នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញសង្គម បានធ្វើការឆ្លើយតបម្តងទៀតចំពោះ លោក អ៊ុំ សំអាន ដែលកំពុងមានការស្ទាក់ស្ទើរមិនព្រមធ្វើដំណើរមកកាន់ ប្រទេសកម្ពុជាតាមការអញ្ជើញរបស់សម្តេច។ ខាងក្រោមនេះគឺជាខ្លឹមសារដែលសម្តេចធិបតី បានបង្ហោះផ្សាយ ដូចតទៅ៖
ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់អោយនាំយកនូវឯកសារនិងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវនិងការទទួលខុសត្រូវរបស់យើងចំពោះមុខប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
ក្នុងសាររបស់គាត់ប្រមាណ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុំ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ។ អ្វីដែលខ្ញុំយល់ គឺថាគាត់ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់ដោយអាចមានគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល។ គាត់ថាបើជួបនៅក្រៅប្រទេសគាត់ជួប។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ខ្ញុំសូមបញ្ជាក់៖
១. ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមការងារ៖
– ខ្ញុំសូមបញ្ជាក់សាជាថ្មីនូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេលដែលលោកនិងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោកនិងក្រុមរបស់លោកចាកចេញផុតពីកម្ពុជា។
– បើលោកមិនទុកចិត្តខ្ញុំ និងរាជរដ្ឋាភិបាល លោកអាចពឹងពាក់អោយមានការជួយឃ្លាំមើលសុវត្ថិភាពរបស់លោកពីសំណាក់ស្ថានទូតបរទេសណាមួយនៅកម្ពុជា ឬអង្គការសង្គមស៊ីវិលណាដែលលោកទុកចិត្តបន្ថែមក៏បាន។
– បើសិនជា ខ្ញុំមានបំណងអាក្រក់អ្វីមួយចំពោះរូបលោក អ៊ុំ សំអាន ខ្ញុំមិនមានការចាំបាច់ផ្តល់ការធានាជាសាធារណៈបែបនេះទេ ព្រោះបើមានអ្វីកើតឡើងចំពោះរូបលោក គឺខ្ញុំទេដែលជាអ្នកខាតធំជាងគេ ដោយនឹងត្រូវខាតបាត់នូវទំនុកចិត្តជាមេដឹកនាំ ក៏ដូចជារងការចោទប្រកាន់នានាផងដែរ។
២. ពាក់ព័ន្ធនឹងទីកន្លែងជជែកគ្នា៖
ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺមានគោលដៅពីរ៖
– គោលដៅទី១- គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ជាអាទិ៍អ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ រួមទាំងអ្នកគាំទ្រលោក បានចូលរួមស្តាប់និងធ្វើជាសាក្សីនូវការជជែកគ្នានោះ។ ហេតុដូច្នេះ បើលោក អ៊ុំ សំអាន នៅទុកចិត្តនិងផ្តល់តម្លៃអោយប្រជាពលរដ្ឋខ្មែរក្នុងប្រទេស លោកមិនគួរបដិសេធការជជែកគ្នានៅក្នុងប្រទេសកម្ពុជា លើកលែងតែលោកយល់ថាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចទុកចិត្តបាន ឬមិនមានតម្លៃស្មើសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
– គោលដៅទី២- គឺខ្ញុំមិនចង់អោយការជជែកគ្នា បានត្រឹមតែជជែកនៅលើតុ ប្រើក្រដាស់រៀងៗខ្លួនតែប៉ុណ្ណោះទេ ព្រោះធ្វើបែបនេះវាអត់បានបញ្ជាក់អ្វីច្បាស់លាស់និងដាច់ស្រេចឡើយ។ វានាំតែខាតពេលវេលា និងអាចអោយកាន់តែច្របូកច្របល់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរដែលតាមដានករណីនេះ។ ក្នុងករណីដែលការជជែកគ្នានៅលើតុមិនច្បាស់លាស់ និងដាច់ស្រេច មានតែការផ្ទៀងផ្ទាត់ជាក់ស្តែងនៅលើដីទេទើបអាចផ្តល់ភាពច្បាស់លាស់បាន។ ហេតុដូច្នេះ មានតែការជជែកគ្នានៅក្នុងប្រទេសកម្ពុជាទេ ទើបអនុញ្ញាតអោយយើងចុះទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែងក្នុងករណីចាំបាច់។
ខ្ញុំនៅតែសង្ឃឹមថា លោក អ៊ុំ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ខ្ញុំ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើងចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ នេះក៏ជាការបង្ហាញអំពីកម្រិតនៃការទុកចិត្តនិងការផ្តល់តម្លៃរបស់លោក អ៊ុំ សំអាន ចំពោះប្រជាពលរដ្ឋខ្មែរក្នុងប្រទេសផងដែរ៕





