សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យពិការភាពនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាឆ្នាំ២០២៣កន្លងមក ជាមួយភាពល្បីរន្ទឺលើឆាកជាតិនិងអន្តរជាតិ

ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២  ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញមោទនភាពដោយបានឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាឆ្នាំ២០២៣កន្លងមក ជាមួយភាពល្បីរន្ទឺលើឆាកជាតិ និងអន្តរជាតិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រចំនួន៣គឺ ទី១- ភាពជោគជ័យក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទី២- ការរៀបចំកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ និងទី៣- ការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍សហគមន៍ប្រកបដោយបរិយាប័ន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជោគជ័យទាំង៣នេះ បានជំរុញកម្ពុជាទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀតស្មើមុខ ស្មើមាត់ ជាមួយនឹងអន្តរជាតិ  ជាពិសេសបានឆ្លុះបញ្ចាំងអំពីសក្តានុពល និងវឌ្ឍនភាពការវិត្តវិស័យពិការភាពនៅកម្ពុជា មិនចាញ់បណ្តាប្រទេសនានានៅក្នុងតំបន់ និងអន្តរជាតិឡើយ។

ជាមួយគ្នានោះ កម្ពុជា បាននិងកំពុងជំរុញនិងបង្កើនល្បឿនក្នុងការធ្វើបរិយាប័ន្នពិការភាពទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ តួយ៉ាងដូចជា វិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច នយោបាយ វប្បធម៌ សិល្បៈ កីឡាជាដើម ដោយប្រើប្រាស់យុគសម័យបរិវត្តកម្មឌីជីថលជាសកល នាពេលបច្ចុប្បន្នឲ្យក្លាយជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ