សម្តេច​តេជោ នាយករដ្ឋមន្រ្តី និង ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ បានឯកភាពគ្នា ដកកងទ័ពនៅតាមព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ដើម្បីបញ្ចៀសការប្រើប្រាស់កម្លាំងដាក់គ្នា

សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និង​សមភាគីឡាវ ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិ​បតេយ្យ​ប្រជា​មានិតឡាវ បានឯ​កភា​ពគ្នា ក្នុងការដក​កង​កម្លាំង​ទ័ពនៅ​តំបន់​ជម្លោះ​ព្រំដែន​ទឹក នៃប្រទេសទាំងពីរ​យ៉ាងយូរ​បំផុតនៅ​ព្រឹក​ថ្ងៃទី​១៣ សីហា ដើម្បី បញ្ចៀស​ការប្រើប្រាស់​កម្លាំង​ដាក់គ្នា។ កាលពីព្រឹកថ្ងៃទី១២សីហា សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានធ្វើ​ដំណើរតា​មយន្ត​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ​អ៊ែរ ឆ្ពោះទៅកាន់​ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីធ្វើការជួប​ប្រជុំពិសេស​ដោះស្រាយ​ជាបន្ទាន់ ចំពោះភាគី​កង ទ័ពឡាវ ចល័តចូលមកក្នុងទឹកដីកម្ពុជា នៃតំបន់ព្រំដែនទឹក ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្ត​ស្ទឹងត្រែង របស់ព្រះរាជាណាចក្រកម្ពុជា ជាប់និងព្រំដែនខេត្តអាតាពើ ប្រទេសឡាវ ដែលបានកើតមានឡើងចាប់តាំង ពីខែមេសាឆ្នាំ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងកិច្ច​ប្រជុំពិសេស​ដើម្បីធ្វើការដោះ​ស្រាយនូវ​ស្ថាន​ការ ជា​បន្ទាន់​នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីឡាវ បានធ្វើការជួប​ប្រជុំ​បិទ​ទ្វារ​មួយ ទល់​និងមួយ​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​៤០នាទី មុនឈាន​ទៅបើក​ការប្រជុំ​ពិភាក្សា​ពិសេស ដែលធ្វើឡើង​ដោយ ប្រ​មុខរដ្ឋាភិបាល នៃប្រទេស​ទាំងពីរកម្ពុជា-ឡាវ។

បន្ទាប់ពីបាន​ចំណាយពេល​ពិភាក្សា​រួមគ្នា​ប្រមាណ​៣០នាទី សម្តេច​​តេជោ នាយក​រដ្ឋមន្រ្តី និងឯកឧត្តម​ នាយករដ្ឋមន្រ្តីឡាវ បានឈាន​ទៅធ្វើ​សេចក្តី​ថ្លែងការណ៍ផ្ទា​ល់​មាត់រួមគ្នា ទាក់ទិន ទៅនិងលទ្ធផល​នៃការប្រជុំ​ពិភាក្សាពិសេសរបស់​មេដឹកនាំ នៃប្រទេសទាំង​ពីរកម្ពុជា-ឡាវ ដែលមានខ្លឹមសារ​ទាំង​ស្រុង

បន្ទាប់មក​សម្តេច​តេជោនាយករ​ដ្ឋមន្រ្តី និងគណៈប្រតិភូជាន់​ខ្ពស់រាជ​រដ្ឋាភិបាលកម្ពុជា បានអញ្ជើញ​ចូលជួប សំដែងការគួរ​សមជាមួយ ឯកឧត្តម ប៊ុនញ៉ាង វិរ៉ាក់ចិត្រ ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិ​បតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ជំរាបជូន ឯកឧត្តមប្រធាន រដ្ឋឡាវ ទាក់ទិនទៅ​និងលទ្ធផល នៃកិច្ចប្រជុំ បន្ទាន់រវាង សម្តេចតេជោ ជាមួយនិងឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ ដោយក្នុងនោះ​មេដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំង​ពីរ បានឯកភាព​គ្នាក្នុងការដក​កងកម្លាំងទ័ព​នៅតំបន់​ជម្លោះ​ព្រំដែនទឹក នៃប្រទេស​ទាំងពីរ​យ៉ាង​យូរបំផុត​នៅ​ព្រឹក​ថ្ងៃទី១៣ សីហា ដើម្បីបញ្ចៀសការ​ប្រើប្រាស់​កម្លាំង​ដាក់គ្នា។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានពាំនាំ នូវព្រះរាជ​បណ្តាំ​ផ្ញើរសា​កសួរសុខទុក្ខ និងការ​នឹក​រលឹក​យ៉ាងជ្រាល​ជ្រៅបំផុត ពីព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការះដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ​ឯកឧត្ត​មប្រធានរដ្ឋឡាវ។

ជាការឆ្លើយតប​ឯកឧត្តម​ ប្រធានរដ្ឋឡាវ មានប្រសាសន៍​សំដែងនូវការ​វាយតម្លៃខ្ពស់ និងកោត​សរសើរជូ​នចំពោះប្រមុខ​មេដឹកនាំ រដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលបាន​ធ្វើការ​ដោយ​ស្មោះត្រង់ ដោះស្រាយបញ្ចប់ជម្លោះ​វត្តមាន កងកម្លាំង​ប្រដាប់អាវុធ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ឡាវ។

គួរបញ្ជាក់ថា នៅក្នុង​សេចក្តីប្រកាស ព័ត៌មានរបស់ក្រ​សួងការ​បរទេសបានបញ្ជាក់ថា កន្លងមកទោះបី​មានការ​ចរចាថ្នាក់​បច្ចេក​ទេសមន្រ្តីជាន់ខ្ពស់ រហូត​ដលើការ​ជួបពិភាក្សា និងចរចារវាងថ្នាក់ដឹកនាំកំពូល ព្រមទាំង​មានកំណត់​ទូតនិង​លិខិតត​វ៉ាជាច្រើន ពិសេសលិខិត​​ចុងក្រោយបំផុត របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី២ ខែសីហា ផ្ញើជូនឯកឧត្តម ថងលួន ស៊ី សូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ថ្មីៗនេះ​ក៏ដោយ ក៏ភាគីឡាវ​នៅតែ​មិនឆ្លើយ​តប និងមិនព្រម​ដកកងកម្លាំងប្រដាប់​អាវុធរបស់ខ្លួន ចេញពីទឹក​ដីកម្ពុជាឡើយ។ ដំណើរទៅជួបចរចារបស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ នាយករដ្ឋមន្រ្តី​ ហ៊ុន សែន លើកនេះ គឺជា​កាយវិការទន់​ភ្លន់ប្រកប​ដោយការ​អត់ធ្មត់ និងសុឆន្ទៈ​ចង់ដោះ​ស្រាយជម្លោះ​ដោយស​ន្តិវិធីជាមួយ​ភាគីឡាវ មុននឹង​ឈានដល់ការប្រកាន់​យកវិធាន​ការណ៍​ផ្សេងទៀត រាប់ទាំងវិធាន​​ការណ៍​យោធា និងតាមផ្លូវតុលាការ ក្នុងករណី​កិច្ចខិតខំចុងក្រោយនេះ​របស់កម្ពុជា នឹងមិនផ្តល់​លទ្ធផល​ជាវិជ្ជមាន​ទេ​នោះ។

បន្ទាប់មក​នៅវេលា​ថ្ងៃត្រង់ ថ្ងៃដដែល​នោះដែរ ឯកឧត្តម ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជា​មានិតឡាវ បានប្រារព្វរៀប​ចំពិធីលៀង​សាយភោជន៍ជា​មហាកិត្តិយស​ដ៏ខ្ពង់​ខ្ពស់បំផុត ជូន​ចំពោះ​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលបានអញ្ជើញទៅចូល​រួមកិច្ចប្រជុំ​ពិសេសដើម្បី​ដោះ​ស្រាយ​ប​ញ្ចប់ជម្លោះ នៅតំបន់ព្រំដែន​នៃ ប្រទេសទាំងពីរកម្ពុជា-ឡាវ។

នៅក្នុងពិធីទទួល​ទានអាហារ​ថ្ងៃត្រង់​នោះ មេដឹកនាំនៃប្រទេស​ទាំងពីរបាន​ឯកភាព​រួម​គ្នាថា នឹងមិន​បង្កឲ្យ​កើតមានឡើងនូវរឿង​បែបនេះ​តទៅទៀតនោះ​ទេ ពោលប្រសិន​ជាមាន​បញ្ហាអ្វី​កើតឡើងនៅតាម​តំបន់ព្រំដែន នៃប្រទេសទាំងពីរ សម្តេច និងឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ នឹងចេញមុខ​ពិភាក្សាដោះស្រាយ​ដោយមិន ឲ្យកើតមាន នូវជម្លោះប្រដាប់​អាវុធ​រវាងប្រទេសទាំងពីរនៅថ្ងៃអនាគតបន្តទៀតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ