នៅក្នុងសន្និសីទស្តីពី សមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នាំគ្នាបដិសេធមនោគមវិជ្ជានយោបាយជ្រុលនិយម កុំឱ្យកើតមាននៅក្នុងប្រទេសកម្ពុជាឱ្យសោះ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា មនោគមវិជ្ជានយោបាយជ្រុលនិយម គឺជាគ្រោះថ្នាក់ពិតប្រាកដ ដូចដែលប្រវត្តិសាស្រ្តបានបង្ហាញប្រាប់យើងច្បាស់ ហើយពេលនេះក៏កំពុងតែបង្ហាញយើងកាន់តែច្បាស់ថែមទៀតថា មនោគមវិជ្ជានេះ កំពុងតែបង្កគ្រោះថ្នាក់ដល់ប្រទេសយើងសាជាថ្មី។
ឯកឧត្តម ប៉ែន បូណា ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា គឺជាអ្នកធានាការពារយ៉ាងរឹងមាំជូនប្រជាពលរដ្ឋក្នុងនាមជាគណបក្សកាន់អំណាច ដែលមានការទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត ចំពោះមុខប្រជាពលរដ្ឋម្ចាស់ឆ្នោត ធានាជូនប្រជាពលរដ្ឋនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដីដែលជាកត្តាសំខាន់ៗសម្រាប់ការអភិវឌ្ឍជាតិ មិនអនុញ្ញាតឱ្យប្រទេសជាតិធ្លាក់ចូលគ្រោះថ្នាក់ដូចកាលពីអតីតកាលនោះទេ៕