សារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ


CMF:

  • សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចសង្ឃនាយក សម្ដេចសង្ឃនាយករង ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
  • សូមក្រាបបង្គំថ្វាយដល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ​ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល
  • បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

នៅក្នុងបរិបទ ដែលស្ថានការណ៍នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃបានធូរស្រាលមួយកម្រិត បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥​ និងការដោះលែងវីវៈកងទ័ពកម្ពុជាទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ផលលំបាកជាច្រើននៅតែបន្តមាន ដូចជា ការខូចខាតទាំងស្រុង ការខូចខាតធ្ងន់ស្រាលនូវលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន​ និងសាធារណៈមួយចំនួន អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយ ការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានទៅកាន់លំនៅដ្ឋាន និងការស្ដារជីវភាពឡើងវិញរបស់បងប្អូនជនភៀសសឹកជាដើម។ ការលំបាកទាំងនេះ ទាមទារឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការដោះស្រាយ។

រាជរដ្ឋាភិបាលយល់ច្បាស់ណាស់អំពីទុក្ខលំបាក និងការប្រឈមនានារបស់បងប្អូនជនរួមជាតិរបស់យើង ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីជម្លោះព្រំដែន។ ជាមួយនឹងការបន្តអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេស មធ្យោបាយការទូត និងច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡុំពួរថ្ងៃទី២៦ ខែតុលា និងសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបាន និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានរបស់ខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជា បណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនទាំងក្នុងរយៈពេលខ្លីចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំសូមគូសរំលេចជូនបងប្អូនជនរួមជាតិ នូវវិធានការដោះស្រាយដែលរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញ រួមមានដូចខាងក្រោម៖

ទី១. ចំពោះបងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន

ក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូ​លដ្ឋានបាន និងកំពុងខ្នះខ្នែងរៀបចំ និងសម្របសម្រួលឲ្យបងប្អូនជនភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីនកម្ពុជា និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេស មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC បាន និងកំពុងខិតខំយ៉ាងសកម្មក្នុងការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់ មុននឹងអនុញ្ញាតឲ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញ។

ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់ បន្តសហការឲ្យស្អិតរមួតជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងយោគយល់ចំពោះការរង់ចាំវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់បងប្អូនវិញ ខណៈដែលការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងបន្តអនុវត្ត។

ជាមួយនឹងការសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់បងប្អូន រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។ ក្រុមការងារចំពោះកិច្ចនេះបាន និងកំពុងចុះបំពេញភារកិច្ចនៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងសេចក្ដីត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់សម្រាប់គាំពារជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹក នៅពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ សំដៅស្ដារជីវភាព និងជំរុញដំណើរការសកម្មភាពរស់នៅប្រចាំថ្ងៃឡើងវិញឲ្យបានឆាប់រហ័ស។

ទន្ទឹមនឹងនេះ ដើម្បីជំរុញដល់ការស្ដារឡើងវិញជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាលបាន និងកំពុងវាយតម្លៃជាបណ្ដើរ​ៗទៅលើទិដ្ឋភាពសំខាន់ៗ ៣ គឺ៖ ទី១ ផលប៉ះពាល់ទៅលើផលដំណាំ, ទី២ ស្ថានភាពបំណុល និងទី៣ ការស្ដារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ជាពិសេស បណ្ដាញទឹកស្អាត ​អគ្គិសនី និងទូរគមនាគមន៍ រួមទាំងបណ្ដាញ​ដែលស្ថិតនៅក្រោមការវិនិយោគ​​របស់ប្រតិបត្តិករឯកជន។

ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវវិធានការជួយសម្រួលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិ ​ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ដែលរួមមាន ការលើកលែងកម្រៃ​និងផាកពិន័យពាក់ព័ន្ធនឹងឥណទាន ការទូទាត់សងការប្រាក់ និងពន្យារពេលសងប្រាក់ដើម និងការរៀបចំឥណទានឡើងវិញ ជាដើម បន្ថែមលើការលុបចោលឥណទានរហូតដល់១០លានរៀលដល់យោធិនពិការនៅសមរភូមិ និង៨០លានរៀលដល់យោធិនពលី។ ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំសូមអំពាវនាវដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពជួយដល់បងប្អូនជនរងគ្រោះបន្តទៀតតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ទី២. ចំពោះបងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន

ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួង/ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរលើការពង្រឹងជម្រកបណ្ដោះអាសន្ន ឬ​ក្នុងករណីចាំបាច់អាចផ្លាស់ប្ដូរជម្រកបណ្ដោះអាសន្នរបស់បងប្អូន ទៅកាន់ទីតាំងដែលមានភាពប្រសើរជាងមុនជាងបច្ចុប្បន្ន​។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្ដល់នូវដំណោះស្រាយសមរម្យតាមលទ្ធភាពជាក់ស្ដែង ក្នុងការជួយឲ្យបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ​។

ជាមួយគ្នានេះ សម្រាប់រយៈពេលបន្ទាប់ ក្រសួងមហាផ្ទៃកំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូន ហើយនៅពេលដែលយើងប្រមូលបានទិន្នន័យ និងព័ត៌មានចាំបាច់ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មការអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងដាក់ចេញនូវវិធានការដោះស្រាយជូនបងប្អូនតាមនីតិវិធីជាធរមាន និងការចាំបាច់ជាក់ស្ដែងនៅក្នុងពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្ន ដោយមិនរង់ចាំដល់ការស្រង់ស្ថិតិ​ត្រូវបានធ្វើរួចរាល់នោះទេ ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ គណៈកម្មការអន្តរក្រសួង​កំពុងរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំ និងពិភាក្សាលើជម្រើសនានា ដើម្បីពិភាក្សារកដំណោះស្រាយ សមស្រប ជាក់ស្ដែង និងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋយើង។

ទី៣. ចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាត ដែលមានជាអាទិ៍ សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្ដាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍

ក្រុមការងារចំពោះកិច្ចបាន និងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍ ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឲ្យបានឆាប់រហ័សបំផុតតាមស្ថានភាពជាក់ស្ដែង។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលចិន រដ្ឋាភិបាលសហរដ្ឋអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី ADB បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដទៃទៀត ដែលបានផ្ដល់ជំនួយជាសម្ភារៈ និងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានាដល់បងប្អូនជនភៀសសឹក ជាពិសេស ការស្ដារជីវភាពរស់នៅរបស់បងប្អូននៅពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងការជួសជុល ស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេស សាលារៀន និងមណ្ឌលសុខភាព។

ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំសង្ឃឹមថា បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដទៃទៀត នឹងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ ជាពិសេស នៅក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែន។

  • បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ជាថ្មីម្ដងទៀត ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះចលនាមហាជនដ៏ផុសផុលនៅក្នុងការចូលរួមចំណែកទាំងកម្លាំងកាយចិត្ត ក៏ដូចជាការផ្ដល់ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ជូនដល់វីរៈកងទ័ព វីរៈនគរបាលជួរមុខ និងបងប្អូនជនភៀសសឹកកន្លងមក ជាពិសេស ស្មារតីស្នេហាជាតិ មាតុភូមិ និងការរួបរួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយដ៏រឹងមាំ។ ពេលនេះជាពេលដែលកម្ពុជាយើងត្រូវតែបង្កើនស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិរបស់យើងជាធ្លុងមួយឲ្យកាន់តែរឹងមាំជាងពេលណាៗទាំងអស់។

ជាមួយនឹងការចូលរួមពីគ្រប់មជ្ឈដ្ឋានក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ប្រជាជាតិយើងប្រាកដជានឹងអាចជម្នះការលំបាកទាំងនេះបានដោយជោគជ័យ និងអាចកសាងប្រទេសជាតិឡើងវិញជាមួយនឹងភាពធន់ និងវិបុលភាពកាន់តែខ្លាំងក្លា។

មុននឹងបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់តម្លៃលើសន្តិភាព កំពុងព្យាយាមដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ស្របតាមលក្ខណៈបច្ចេកទេស ជាមួយនឹងការអនុវត្តតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា​ និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ជាចុងបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ ទូលព្រះបង្គំ ខ្ញុំសូមប្រសិទ្ធពរជូនដល់បងប្អូនជនរួមជាតិជាទីស្រឡាញ់ សូមសមប្រកបនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ និងសូមអរព្រះគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort