នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន១០០០ នាក់» នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្តាប់ពីកង្វល់របស់ប្រជាជន ពោលគឺអ្នកស្រប អ្នកមិនស្រប អ្នកនៅកណ្តាល ហើយធ្វើយ៉ាងណាដើម្បីដោះស្រាយកង្វល់ និងមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ជាពិសេសរួមគ្នាអភិវឌ្ឍន៍ខេត្តទាំង៤នេះ ធានាឱ្យបានមិនបាត់អធិបតេយ្យភាព និងមិនបាត់បង់ទឹកដី មិនត្រឹមតែខេត្ត៤នេះទេ ប៉ុន្តែទូទាំងប្រទេសត្រូវធ្វើឱ្យបានសម្រាប់កូនចៅបន្តទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងមិនអាចធ្វើបានទេ បើយើងបែកបាក់ ហើយកាប់ចាក់គ្នា ដូច្នេះយើងមិនត្រូវធ្វើអ្វីអោយហួសពីព្រំដែនច្បាប់នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើបាតុកម្មនាពេលនេះគឺមិនមែនការធ្វើបាតុកម្មបញ្ចេញមតិអោយកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នោះទេ គឺរៀបចំធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលតែម្តង៕