សម្រង់​សង្កថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​​ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ ៦ ពីជ្រោយចង្វាទៅថ្នល់កែង

សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះ​រាជាណា​ចក្រ​កម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញ​ចូលរួ​មនៅក្នុងឱកាសនេះ ជាទីនឹករលឹក។

សុំទោសប្រជាពលរដ្ឋដែលមកចូលរួម ពុំមានរោងសម្រាប់ជ្រកម្លប់

ដំបូង អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានសំដែងនូវការសូមអភ័យទោសជាមួយនឹងការដែលបងប្អូនយើង​ត្រូវមកអង្គុយនៅកណ្ដាលថ្ងៃ បណ្ដាលមកពីទេវតាបានសាកល្បងនូវសមត្ថភាពរបស់យើងកាលពីម្សិល​មិញនេះ ដោយនាំមកចូលខ្យល់កន្ទ្រាក់មួយ ហើយធ្វើអោយរោងដែលទុកសម្រាប់ជាម្លប់ជ្រករបស់បងប្អូន​ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ត្រូវបាក់រលំ។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ទីមួយ ទេវតាសង​យើង​វិញ ដោយសារតែឆ្នាំទៅ ទេវតាចុះមកអត់យក​ភ្លៀងមកជាមួយ ធ្វើអោយយើងលំបាក​ ខ្វះខាតទឹក​តែ​ម្ដង។ ដល់ទៅព្រះនាងរៀបយាងទៅវិញ ចាក់(ទឹកភ្លៀង)មកតែម្ដង អាហ្នឹងទីមួយ។ ប៉ុន្តែទីពីរ ទេវតាអាច​សាក​ល្បងសមត្ថភាពរបស់យើងនៅពេលនេះថា តើ​បាក់រោងប៉ុណ្ណឹងហើយ នៅតែសម្ពោធទៀត ឬអត់។ ប៉ុន្តែ បើទោះបីបាក់អស់ហើយ មកឈរ ឬអង្គុយជាមួយគ្នា ក៏ត្រូវតែធ្វើរឿងនេះអោយបាន ដើម្បីសម្ពោធ​ដាក់​អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ អា ប្រវែង ៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ កាត់ខេត្ត​កណ្ដាល និងទៅតភ្ជាប់ជាមួយនឹងខេត្តកំពង់ចាម ជាហិរញ្ញប្បទានដោយ​សាធារណរដ្ឋប្រជាមានិត​ចិន។

សមិទ្ធផលកើតចេញពីសហប្រតិបត្តិការ មិត្តភាព ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា​និងចិន

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមជាមួយសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះ​អង្គ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រិយមិត្តចិន ក៏ដូចជាឯកឧត្តម លោកជំទាវ និង​បង​ប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលដ៏ធំមួយនេះ នៅមុនចូលឆ្នាំថ្មីប្រពៃណី​ជាតិ បន្ទាប់ពីកាលដែលយើងបើកការដ្ឋានសាងសង់ពហុកីឡាដ្ឋានដ៏ធំ ដែលទើបនឹងបានបើកកាលពី​ម្សិល​​ម្ង៉ៃនេះ។ នេះជាសមិទ្ធផល ដែលកើតចេញជាផ្លែផ្កា នៃសហប្រតិបត្តិការមិត្តភាព សហប្រតិបត្តិការ​ភាព​ជា​ដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ជាមួយចិន។

អត្ថប្រយោជន៍នៃផ្លូវជាតិលេខ​ ៦

អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានរំលឹកបន្ដិចថា ថវិកាដែលយើងបានប្រើប្រាស់នៅទីនេះ គឺបានមកពី​ពេលដែលឯកឧត្តម ស៊ី ជីងពីង បច្ចុប្បន្នជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ពេលដែល​គាត់​ធ្វើ​ជា​អនុ​ប្រធានាធិបតី គាត់មកទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ពេលនោះ គឺមាន​ការ​ចុះហត្ថលេខាចំនួនទឹកប្រាក់ សម្រាប់ប្រើប្រាស់ទៅលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៨ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ គឺចំនួន(ទឹកប្រាក់) ៤០០ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោម ៤០០ លានដុល្លារ​សហរដ្ឋ​មេ​រិកនោះ ក៏មានបណ្ដាញផ្លូវដែលតភ្ជាប់ផ្លូវជាតិលេខ ៦ នេះ ដែលយើងពង្រីកពី ៧ ម៉ែត្រ ទៅកាន់ ២០ ម៉ែត្រ ហើយដែល(មាន) ៤ គន្លង។ ទៅបុកគ្នាអីទៀត បើពីរទៅពីរមកយ៉ាងនេះ ហើយបើថាបុកគ្នាទៀត មានតែបើកបរដេក …។

ខ្ញុំព្រះករុណាខ្ញុំ អាចនិយាយបានថា សេដ្ឋវិទូមួយចំនួន បានវាយតម្លៃមិនត្រឹមត្រូវ​ជាមួយនឹងតួនាទីនៃផ្លូវ​នេះ​ផង និងវាយតម្លៃមិនត្រឹមត្រូវនូវដំណើរការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជាផង។ ដូច្នេះ បានជា​នៅ​ក្នុងទសវត្សរ៍ ៩០ ការកសាងផ្លូវនេះ ក៏មានត្រឹមតែ ៧ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែលើការជាក់ស្ដែងនៃ​កំណើន​សេដ្ឋ​កិច្ចរបស់កម្ពុជា ក៏ដូចជាតួនាទីផ្លូវជាតិលេខ ៦ នេះ គឺដើរតួនាទីយ៉ាងសំខាន់ ដូចដែល​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន បានលើកឡើងអម្បាញ់មិញ។ ភាពមមាញឹកនៃផ្លូវនេះ គឺជាតភ្ជាប់ពីទីក្រុងភ្នំពេញរបស់​យើងទៅកាន់ភាគកណ្ដាលនៃប្រទេស នោះគឺឆ្ពោះទៅកាន់ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប  ដែល​យើង​​កំ​ពុង​តែបន្តកសាងផ្លូវ ៤ គន្លង ពីផ្លូវកែងទៅទល់ស្រុកស្គន់ ហើយចាប់ពីស្រុកស្គន់ទៅខេត្តសៀមរាប ក៏ពង្រីកផ្លូវនេះយ៉ាងធំ។

មិនមែនគ្រាន់តែទំនាក់ទំនងជាមួយនឹងភាគកណ្ដាល ដែលទាក់ទងនឹងខេត្តកំពង់ធំ និងខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែវាក៏តភ្ជាប់ជាមួយនឹងខេត្តព្រះវិហារ ដែលចេញទៅព្រំដែនកម្ពុជា-ថៃ ហើយក៏តភ្ជាប់ជា​មួយ​នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ។ មួយខ្សែទៀត ផ្លូវនេះ ក៏​បាន​តភ្ជាប់ជាមួយនឹងខេត្តកំពង់ចាម ដែលរុញតភ្ជាប់ម្ខាងជាមួយនឹងផ្លូវជាតិលេខ ៧ តភ្ជាប់ទៅទីរួមខេត្តកំ​ពង់​ចាម។ តែអ្វីដែលសំខាន់ជាងនេះទៀត គឺអនុញ្ញាត​អោយយើងបានតភ្ជាប់ផ្លូវនេះ ជាមួយនឹងផ្លូវ​ជាតិ​លេខ ៨ ដោយតាមរយៈការកសាងផ្លូវដែលហិរញ្ញប្បទាន​ដោយសាធារណរដ្ឋប្រជាមានិតចិន  ផ្លូវជាតិលេខ ៨ ពីព្រែកតាមាក់ ទៅកាន់ផ្លូវជាតិលេខ ៧ ឆ្លងកាត់ខេត្តព្រៃវែង ទៅកាន់ខេត្តកំពង់ចាម  ហើយក៏បាន​អនុញ្ញាត​ឲ្យយើងបានសាងសង់នូវស្ពានព្រែកតាមាក់ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នៅទីក្រុងភ្នំពេញ ក៏ដូចជាការដឹកជញ្ជូនតភ្ជាប់ទៅតំបន់ភូមិភាគឥសានទៀតផង។

ដូច្នេះ តួនាទីផ្លូវជាតិលេខ ៦ នេះ សំខាន់ខ្លាំងណាស់សម្រាប់យើង។ សង្ឃឹមថា សេដ្ឋវិទូ ឬអ្នកសេដ្ឋ​កិច្ច​​ទាំង​​ឡាយយល់ឲ្យបានត្រឹមត្រូវអំពីចក្ខុវិស័យនៃការកសាងផ្លូវនេះដែលបានបែកខ្នែងទៅយ៉ាងច្រើន  ហើយ​បើ​សិនជាយើងមើលត្រឹមតែមួយជ្រុងនៃទីក្រុងភ្នំពេញនេះ ប្រជាពលរដ្ឋរបស់យើងអាចចេញដំ​ណើរ​លើ​ផ្លូវ​របស់​មិត្តចិនជួយ តាមរយៈការសាងសង់ឆ្លងកាត់នូវស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វា ហើយបើចង់​ទៅ​ដល់សៀមរាប គឺធ្វើដំណើរតាមផ្លូវមិត្តចិនជួយកសាង តភ្ជាប់ជាមួយនឹងកំពង់ធំ តភ្ជាប់ជាមួយនឹង​សៀម​រាប។ បើចង់ទៅខេត្តព្រះវិហារក៏ជាផ្លូវដែលមិត្តចិនជួយកសាង ហើយបើចង់កាត់ទៅខេត្តព្រៃវែង កាត់​ខេត្ត​កណ្តាល និងទៅកាត់ខេត្តព្រៃវែងទៅកំពង់ចាម ក៏ផ្តើមចេញពីការកសាងនៃស្ពានព្រែកតាមាក់ ហិរញ្ញ​ប្ប​ទានដោយសាធារណរដ្ឋប្រជាមានិតចិន និងផ្លូវជាតិលេខ ៨ កសាងដោយមិត្តចិនផងដែរ និងបន្ថែម​ទៅ​ដោយ​ការកសាងនៅពេលខាងមុខ ក្នុងពេលដែលឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីងពីន មកទស្សន​កិច្ច​នៅ​កម្ពុជា មានការកសាងផ្លូវជាតិលេខ ១១ ដែលតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៨ ផ្លូវជាតិលេខ ១ និង​ត​ភ្ជាប់​ទៅផ្លូវជាតិលេខ ៧។

ផ្លូវលេខ ៥, ៥១ ក៏ចិនជួយ ហើយនឹងសុំផ្លូវពីសំឡូតទៅកោះកុង

ងាកមកត្រើយម្ខាងខាងនោះ ផ្លូវជាតិលេខ ៥ បានតភ្ជាប់ចេញពីទីក្រុងភ្នំពេញទៅគល់ស្ពានព្រែកក្តាម ហើយ​តាមរយៈនៃហិរញ្ញប្បទាននោះ គឺអនុញ្ញាតឲ្យយើងបានកសាងស្ពានព្រែកក្តាម ដែលមុននេះ យើង​បាន​ធ្វើដំណើរយ៉ាងលំបាកទៅលើការឆ្លងសាឡាងផ្លូវស្ពានព្រែកក្តាមផង និងស្ពានព្រែកតាមាក់​របស់​យើង​ផង។ វិលមកម្ខាងទៀត ថ្ងៃមុនយើងបានបើកការដ្ឋានដើម្បីសាងសង់ផ្លូវខ្សែក្រវ៉ាត់រាជធានីភ្នំពេញនោះ គឺ​មួយ​ស្រទាប់នៅផ្នែកខាងក្នុងហិរញ្ញប្បទាន ដោយមិត្តចិន ដោយផ្សារភ្ជាប់ជាមួយនឹងស្ពានមិត្តភាពកម្ពុជា-ចិននៅឯតាខ្មៅ។ មួយផ្នែកទៀត កាលពីថ្ងៃទី ១៤ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង រួមជា​មួយ​ឯក​ឧត្តម ជុង ហ្វុង បានទៅបើកការដ្ឋានដើម្បីស្ថាបនាឡើងវិញ នូវផ្លូវជាតិ ៥១ ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ទៅកាន់ផ្លូវជាតិលេខ ៤ ដែលជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់នៅទីក្រុងភ្នំពេញ ដែលខ្ញុំព្រះករុណាខ្ញុំ មិន​ទាន់លើកមកនិយាយ។

យើងបានតភ្ជាប់អស់ហើយ ហើយអម្បាញ់មិញ ខ្ញុំបានបើកមើលផែនទី កំពុងដាក់​សំ​ណើ​ស្នើសុំមកព័ទ្ធ​ជុំវិញ​តាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺមានការតភ្ជាប់ ហើយឥឡូវនេះការ​តភ្ជាប់​ដែលយើងមិន​ទាន់​មាន គឺភ្ជាប់ពីសំឡូត កាត់មកថ្មដា កាត់ចេញមកកោះកុង និងចេញមកកំ​ពង់​សោម។ អញ្ចឹងនៅសល់​កំ​ណាត់​ផ្លូវហ្នឹងមួយទៀត ច្បាស់ជាស្វែងរកជំនួយពីមិត្តចិនហើយ។

អរគុណមិត្តចិន និងប្រជាពលរដ្ឋរបស់ចិនទាំងអស់

ខ្ញុំសូមយកឱកាសនេះ ដើម្បីសំដែងជូនតាមរយៈឯកឧត្តម អគ្គរដ្ឋទូត និងប្រិយមិត្តចិនទាំងអស់ ផ្ញើជូននឹង​ការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចជាកាលបានឧបត្ថម្ភគាំទ្រទៅដល់ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធនៅកម្ពុជា។​ មិត្តចិនបានផ្តល់ឱកាសឲ្យយើង។ អ្វីដែលយើង​ចាត់​ទុកថាជា​អា​ទិ​ភាព​មិត្ត​ចិន​តែងគោរពទៅតាមការគិតគូររបស់កម្ពុជា ដូចជាយើងចង់បានថាពង្រីកផ្លូវនេះឲ្យទៅជា ៤ គន្លង។ ការ​ចាត់​ចែងថវិកាពីមិត្តចិនមក គឺយើងងាយស្រួលក្នុងការប្រើប្រាស់នូវថវិកានេះ ដើម្បីសម្រេចនូវសមិទ្ធផល។

នឹងទៅចូលរួមកិច្ចប្រជុំ សន្និសីទខ្សែក្រវ៉ាត់មួយវិថីមួយ

ឥឡូវនេះ នៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការដាក់ចេញរបស់មិត្តចិន ជាពិសេស​របស់​ប្រធានាធិបតី ស៊ី ជីងពីន លើបញ្ហាផ្លូវមួយខ្សែក្រវ៉ាត់មួយ អនុញ្ញាតឲ្យប្រទេសកម្ពុជា ក៏ដូចជា ប្រទេស​នៅក្នុងតំបន់នេះ បានទទួលផលប្រយោជន៍ពីទស្សនទាន ឬគោលនយោបាយខ្សែក្រវ៉ាត់មួយ និង​ផ្លូវមួយនេះ។ មូលនិធិផ្លូវសូត្រដែលមិត្តចិនបានបញ្ចេញ ៤០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១៥ កន្លង​ទៅ និងការបន្ថែមទុនជាបន្តបន្ទាប់នៅក្នុងក្របខណ្ឌទំនាក់ទំនងរវាងចិន និងអាស៊ាន បានអនុញ្ញាត​ឲ្យ​បណ្តា​ប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅក្នុងក្របខណ្ឌពិភពលោកនេះ ទទួលបានផលប្រយោជន៍ពី​ការ​អភិ​វឌ្ឍ​ពីសាធា​រណរដ្ឋប្រជាមានិតចិន។ អរគុណណាស់ ហើយខ្ញុំនឹងទៅចូលរួម ហើយផ្តល់សារៈសំខាន់មួយ និងការចូលរួមនូវសន្និសីទកម្រិតខ្ពស់ ទាក់ទងនឹងខ្សែក្រវ៉ាត់មួយវិថីមួយ នៅប្រទេសចិន នៅក្នុង ខែ ឧសភា ​ខាង​មុខ ពេលនោះនឹងមានទស្សនកិច្ចផ្លូវការសម្រាប់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន​ផង​ដែរ​។

នយោបាយហេដ្ឋារចនាសម្ព័ន្ធ បែងចែកកំណើនសេដ្ឋកិច្ចដោយសមភាព

សង្ឃឹមថាកម្ពុជានឹងទទួលបានជាបន្តទៀត… គោលដៅធំបំផុតរបស់យើង គឺផ្តោតទៅលើការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ នយោបាយហេដ្ឋារចនាសម្ព័ន្ធនៅតែជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជន ក្នុង​ការ​ដឹកនំាប្រទេស។ គ្មានជម្រើសណាអោយល្អ និងគ្មានជម្រើសណាអោយមានសមភាពជាង​ការប្រើ​ប្រាស់​នូវ​កំ​ណើនសេដ្ឋកិច្ច ឬការទទួលបានការគំាទ្រពីមិត្តភក្តិ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ​ថ្នល់ ប្រឡាយទឹក អគ្គីសនី ឬក៏ហេដ្ឋារចនាសម្ព័ន្ធទាក់ទងជាមួយវិស័យអប់រំ និងសុខាភិបាល។ វាសម​ភាព​ខ្លំាងណាស់។ ឧទាហរណ៍ ការធ្វើផ្លូវមួយខ្សែទំាងអ្នកមានក៏ធ្វើដំណើរ ទំាងអ្នកក្រក៏ធ្វើដំណើរ។ ហើយ​តាមរយៈនៃការតភ្ជាប់ តាមរយៈការធ្វើផ្លូវថ្នល់នេះ គឺអនុញ្ញាតអោយប្រជាជនរវាងទីក្រុង និងជនបទ មិន​មាន​ការខុសប្លែកឆ្ងាយពេកទេនៅទីក្រុងក៏មានផ្លូវចាក់កៅស៊ូ នៅជនបទក៏មានផ្លូវចាក់កៅស៊ូ នៅទីក្រុង​មាន​អគ្គិស​នីប្រើប្រាស់ នៅជនបទក៏មានអគ្គិសនីប្រើប្រាស់។ ដូច្នេះយើងមាន​តម្រូវការទុនជាមួយដៃ​គូ​អភិវឌ្ឍន៍​នានា ដែលក្នុងនោះ មានមិត្តចិនដែលជាអ្នកផ្តល់ហិរញ្ញប្បទានធំជាងគេ។

ការកសាងផ្លូវត្រូវបូកបន្ថែមជាមួយផលប៉ះពាល់

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថានប័នពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធទំាងអស់ ដែលបានជួយសម្រួលការអោយ​ការ​ដ្ឋាននេះបើក ហើយនិងកសាងចេញជារូបរាង ចេញជាផ្លែផ្កា ដែលប្រជាជនបានធ្វើ​ដំណើរ​ដោយ​ងាយ​ស្រួល។ ខ្ញុំព្រះករុណាខ្ញុំ អរគុណជាមួយនឹងការយោគយល់របស់ប្រជាជនដែលនៅសងខាងផ្លូវ។ មានពេលមួយនោះ ដោយសារតែមានការវាស់វែងខ្វះចន្លោះ និងការបាញ់នៅចំណុចដៅខ្វះចន្លោះ ខ្ញុំព្រះ​ករុណាខ្ញុំ ក៏បានធ្វើដំណើរមកកាន់កន្លែងជិតស្ពានជ្រោយចង្វានេះ កាលពីឯកឧត្តម កែប ជុតិមា នៅធ្វើ​អភិ​បាលរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលដោយផ្ទាល់ ហើយក៏បានបន្ថយទំហំ ដោយទំហំដើមនោះ​ធំទាល់​តែអស់ផ្ទះនៅខាងក្នុង។

យ៉ាងណាក៏ដោយ ការសាងសង់ពង្រីកផ្លូវពិតជាមានផលប៉ះពាល់ ហើយដែលយើងបានចំ​ណាយប្រាក់​ អស់ប្រមាណជា ៦ លានដុល្លារអាមេរិកឯណោះ ដោះស្រាយផលប៉ះពាល់ និងការដោះស្រាយមីន។ អញ្ចឹងទេផ្លូវនេះ ទន្ទឹមនឹងកម្ចីរបស់មិត្តចិនចំនួន ៦៨ លាន(ដុល្លារ) យើងក៏ចំណាយបន្ថែមលើនោះ ហើយ​បើ​គិតទំាងពន្ធដាផងនោះ និងបន្ថែមទៅដោយការចេញសាច់ប្រាក់ដោះស្រាយផលប៉ះពាល់ ក៏ដូចជា​ដោះ​ស្រាយ​យុទ្ធភណ្ឌមិនទាន់ផ្ទុះ យើងបានចេញថវិកាហើយដែលសរុបនៃចំណាយទៅលើបញ្ហានេះ បើគិត​តាម​ក្រសួងហិរញ្ញវត្ថុ តំាងពីពន្ធរហូតដល់ទៅ ៨៨ លានដុល្លារសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែនោះគិតពន្ធ បើ​ទៅ​លើបញ្ហានៃការចំណាយដែលចេញជាសាច់ប្រាក់តែម្តង ទំាងប្រាក់មកពីមិត្តចិន ទំាងប្រាក់មកពីកម្ពុជា គឺចំនួន ៧០ លានដុល្លារសហរដ្ឋអាមេរិក។

ហេតុអី្វ កសាងពហុកីឡានដ្ឋាន មរតកតេជោ នៅឯព្រែកតាសេក

ប៉ុន្តែយើងក៏បានសម្រួលអោយប្រជាជន ដែលរស់នៅតាមកន្លែងនោះ ហើយពេលនេះប្រជាជនមុខតែយល់​បាន​ថា ហេតុអី្វបានជាពហុកីឡានដ្ឋាន មរតកតេជោ ត្រូវកសាងរហូតដល់ព្រែកតាសេក។ ព្រែកតាសេកពី​ដើម​​ឆ្ងាយណាស់។ ប៉ុន្តែព្រែកតាសេកនៅពេលបច្ចុប្បន្ននេះមិនឆ្ងាយទេ ហើយនៅឆ្នំា ២០២៣ កាន់តែមិន​ឆ្ងាយទៀត។ ពីដើមមានចម្រៀងមួយបទឈ្មោះថា ព្រែកឯងនៅឆ្ងាយ ឆ្ងាយដាច់អាល័យ ព្រែកឯងនៅ​ឆ្ងាយ ឆ្ងាយដាច់អាល័យ ដោយសារតែអត់ផ្លូវ ប៉ុន្តែឥឡូវទៅមកៗត្រឹមព្រែកឯង ព្រែកលៀបនៅឆ្ងាយ ឆ្ងាយ​ដាច់​អាល័យ ប៉ុន្តែឥឡូវអត់ដាច់អាល័យទៀតទេ ទៅហើយមកហើយ។ ហើយជីវិតអ្នករត់ទូកដ និងជីវិត​អ្នក​រត់សាឡាង គឺចប់ជាបណ្តើរៗ តាមរយៈការធ្វើស្ពានរបស់យើងតាមព្រែកក្តី តាមទន្លេក្តី ដែលយើង​បាន​ធ្វើ​ជាបន្តបន្ទាប់។

កំណើនសេដ្ឋកិច្ច ៧,៧% ក្នុងរយៈពេលជាង ២០ ឆ្នំា

នេះហើយជាអ្វីដែលយើងសម្រេចបាន ហើយហេដ្ឋារចនាសម្ព័ន្ធនេះហើយ ដែលផ្តល់ឱកាសអោយយើង​សម្រេច​បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលស្ថិតនៅក្នុង ៧,៧% ក្នុងរយៈពេលជាង ២០ ឆ្នំា កន្លងទៅ និងបន្តបន្ទាប់ ក្រោយពីវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែស្ថិតក្នុងរង្វង់ ៧% ជា​បន្ត​ទៀត​។ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ តាមរយៈនៃការគិតគូរត្រូវរបស់គណបក្សប្រជាជន និងរបស់​​រាជ​រដ្ឋាភិបាលនោះហើយ ដែលធ្វើអោយយើងចេញពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅកាន់ឋានៈ​ជា​ប្រ​ទេសដែលមានចំណូលមធ្យម ហើយយើងនឹងបន្តដំណើរបែបនេះតទៅទៀត។ ឥឡូវនេះ ទោះបីថា​ អត់​មានដំបូល ប៉ុន្តែពពកបានធ្វើដំបូលសម្រាប់របស់យើងទំាងអស់គ្នា …។

យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ មិនបន្តទៀតទេ ដោយសារតែការនិយាយច្រើនណាស់ ហើយស្អែក និ​យាយទៀត។ ស្អែកត្រូវប្រញាប់ប្រញាល់ចូលប្រជុំសភា បង្ហាញវត្តមាននៅក្នុងសភា ហើយស្តាប់ព្រះរាជ សារ​(របស់)ព្រះមហាក្សត្រ។ បន្ទាប់ពីស្តាប់ព្រះរាជសារ(របស់)ព្រះមហាក្សត្រ នៅក្នុងពិធីបើកសម័យប្រជុំ សភា គឺខ្ញុំព្រះករុណាខ្ញុំ និងសុំចាកចេញ ដើម្បីទៅជួបជាមួយនឹងមន្ត្រីរាជការរបស់យើង ក្នុងពិធីសំណេះសំ​ណាលមួយប្រមាណជា ៤ ពាន់នាក់ ជាបន្តទៀត។ ការងារពិតជាច្រើន ប៉ុន្តែ គ្មានជម្រើសណាអោយល្អជាងការខិតខំនោះទេ។

ចុះហត្ថលេខាកាត់ដីមួយចំនួនរបស់ខេត្តកណ្តាលចូលមកទីក្រុងភ្នំពេញ

សមិទ្ធផលបែបនេះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែមានវត្តមាន ត្រូវធ្វើ។ កោតសរសើរចំពោះក្រុមហ៊ុនសៀងហៃ ដែល​​បានខិតខំកសាងនូវផ្លូវ និងស្ពានយ៉ាងច្រើននៅតាមទីកន្លែងនេះ។ អរគុណ និងកោតសរសើរចំពោះ​ក្រុម​ហ៊ុនត្រួតពិនិត្យ ក្វាងចូវ វ៉ាងណាន ដែលបានធ្វើកិច្ចការដ៏ល្អ។ អរគុណ ចំពោះសម្តេច ព្រះតេជព្រះ គុណ ឯកឧត្តម លោកជំទាវ និងបងប្អូនប្រជាពលរដ្ឋ ដែលមកពីខេត្តកណ្តាលផង មកពីទីក្រុងភ្នំពេញផង មក​ជួបជុំគ្នានៅទីនេះ។ ​កាលពីដើម អ្នកខាងណេះក៏សុទ្ធតែជាអ្នកខេត្តកណ្តាលទេ ទើបនឹងប្រែខ្លួនទៅជា អ្នក​ភ្នំពេញក្រោយនេះទេ។ ឆ្នាំ ១៩៨៨ ខ្ញុំបានចុះហត្ថលេខាកាត់ដីខេត្តកណ្តាល ដែលមុននេះព្រំប្រទល់ ខេត្តកណ្តាលនៅត្រឹមស្ពានជ្រោយចង្វា។ ពេលហ្នឹង ឯកឧត្ត​ម ថោង ខុន ធ្វើជាអភិបាលក្រុង ហើយ​បញ្ជូន​យុវជនទីក្រុងភ្នំពេញ និងមន្ត្រីនៅតាមស្ថាប័នទាំងអស់មកកាប់ព្រៃនៅទីនេះ។ ឥឡូវ ហ្នឹងទៅជាថា ខ្ញុំ​កាន់កាប់(ដី/ផ្ទះ)តាំងពី(ឆ្នាំ) ១៩៧៩។ ឆ្នាំ ១៩៨៨ ទៅហើយ មន្ត្រីតាមស្ថាប័ននានា និងយុវជន​ក្រុង​ភ្នំ​ពេញមកកាប់ព្រៃតាមហ្នឹង ដើម្បីកុំអោយពួកខ្មែរក្រហមដាក់ H12 បាញ់ចូលក្រុង។ នេះកាប់បីសា …។

អ្នកខេត្តកណ្តាល និងអ្នកភ្នំពេញ ធ្វើដំណើរនៅលើផ្លូវហ្នឹងដូចគ្នា

ឥឡូវអ្នក(ខេត្ត)កណ្តាល (និង)អ្នក(ទី)ក្រុងភ្នំពេញគឺដូចតែគ្នា។ ដើរលើផ្លូវជាតិលេខ ៦ ដូចគ្នា។ អ្នកភ្នំ​ពេញ​​ចេញទៅតាមខេត្ត ក៏ចេញតាមហ្នឹង។ ទៅតាមផ្លូវលេខ ៦ ក៏ទៅតាមហ្នឹងដដែល។ ទៅតាមព្រែក​តា​មាក់ ផ្លូវជាតិលេខ ៨ ក៏ទៅតាមហ្នឹងដដែល។ កម្សត់តែខ្ញុំព្រះករុណាខ្ញុំ ឯណេះទេ។ ​កាលពីផ្លូវនៅលំបាក ទៅ​មកៗសៀមរាប ព្រោះធាតុអាកាសគេថាហោះមិនបានទេ ឧទ្ធម្ភាគចក្រហោះមិនបានទេ។ បើហោះ​មិន​បាន​មានតែ(ធ្វើដំណើរតាម)ផ្លូវ។ ដល់តាមផ្លូវហ្នឹង បន្តិចទូរស័ព្ទរកបង (ត្រាំ អ៊ីវ)តឹក កាលជំនាន់បង តឹក (ធ្វើរដ្ឋមន្ត្រី​ដឹក​ជញ្ជូន)។ បង តឹក អើយ! អាកន្លែងនេះវាយ៉ាប់ម្ល៉េះ? មើលជួសជុល​វាផងទៅមើល? ជាពិសេស អាម្តុំ​យើងស្គន់ចាក់ទៅកំពង់ធំ មិនថាកាលហ្នឹង មានទស្សនទានធ្វើផ្លូវយ៉ាងម៉េច? ធ្វើមួយកំណាត់ ចោលមួយ​កំ​ណាត់។ ធ្វើពីហ្នឹងទៅត្រឹមស្គន់ ហើយធ្វើពីត្រឹមកំពង់ធំទៅសៀមរាប តែពីត្រឹមស្គន់ទៅកំពង់ធំ អត់ធ្វើ?

អញ្ចឹងពិភាក្សាគ្នារៀបចំផែនការ ធ្វើម៉េចសុំមិត្តចិន។ ចិនអោយលុយមក ធ្វើបានហើយ។ ដល់ទៅបានផ្លូវល្អ បែរជាអត់បានជិះឡាន។ ប៉ុន្តែជិះច្រើនលើកហើយ។ គ្រាន់តែកំពង់ធំហ្នឹងទៅព្រះវិហារ កាត់តាម​​ហ្នឹង​មិន​​តិច​ទេ។ ប៉ុន្តែចង់ថា(ជិះឡានតាមហ្នឹង)អោយបានច្រើនបន្តិច។ ប៉ុន្តែមានពេលខ្លះ វាប្រញាប់ពេក។ ឧទា​ហរណ៍ ថ្ងៃទី ១១ នេះ មិនអាចធ្វើដំណើរតាមឡានទេ ច្បាស់ហើយដោយសារព្រះម​ហាក្សត្រ និងសម្តេចម៉ែ ព្រះ​អង្គយាងមក។ ថាគ្រោងចេញ(ដំណើរ)តាមឡាន ក៏ប៉ុន្តែមិនអាចទៅតាមឡាន ទាល់ទៅតាម​អាលើ​ហើយ ដើម្បីទៅដល់ចុះភ្លាមជួបជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឯសៀមរាបឯណោះ…។

មានសន្តិភាព ទើបមានការអភិវឌ្ឍ

ថ្ងៃនេះ ជុំគ្នាល្អណាស់។ បើបាន(មេឃ)ស្រទុំអញ្ចឹង រាំ(បទ)អញ្ចេះៗ អស់ទាស់។ ឆ្នាំនេះ (រាំបទ)ញីកែងជើងផង (បទរាំ)អញ្ចេះផង (បទ)ឆ្កែ(រត់)បុកប៉ោតផង ហើយនៅមានចម្រៀងរាំវង់ រាំក្បាច់ សារាវ៉ាន់ កន្ទ្រឹម អូ! ច្រើនណាស់។ រាំមិនអស់ទេ។ ប៉ុន្តែឥឡូវឃើញកន្លែងមួយចំនួនចាប់លេងពីឥឡូវទៅហើយ។ អញ្ចឹងទេ សុំបន្តការសប្បាយរីករាយ ជាមួយនឹងដំបូលសន្តិភាព​ និងសមិទ្ធផលថ្មីៗ ដែលបាននឹងកំពុងកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មានតែរក្សាអោយបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ។ បើសន្តិ​ភាព​ត្រូវបានបំផ្លាញហើយ គឺគ្មានការអភិវឌ្ឍណាមួយនឹងត្រូវបានអភិវឌ្ឍនោះទេ មានតែការបំផ្លាញតែប៉ុណ្ណោះ។ មិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទេ ជីវិតមនុស្សក៏ត្រូវបានបំផ្លាញដូចជាគ្នា។

ជាក់ស្តែងនៅឆ្នាំ ១៩៧០ សង្គ្រាមបានផ្ទុះឡើង ប្រជាពលរដ្ឋមានរបស់យើង ក៏ត្រូវបានរងទុក្ខវេទនា។ ទទួលនូវគ្រាប់បែកគ្រាប់ផ្លោងរៀងរាល់ថ្ងៃ ការស្លាប់រាល់ថ្ងៃ។ បន្តទៅ របបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រាមនៅបន្តឆក់យកជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្ប​ត្តិ។ យើងបានប្រឹងប្រែងរួមគ្នានូវបណ្តាភាគីដែលមានការពាក់ព័ន្ធ ដើម្បីរកការបង្រួបបង្រួមជាតិ និងសន្តិភាព។ ចំណុចចុងក្រោយ ពេលដែលអ៊ុនតាក់ចាយលុយអស់ជាង ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក អ៊ុនតាក់​បាន​ដកត្រឡប់ទៅវិញដោយបន្សល់ទុកឲ្យកម្ពុជាជាប្រទេសមួយដែលមានតំបន់ត្រួតត្រា ២។ តំបន់ត្រួត​ត្រា​មួយ គឺរាជរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ និងតំបន់ត្រួតត្រាមួយទៀត គឺខ្មែរក្រហម នៅតាមព្រំដែន​កម្ពុជា-ថៃ។

អនុវត្តន៍នយោបាយឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ

ជាថ្មីម្តងទៀត ដែលខ្ញុំព្រះករុណាខ្ញុំបានយកជីវិតធ្វើដើមទុន ដើម្បីចូលទៅក្នុងតំបន់ទាំងនោះ ធ្វើសមាហរ​ណ​កម្ម​ដើម្បីបញ្ចប់នូវសង្រ្គាមរ៉ាំរ៉ៃដែលបង្កើតឡើងដោយអ្នកជំនាន់មុន។ ថ្ងៃនេះ មេខ្មែរក្រហមក៏នៅនេះ​ដែរ​។ … អ៊ី ឈាន និង សុខ ភាព កាលពីពេលមុន (អ៊ី ឈាន)កាន់កាប់ប៉ៃលិន (សុខ ភាព)កាន់កាប់​ម៉ា​ឡៃ ២ កងពលហ្នឹងបះឡើង បានខ្ញុំព្រះករុណាខ្ញុំចាប់យកឱកាសនេះ ធ្វើកិច្ចការបន្ទាប់ពីការធ្វើសមាហរ​ណ​កម្ម​នៅតំបន់ឱរ៉ាល់ ដែលដឹកនាំដោយ កែវ ពង្ស តាមរយៈនយោបាយឈ្នះ-ឈ្នះនោះ។ ឥឡូវ​មក​អង្គុយ​ដូច​គ្នាទាំងអស់។​ ខ្មែរដូចគ្នា។ អញ្ចឹងទេ ចំណុចនេះដែលយើងត្រូវឃើញសារៈសំខាន់នៃការបង្រួបបង្រួម​ជាតិ។ ពេលដែលខ្ញុំព្រះករុណាខ្ញុំចូលទៅកាន់តំបន់ទាំងនោះ ម្តាយ និងម្តាយធំ បានថា ហ្អែង! ចូលទៅ​តំ​បន់​គេមិនខ្លាចគេបាញ់សម្លាប់ទេឬ? ខ្ញុំព្រះករុណាខ្ញុំបានឆ្លើយតបថា ម៉ែ! ធំ! បើសិនជាស្លាប់ ក៏ស្លាប់តែខ្ញុំ​ម្នាក់ និងអ្នកទៅជាមួយ ប៉ុន្តែបើបានមកវិញ គឺបានផែនដីទាំងមូលមកវិញ។ រឿងនេះពិតជាប្រាកដ។ ខ្ញុំ​ព្រះករុណាខ្ញុំទៅដេកនៅប៉ៃលិន ដេកផ្ទះ អ៊ី ឈាន តែម្តង …។

អំណោយ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបាននាំមកសម្រាប់លោកយាយលោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល។ ជូនក្រុមកាយឫទ្ធិ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកា ១ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស​ចំនួន ១៩៦៩ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ៥០០០ រៀល ជូនលោកគ្រូ អ្នកគ្រូ ចំនួន ១៥២ នាក់ ក្នុងម្នាក់ៗ ថវិកា ៣ ម៉ឺនរៀល។ ជូនសាលា​បឋម​សិក្សា​អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង ៥០ ម៉ឺនរៀល។ ជូនវិទ្យាល័យព្រែកលៀប ថវិកា ១ លានរៀល។ ជូនសាលាស្រុកមុខកំពូលថវិកា ១ លានរៀល។ ជូនសាលាខណ្ឌជ្រោយចង្វា រាជធានីភ្នំ​ពេញ ថវិកា ១ លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ១ លានរៀល។

កន្លែងនេះក៏មានសាលារបស់ឪពុកខ្ញុំព្រះករុណាខ្ញុំ ហើយនេះជាសាលាចុងក្រោយមុនពេលដែលគាត់ឈឺ បានស្វះស្វែងដើម្បីរកពីកូនពីចៅ មកកសាងនូវសាលានៅកន្លែងនេះ។ ប៉ុន្តែ គាត់បានចែកឋានទៅហើយ តែអ្វីដែលគាត់បានបន្សល់ទុក គឺសម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលជាកូនចៅ​របស់​ប្រ​ជា​​ពល​រដ្ឋដែលរស់នៅទីនេះ ដើម្បីទទួលបាននូវការសិក្សា។ សង្ឃឹមថា ក្នុងចំណោមកូនស្រី ២ នាក់ ដែលកំ​ពុង​មានផ្ទៃពោះ ហើយដែលសុទ្ធតែជាកូនប្រុស មាន ១ ក្នុងចំណោម ២ នឹងជាឪពុកខ្ញុំមកចាប់ជាតិ។ សង្ឃឹម​យ៉ាងដូច្នេះទៅចុះ ដោយសារម្តាយខ្ញុំក៏បានមកចាប់ជាតិធ្វើជាចៅខ្ញុំរួចទៅហើយ ឥឡូវមានអាយុ​ជាង ១៧ ឆ្នាំ។ ថ្ងៃមុន ចំថ្ងៃសីល ខ្ញុំបានយល់សប្តិឃើញឪពុក​ខ្ញុំយ៉ាងច្បាស់ ស្លៀកពាក់យ៉ាងស្អាតមក​សួ​រ​ថា ម៉ែអាសាន នៅឯណា? ម៉ែអាសាន មានន័យថា បងប្រុសរបស់ខ្ញុំ។ ខ្ញុំថាមិនប្រាកដថា ចង្អុលទៅខាង​ណា​ទេ ហើយក៏ភ្ញាក់ឡើង។ អញ្ចឹងទេ បើពាក្យថា ម៉ែអាសាន នៅឯណា? ប្រហែលជារកចៅស្រីរបស់ខ្ញុំ។ អញ្ចឹង នៅពេលដែលឃើញសាលារៀននៅទីនេះ ក៏នឹកឃើញឪពុក សង្ឃឹមថា តាមរយៈជំនឿ​​នៃការចាប់​ជាតិ សូមឲ្យលោកឪពុកមកចាប់ជាតិជាមួយនឹងកូន ហើយរួមរស់នៅជាមួយនឹងកូនចៅជាបន្តទៀត តែ​ក្លាយ​ទៅជាចៅទៅហើយ លែងហៅជាពុកទៀតហើយ។ ម្តាយក៏ហៅចៅដែរ។

ហើយចុងបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូ​វផ្លូវជាតិលេខ ៦ បួនគន្លង ប្រវែង ៤០ គីឡូម៉ែត្រ ដែលជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមឲ្យឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ សូមប្រកបទៅដោយពុទ្ធពរទាំង ៤ ប្រការ​ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ