សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាំមើលអ្នកចោទប្រកាន់ថា យើងកាត់៤ខេត្តឬច្រើនជាងនេះទៅឱ្យវៀតណាម តើពួកគេចូលលុយឬទេ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជន បានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឱ្យវៀតណាមតើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ កសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និងតាំងទីលំនៅទីនោះ។ ការរំពឹងទុកប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ? នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឱ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ