ក្នុងឱកាសនៃការស្នាក់អាស្រ័យ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៨ សីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់រោងចក្រកែច្នៃសំរាម ក្នុងទីក្រុងតូក្យូ។ វត្តមាននៃការអញ្ជើញដល់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោក តៃ ជីរ៉ូ នីហ្សីកាវ៉ា ប្រធានអាជ្ញាធរសំអាតទីក្រុងតូក្យូ រួមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំរោងចក្រកែច្នៃសំរាមទីក្រុងតូក្យូជាច្រើនរូប។
នៅក្នុងបទឧទ្ទេសនាមដែលលើកឡើងដោយ លោក តៃជីរ៉ូ នីហ្សីកាវ៉ា ប្រធានអាជ្ញាធរសំអាតទីក្រុងតូក្យូ បានឲ្យដឹងថា បច្ចុប្បន្ននេះរោងចក្រកែច្នៃសំរាមរបស់លោក មានទីតាំងប្រមូលសំរាមចំនួន៩កន្លែង ក្នុងទីក្រុងតូក្យូ និងមានលទ្ធភាពប្រមូលសំរាមមកផ្គត់ផ្គង់រោងចក្រនេះ ក្នុង១ថ្ងៃចំនួនប្រមាន ១ពាន់៨០០តោន ដែលអាចដុតជាចំហេះភ្លើងប្រែក្លាយជាប្រភពថាមពលអគ្គិសនី មិនគ្រាន់តែផ្គត់ផ្គង់ក្នុងរោងចក្រនេះប៉ុណ្ណោះទេ តែមានលទ្ធផលអាចផ្គត់ផ្គង់ទៅតាមតំបន់មួយចំនួនផងដែរ។ លោកប្រធានមានប្រសាសន៍ឲ្យដឹងដែរថា បច្ចុប្បន្នអាជ្ញាធរសំរាមទីក្រុងតូក្យូ មានថ្នាក់ដឹកនាំ និងបុគ្គលិកសរុបចំនួនជាង៩០០នាក់ ដែលមានមុខងារនិងប្រតិបត្តិប្រមូលសំរាម ក្នុងទីក្រុងតូក្យូ ដែលមានប្រជាពលរដ្ឋរស់នៅដ៏ច្រើនកុះករ។
លោកប្រធានអាជ្ញាធរក៏បានថ្លែងដែរថា វត្តមាន ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់រោងចក្រកែច្នៃសំរាមនៅពេលនេះ គឺជាការផ្តល់នូវមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត និងក៏ជាការផ្តល់នូវកំលាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងកម្មករប្រមូលសំរាមទាំងអស់ ក្នុងការអនុវត្តសកម្មភាពការងារកាន់តែប្រសើរឡើងថែមទៀត ។
មានប្រសាន៍សំណេះសំណាលទៅកាន់ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិក នៃអាជ្ញាធរសំរាមទីក្រុងតូក្យូ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រមូលសំរាប់ និងការកែច្នៃសំរាម បង្កើតឡើងជាប្រភពថាមពលអគ្គិសនីផ្គត់ផ្គង់រោងចក្រ និងប្រជាពលរដ្ឋរស់នៅក្បែររោងចក្រ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នកំពុងតែជួបប្រទៈនូវបញ្ហាប្រឈមចំនួនពីរ គឺទី១បញ្ហាសំរាមនៅពេល ដែលកម្មករឈប់សំរាកពីការងារ និងទី២គឺការកកស្ទះចរាចរណ៍។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេចពិតជាមានការសប្បាយ រីករាយដោយបានមកទស្សនកិច្ចរោងចក្រកែច្នៃសំរាមនៅពេលនេះ ដែលនេះគឺជាឱកាសឲ្យសម្តេចនិងគណៈប្រតិភូ បានធ្វើការសិក្សាស្វែងយល់ជាក់ស្តែងពីការគ្រប់គ្រង និងការប្រមូលសំរាម ពីតាមលំនៅដ្ឋាននិងទីសាធារណៈនានា។ សម្តេចតេជោមានប្រសាសន៍បន្តថា នៅពេលខាងមុខសម្តេចនិងបញ្ជួនមន្រ្តីជំនាញទៅធ្វើការសិក្សា ដើម្បីដកស្រង់បទពិសោធន៍ស្តីពីការគ្រប់គ្រង និងការប្រមូលសំរាម ជាមួយនិងអាជ្ញាធរសំអាតសំរាមក្រុងតូក្យូ។
សូមបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅពេលនេះរួមមាន ឯកឧត្តមបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិ ការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូប។ ដោយឡែកគណៈប្រតិភូ សភាពាណិជ្ជកម្មចំនួន១៨នាក់ ដឹកនាំដោយឯកឧត្តមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏មានវត្តមានអញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនរយៈពេល៣ថ្ងៃផងដែរ។
សូមបញ្ជាក់ដែរថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការការងារលើកទី២១ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ១៩៩០រហូតមកដល់បច្ចុប្បន្ន។ ឆ្នាំ២០១៧នេះ គឺជាឆ្នាំពិសេសនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ពោលគឺជាខួប៦០ឆ្នាំ នៃការចាប់ផ្តើមផ្លាស់ប្តូរដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ ដែលក្នុងនោះឯកឧត្តមអតីតនាយករដ្ឋមន្រ្តីជប៉ុន និងជាជីតារបស់ឯកឧត្តមនាយករដ្ឋមន្រ្តី អាបេ ផ្ទាល់ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកទី១ ឆ្នាំ១៩៥៧ ហើយដែលចាប់តាំងពីរពេលនោះមក កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ច និងការជួបប្រាស្រ័យទាក់ទងគ្នាជាប់ជាប្រចាំ រវាងថ្នាក់ដឹកនាំកំពូលថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ និងម្យ៉ាងវិញទៀតឆ្នាំនេះក៏ជាខួប២៥ឆ្នាំ នៃការចូលរួមរបស់កងកម្លាំងជប៉ុនលើកដំបូង ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា នៅក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ រហូតមកដល់ឆ្នាំ១៩៩២ ប្រទេសជប៉ុនបានបើកស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ។ កាលពីឆ្នាំ២០១៣ ប្រទេសទាំងពីរបានឯកភាព ក្នុងការប្រារព្វខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដែលក្នុងនោះភាគីទាំងពីរបានប្រារព្វរៀបចំសកម្មភាពជាង១២០ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តនោះ។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការការងាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំ២០១៥ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានឯកភាពគ្នាក្នុងការតម្លើងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្រ្ត។
បន្ទាប់ពីបានទស្សនកិច្ចរោងចក្រកែច្នៃសំរាមក្រុងតូក្យូរួចមក សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ បានអញ្ជើញធ្វើដំណើរតាមរថភ្លើងស្វ័យប្រវត្តិធុនស្រាល Yurikamome ពីស្ថានីយ៍រថភ្លើងតូយូសឺ ឆ្ពោះទៅកាន់ស្ថានីយ៍ រថភ្លើងអារីកិ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
សូមបញ្ជាក់ដែរថា នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសទាំងពីរកម្ពុជា ជប៉ុន មានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១៤ កន្លងទៅ ការនាំចូលពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា មានទឹកប្រាក់ជាង៣៤៣លានដុល្លាអាមេរិក ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុនមានទឹកប្រាក់ទំហំជាង៥៦១ លានដុល្លាអាមេរិក។ ឆ្នាំ២០១៥ការនាំចូលពីជប៉ុនមកកាន់កម្ពុជាមានទឹកប្រាក់ទំហំជាង ៩៦៨លានដុល្លា ការនាំ ចេញពីកម្ពុជាទៅកាន់ជប៉ុន មានទឹកប្រាក់ជាង៣០១លានដុល្លា។ ឆ្នាំ២០១៦ការនាំចូលពីជប៉ុនមកកាន់កម្ពុជា មាន ទឹកប្រាក់ជា១ពាន់២០៥លានដុល្លា ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុនមានទឹកប្រាក់ជាង៣០៧លានដុល្លា។ លើវិស័យវិនិយោគទុន ជប៉ុនបានបណ្តាក់ទុនវិនិយោគគិតមកដល់៦ខែដើមឆ្នាំ២០១៧នេះ មានទុនវិនិយោគសរុប ជាង៩ពាន់៣៦៧លានដុល្លា ដែលមានក្រុមហ៊ុនសរុប២៤២ក្រុមហ៊ុន។ លើវិស័យទេសចរណ៍មានអ្នកទេសចរណ៍ ជប៉ុន មកទស្សនាកំសាន្តនៅកម្ពុជា ក្នុងឆ្នាំ២០១៥ចំនួន១៩៣ពាន់៣៣០នាក់។ ឆ្នាំ២០១៦មានចំនួន១៩១ពាន់ ៥៧៧នាក់ និងរយៈពេល៥ខែដើមឆ្នាំ២០១៧នេះ មានអ្នកទេសចរណ៍ជប៉ុនមកទស្សនាកំសាន្តនៅកម្ពុជាមានចំនួន ៨៥ពាន់៥៧១នាក់។