកគាត់មានការងារធ្វើនៅគ្រប់ទីកន្លែង ដូច​ជា​ជនជាតិខ្មែរដែរ។ គាត់ក៏ជាខ្មែរដែរ ក៏ប៉ុន្តែ សាសនាហ្នឹងគឺតម្រូវឲ្យមានការបិទបាំង បើមិនអញ្ចឹង អ្នក​ដែល​បាប គឺស្ត្រីនោះឯង។

អ្វីដែលមាននៅកម្ពុជាប្រៀបដូចជាកូនបង្កើតរបស់សម្តេច

ទីបញ្ចប់ បន្តិចទៀតនឹងដើរទៅរោងចក្រ តេរ៉ាតិច ហ្គេតធីង & ហ្គាមិន​ ដើម្បីជួបជាមួយកម្មករនៅទីនោះ ៥៥០ នាក់ ហើយថ្ងៃក្រោយ ក្មួយៗទាំងឡាយ ខ្ញុំនឹងបន្តទៅតាមរោងចក្រក្មួយៗទៀត។ ថ្ងៃនេះ បាន​ត្រឹម​តែ​ជួបគ្នានៅទីនេះ ប៉ុន្តែ ថ្ងៃក្រោយ ខ្ញុំនឹងទៅតាមរោងចក្រ ដើម្បីទៅពិនិត្យមើលអំពីការងារ​របស់ក្មួយៗ​នៅ​ទី​នោះ។ ខ្ញុំដើរមិនឈប់ទេ ព្រោះខ្ញុំបានប្រកាសហើយថា ខ្ញុំនឹងបន្តធ្វើនាយករដ្ឋមន្រ្តីមិនតិចជាង ១០ ឆ្នាំ ទៀត ឬ ២ អាណត្តិទៀត។ ដូច្នេះ គិតទៅ ១ ឆ្នាំ មាន ៣៦៥ ថ្ងៃ ហើយ ១០ ឆ្នាំ គិតទៅ ដើរវិល​ជុំ​គ្រប់​រោង​ចក្រ។ ១ អាទិត្យ ដើរមួយ ឬពីររោងចក្រៗ ធ្វើអីយើង? យើង​អ្នកដើរ។ ហើយយើងមានលទ្ធ​ភាព​ធ្វើ​បែប​នោះព្រោះកិច្ចការទាំងអស់នេះ អ្វីដែលមាននៅកម្ពុជាវាដូចកូនបង្កើតរបស់ខ្ញុំអញ្ចឹង។ ពូពិតជាមាន​មោទ​ន​​ភាពណាស់ ដែលបានផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រទេសនេះ តាំងពីបាតដៃទទេ ធ្វើ​រដ្ឋមន្រ្តីការបរទេស ពេល​នោះ នៅអាយុ ២៧ ឆ្នាំ ស្មើនឹងក្មួយៗជាកម្មករនេះ។ ប៉ុន្តែ របបពេលនោះ មានត្រឹមតែស្បៀង ១៧ គីឡូ​ក្រាម គឺ ១០ គីឡូ ជាអង្ករ ៧ គីឡូ ជាពោត ស៊ីមិនឆ្អែតទៅកាប់ចេកយកមកស្ងោរស៊ី។ ធ្វើបន្តិចម្តងៗ រួម​ដំ​ណើរជាមួយជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗ រហូតដល់ជាមួយក្មួយៗ។

ខ្ញុំពិតជាមានមោទនភាព ដែលបានរួមចំណែកជាមួយប្រជាជនកម្ពុជា រួមចំណែកជាមួយមេដឹកនាំគណ​បក្ស​ប្រជាជនកម្ពុជា នាំក្មួយៗ នាំប្រទេសជាតិមកកាន់ដំណាក់កាលនេះ។ ពីទីក្រុងភ្នំពេញ ដែលមាន​មនុស្ស​ត្រឹម​តែ ៧០ នាក់ មកកាន់ទីក្រុងភ្នំពេញមួយ ដែលមានការអភិវឌ្ឍ ហើយមើលពីចម្ងាយ យើង​ឃើញអគារខ្ពស់ៗ ដែលមុននេះ មើលត្រឹមហ្នឹងទៅវាមិនឃើញទេ ព្រោះវាទាបៗ ឥលូវវាខ្ពស់ៗ វាទៅ​ជា​ទី​ក្រុងមួយនឹងគេនឹងឯង។ អ្វីដែលបាន និងកំពុងមាននេះ វាដូចជាកូនបង្កើតរបស់ ហ៊ុន សែន បង្កើតឡើង ព្រោះបើនាយករដ្ឋមន្រ្តីមិនបង្កើត វាម៉េចនឹងកើត? អំណាចវានៅនឹងនាយករដ្ឋមន្រ្តីនេះឯង។ មានអ្នកខ្លះ គេ​ឲ្យយើងទៅសុំសភាឯណោះ។ ប្រធានសភាគាត់មិនធ្វើកិច្ចការស៊ីញ៉េអាហ្នឹងទេ។ គាត់មានសិទ្ធិត្រឹមតែ​អនុ​ម័តច្បាប់ ប៉ុន្តែមិនមែនមានន័យថា គាត់គ្មានសិទ្ធិមកសួរសុខទុក្ខកម្មករទេ គាត់មានសិទ្ធិ។ ប៉ុន្តែ កិច្ច​ការទាំងអស់ តាំងពីសម្រួលពាណិជ្ជកម្ម បញ្ហាពន្ធដារ ទាក់ទាញវិនិយោគ ការនាំចេញ​ នាំចូល រឿងទាំង​អស់វានៅនឹងនីតិប្រតិបត្តិ នៅនឹងនាយករដ្ឋមន្រ្តីហ្នឹង។

ប្រាក់បៀវត្សប្រទេសយើង លើសពីបន្ទាត់នៃភាពក្រីក្រ ដែល UN បានកំណត់

តាំងពីក្មួយៗអត់មានការងារធ្វើ មកក្មួយៗមានការងារធ្វើ។ ដូច្នេះ នៅពេលនេះ ប្រាក់ឈ្នួលអប្បបរមា​របស់​ក្មួយៗ បូកនឹងអត្ថប្រយោជន៍ដទៃទៀតបានលើស ២០០ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងពេលដែល​អង្គ​ការ​សហប្រជាជាតិបានកំណត់ថា អត្រាឆ្លងផុតនៃភាពក្រីក្រ ប្រាក់ចំណូលក្នុងមួយថ្ងៃត្រឹមតែ ១,២៥ ដុល្លារ ដែលមុននោះ ១ ដុល្លារ ឆ្លងផុតបន្ទាត់ភាពក្រីក្រហើយ។ តែឥឡូវនេះ ១,២៥ ដុល្លារ ចាត់ទុក​ថារួចចាកផុតពីបន្ទាត់នៃភាពក្រីក្រ ហ្នឹងជាការគិតរួមនៅលើទូទាំងពិភពលោក។ ប៉ុន្តែ សម្រាប់ក្មួយៗ ទាំង​ប្រាក់បៀវត្សអប្បបរមា និងប្រាក់ផ្សេងៗទៀត មានលើសពី ២០០ ដុល្លារសហរដ្ឋអាមេរិកទៅហើយ ដូច្នេះ វាកើនលើស ទៅផុតពីចំនុចនៃភាពក្រីក្រ។ ក៏ប៉ុន្តែ យើងដែលហៅថាការ​ចង់មានចង់បាន មិន​ទាន់​គ្រប់គ្រាន់ទេ សូម្បីតែថៅកែដែលមានជាងគេនៅលើពិភពលោក ក៏មិនទាន់គ្រប់គ្រាន់ដែរ គេនៅត្រូវការ​រក​តទៅ​ទៀត។ យើងប្រាក់ខែប៉ុណ្ណោះ ក៏មិនទាន់គ្រប់គ្រាន់ដែរ។ ​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល​នឹង​ត្រូវឡើងបៀវត្សនៅប៉ុន្មានខែទៀត ដែលមិនឲ្យទាបជាង ១ លានរៀល ដែលស្មើនឹង ២៥០ ដុល្លារ​សហ​រដ្ឋអាមេរិក ក៏វាមិនទាន់គ្រប់គ្រាន់ដែរ។ យើងនៅត្រូវការច្រើនជាងនេះ។ តម្រូវការរបស់មនុស្ស បាន​នេះ​ហើយ ចង់បាននោះ បាននោះហើយ ចង់បាននេះ តម្រូវការមិនចេះឆ្អែតឆ្អន់ទេ។ ប៉ុន្តែ តម្រូវការ​ណាក៏​ដោយ ឲ្យវាស្របច្បាប់ កុំឲ្យវាខុសច្បាប់។

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់កម្មករ/ការិនី ដែលចូលរួមនៅទីនេះចំនួន ១៣.៧៤៦ នាក់ ក្នុងម្នាក់ៗ​ជូន​បានតែ ២ ម៉ឺនរៀលប៉ុណ្ណោះជាការកំដរដៃ។ ឯសម្រាប់ក្មួយៗ ៣៩៦ នាក់ ដែលជាអ្នកមានផ្ទៃពោះ ខ្ញុំមិន​ប្រកាសទេ តែនៅពេលដែលទទួលស្រោមសំបុត្រ ហើយបើកមើលខ្លួនឯងចុះ។​ បើសិនជាក្មួយៗ​ណាបែរ​ជាកើត​ទៅដល់ម៉ោង ១ យប់ ថ្ងៃទី ១ ខែ មករា​ ឆ្នាំ ២០១៨ នឹងបានបន្ថែមហើយ។ ប៉ុន្តែ ឥឡូវ ខាងនេះ ៨ ខែហើយ អត់ទាន់ទេ តែចាំ(កូន)ក្រោយទៀត។ ​ហើយសង្ឃឹមថា បុរសៗអត់មានអីច្រណែនទេ ហើយ​ក្មួយៗ​នារី ដែលមិនទាន់មានគ្រួសារ មានកូននោះ ក៏អត់មានអីច្រណែនដែរ ព្រោះថ្ងៃក្រោយខ្លួន​គង់តែ​ទទួល​បានដូចគ្នាហ្នឹង តែមានប្តី មានកូនហើយ។ តែខ្លះក៏អត់មានដែរ ប្រឹងចង់ងាប់វាអត់មាន។ ថ្ងៃមុន អស់​ឆ្ងល់តែម្តង ខ្ញុំស្មានតែមករកអី? គាត់អត់មានកូន ថ្ងៃនោះ ២ នាក់ ប្តីប្រពន្ធ មកសុំកូនសម្តេចមួ​យ អស់​ឆ្ងល់តែម្តង រួចមិនប្រឹងខ្លួនឯង មកពីខាងស្រី ឬមកពីខាងប្រុស គិតខ្លួនឯងទៅ។

ថ្ងៃនេះ មានប៉ុណ្ណឹងទៅចុះ ហើយនាឡិការបស់ខ្ញុំ វាឲ្យខ្ញុំនិយាយត្រឹមប៉ុណ្ណឹង។ ក្រៅពីនោះ​សូមឲ្យ​ខាង​តន្រ្តី​សម័យចំនួន ២ លានដែរ ហើយកុំភ្លេច បទកន្សែងក្រហម ហ្នឹងកុំចោល ដាក់ឲ្យពិរោះបន្តិច។ ឥឡូវជិត​ចេញ​វស្សាហើយ សម្លេងភ្លេងការចាប់ផ្តើមលឺហើយ។ ប៉ុន្តែ ក៏ឲ្យអ្នកដែលមានផ្ទៃពោះនឹកអតីតកាល​ពេល​ស្តាប់​ភ្លេងការ។ ចុងបញ្ចប់ហើយ សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះក្រុមគ្រូសារ និងផ្តាំផ្ញើទៅក្រុមគ្រួសារ ប្រាប់​គាត់ឲ្យបានយល់ដឹងថា ការងារដែលខ្លួនបាន និងកំពុងធ្វើ ប្រាក់ចំណូលដែលខ្លួនកំពុងមាន និងបានផ្ញើ​ទៅ​ក្រុមគ្រួសារ គឺបានមកពីគណបក្សប្រជាជន បានមកពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស​ប្រជាជន មិនបានមកពីបក្សប្រឆាំងនោះទេ។ ជាមួយនឹងការអបអរសាទរនៃជំនួបនេះ ខ្ញុំសូមជូនពរចំពោះ​សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយៗកម្មករ/ការិនីទាំងអស់ សូមជួបនឹងពុទ្ធពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាងឃ្លៀតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...