សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះសិរនៃបដិមាព្រះលោកេស្វរៈ ត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយដងខ្លួន ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំដោយសារសង្រ្គាម

ក្នុងឱកាសអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រះសិរនៃបដិមាព្រះលោកេស្វរៈ ដែលបានប្រគល់មកវិញនេះ ត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គ ដែលស្ថិតនៅឯសារៈមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្រ្គាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បដិមាព្រះលោកេស្វរៈនេះ សាងឡើងពីសំរឹទ្ធិក្នុងសម័យអង្គរនាសតវត្សទី១០ នៃគ្រិស្តសករាជ ដែលដងខ្លួនព្រះអង្គត្រូវបានអ្នកនេសាទម្នាក់ប្រទះឃើញនៅក្នុងស្ទឹង ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបានយកមករក្សាទុកនៅសារៈមន្ទីរជាតិភ្នំពេញនៅឆ្នាំ១៩៣៥។ ចំណែកព្រះសិរនៃបដិមាព្រះលោកេស្វរៈ ត្រូវបានគេប្រទះឃើញដាក់តាំងលក់នៅទីក្រុងឡុងដ៏នៅឆ្នាំ១៩៩៨ ហើយត្រូវបានអ្នកប្រមូលសមុច្ច័យឯកជនម្នាក់ បានទិញនិងធ្វើអំណោយទៅសារៈមន្ទីរ Metropolitan Museum of Art នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ ដោយមានកិច្ចសហការជាមួយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក ក្នុងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សារៈមន្ទីរ Metropolitan Museum of Art បានសម្រេចប្រគល់រូបបដិមាជូនមកកម្ពុជាវិញ ជាមួយនឹងវត្ថុបុរាណខ្មែរចំនួន ១៣រូបទៀត ដែលបានបញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ