ក្រុម AOT ស្តាប់បទបង្ហាញដោយប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថា នៅរសៀលថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា បានចូលរួមស្តាប់ការធ្វើបទបង្ហាញដោយលោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ» ដែលសម្របសម្រួលរៀបចំដោយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។

ការធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) នាពេលនេះ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីនានាស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងស្របតាមអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។

នៅក្នុងឱកាសនោះដែរ ឆ្លើយនឹងសំណួរជាច្រើនរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការងារវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន ក៏បានស្រាយបំភ្លឺជូនថា បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៅចន្ទបុរី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ការអនុវត្តការងារវាស់វែងរួមគ្នានិងបោះបង្គោលបណ្តោះអាសន្នដោយក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ជាអាទិ៍ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោល 52-59 ត្រូវបានអាក់ខាននិងជាប់គាំងទាំងស្រុងដោយសារកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារនិងឈ្លានពានរំលោភអធិបតេយ្យកម្ពុជានៅតំបន់ជាច្រើនតាមបណ្តោយព្រំដែននិងបានបន្តកាន់កាប់ដោយខុសច្បាប់រហូតដល់បច្ចុប្បន្ន បើទោះបីជាភាគីកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាច្រើនក៏ដោយ។

ទន្ទឹមនឹងនេះ តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន ក៏បានបញ្ជាក់ជូនផងដែរថា កម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នព្រមទាំងស្នើជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ និងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងកថាខណ្ឌទី៣ និងទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅចន្ទបុរី។ អនុលោមតាមកិច្ចព្រមព្រៀងទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការងារវាស់វែងនិងខណ្ឌសីមានៅលើដីជាក់ស្តែងរបស់គណៈកម្មការ JBC ឱ្យបានឆាប់រហ័សនិងជាអាទិភាពខ្ពស់បំផុតដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននិងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែ
ព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort