ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីដំណើរបេសកកម្មការទូតនៅក្រៅប្រទេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រមុខការទូតកម្ពុជា ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី៖
ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយលោកជំទាវបណ្ឌិតនិងគណៈប្រតិភូជាន់ខ្ពស់កំពុងបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅក្នុងប្រទេសចំនួន៣គឺ៖ សាធារណរដ្ឋ អាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំង៣។ ដំណើរទស្សនកិច្ចនេះមានគោលដៅពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ និងស្វះស្វែងរកការទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម…។
ជាក់ស្តែង នៅអាស៊ែបៃហ្សង់ សម្តេចធិបតី និងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានបង្ហាញការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាអធិបតីក្នុងពិធីប្តូរឯកសារចំនួន៣គឺ៖ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសកម្ពុជា និងសាកលវិទ្យាល័យ ADA នៃក្រសួងការបរទេសអាស៊ែបៃហ្សង់ និងកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
វេទិការធុរកិច្ចរវាងកម្ពុជានិងអាស៊ែបៃហ្សង់ ក៏ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញការវិនិយោគ។ ថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ច សម្តេចធិបតី បានបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចជាកម្លាំងពលកម្មប្រកបដោយថាមវន្ត, បរិយាកាសធុរកិច្ចមានអំណោយផល និងការលើកទឹកចិត្ត, ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល, ទីតាំងយុទ្ធសាស្ត្រនិងការតភ្ជាប់, ការទទួលបានទីផ្សារក្នុងតំបន់ និងសកល, ចីរភាពថាមពល និងកំណើនបៃតង ជាដើម។ សម្តេចធិបតី ក៏បានអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ ឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅកម្ពុជាដោយរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលដល់ដំណើរវិនិយោគ តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងប្រកបដោយភាពជោគជ័យ។
ទី២. ស្របពេលជាមួយគ្នានេះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយក្រុមទៀតដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើដំណើរទៅដល់ទីក្រុងឡាអេ នៃប្រទេសហូឡង់ ហើយ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៨ ខែតុលា ឆ្នាំ២០២៦។ ផ្អែកលើមូលដ្ឋាននៃការពិភាក្សាប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទី១ នៅឯប្រទេសសិង្ហបុរី កិច្ចប្រជុំលើកនេះនឹងផ្ដល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងរកឃើញចំណុចដែលឯកភាពគ្នាពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់រួចហើយពីជំហររបស់កម្ពុជាថា គោលបំណងចម្បងរបស់កម្ពុជា គឺសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។ កម្ពុជាមានចេតនាចុះសន្ធិសញ្ញាជាមួយថៃដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលគ្របដណ្ដប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធានប្រកបដោយសមធម៌ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។
ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសណាមួយដូចបានលើកឡើងខាងលើ កម្ពុជាស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ និងមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិនឹងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី។
ដំណើរបេសកកម្មការទូតនៅលើឆាកអន្តរជាតិរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រមុខការទូតកម្ពុជានាពេលនេះ គឺជាសកម្មភាពការទូតសកម្មរស់រវើក និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលដើម្បីស្វះស្វែងរកការពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងនាំប្រយោជន៍ដល់ជាតិ មាតុភូមិលើគ្រប់វិស័យ និងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា៕
សូមអរគុណ!




