សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូត

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមរយៈសារនៅលើបណ្ដាញសង្គមថា «ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូត»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ។ ឯទ្រឹស្តី ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ ហាក់លែងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍»។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សម្គាល់គឺ៖
១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបម្រើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ ៥០% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។ ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ