ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់មេដាយ, ជូនរង្វាន់ និងសំណេះសំណាលជាមួយកីឡាជនពិការ នៅវិមានសន្តិភាព

(FN)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖

– សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់កីឡាពិការកម្ពុជា ដែលបញ្ជូនទៅក្រៅប្រទេសមកវិញបានមេដាយ ឬទទួលបានជោគជ័យច្រើនជាងគេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំទទួលការប្រមាថច្រើនពេកហើយ ជាពិសេសទទួលការប្រមាថពីពួកតិរច្ឆាន ដែលហៅសម្តេចថា «អាខ្វាក់»។

– សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងរស់នៅជាមួយជនពិការរហូត ហើយអំពាវនាវឱ្យជនពិការទាំងអស់កុំអស់សង្ឃឹម។

– ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ចង់បង្ហាញពិភពលោកថា ជនពិការដូចជាសម្តេច បានធ្វើនាយករដ្ឋមន្រ្តីច្រើនឆ្នាំ មិនមែននាយករដ្ឋមន្រ្តី ឆក់កណ្តៀតនោះទេ

– សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកប្រមាថអ្នកដទៃថាជាជនពិការ ថ្ងៃណាមួយអាចនឹង កើតឡើងចំពោះខ្លួនឯង។ បាបកម្មនឹងតាមទាន់ហន់ណាស់

– សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភប្រាក់៣ម៉ឺនដុល្លារដាច់ដោយឡែកដល់កីឡាករពិការ យ៉ាវ វណ្ណៈ ដែលទទួលបានមេដាយមាស លើវិញ្ញាសារហែល ទឹកសេរី ៥០ម៉ែត្រ ដើម្បីយកទៅសងបំណុលគេ ដែលបន្ថែមលើប្រាក់រង្វាន់ ដែលត្រូវទទួលបាន។ សម្រាប់កីឡាករពិការ យ៉យ កុសល បានមេដាយសំរិទ្ធ ទទួលបានថវិកា២៤លានរៀល ហើយសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាផ្ទាល់៣ពាន់ដុល្លារថែមទៀត។

– សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិត្តចិនបានឧបត្ថម្ភដល់កម្ពុជាយ៉ាងច្រើន ហើយយើងមិនខ្លាចទេក្នុងការប្រកាសថា គាំទ្រចិន។

– សម្តេចតេជោ ហ៊ុន សែន សុំទោសចំពោះការលើកពេលត្រឡប់ពីស្ទឹងត្រែងមកភ្នំពេញ ដែលនាំដល់ការលើកពេល១ថ្ងៃ សម្រាប់ការបំពាក់មេដាយ ដល់កីឡាពិការកម្ពុជា ដោយសារតែកត្តាមេឃភ្លៀង និងអាកាសធាតុមិនល្អ។

– សម្តេចតេជោ ហ៊ុន សែន ហាមកីឡាករកម្ពុជាទាំងអស់ ប្រើប្រាស់សារធាតុទាំងឡាយដើម្បីជំនួយរាប់ទាំងសារធាតុញៀន ដែលអន្តរជាតិហាមឃាត់ នាំឱ្យខូចដល់កិត្តិយសរបស់ជាតិ។

– សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា២ពាន់ដុល្លារដាច់ដោយឡែក សម្រាប់កីឡាករពិការម្នាក់ ដែលទៅចូលរួមប្រកួតនៅប្រទេសកូរ៉េ តែមិនទទួលបានមេដាយ។

– សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យរៀបចំដង្ហែរជុំវិញទីក្រុងភ្នំពេញនៅល្ងាចនេះ ដើម្បីអបអរដល់កីឡាពិការកម្ពុជា ដែលទទួលបានមេដាយមាសក្នុងការប្រកួត កីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅកូរ៉េខាងត្បូង។

– សម្តេចតេជោ ហ៊ុន សែន សម្តែងការអរគុណហើយដែល (ស្រ្តី) យកប្តីជាពិការ, ប្រពន្ធខ្ញុំយកខ្ញុំជាប្តី មិនបានដឹងថាខ្ញុំនឹងក្លាយជានាយករដ្ឋមន្រ្តីទេ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៥០នាទី, សូមអរគុណ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ