ការពង្រឹងសន្តិសុខព័ត៌មាន គឺជាការងារអាទិភាពក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកនានាដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មាន មិនពិតឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD)។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹងសនិ្តសុខនិងសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីបង្កើនភាពធន់ និងការជឿទុកចិត្តរបស់សាធារណជន ដោយគួរចាត់ទុកជាការងារនេះ ជាការងារអាទិភាពនៅក្នុងបរិបទនៃយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៅដល់តំណាងរដ្ឋាភិបាល អង្គទូត និងអ្នកចូលរួមពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅក្នុងគោលបំណងកំណត់ស្តង់ដារសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាពនិងគុណភាពនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ