ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

ទី១៖ ក្នុងសាររម្លឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ជូនជនរួមជាតិថា គណបក្សប្រជាជនកម្ពុជាប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស និងបន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនខ្លាំងក្លា ពង្រឹងយុត្តិធម៌ សមធម៌និងសមភាពក្នុងសង្គម និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើង។ គណបក្សប្រកាន់ខ្ជាប់គោលនយោបាយការបរទេសរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ស្មើភាពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែង។

គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងដល់ការប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនគោកនិងព្រំដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយនៅលើទីកន្លែងនោះ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយនេះ គណបក្សប្រជាជនកម្ពុជាគាំទ្រការសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់ចំពោះតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ។ គណបក្សប្រជាជនកម្ពុជាក៏ប្រកាសគាំទ្រការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដើម្បីកសាងសង្គមមួយ ប្រកបដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មានមនសិការស្នេហាជាតិ មានភាពអង់អាច មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។

សម្តេចប្រធានគណបក្សក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យខិតខំលើកកម្ពស់ភាពឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួនរបស់ជាតិ ឆ្លើយតបនឹងសំណូមពរនៃសភាពការណ៍ជាតិនិងការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ដើម្បីការពារមាតុភូមិ និងសម្រេចទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងស្មារតីនេះ សូមបងប្អូនជនរួមជាតិបន្តរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល និងគាំទ្រយ៉ាងរឹងមាំដល់វីរកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីមាតុភូមិ ជាទីស្នេហាស្មើជីវិតរបស់យើង។ ក្នុងស្មារតីនេះដែរ យើងត្រូវបន្តខិតខំពង្រីកផលិតកម្មក្នុងស្រុក និងលើកស្ទួយការប្រើប្រាស់ផលិតផលជាតិឱ្យបានគ្រប់ៗគ្នា។

សម្តេចតេជោបានដាស់ស្មារតីកូនខ្មែរថា មេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ បានបញ្ជាក់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច ទាំងខាងយោធា និងនយោបាយប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន។ គ្មានអ្នកណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើងនិងត្រូវតែការពារឱ្យបានជាដាច់ខាតដោយកម្លាំងរបស់យើង។

សម្តេចតេជោក៏បានរម្លឹកពីប្រវត្តិនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ និងបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា។ បន្ទាប់មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គនិងការលំបាកច្រើនរាប់មិនអស់ដោយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារជាតិ កសាងសន្តិភាព ស្តារនិងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនចេញផុតពីស្រមោលខ្មៅនៃអតីតកាល បានរស់នៅយ៉ាងសុខដុមរមនា និងកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការជាថ្មីទៀតចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមរយៈសកម្មភាពកាប់ឆ្ការព្រៃនិងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២៦ ដោយបានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀត នៅក្នុងតំបន់ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ សកម្មភាពខាងលើនេះ រំលោភបំពានលើមាត្រា នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនិងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្របសម្រួលដល់ការដោះស្រាយជំម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៃប្រទេសទាំងពីរ។

ទី៣៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបដែរថា យោងតាមអ្នកជំនាញកិច្ចការព្រំដែន ប្រាសាទខ្នាដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ គឺស្ថិតនៅក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាទាំងស្រុងដោយយោងតាមផែនទីខ្នាត ១/២00 000 ដែលទទួលស្គាល់ជាអន្តរជាតិ និងសូម្បីតែផែនទីដែលថៃប្រើប្រាស់ជាឯកតោភាគី តាមខ្សែបន្ទាត់ L7017 ក៏បញ្ជាក់ថា ប្រាសាទខ្នាស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែរ។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ភាគីថៃបានប្រើកម្លាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយបំពាននិងខុសច្បាប់ទាំងស្រុង ដែលមិនអាចប្រកែកបានឡើយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort