ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តស្រង់ប្រសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងការពង្រឹងកម្លាំងខ្លួនឯង ដើម្បីការការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន៖

ទី១៖ សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសរម្លឹកខួបទី៧៥ នៃថ្ងៃកំណើតគណបក្ស៖ រយៈពេលជាង៤៧ឆ្នាំ កន្លងទៅនេះ ការពិតជាក់ស្តែងបានបង្ហាញថា មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាឡើយដែលគណបក្សប្រជាជនកម្ពុជាតែងតែឈរយ៉ាងរឹងមាំលើជំហររបស់ខ្លួន និងរក្សាខ្ជាប់នូវភាពត្រឹមត្រូវខាងនយោបាយ។ ជាមួយគ្នានេះ ការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិ ដែលគ្មានអ្វីអាចមកបំផ្លាញបានឡើយ ហើយនេះជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។

ឈរលើមូលដ្ឋាននេះ ប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន និងជាគណបក្សដែលមានថាមពលនិងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អាស្រ័យហេតុនេះហើយបានជាកន្លងមក គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាក់ស្តែង ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក្តី ក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍ ដោយរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន។ យើងបានប្រឹងប្រែងប្រែក្លាយការលំបាកឱ្យទៅជាឱកាសក្នុងការពង្រឹង ពង្រីកខ្លួនដោយការខិតខំពង្រីកផលិតកម្មក្នុងស្រុក លើកស្ទួយការប្រើប្រាស់ផលិតផលជាតិ និងការខិតខំប្រមូលចំណូលពន្ធជាដើម។ ការណ៍នេះបានឆ្លុះបញ្ចាំងអំពីភាពធន់របស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្ត និងការឆ្លើយតបទៅនឹងការប្រែប្រួលថ្មីៗនាពេលខាងមុខទៀត។

បងប្អូនភៀសសឹកដោយសង្គ្រាមឈ្លានពានមួយចំនួនបានវិលទៅកាន់ផ្ទះសម្បែង និងប្រកបមុខរបរខ្លួនវិញ ខណៈដែលបងប្អូនភៀសសឹកមួយចំនួនទៀតដែលនៅមិនទាន់អាចវិលទៅភូមិឋានផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ ដោយសារកងទ័ពថៃប្រើប្រាស់កម្លាំងកាន់កាប់ដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងជួយឧបត្ថម្ភដល់ការរស់នៅរង់ចាំទម្រាំបងប្អូនអាចវិលត្រឡប់ទៅកាន់ភូមិឋានខ្លួនវិញបាន។ ព្រមជាមួយនោះ យើងបានខិតខំធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ដឹងការពិត ហើយគាំទ្រជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធីនិងផ្អែកលើច្បាប់។ ចំណែកបងប្អូនពលករដែលបានវិលត្រឡប់ពីប្រទេសថៃមកវិញ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយការងារជូនបងប្អូន។ ការធានាបាននូវស្ថានភាពដូច្នេះ គឺអាស្រ័យដោយកម្លាំងមហាសាមគ្គីរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅគ្រប់ទិសទីជុំវិញរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីការពារទឹកដី ការពារសមិទ្ធផលជាតិ និងបន្តឈានឆ្ពោះទៅមុខតាមមាគ៌ាអភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា។

ទី២៖ ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦៖ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបាននិងកំពុងឆ្លងកាត់វិញ្ញាសាធំៗដូចជា៖ សង្គ្រាមឈ្លានពានព្រំដែននិងអធិបតេយ្យភាព, ឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី, និងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះភាពមិនប្រាកដប្រជា។ គោលដៅអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីជាតិនិងប្រជាជន ដើម្បីការពារទឹកដី និងឯករាជ្យភាពជាតិ ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចការពារបូរណភាពទឹកដី កម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការចរចាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់ដោយប្រើប្រាស់ច្បាប់អន្តរជាតិជាមូលដ្ឋានឱ្យអស់លទ្ធភាព គឺដើម្បីបញ្ចៀសការប្រើប្រាស់កម្លាំងយោធា ដែលអាចបង្កផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ បទពិសោធន៍បានបង្ហាញច្បាស់ថា សង្គ្រាមព្រំដែនមិនត្រឹមតែបំផ្លាញឱកាសនៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្ខំឱ្យរដ្ឋត្រូវបង្វែរថវិកាជាតិទៅលើការទិញអាវុធយុទ្ធភ័ណ្ឌ ជំនួសឱ្យការវិនិយោគលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទៅវិញ។

ជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនឱ្យខ្លាំង គឺការលើកកម្ពស់ការផលិត និងការគាំទ្រផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីខាងក្រៅ។ ដើម្បីរក្សានិរន្តរភាពនៃការគាំទ្រផលិតផលក្នុងស្រុក រោងចក្រ សហគ្រាស ក្នុងនាមជាវិនិយោគិនត្រូវប្រកាន់គោលជំហរពង្រឹងខ្លួនឯង និងឈានទៅរកភាពជាម្ចាស់ការលើខ្លួនឯង ដែលនេះទើបជាចីរភាពពិតប្រាកដ តាមរយៈការពង្រឹងសមត្ថភាព គុណភាព និងតម្លៃសមរម្យ ទើបអាចធានាបានការជឿជាក់ និងការគាំទ្រពីសំណាក់អតិថិជន ពិសេសពីប្រជាពលរដ្ឋយើងផ្ទាល់តែម្តង៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort