នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខត្តស្ទឹងត្រែងរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក ហ៊ុង យុងដា (HUANG YONGDA) អគ្គនាយកក្រុមហ៊ុន China Huanceng Group ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្នាក់ការរបស់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង។
នៅក្នុងជំនួបនេះ សម្តេចតេជោ បានថ្លែងការអបអរសាទរចំពោះក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ដែលបានធ្វើឱ្យគម្រោងសាងសង់វារីអគ្គិសនីនេះ បានដំណើរការទៅតាមការគ្រោងទុកដែលនៅដើមឆ្នាំក្រោយនេះ នឹងមានការបន្ថែមទូប៊ីនដែលដល់ពាក់កណ្តាលឆ្នាំក្រោយនោះនឹងដំណើរការនូវទូប៊ីនទាំង៨។
លោកអគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកចូលរួមក្នុងពិធីចាប់ផ្តើមបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ បានធ្វើឱ្យកម្មវិធីមានភាពអធិកអធម ហើយលោកបានសន្យាថា នឹងខិតខំធ្វើការអភិវឌ្ឍគម្រោងនេះឱ្យបានល្អប្រសើរ ដើម្បីផ្តល់នូវផលប្រយោជន៍ដល់មកម្ពុជា។ទន្ទឹមនេះលោកនឹងខិតខំដោះស្រាយការងារសង្គមផ្សេងៗទៀតមិនឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នោះឡើយ។ លោកបានមានប្រសាសន៍ទៀតថា មិនគ្រាន់តែគម្រោងវារីអគ្គិសនីនេះទេ ប៉ុន្តែលោកនឹងចូលរួមអភិវឌ្ឍនូវគម្រោងវារីអគ្គិសនីផ្សេងៗទៀត ដូចជាវារីអគ្គិសនីប្រើប្រាស់ដោយខ្យល់,និងថាមពលផ្សេងៗទៀតដែលអាចមាន តាមការផ្តួចផ្តើមរបស់ប្រធានាធិតីចិន ស៊ីជិន ពីង ដែលបានលើកឡើងអំពីខ្សែក្រវាត់មួយ,ផ្លូវមួយ និងស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មីដែលក្រុមហ៊ុនបានអនុវត្តការសាងសង់បានល្អ និងបានរួមចំណែកក្នុងការការពារបរិស្ថានដោយថាមពលដែលផលិតបានជាថាមពលដែលស្អាតមិនប៉ះពាល់ខ្លាំងក្លាដល់បរិស្ថានឡើយ៕