នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី៧៩ របស់ អង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ហ្សិនប៊ែក គូឡូបេវ រដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ឯកឧត្តម ហ្សិនប៊ែក គូឡូបេវ បានបង្ហាញចេតនាស្វាគមន៍និស្សិតកម្ពុជាសិក្សាផ្នែកសុខាភិបាលនៅកៀហ្ស៊ីស៊ីស្ថាន ដោយកៀហ្ស៊ីស៊ីស្ថានមានជំនាញនិងបានទទួលនិស្សិតមកពីប្រទេសជាច្រើនក្នុងវិស័យនេះ។
នៅឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ្សិនប៊ែក គូឡូបេវ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំទ្វេភាគីឱ្យបានឆាប់។
សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ជាប្រទេសដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីកណ្តាល មានប្រជាជនចំនួនប្រមាណ៧លាននាក់ និងបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជានៅឆ្នាំ១៩៩៥។