តាមរយៈសារនៅលើបណ្ដាញសង្គមនៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន អបអរសាទរ ដែលចាប់ពីខែមករា ឆ្នាំ២០២៥តទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ ដោយ ២ដុល្លារស្របតាមលទ្ធផលនៃបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និង ២ដុល្លារទៀត ជាការសម្រេចផ្តល់ជូនបន្ថែមដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ បានឡើងដល់ ២០៨ ដុល្លារ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារលើតួលេខ ២០៦ ដុល្លារនៃលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាល យកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិត។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់ពុំមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់៕