ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបិទទ្វារទឹកក្នុងដំណាក់កាលទីមួយ នៃទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង

ទំនប់វារីអគ្គិសនីសេសាន​ក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបាន ចាប់ផ្តើមបិទទ្វារ​ទឹកក្នុងដំ​ណាក់កាលទី​មួយហើយ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពី​រយៈ​​ពេល​សាងសង់ជិត៤ឆ្នាំមកនេះ។ 

តាមការបញ្ជាក់​របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអោយ​ដឹងថា ​វារីអគ្គិសនី​សេសាន​ក្រោម២នេះ នឹងមានអនុភាព​ផលិតថា​ម​ពលអគ្គសនី សរុប៤​០០​មេហ្គាវ៉ាត់  រឺ​ ១៩១២​លានគីឡូវ៉ាត់​ម៉ោង​ក្នុង​មួយឆ្នាំ នៅពេលដាក់​អោយដំ​ណើរការ​រួមគ្នា​នូវ​តួប៊ីនសរុបទាំង៨ នាឆ្នាំ២០១៨។ ដោយ​ឡែក ការចាប់​ផ្តើមបិទទ្វាទឹកតួប៊ីនទី១ នៃទំនប់វារីអគ្គិសនីសេសានក្រោម២ ពេលនេះរហូតដល់ខែវិច្ឆិកាខាងមុខនេះ នឹងអាចផលិតថាមពលអគ្គសនី បាន៥០មេហ្គាវ៉ាត់។

សម្តេច​តេជោ ហ៊ុន​ សែន បានពន្យល់ថា រាល់ការអភិវឌ្ឍ គឺតែងតែមានការប៉ះពាល់ ដល់បរិស្ថាន និងប្រជាពល​រដ្ឋក្នុងតំបន់ គ្រាន់តែប៉ះតិច ឬច្រើនប៉ុណ្ណោះ ប៉ុន្តែគម្រោង​អភិវឌ្ឍទាំងនោះ គឺជាតម្រូវការចាំបាច់ដែល​កម្ពុជាត្រូវតែធ្វើ ដើម្បីការអភិវឌ្ឍប្រទេស។ ជាក់ស្តែង  គម្រោងវារី​អគ្គីសនី​​សេសាន​ក្រោម២ ដែលមានទឹកប្រាក់​​វិនិយោគ ​​ជាង៧៨១លាន៥​សែនដុល្លារអាមេរិកនេះ នឹងធ្វើអោយកម្ពុជា​មាន​ឯករាជភាព និងស្ថេរភាព​ក្នុងការ​គ្រប់គ្រង និងចែកចាយអគ្គីស​នី​បន្ថែមទៀត។ ការបញ្ជាក់​ដូចនេះ សម្តេចបានពន្យល់ថា ពេលមុនការផ្គត់​ផ្គង់​អគ្គីសនីគឺមានលក្ខណៈ​បណ្តោះអាសន្នប៉ុណ្ណោះ ព្រោះកម្ពុជាត្រូវទិញពីប្រទេសជិតខាង។ ប៉ុន្តែពេលនេះ​ប្រជាពលរដ្ឋ​​នឹងមានភ្លើងប្រើប្រាស់​ក្នុងតម្លៃ​កាន់តែទាប ជាពិសេសប្រជាជន ក្នុងតំបន់ភូមិភាគឥឍាន្ត ដូចជា ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និង មណ្ឌលគិរី តែម្តង ។ ក្រៅពីនេះ ថាមពលអគ្គិសនី នៃវារីអគ្គិសនី​សេសានក្រោម២នេះ ក៏អាចផ្គត់ផ្គត់ទៅកាន់ ខេត្តព្រះវិហារ និងរាជធានីភ្នំពេញដែរ។   ប៉ុន្តែដើម្បីតភ្ជាប់​អគ្គិសនីទៅដល់តំបន់ទាំងនេះបាន គឺត្រូវតភ្ជាប់បណ្តាញមេជាច្រើនដំណាក់​ ដូចជាទៅកាន់រាជធានីភ្នំពេញ គឺត្រូវការតបណ្តាញចេញពីខេត្តស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាម​ទើបទៅដល់ភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា អំឡុងទសវត្សរ៍ឆ្នាំ៨០ កម្ពុជាប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ៣០ ទៅ៤០មេហ្គាវ៉ាត់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះត្រូវការជាង ២ពាន់មេហ្គាវ៉ាត់។

គួរបញ្ជាក់ថា គម្រាងវារីអគ្គិសនីសេសានក្រោម២នេះ ដែលមានអនុភាព៤០០មេហ្គាវ៉ាត់នេះ គឺជាការវិនិយោគរួមគ្នានៃក្រុមហ៊ុនចំនួន៣ប្រទេស គឺ៖ ១៖ ក្រុមហ៊ុន Hydrolancang International Energy (ហាយដ្រូ ឡានឆាង អ៊ិនធើណាសិនណល អ៊ិនណឺជី) នៃប្រទេសចិន មានទុនវិនិយោគ៥១ភាគរយ ! ២៖ ក្រុមហ៊ុន Royal Group នៃប្រទេសកម្ពុជា មានទុនវិនិយោគ៣៩ភាគរយ!  ៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មានទុនវិនិយោគ១០ភាគរយ។ ការវិនិយោគទុនរួមគ្នា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន  Hydro Power SeSan 2 Co,.Ltd នេះ គឹត្រូវអនុវត្តតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងលក្ខខ័ណ្ឌ B. O. T.  រឺសាងសង់- ដំណើរការ- និងផ្ទេរ ។ មានន័យថា ខាងក្រុមហ៊ុនត្រូវចំណាយពេលសាងសង់ រយៈពេល៥ឆ្នាំ និងធ្វើអាជីវកម្មរយៈពេល៤០ឆ្នាំ ដោយលក់បន្តមកអោយអគ្គសនីកម្ពុជា ក្នុងតម្លៃ ៦.៩៥សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។ បន្ទាប់ពីរយៈពេលនោះ ក្រុមហ៊ុនត្រូវប្រគល់ វារីអគ្គិសនីសេសានក្រោម២នេះ មកអោយរាជរដ្ឋាភិបាលជាអ្នកគ្រប់គ្រងវិញ។ បច្ចុប្បន្នលំនៅដ្ឋានជាង១ម៉ឺន១ពាន់ភូមិ ស្មើនឹង៧៩ភាគរយ​ទូទាំងប្រទេសទទួលបានការផ្គត់ផ្គង់បណ្តាញអគ្គិសនីប្រើប្រាស់រួចហើយ។ តាមផែនការរបស់​រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជានៅគ្រប់ភូមិ​នឹងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ នាឆ្នាំ២០២២​ខាងមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ