សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាលជា​មួយ​ប្រតិភូ កីឡាករ/រិនី ចូលរួម SEA Games លើកទី ២៩ នៅកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី

CNV:

កីឡា គឺស្មើភាព ស្មើសិទ្ធិ

ថ្ងៃនេះ ខ្ញុំរួមជាមួយថ្នាក់ដឹកដទៃទៀត ពិតជាមានការរីករាយ ដើម្បីជួបសំណេះសំណាល​ ក៏ដូចជា ការជូនដំណើរ ចំពោះកីឡាករ/រិនី​ ព្រោះទាំងប្រតិភូដែលដឹកនាំកីឡាករ សម្រាប់ការចូលរួមស៊ីហ្គេម លើកទី ២៩ នៅម៉ាឡេស៊ី។ ដូចមុនៗដែរ អស់លោក លោកស្រី អ្នកនាង កញ្ញា ធ្វើដំណើរទៅកាន់ទីលានប្រកួតមួយ ដែលជាកិច្ចដំណើរការ ធម្មតា នៃសមាជិកអាស៊ានរបស់យើង​។ ពិតហើយ សម្រាប់ប្រទេសកម្ពុជា យើងចូលអាស៊ាន​ក្រោយគេ ក៏ប៉ុន្តែ បញ្ហាវាមិនស្ថិតនៅត្រង់មុន ឬក្រោយ ហើយក៏មិនស្ថិតនៅត្រង់បញ្ហាប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេស តូចទេ​​ កីឡាត្រូវតែស្មើភាព។

វឌ្ឍនភាពវិស័យកីឡា និងការខិតខំរបស់កីឡាករ/រិនី

ការរៀបចំត្រៀមលក្ខណសម្បតិ្តពីមួយឆ្នាំទៅមួយឆ្នាំរបស់យើងកាន់តែប្រសើរឡើង។ ដូចឯកឧត្តម បណ្ឌិត សភាចារ្យ ហង្ស ជួនណារ៉ុន បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងការរៀបចំនានា រាប់ទាំងលក្ខណ សម្បត្តិ លក្ខខណ្ឌដែលតម្រូវពាក់ព័ន្ធជាមួយនឹងការហ្វឹកហាត់សម្រាប់ជម្រើសជាតិ។ យើងវិនិយោគកាន់តែច្រើន​ទៅៗ ទៅលើវិស័យអប់រំ យុវជន និងកីឡា ហើយការវិនិយោគនៅក្នុងវិស័យកីឡានេះ ក៏កាន់តែច្រើនទៅៗ ដែលអស់លោក លោកស្រី អាចឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានបង្កើនការយក​ចិត្ត​ទុកដាក់ទៅលើការវិនិយោគក្នុងវិស័យកីឡានេះយ៉ាងច្រើន ទាំងហេដ្ឋារចនាសម័្ពន្ធ ក៏ដូចជា ​ធនធានមនុស្ស ដែល​យើងត្រូវហ្វឹកហាត់។

គ្មានធនធានមនុស្ស យើងមិនដឹងថា ត្រូវប្រកួតជាមួយនឹងអ្នកណាទេ? ដូច្នេះហើយបានជាយើងមានការ កែលម្អជាបន្តបន្ទាប់ ហើយការរៀបចំការប្រកួតកីឡាទៀតសោត ដូចជាឆ្នាំក្រោយមួយទៀត ដោយប្រមូល ផ្ដុំការប្រកួតនេះ មកនៅទីក្រុងភ្នំពេញ ដើម្បីយើងចម្រាញ់។ ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងវឌ្ឍនភាព ទាំងឡាយ ដែលកីឡាករ/រិនីរបស់យើងបានខិតខំ មិនត្រឹមតែការប្រកួតស៊ីហ្គេមម្ដងៗទេ ក៏ប៉ុន្តែ ក្នុងដំណាក់កាល មួយទៅកាន់ដំណាក់កាលមួយ មានការប្រកួតច្រើននៅច្រើនវិញ្ញាសាខុសគ្នាៗ នៅតាមទីកន្លែងខុសៗគ្នា ដែលយើងបាននាំមកនូវមេដាយ សម្រាប់ប្រទេសជាតិរបស់យើង។

តម្រូវការកន្លែងហ្វឹកហាត់កីឡា

ខ្ញុំសប្បាយរីករាយនឹងឃើញថា យុវជនកម្ពុជាបច្ចុប្បន្ននេះ មានឱកាសច្រើន និងមានលទ្ធភាពកាន់តែច្រើនទៅៗ ដើម្បីពង្រីកនូវសមត្ថភាពរបស់យុវជនរបស់យើង កុមាររបស់យើង។ ខ្ញុំបានធ្វើដំណើរទៅតាមខេត្តមួយចំនួន តាមផ្លូវគោកនៅគ្រប់សាលារៀន ទាំងបឋម ទាំងអនុវិទ្យាល័យ ទាំងវិទ្យាល័យ ក្មួយទាំងនោះ ក៏ដូចជា គ្រូបង្រៀន សុទ្ធតែមានតម្រូវការអំពីការហ្វឹកហាត់កីឡាតែម្ដង។​ កីឡានេះទៀតសោត បច្ចុប្បន្ននេះ មិនត្រឹមតែទាមទារ នូវការហ្វឹកហាត់នៅឯទីក្រុងភ្នំពេញទេ បើយើងត្រូវធ្វើកិច្ចការងារនេះអោយបានច្រើន តាមរយៈនៃបណ្ដាញ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគ្រឹះស្ថានសិក្សានៅច្រើនកម្រិត។

កម្ពុជារីកចម្រើន ជាពិសេសផ្លូវគោក ងាយស្រួលធ្វើដំណើរ

ខ្ញុំធ្វើដំណើរទៅច្រើនកន្លែង ក៏ប៉ុន្តែ មកជួបនៅកន្លែងមួយ ដែលផ្តល់ជាបទពិសោធន៍ភ្លាមអោយយើង នោះ គឺខ្ញុំធ្វើដំណើរទៅកាន់ខេត្តព្រៃវែង ហើយខ្ញុំធ្វើដំណើរតាមផ្លូវជាតិលេខ ៨ មួយចំនួនរង់ចាំខ្ញុំតាមអ្នកលឿង ប៉ុន្តែ មិនគិតស្មានខ្ញុំធ្វើដំណើរចេញតាមផ្លូវជាតិលេខ ៨ ឯណេះទៅវិញ​ ព្រោះស្រុកខ្មែរឥឡូវស្រួលធ្វើដំណើរ។ កាលពីដើមថាវាមានសាឡាង ពិបាក(រង់ចាំ) ប៉ុន្តែឥឡូវ គឺស្ពានឆ្លងទន្លេមេគង្គលើមានមួយនៅព្រែកតាមាក់ ហើយទន្លេមេគង្គក្រោមមានមួយទៀត នៅអ្នកលឿង។ ដូច្នេះ គេមិនអាចដឹងបានថា ខ្ញុំទៅតាមផ្លូវណាទេ? ព្រោះអញ្ចេះ មានអ្នកបោះដៃទៅមុនទៅក្រោយ បើបោះដៃទៅមុនទៅក្រោយអញ្ចឹង ស្រេចតែយើងបញ្ជា ឡើងឡានគ្រឹប ថាទៅតាមផ្លូវនេះ។ អញ្ចឹងទេ អ្នកដែលបោះដៃទៅមុនហ្នឹងយាមមុនទៅ។ អាហ្នឹងដូចខ្ញុំ ធ្វើដំណើរពីក្រចេះត្រឡប់មកវិញ … ឡើងឡានប្រឹបទៅតាមឆ្លូង ចេញមកកំពង់រាំង ចេញមកតំបែរ មក​ដល់​ភ្លាមអង្គរក្សនៅលើឡានថា ពូ! ឥឡូវ កុំទៅតាមពញាក្រែក តាមផ្លូវលេខ ៨ លេងចេញតាមស្ពានគីហ្ស៊ូណា ចេញកាត់កំពង់ចាម មកស្គន់ចូលភ្នំពេញវិញ។ ថាអើ! អញ្ចឹង ចាំទៅដល់ផ្លូវជាតិលេខ ៧ ចាំប្រាប់។ មាន​អី​វង្វេងទាំងអស់។ ស្រាប់តែបើកមើលហ្វេសប៊ុក ឃើញយុវជនម្នាក់ចូលមក Comment ថា លោកពូ ខ្ញុំកំពុង​រង់ចាំ​នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។ ខ្ញុំឆ្លើយទៅវិញថា ពូបានមកដល់ស្រុកមុខកំពូលហើយ ជិត​ចូលដល់ភ្នំពេញហើយ …។

តម្រូវការកន្លែងសម្រាប់កីឡាកាយសម្ព័ន្ធ

ការធ្វើដំណើរទៅខេត្តព្រៃវែង ខ្ញុំមានការសរសើរ ចំពោះគ្រូកីឡានៅទីនោះ នៅសាលាដទៃ ស្នើសុំខ្ញុំតែបាល់ទះ បាល់បោះ និងបាល់ទាត់ ប៉ុន្តែ សាលាមួយនេះ គាត់រម្លឹកខ្ញុំថា សុំផ្នែកកាយសម័្ពន្ធ។ អញ្ចឹងទេ ខ្ញុំភ្ញាក់ប្រឹបថា សាលាទាំងប៉ុន្មានដែលខ្ញុំបានដើរ ហើយរៀបចំជាទីលានបាល់ទះ បាល់បោះ បើក្នុងករណីមានដី យើង​ធ្វើទី​លានបាល់ទាត់អោយទៀត ប៉ុន្តែយើងភ្លេចដាក់បញ្ហាកីឡាកាយសម្ព័ន្ធចូល ទាំងលោតកម្ពស់​ លោត​ចម្ងាយ ចោលដុំដែក ឬក៏ស្អីផ្សេងៗទៀត។ យើងទៅជាធ្វេសប្រហែស។ ជួនកាលមហាវិទ្យាល័យមិន​អាចផ្ដល់​អោយ​យើងបានទេ ក៏ប៉ុន្តែ នៅខាងក្រោមឯណោះ ដែលគេអាចផ្ដល់អោយយើងជាមេរៀន ជាបទពិសោធន៍បាន។

តម្រូវការទីតាំងហាត់កីឡាមានតាំងពីបឋម

មានកន្លែងមួយទៀតខ្ញុំនៅចាំ ខ្ញុំចូលស្រុកម៉ាឡៃ ខ្ញុំចេញពីបន្ទាយមានជ័យ  នៅសិរីសោភណ្ឌ ប្រហែលជា​ម៉ោង ៥ ភ្លឺ ក៏ធ្វើដំណើរទៅតាមកូនដំរី ហើយធ្វើដំណើរទៅម៉ាឡៃ ទៅភ្លឺជិតម៉ាឡៃឯណោះ។ ជំនាន់ដើម​អត់​ធ្វើដំណើរបានទេ កុំថាឡើយដល់ទៅត្រង់នោះ ក្បែរស៊ីសុផុនហ្នឹងក៏មិនអាចធ្វើដំណើរបានដែរ ព្រោះវ៉ៃ​គ្នា។ ប៉ុន្តែឥឡូវផ្លូវកៅស៊ូយ៉ាងស្រួល។ ខ្ញុំធ្វើដំណើរទៅប៉ៃលិន ក៏ប៉ុន្តែ ត្រូវឆ្លងកាត់ម៉ាឡៃ កំរៀង ភ្នំព្រឹក សំពៅ​លូន ហើយបានចូលទៅប៉ៃលិន។ ទៅដល់ខ្ញុំចូលទៅសាលាវិទ្យាល័យ អនុវិទ្យាល័យ ហើយនិងបឋម។ ខ្ញុំទៅ​មើលរៀបចំអគារអោយវិទ្យាល័យ និងអនុវិទ្យាល័យ ហើយរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ ដល់​ពេលខ្ញុំមកបឋម (ទីតាំង)នៅជិតគ្នាហ្នឹង បឋមសុំតារាងបាល់ទាត់ដែរ សួរថា ចុះចៅឯងម៉េចមិនទៅទាត់​នៅតារាងនោះ នៅជិតហ្នឹងតើ? លោកតាៗ ខ្ញុំទៅទាត់ដែរ ប៉ុន្តែ បងៗគេថា ពួកហ្អែងតូចណាស់។

ថ្នាក់ដឹកនាំតាមមូលដ្ឋាន យកចិត្តទុកដាក់គ្រប់គ្រងដីធ្លី និងរៀបចំកន្លែងកីឡា

អញ្ចឹងទេ នេះជាចំនុចមួយ ដែល(អាចអោយយើង)ឃើញថា ក្មេងៗចង់ទាត់ ប៉ុន្តែ នៅពេលទៅទាត់តារាង​មនុស្សធំ គេកំពុងតែទាត់ហ្នឹង ក្មេងៗបានត្រឹមឈមើល។ អញ្ចឹង បានជាសូម្បីបឋមក៏មានតម្រូវការដែរ អញ្ចឹងបាន​ខ្ញុំ​ប្រមាណជាមិនតិចជាង ១៥ ឆ្នាំទេ ដែលខ្ញុំបានតែង​រំលឹកជាមួយនឹងតាមមូលដ្ឋាននានាថា អោយយក​ចិត្ត​ទុកដាក់គ្រប់គ្រងដីធ្លី និងរៀបចំជាតារាងបាល់ទាត់ បាល់ទះ ​តាមដែលអាចធ្វើទៅបាន ដើម្បីបណ្ដុះក្មួយៗ​តាំង​ពីមូលដ្ឋានមក ហើយរឿងនេះ វាមិនមែនបញ្ហាគ្រាន់តែចាំ​ពេលប្រកួតទេ ក៏ប៉ុន្តែ កាយសម្បទា​របស់​មនុស្ស គឺច្បាស់ណាស់ដែលទទួលបានការហ្វឹកហាត់ផ្នែកកីឡា វាមានធន់របស់វា។ រឿងនេះ និយាយអញ្ចឹង ថាចុះ​លោក ហ៊ុន សែន ធន់ ឬអត់? ធន់ទេតើ។ ស្អែកនេះ យោងតាមថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំ ៥ សីហា ១៩៥២ ត្រូវថ្ងៃអង្គារ៍ ១៥ កើត ខែ ស្រាពណ៍ ឆ្នាំរោង … ក្បាលរឹងជាងអីទៀត ក៏ប៉ុន្តែ រឹងចំពោះខ្ញុំនេះ គឺ​រឹង​តែជាមួយពួកអាក្រក់ទេ ប៉ុន្តែទន់ ក៏ទន់ជាមួយនឹងអ្នកដែលធ្វើអំពើល្អ …។

បង្ការសភាពការណ៍ឆ្នាំ ២០១៣ មិនអោយវិលវិញ

គេផ្សព្វផ្សាយថា វង សូត ថាម៉េច វាយក្បាល​គេនឹងគល់ប្ញស្សីយ៉ាងម៉េច? អត់ទេ ខ្ញុំគ្រាន់តែនិយាយអញ្ចេះ ខ្ញុំថាមិនអោយសភាពការណ៍ ២០១៣ វិលវិញទេ។ ដាក់ហើយ កុំធ្វើផ្ដេសផ្ដាស។ តិចថាចង់បាន​ធ្វើអនុ​ប្រ​ធាន​ព្រឹទ្ធសភា ធ្វើបាតុកម្ម​។ ចង់បានស្អី​អ្នកឯងអាងធ្វើបាតុកម្ម។ អញ្ចឹងគណបក្សដែលឈ្នះឆ្នោត​គ្មានសិទ្ធិ​ធ្វើ​បាតុកម្មទេអី?  សុំព្រមានទុកអោយហើយ កុំអាងអីធ្វើបាតុកម្ម គេក៏មានសិទ្ធិដែរ។ រួចហើយបើអ្នកឯងតដៃ អាហ្នឹងរឿងតដៃវាប៉ះ​គ្នា។ … អ្នកដែលទាមទារអោយ វង សូត លាលែងពីតំណែងនោះ អាហ្នឹងក្រែងវា​ជន​ជាតិ​អាមេរិក។ ហើយអាមេរិកកំពុងធ្វើអ្វីរាល់ថ្ងៃហ្នឹង? បាតុកម្មបាញ់នេះ បាញ់នោះពេញហ្នឹង។ … សុំអ្នកឯង​ទុក​អនាធិបតេយ្យក្នុងប្រទេសអាមេរិក កុំនាំអនាធិបតេយ្យចូល​ក្នុងប្រទេសខ្ញុំ។ មិនហៅ​ថា​អាហ្នឹងជា​ប្រជា​​ធិបតេយ្យ និងសិទ្ធិមនុស្សទេ។ អ្នកឯងទុកអាសិទ្ធិមនុស្សហ្នឹងនៅ​ក្នុងប្រទេសអ្នកឯងទៅ។ តិចៗបើក​ការ​បាញ់ប្រហារគ្នានៅតាមនេះតាមនោះ។ មួយឆ្នាំៗងាប់រាប់មិនអស់ទេ ហើយ​គេថាអាមេរិកល្អ …។

រកវិធីដកសញ្ជាតិអាមេរិកពីចៅ

ចៅខ្ញុំមួយមានសញ្ជាតិ​អាមេរិក ​ព្រោះវាកើតនៅទីនោះ។ ឥឡូវ ខ្ញុំកំពុងរកវិធីធ្វើយ៉ាងម៉េចអោយចៅ​របស់ខ្ញុំ​ដក​សញ្ជាតិពីអាមេរិកចេញអោយបាន ព្រោះក្រែង​អាមេរិកត្រូវធ្វើសង្រ្គាមជាមួយគេ តម្រូវអោយចៅរបស់ខ្ញុំ​ទៅ​ធ្វើ​ទាហានអាមេរិក។ កាតព្វកិច្ចអាមេរិក។ អាហ្នឹងតែដល់​អាយុ ទៅធ្វើទាហាន។ (នេះជា)កាតព្វកិច្ច។ ពេល​ហ្នឹងការហើយប្ដីប្រពន្ធគេទៅរៀនបន្តនៅ​អាមេរិក។ វាកើតនៅអាមេរិក វាជាប់សញ្ជាតិអាមេរិក។​ ដក​សញ្ជាតិ​អាមេរិកចេញមក មិនចាំបាច់អាមេរិកទារ​ដកទេ។ អាមេរិកទារធ្វើទាហាន រួចហើយតាមមក​ចាប់ចៅ​ឯង​ដល់ស្រុកខ្មែរទៀត។  … ប្រធានាធិបតី ឌូទើតេ គាត់មិននិយាយប៉ុន្មានថ្ងៃមុនថា អាមេរិកទៅចាប់ដល់ប្រ​ធា​នា​ធិប​តី​ប៉ាណាម៉ាយកទៅដាក់គុក។ ទៅចាប់ប្រធានាធិបតីប្រទេសគេយកទៅដាក់គុក។ អញ្ចឹង ទម្រាំ​ដល់ចៅយើង ដែលជាជាតិអាមេរិក ស្រាប់តែដល់អាយុ ១៨ (ឆ្នាំ) ១៩ (ឆ្នាំ) ត្រូវធ្វើទាហាន (ជា)កា​តព្វ​កិច្ច ដើម្បីទៅវាយប្រទេសគេ។ ឈ្លានពានប្រទេសគេវាមិនងាប់។

សុំបញ្ជាក់ជូន ខ្ញុំបានប្រជុំបក្ស ខ្ញុំបាននិយាយអញ្ចឹង ខ្ញុំមិនអោយមានការតវ៉ា ដូចជំនាន់ឡាំប៉ា …​ សូម្បីតែ​អា​បោះឆ្នោតថ្នាក់ឃុំនេះ តើនៅចង់បានអីទៀត? ប៉ុណ្ណឹងហើយចង់បានអីទៀត? … បន្ទប់ស្ថានការណ៍វាសរសេរ​យ៉ាង​ម៉េច បក្សប្រឆាំងសរសេរអញ្ចឹង។ ចេញសេចក្ដីថ្លែងការណ៍មកអត់គ្រប់គ្រាន់តម្រូវការរបស់គេទេ។ ឥឡូវ គេទាមទារអោយចុះឈ្មោះតាមហ្វេកប៊ុក។ បើធ្វើ​យ៉ាង​ដូច្នេះ ដូច្នេះ យើងមិនចាំបាច់បោះឆ្នោតទេ។ អ្នក​ទាមទារលក្ខណៈសម្បត្តិតាំងពីសាក្សី​ រួចអាពេលចុះឈ្មោះកន្លង​ទៅយើងមិនទៅធ្វើដាក់មេដៃ មេដៃ​ដូច​ដាក់​ទាំង​ប្រាំ? … រួចចុះបើតាមហ្វេកប៊ុកវាមិនងាប់? ឥឡូវ បើចុះឈ្មោះបោះឆ្នោតតាមហ្វេកប៊ុក ហើយអញ្ចឹងសាក្សី​នៅ​ឯណា? អញ្ចឹង យកជាការបានទេ? ការពិតបំណងប្រាថ្នាពិតប្រាកដ គឺចង់បានអ្វី? គឺចង់បំផ្លាញការ​បោះ​​ឆ្នោតទេ។ បើបំផ្លាញការបោះឆ្នោត អូខេ! មកនិយាយគ្នា។ ឥឡូវ ទាន់ចិត្តជាកីឡា និយាយគ្នា​នៅ​ហ្នឹង​តែ​ម្ដង​ទៅ។ បើអ្នកឯងមិន​ចូលរួមបោះឆ្នោតក៏ហីទៅ។ គេបោះឆ្នោត។ បើលក្ខខណ្ឌប៉ុណ្ណឹងអ្នកឯងមិនទទួល ច្បាប់​មានហើយ ស្អីមានហើយ អ្នកឯងចង់បានអីទៀត? ទាមទារខុសពីច្បាប់  ហើយមិនអោយគេចាត់​ការ​ឬ​ស្អី? …

ធ្វើ និងវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ គឺដើម្បីបញ្ចៀសការហូរឈាម    

​ច្បាប់ឥឡូវនេះ បើអ្នកឯងធ្វើតែផ្ដេសតែផ្ដាស ​រំលាយគណបក្សចោល។ ដើម្បីរក្សាសណ្ដាប់ធ្នាប់។ ប្រទេស​ក្បែ​រ​ខាង​យើងមួយ​ចំនួនគេសុខចិត្តធ្វើ​រដ្ឋប្រហារយោធា ​ដើម្បីគ្រប់គ្រងសភាពការណ៍ តែយើងអត់មានការចាំ​បាច់ ដើម្បីធ្វើរដ្ឋ​ប្រហារយោធា ព្រោះយើង​កំពុងតែកាន់អំណាចហើយនោះ ប៉ុន្តែ យើងក៏ត្រូវគ្រប់គ្រង​សភាព​ការណ៍ដែរ។ ឥឡូវនេះ បើសិនជាអស់លោក លោកស្រី នាងកញ្ញា ស្ថិតនៅក្នុងប្រទេស​អ៊ីរ៉ាក់ នៅស៊ីរី នៅលីប៊ី នៅយេមែន តើអង្គុយអញ្ចឹង ដើម្បីទៅស៊ីហ្គេមទេ? រត់តែនឹងគ្រាប់ផ្លោងហ្នឹង។ ឥឡូវ ទីក្រុងម៉ូស៊ូល ដែល​ទើប​នឹងវាយយកបានពីដៃរបស់ពួក ISIS ប្រើពេល ២៥៧ ថ្ងៃ ដើម្បីវាយៗ ហើយខ្ទេចអាក្រុងម៉ូស៊ូល​ហ្នឹង​ស្ទើរតែទាំងមូល ដែលឥឡូវត្រូវការទុនប្រមាណ ៥០ ពាន់លាន​ដុល្លារ ដើម្បីស្ដារឡើងវិញ​។

នោះហើយប្រជាធិបតេយ្យបែបអាមេរិក គឺបង្កើតអោយមាន​ស្ថានការណ៍​អញ្ចឹង។ ខ្ញុំគ្រាន់តែមិនបណ្ដោយ​អោយ​អ្នក​ដទៃ​មកបំផ្លាញជាតិរបស់យើង មកបំផ្លាញសេចក្ដី​សុខរបស់យើង ពីសន្ដិភាព​ផ្ទេរ​ទៅកាន់​សង្រ្គាម។ តើខ្ញុំខុសដែរឬ? ការដាក់ច្បាប់អំពីគណបក្សនយោបាយ ដើម្បីអ្វី? ដើម្បីបញ្ចៀស​ការ​ហូរឈាម សុំនិយាយអោយត្រង់នៅកន្លែងនេះ។ បើអត់មានច្បាប់ ធ្វើអនាធិបតេយ្យ​ គ្រប់គ្រងលែងកើត តើអ្វីវានឹងកើត? នៅចាំបានទេ ឆ្នាំ ១៩៩៧ វាយគ្នានៅទីក្រុងភ្នំពេញ ដែលមិនដែលមានទម្លាប់​វាយគ្នាបែបនេះទេ នៅក្នុង​អតីត​កាល។ ប៉ុន្តែ អំពើអត់ច្បាប់នោះ វាបាននាំមកនូវការវាយគ្នានៅកណ្ដាលទីក្រុងភ្នំ​​ពេញតែម្ដង។

អញ្ចឹងទេ សុំពួកភ្នាក់ងារបរទេស និងស៊ីលុយបរទេសទាំងប៉ុន្មាន ដកខ្លួនថយ។ យើងខ្ញុំបានក្ដា​ប់​ជាប់។ អង្គការរបស់អស់លោក អាចត្រូវរំលាយចោលតាមរយៈច្បាប់។ បក្សនយោបាយបើសិនជាព្រហើនបំពានច្បាប់ បក្សនេះក៏រងជាមួយនឹងការរំលាយដែរ។ បើសិនយើងមិនធ្វើច្បាប់គ្រប់គ្រង បំពានរហូតដល់កាប់ចាក់គ្នា ហើយ​ឥឡូវ​សួរថា មានប្រទេសប៉ុន្មានដែលកំពុងមានបញ្ហាហ្នឹង? បដិវត្តពណ៌មិនត្រូវអោយកើតទេ។ បដិវត្តពណ៌មិនចាំ​បាច់​តែត្រូវផ្ទុះ(អាវុធ) បានហៅថាបដិវត្តពណ៌ទេ វាចាប់ផ្តើមកើត ឈានដល់អនាធិបតេយ្យគ្រប់គ្រងលែងបាន។ ឥឡូវ សភាពការណ៍នៅវេណេស៊ុយអេឡាយ៉ាងម៉េចទៅហើយ? … តើចង់អោយកម្ពុជាទៅអញ្ចឹងដែរ ឬយ៉ាង​ម៉េច? …

បើក្រោយការបោះឆ្នោតព្រឹទ្ធសភា ២០១៨ បក្សប្រឆាំងហ៊ានឡាំប៉ា

ខ្ញុំស្គាល់តើសភាពការណ៍អស់ទាំងនេះ។ ប្រទេសខ្លះ យកវិធានការណ៍យោធាគ្រប់គ្រងតែម្តង ប៉ុន្តែ យើងមិនចាំ​បាច់​អោយមានអាហ្នឹងទេ។ យកច្បាប់គ្រប់គ្រងប្រសើរជាង។ ពិតមែនថាតានតឹង តឹងសម្រាប់អ្នកដែលចង់រំលោភ​ប៉ុណ្ណោះ តែអ្នកដែលត្រៀមគោរពនូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស គោរពនិតីរដ្ឋ គោរពសិទ្ធិ​មនុស្ស​ពិតប្រាកដ គឺច្បាប់នេះគ្មានអ្វីតឹងទេ។ គោរពទាំងអស់គ្នាទៅ។ ប៉ុន្តែ បើកភ្នែកឡើងជេរ … សូម្បី​តែ​បោះ​ឆ្នោតព្រឹទ្ធសភាហើយ បើអ្នកឯងហ៊ានប្រថុយ ខ្ញុំនិយាយបើកចំហរ ហ៊ានប្រថុយធ្វើបាតុកម្ម ដើម្បីស្នើ​សុំ​អោយមានតំណែងក្នុងព្រឹទ្ធសភាអោយបានច្រើន អ្នកឯងរងគ្រោះហើយ។ យើងក៏បានព្យាករទុក​ហើយ​។ … យើងគ្រាន់តែប្រាប់ពីនេះ … កាលពីមុនចង់បានតំណែងប្រធានសភា បក្សប្រឆាំងចាញ់ឆ្នោត … នាំ​គ្នាធ្វើបាតុកម្ម។ ជួញតែជាប់គុក … ជាប់គុកហើយមិនបានដោះទេ ព្រោះអាហ្នឹងទោសកុប្បកម្ម។

គួរបង្កើតអោយមាន Senior ហ្គេម (កីឡាសម្រាប់មនុស្សចាស់)

ការបណ្តុះកុមារ និងយុវជន ហើយមានកាយសម្បទារឹងមាំ តាមរយៈសកម្មភាពកីឡា វាល្អណាស់ ហើយវាកាត់​បន្ថយ​បាន​នូវការប្រព្រឹត្តមិនគប្បីរបស់កុមារ និងយុវជនរបស់យើង។ បញ្ហាគ្រឿងញៀន ការប្រព្រឹត្តអំពើផ្តេសផ្តាស​របស់​កុមារ និងយុវជន ក៏បានកាត់បន្ថយ ដូច្នេះ ពង្រីកកីឡាអោយមានវិសាលភាពគ្របដណ្តប់កាន់តែធំ។ មនុស្សម្នាក់បើអាចចេះកីឡាបានយ៉ាងតិចមួយក៏វាល្អ ហើយជ្រើសរើសទៅកីឡាណាសមស្របជាមួយខ្លួន។ ខ្ញុំ កីឡាចាប់ឆាយទេ។ … អ្នកកីឡាដែលបានហ្វឹកហាត់(ជាមួយ)ជាវេជ្ជបណ្ឌិត និងបណ្ឌិតសភាចារ្យផង​ហើយ​ដែលហាត់កីឡា គឺភាពរឹងមាំប៉ុណ្ណឹង។ ខ្ញុំសង្ឃឹមថា ដល់ពេលខ្ញុំអាយុ ៧៥ នឹងប៉ុណ្ណឹងដែរ …។

ខ្ញុំគិតថា គួរតែខាងគណប្រតិភូកីឡារបស់យើង ក្នុងក្របខណ្ឌអាស៊ាន ផ្តួចផ្តើមធ្វើសំណើស្នើឡើង។ អានេះខ្ញុំ​លើក​ជា​គំនិត​ទេ​ណា ប៉ុន្តែ ដើម្បីពិចារណាទាំងអស់គ្នា។ មានកីឡាស៊ីហ្គេមមួយហើយ មានប៉ារ៉ាហ្គេម បន្តិច​ទៀតបងប្អូនពិការគាត់នឹងទៅប្រកួតដែរ ហើយខ្ញុំជាប្រធា​នគណកម្មាធិការប៉ារ៉ាអូឡាំពិក។ ខ្ញុំមិនធ្វើប្រធាន​អូឡាំ​ពិកទេ ធ្វើប្រធានប៉ារ៉ាអូឡាំពិក តាំងពីឆ្នាំ ១៩៩៦-១៩៩៧ នោះ ប៉ុន្តែ មិនដែលបានដឹកនាំផ្ទាល់ទេ លោក អៀវ វាសនា ទេអ្នកដឹកនាំ។ ឥឡូវ តើអ្នកដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ប៉ារ៉ាហ្គេម អាចចាត់តាំង Senior ហ្គេម​ បាន​ ឬអត់? នេះជាកីឡាមនុស្សចាស់។ ឱកាសល្អណាស់ ដើម្បីប្រមូលមេដឹកនាំទៅមានការជួបគ្នាក្នុង​ឱកាសស៊ីហ្គេម។

មិនបាច់ស្អីទេ ក្រុមហ្នឹង គឺតែប៉ុន្មាននាក់បានហើយ។ ឧទាហរណ៍ថា អោយគាត់ដើរ ឥឡូវ ថាដើរយកចម្ងាយ​ប៉ុន្មាន​ម៉ែត្រ? មាន ៣០០ ម៉ែត្រ។ ហែលទឹកក្រែងលោគាត់លង់។ ធាក់កង់នៅហ្នឹងកន្លែង។ ឧទាហរណ៍​អញ្ចឹង។ ហើយកូនហ្គោលកុំភ្លេច ព្រោះមេដឹកនាំអាស៊ានច្រើនណាស់ ដែលចេះកូនហ្គោល។ មិនមែនជា​ការ​ប្រកួតយកឈ្នះចាញ់អីទេ ក៏ប៉ុន្តែជាឱកាសនៃការជួបជុំរវាងឥស្សរជន ដែលជាអតីតមេដឹកនាំអាស៊ាន និង​មេ​ដឹក​នាំកំពុងនៅក្នុងតំណែង។ ប៉ុន្តែ ត្រូវកំណត់លក្ខខណ្ឌ។ ចាប់ពី ៦៥ ឡើងលើចាំចូលប្រកួត។ … គ្រាន់​តែ​ជា​ការបន្ថែមមួយថ្ងៃ ឬក៏មិនមែនបន្ថែមមួយថ្ងៃទេ ទៅប្រកួតដូចគេ គ្រាន់តែមានតារាង លៃលកកន្លែងណា ដើម្បី​ការ​ជួបជុំរបស់ក្រុមទៅពីបណ្តាអាស៊ាន។ ថែមទីម័រខាងកើត …។

កីឡាមិនអាស្រ័យលើប្រទេសធំ ប្រទេសតូច ប្រទេសអ្នកមាន ប្រទេសអ្នកក្រទេ គឺអាស្រ័យលើ​ការហ្វឹក​ហាត់

ដូចខ្ញុំបញ្ជាក់មុនៗដែរ កីឡាមិនប្រាកដថា ប្រទេសធំពូកែ ប្រទេសតូចមិនពូកែ ប្រទេសអ្នកមានពូកែ ប្រ​ទេសអ្នកក្រមិនពូកែនោះទេ ស្ថិតនៅត្រង់បញ្ហាការហ្វឹកហាត់ និងអាចមាននិស្ស័យផងដែរ។ យើងពិនិត្យ មើលឥណ្ឌា និងចិន ប្រទេសពីរនេះមានប្រជាជនសុទ្ធតែជាង ១ ពាន់លាននាក់ សរុបពីរប្រទេសនេះ ប្រមាណជា ២.៥០០ ​លាននាក់ ក៏ប៉ុន្តែ ប្រទេសពីរនេះ មិនអាចរក​ ២២ នាក់ បានទេ។ ចិនក៏មិនអាចរកឃើញ ១១ នាក់ ដើម្បី(បង្កើតក្រុម)ធ្វើបាល់ទាត់ សម្រាប់ World Cup។ ឥណ្ឌាក៏មិនដែលបានចូលតែក្នុង World Cup ដែរទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងងាកទៅកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កូរ៉េទាំងពីរនេះ គឺគាត់ចូល World Cup បានរហូត ហើយឥឡូវកីឡាបាល់ទាត់នារីកូរ៉េខាងជើងទៅលេខ ១ ទៀត។ អញ្ចឹង បញ្ហានេះ គួរតែត្រូវបាន ដកពិសោធន៍ដែរ។ តើមកពីអ្វីដែលបង្ហាញនូវសក្តានុពល និងការមិនអាចឈានទៅមុខក្នុងវិស័យកីឡា សម្រាប់ប្រជាជនប្រទេសមួយចំនួនដែលមានប្រជាជនច្រើន?

បើសិនជាអាមេរិកកុំមានកៅអីមួយជាស្វ័យប្រវត្តិ អាមេរិកត្រូវគេទាត់ទម្លាក់ចោលអស់ហើយ ប៉ុន្តែក្នុង World Cup ដូចជាមានកៅអីជាស្វ័យប្រវត្តិមួយ សម្រាប់អាមេរិក។ ប៉ុន្តែ ល្អមើលណាស់ អាមេរិកអោយតែទៅ ទាត់ជា​មួយ​ប៉ូឡូញ ប៉ូឡូញមិនដែលទុកមុខអោយអាមេរិកទេ។ អាហ្នឹងរឿងបាល់ទាត់។ សិក្សាពីប្រវត្តិបាល់ទាត់ គឺថា អោយតែអាមេរិកប៉ះជាមួយប៉ូឡូញ គឺប៉ូឡូញមិនដែលទុក(មុខ) ហើយក៏មិនដែលឈ្នះប៉ូឡូញដែរ។

មិនត្រូវបាក់ទឹកចិត្តនៅពេលប្រកួតជាមួយកីឡាករ/រិនី ដែលមកពីប្រទេសធំ ឬប្រទេសអ្នកមាន

ពេលដែលអស់លោក លោកស្រី អ្នកនាង កញ្ញា ទៅធ្វើការប្រកួតជាមួយគេ ពេលដែលឃើញគូប្រកួតមក​ពី​ប្រទេសនេះ សុំកុំចាញ់ច្រាប ថាប្រទេសគេធំ ប្រទេសគេមាន សុំកុំចាញ់ច្រាបអារឿងហ្នឹង។ រឿងនេះ វា​ធ្លាប់​ចោទឡើងចំពោះខ្ញុំដែរ មិនមែនជាការប្រកួតកីឡាទេ។ មានពេលមួយ ខ្ញុំគួរតែរំលឹកថា នៅពេលដែល​ខ្ញុំ​ចេញទៅបរទេសលើកដំបូង ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស បើយោងទៅលើអាយុពិតប្រាកដរបស់ខ្ញុំ ពេលនោះ ខ្ញុំត្រូវទទួលអោយកាន់មុខដំណែងរដ្ឋមន្ត្រីការបរទេសអាយុមិនទាប់គ្រប់ ២៧ ឆ្នាំទេ គឺនៅក្នុង​រង្វង់ ២៦ ឆ្នាំ ខ្វះ ៨ ខែ ទៀតទើបដល់អាយុ ២៧ ឆ្នាំ។ ជារដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេ ហើយបើគិត​មក​ដល់ឥឡូវនេះ ជានិស្សិតដែលមិនទាន់បញ្ចប់ការសិក្សានៅឡើយទេ …។

ការចេញទៅក្រៅប្រទេសរបស់ខ្ញុំ ធ្វើអោយខ្ញុំមានការព្រួយខ្លាំងណាស់ រហូតដល់ទៅសម្រាកមិនបាន​លើ​យន្ត​ហោះផង ហើយម្យ៉ាងទៀត គឺជាការជិះយន្តហោះលើកដំបូងផង ពេលហ្នឹងត្រូវទៅចូលរួមប្រជុំការិយា ល័យសម្របសម្រួលចលនាមិនចូលបក្សសម្ព័ន្ធនៅកូឡំបូ ប្រទេសស្រីលង្ការ។ ខ្ញុំធ្វើដំណើរចេញទៅទស្សនកិច្ច​នៅ​វៀត​ណាម។ បន្ទាប់ទៅបានបន្តដំណើរទៅកាន់ក្រុងម៉ូស្គូ។ នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ពីហាណូយទៅដល់បុមបៃ ខ្ញុំចេះតែគិតថា តើធ្វើកិច្ចការបរទេសរបៀបម៉េច? ការពិតជំនាញរបស់ខ្ញុំមិនមែន កិច្ចការបរទេសទេ។ ការងាររបស់ខ្ញុំ គឺការងារយោធា។ … យន្តហោះបានចេញពីតាស្កែន ទៅកាន់ម៉ូស្គូ ពេលហ្នឹងខ្ញុំសម្រាកលក់បន្តិច បន្ទាប់ទៅភ្ញាក់ឡើង គឺមានការតាំងចិត្តមួយអញ្ចេះ។ ខ្ញុំនឹងត្រូវជួប អង់ដ្រេ ហ្គ្រូមីកូ ពេលនោះ គាត់វ័យ ៧២ ឆ្នាំ ក្នុងពេលដែលខ្ញុំមិនទាន់ដល់អាយុ ២៧ ឆ្នាំផង … ហើយជំ​នួប​នេះ​នឹង​ត្រូវធ្វើឡើង បន្ទាប់ពី លេអូនីត ប្រេហ្សណែវ ជាមួយនិង អង់ដ្រេ ហ្គ្រូមីកូ មកហែលស៊ីនគី ដើម្បី​ចុះ​ហត្ថ​លេខា​លើកិច្ចព្រមព្រៀង ទាក់ទងនឹងការកាត់បន្ថយសព្វាវុធនៅអឺរ៉ុបជាមួយនឹងអាមេរិក ដែលហៅថា កិច្ច​ព្រម​ព្រៀងហែលស៊ីនគី។

ខ្ញុំបានគិតថា ខ្ញុំវ័យ ២៧​ ឆ្នាំ ប៉ុន្តែ ខ្ញុំតំណាងអោយជាតិសាសន៍មួយ ឯ អង់ដ្រេ ហ្គ្រូមីកូ អាយុ ៧២ ឆ្នាំ ក៏តំ​ណាង​អោយ​ជាតិសាសន៍មួយដូចគ្នា។ គ្មានធំ គ្មានតូច ដល់គិតអញ្ចឹងទៅវាស្រឡះក្នុងចិត្ត។ ជារដ្ឋស្មើភាព និង​ស្មើ​សិទ្ធិដូចគេដូចឯង។ អញ្ចឹង​វាដេកលក់។ ស្រាប់ដល់គេដាស់ រៀបចំយន្តហោះចុះចត។ ដល់យន្តហោះ ចុះចត ទៅកាន់កន្លែង VIP ក្រឡេកពីលើយន្តហោះទៅ ឃើញទង់ជាតិមួយគូ មើលម្ខាងទង់ជាតិ​របស់​អតីត​សហភាពសូវៀត ឯទង់ម្ខាងទៀតទង់ជាតិកម្ពុជា។ ខ្ញុំថា នេះជាការគិតត្រូវ។ គេធំក៏គេទង់ជាតិមួយ ឯ​យើង​តូចក៏ទង់(ជាតិ)មួយដែរ។ … សិទ្ធិប៉ុនគ្នា។ សន្លឹកឆ្នោតមួយសន្លឹកដូចគ្នា។

អញ្ចឹង ធ្វើអោយខ្ញុំតាំងពីពេលនោះមក គឺថា អត់ទេ នេះជាការចាប់ផ្តើមរបស់យើង។ អញ្ចឹង សូមផ្តាំថា រឿង​នេះ ក៏ដូចជាកីឡាដែរ កុំឃើញគេមកពីប្រទេសធំ ហើយយើងចាញ់ច្រាប បែរជាមិនហ៊ានប្រកួត ឬក៏យល់ថា ប្រ​ទេសនេះម្ចាស់ក្បាច់គុណ ដូចជា Vovinam​ ម្ចាស់ក្បាច់គុណមែន តែ សែន រ៉ាឌី វ៉ៃយកលេខមួយនៅក្នុង Vovinam របស់តំបន់បាត់។ Vovinam ជាក្បាច់គុណរបស់វៀតណាម …។

លើកនេះ ខ្ញុំគិតថា ការព្យាកររបស់ក្រសួង និងក៏ដូចជាគណៈកម្មការអូឡាំពិក លទ្ធភាពដែលយើងទទួល​យក​នូវ​​មេដាយមាស កីឡាប៉េតង់ តេក្វាន់ដូ កីឡាសីបត្តក្រ កីឡាប្រដាល់សកល កីឡាប្រដាល់គុណខ្មែរ និងកីឡាវូស៊ូ។ កីឡាប្រដាល់គុណខ្មែរនេះ កាលពីមុន យើងអត់បានចូលប្រកួតទេ ប៉ុន្តែ ក្រោយមក យើងធ្វើការសម្របសម្រួលគ្នាមួយ ឥឡូវនេះ ខ្ញុំមានសង្ឃឹមច្រើន។ ប៉េតង់ប្រហែលជាយើង កែ ឡេង និង អ៊ុក ស្រីមុំ សុទ្ធតែអ្នកលេខមួយហើយហ្នឹង ប៉ុន្តែ ប្រយ័ត្នមេដាយលេខមួយពិភពលោក ទៅយកមេដាយ​ស៊ី​ហ្គេម​មិនរួច …។

ការផ្តាំផ្ញើរបស់ខ្ញុំមាន ២ ចំណុចធំ៖

ផ្តាំផ្ញើទី ១ ហាមប្រើសារជាតិបង្កើនកម្លាំងដើម្បីឈ្នះ

ទី ១ ហាមធ្វើម៉េចក៏ដោយ ចៀសវាងអោយខាងតែបាន នូវការប្រើប្រាស់សារជាតិអីដែលលើកកម្លាំង ដែល​គេ​ធ្វើតេស្តឃើញទឹកនោម ឬឈាម ដែលមានប្រើសារជាតិលើកកម្លាំងហើយ ខុសនឹងលក្ខខន្តិកៈវិស័យកីឡា គឺជារឿងដែលត្រូវតែចៀសវាងដាច់ខាតនៅក្នុងចំណោមកីឡាកររបស់យើង។ បើទោះបីបានមេដាយ ឬអត់​មេ​ដាយ សុំកុំប្រព្រឹត្តនូវចំណុចនេះអោយសោះ។ ប្រព្រឹត្តបែបនេះ វាមិនគ្រាន់តែយើងមិនទទួលបាន​ផល​ក្នុង​ការប្រកួតដោយកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាឈ្លាសវៃរបស់យើងនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ យើង​បាន​បាត់បង់ទាំងអស់ ហើយថែមទាំងខូចកិត្តិយសសម្រាប់ប្រទេសជាតិផងដែរ។ កុំភ្លេចថា (អ្នក)ទៅនេះ មិន​​មែន​ទៅផ្ទាល់ខ្លូនទេ តែតំណាងអោយជាតិសាសន៍មួយ ដែលមានប្រវត្តិវែងឆ្ងាយណាស់មក​ហើយ​។

បើទោះបីជាជាតិសាសន៍មួយនេះ ឆ្លងកាត់នូវការលំបាកវេទនា ក៏ប៉ុន្តែ ជាតិសាសន៍មួយនេះ មិនត្រូវបាន​​ទទួល​ការប្រមាថណាមួយទេ។ សូមគ្រប់គ្រងខ្លួនឯង។ គ្មាននរណាអាចគ្រប់គ្រងខ្លួនយើង ក្រៅតែពីខ្លួន​យើង​ទេ។ សូមផ្តាំ។ កីឡាករ/រិនីប្រ​ទេស​ខ្លះ ប្រើសារធាតុលើកកម្លាំង ដែលធ្វើអោយមានការចាប់យកទៅធ្វើ​តេស្ត​ទឹកនោម ឈាម ហើយរក​ឃើញ ហើយគេពិន័យប្រកាសធ្វើឲ្យអាម៉ាស។ ប៉ុន្តែ មានកន្លែងខ្លះ ដូច​ជា​ការធ្វើទុក្ខបុក​ម្នេញទៅលើ​កីឡា​របស់​គុយបា គឺជារឿងនយោបាយមួយផ្សេងទៀត។ កាលពេលមុននោះ អតីត​ប្រធានាធិបតីគុយបា ហ្វ៊ីឌែល កាស្រ្តូ ថ្កោលទោសនូវ​ទង្វើ និងអ្នកដែលចង់ធ្វើបាប​កីឡាករ​កីឡាកា​រិ​នី គុយបា …។

ផ្តាំផ្ញើទី ២ កុំបំពានលក្ខខន្តិកៈ ព្រោះតែចង់ឈ្នះ

ការផ្តាំផ្ញើទី ២ ប្រកួតឲ្យត្រឹមត្រូវតាមក្បួនខ្នាត លក្ខខន្តិកៈ នៃកីឡាមួយៗ ចៀសវាងឲ្យបានដាច់ខាត​នូវការ​ចង់​ឈ្នះ ហើយបំពានទៅលើគូប្រកួត។ ចំណុចនេះមិនត្រឹមតែមិនបានទទួលផលល្អទេ … សូម្បីតែកីឡា​ប្រ​ដាល់ យើងធ្លាប់ឃើញហើយ វ៉ៃបំពាន គឺគេចាប់ឲ្យចាញ់តែម្តង។ ជួនកាលវ៉ៃគេឲ្យសន្លប់ អ្នកសន្លប់ទៅ​ជា​អ្នកឈ្នះ ឯងអ្នកវ៉ៃគេសន្លប់ (ត្រូវ)គេដេញចេញ។ ការបំពាននាំមកនូវអន្តរាយទេ ហើយ​ត្រូវបាត់បង់អស់ ថែមទាំងកិត្តិយសជាតិក៏ត្រូវបាត់បង់ទៅជាមួយ …។

មានក្រុមកីឡាថ្មីចូលរួមប្រកួត គឺទូកក្តោង

ប្រហែលជាអាចចាត់ទុកថា យើងមានគ្រប់ផ្នែកចូលប្រកួត។ ឯណាទៅក្រុមទូកក្តោង ដែលទើបនឹង​បង្កើត​ថ្មី​ចូលឆ្នាំនេះ? ខ្ញុំនេះហើយ គឺជាអ្នកចាប់ផ្តើមទូកក្តោងនេះ ដោយនាំអ្នកអតីតកីឡាករទូកក្តោង ដែលជួប​ខ្ញុំ​នៅសាំងហ្គាពួរ ហើយធ្វើដំណើរមកភ្នំពេញ ដើម្បីបង្កើតសហព័ន្ធទូកក្តោងកាលពីជាងមួយឆ្នាំមុន។ ឥឡូវនេះ ទូកក្តោង​របស់យើងអាចចូលប្រកួតជាមួយគេ។ អញ្ចឹង ប្រភេទកីឡាថ្មីៗរបស់យើង មានទូកក្តោង ឯ​កូនហ្គោលរបស់យើងកាន់តែទៅមុខ។​ ប៉ុន្តែ យ៉ាងម៉េចក៏ដោយគឺត្រៀមទៅវ៉ៃ។

រឿងកូនហ្គោលរបស់យើងនេះ វាតែរឿងហ្សតហ្គេម ហើយនឹងរឿងផាត់ហ្នឹង ហើយសម្រុកស្លាប់រស់តែ​ដ្រាយ​​វើ​ឆ្ងាយហ្នឹង រឿងតែប៉ុណ្ណឹងទេ។ ឯក្រៅពីនោះ គឺថា អត់ទេ រឿងលេងកូនហ្គោល ត្រូវចាំណាក្មួយ គេ​វ៉ៃ​អោយចូលឡូ មិនមែន​វ៉ៃអោយឆ្ងាយទេ។ ឯពួកយើងពូកែខាងវ៉ៃឆ្ងាយ ឯវ៉ៃអោយចូលឡូមិនពូកែទេ។ ដំបូង​ខ្ញុំចង់ធ្វើជាអ្នក Sponsor ខាងផ្នែកកូនហ្គោលអីដែរ ប៉ុន្តែ ដល់មើលទៅ ថាទប់មិនបាន។ ខ្មែរយើងមានចំ​ណុច​​ខ្សោយអញ្ចេះ យើងពិនិត្យមើល អ្នកដែលអោយបាល់មិនដែលខ្ពស់ទេ ច្រើនតែទាប ព្រោះអ្នកខ្ពស់ៗ​គេ​លេង​សុទ្ធតែគប់ទាំងអស់។ សម្លឹងមើលចុះ ប្រធានសហព័ន្ធកីឡាបាល់ទះរបស់កម្ពុជា ពូកែណាស់អា​រឿង​គប់ ដល់ទៅអ្នកអោយបាល់សុទ្ធតែទាប។ អញ្ចឹង បើអ្នកអោយបាល់ឡើងទៅមុខ គឺដាច់បារ៉ាស់ហើយ បារ៉ាស់នៅសល់តែ ២ ទេ។ អញ្ចឹង បានខ្ញុំតែងតែនិយាយ អំពីកុំមើលស្រាលទៅលើបញ្ហាអ្នកអោយបាល់ ហើយបើសិនជានៅក្នុងចំណោមអ្នកគប់ហ្នឹង ចេះអោយបាល់ថែមទៀត អាហ្នឹងវាជាការល្អណាស់ យើងនឹង​មិន​ដាច់បារ៉ាស់នៅក្នុងពេលប្រកួត។ ព្រោះជួនកាលអ្នកអោយបាល់នៅខាងក្រោយ​ឯណោះ ដល់ទៅពេលចាប់​ផ្តើម Service ឆ្លង ឯណេះរត់មកហើយ អញ្ចឹង គ្រាន់តែប៉ុណ្ណឹងចាញ់ល្បឿនគេបាត់ទៅហើយ។ អាហ្នឹង​ផ្នែក​បាល់ទះ … ដូចខ្ញុំនិយាយអម្បាញ់មិញ អត់មានគិតថា លឺសូរតែថៃគេខ្លាំង លឺសូរតែវៀតណាមគេខ្លាំង លឺ​សូរតែឥណ្ឌូនេ​ស៊ី​គេខ្លាំង ហើយអាងតែធ្លាប់ស៊ីហ្វ៊ីលីពីនបាន គិតថាស៊ីតែហ្វ៊ីលីពីន អត់ទេ។

ពាក់ព័ន្ធនឹងការចង់ធ្វើបាតុកម្មដូចឆ្នាំ ២០១៣ របស់បក្សប្រឆាំង, មិនមានរដ្ឋណាមួយគ្មានកាំភ្លើង និងគុក​ទេ

សង្ឃឹមថា អ្វីដែលខ្ញុំនិយាយថ្ងៃនេះ បង្ហាញប្រាប់ (និង)បញ្ជាក់ចំណុចមិនច្បាស់លាស់មួយចំនួន ដែលអ្នក ក្រៅយកធ្វើអត្ថាធិប្បាយ អំពីការណែនាំរបស់ខ្ញុំ។ អ្វីខ្ញុំណែនាំ គឺការគ្រប់គ្រងស្ថេរភាពនយោបាយ ស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច ហើយមិនអនុញ្ញាតអោយជំងឺឆ្នាំ ២០១៣ ងើបឡើង។ … វាច្បាស់ហើយ មិនដែល​រដ្ឋ​ណា​មួយ​គ្មានកាំភ្លើងទេ ហើយមិនដែលរដ្ឋណាមួយគ្នានគុកដែរ(នាពេល)បច្ចុប្បន្ន។ សុំកុំព្យាយាមធ្វើអ្វី​ដែល​វាមិនត្រូវតាមច្បាប់។ បើចង់លេងផ្លូវកាត់ ជម្រើសដែលនៅសល់ គឺអ្នកឯងអាចយល់ហើយ មិនអាចអោយ កើតនូវអ្វីដែលតែពីសតែពាសទេ។

បក្សប្រឆាំងមិនដែលអបអរសាទរនូវអ្វីដែលកម្ពុជាទទួលបាន ទាំងផ្នែកកីឡា និងផ្នែកផ្សេងទៀត

… មិនដែលឃើញគេអបអរសាទរកីឡាទទួលនេះទទួលនោះ។ (ប្រាសាទ)សំបូរព្រៃគុកចូលជាបេតិកភណ្ឌ​ពិភព​លោក (ក៏)អត់(អបអរសាទរ)។ បើ ហ៊ុន សែន ងាប់ (ក៏)ចែករំលែកទៅ។ ហ៊ុន សែន អញ្ចេះ។ ធ្លាក់​យន្តហោះ។ ដឹកទៅសង្គ្រោះ។ ចុះបើសិនជាអ្នកគេស្រឡាញ់ ហ៊ុន សែន គេអត់មិនបាន គេដាក់ពីរ​ព្រនង់​ទៅ​វាយ៉ាងម៉េច? វាកើតរឿងព្រហ្មទណ្ឌទៀត។ ឬជួនកាលគេ ទៅវ៉ៃដល់ស្នាក់ការអីអញ្ចឹងទៅ វាកើតរឿង​ទៅ​ទៀត។ ពិបាកគ្រប់គ្រង។ ប៉ុន្តែ ផ្តើមចេញពីអ្នកណា ផ្តើមចេញពីអាញោះគេហ្នឹង។ អាហ្នឹងអត់ខុសពី Tom (និង) Jerry ទេ។ មើលអោយមែនទែន Jerry ហ្នឹងខូចណាស់។ តិចៗ ដើរជាន់ជើង Tom។ អាតូចហ្នឹង(Jerry) បន្តិចៗចាក់អាធំ(Tom) ធ្វើបាបតែអាធំ។ ដល់ទៅមើលចុះ មើលឡើង ចេះតែស្អប់អាធំ ប៉ុន្តែ ដល់មើលអោយស៊ីជម្រៅអោយមែនទែន ម្ចាស់ដែលធ្វើគំនូរជីវចលហ្នឹងស្លាប់បាត់ទៅហើយ ប៉ុន្តែ អា​ហ្នឹង​នៅតែមានប្រជាប្រិយ។ មកមើល Tom (និង) Jerry អា Jerry ខូចជាងអីទៅទៀត សមតែ Tom ដាក់ហ្នឹងវាអត់ខុសទេ។

ជូនប្រាក់ជាប់ហោប៉ាវកីឡាករ/រិនីម្នាក់ៗ ៥០០ ដុល្លារអាមេរិក

ថ្ងៃនេះ ខ្ញុំក៏បានជូនថវិកា សម្រាប់ការដាក់ហោប៉ាវ។ យើងឆ្នាំទៅដូចជា SEA Games មុន(ម្នាក់) ៣០០ (ដុល្លារអាមេរិក) ចុះសេដ្ឋកិច្ចឡើងអញ្ចឹងហើយ យើងឡើងប្រាក់ខែឡើងអីអស់ហើយ មើលថែមលុយភ្លាម ម្នាក់ ៥០០ ដុល្លារអាមេរិក។ ព្រោះសេដ្ឋកិច្ចឡើង ៧% ក្នុងមួយឆ្នាំ។

គ្រូបង្រៀនកាលពីពេលមុននេះ គឺប្រាប់ខែទាបបំផុតប្រហែលជា ៤០ ម៉ឺន(រៀល) នៅឆ្នាំ ២០១៣ ឥឡូវ ទាបបំផុត ៩៥ ម៉ឺន(រៀល) បូកនឹងប្រាក់តំបន់។ ថ្ងៃមុនខ្ញុំទូរស័ព្ទជួបនៅថ្មស កន្លែងមួយនោះតាមរយៈហ្វេសប៊ុក ថាសម្តេច​អនុ​វិទ្យាល័យ ១ ខ្នង ដល់អោយចុះទៅមើលម៉ែអើយ! ត្រូវរៀបចំកន្លែងហ្នឹងទាំងបឋម ទាំងអនុវិទ្យាល័យ និង​វិទ្យាល័យតែម្តង។ អញ្ចឹង ខ្ញុំជួបគ្រូបង្រៀនបានប៉ុន្មាននាក់ដែរ ប្រាក់ខែគ្រូបង្រៀននៅទីនោះ បឋមទាបបំផុត ៩៥ ម៉ឺន(រៀល) បូកនឹងប្រាក់តំបន់ ១២ ម៉ឺន(រៀល) អញ្ចឹង វាច្រើនជាង ១ លាន(រៀល) ហើយនាយក​សាលា​បាន ១ លាន ២០ ម៉ឺន(រៀល) បូក ១២ ម៉ឺន(រៀល) ប្រាក់តំបន់។ ប្រាក់តំបន់វាមាន ៨ ម៉ឺន(រៀល) មាន ១០ ម៉ឺន(រៀល) មាន ១២ ម៉ឺន(រៀល)។ ហើយខ្ញុំសន្យាថា ធ្វើរួចហើយខ្ញុំនឹងទៅសម្ពោធ។ ដាក់វិទ្យា ល័យ​នៅ​កណ្តាលនេះតែម្តង តំបន់ដាច់ស្រយាលយើងដាក់នៅហ្នឹង ព្រោះក្មេងបោះបង់ចូលការសិក្សា ឬការ​សិក្សា​មកនៅឆ្ងាយ …។

ដូណាល់ ត្រាំម៍ ជេរសារព័ត៌មានមួយចំនួនរបស់អាមេរិក ជារឿងត្រឹមត្រូវ

រីករាយណាស់ ដែលថ្ងៃនេះយើងបានជួបគ្នា ហើយសុំអភ័យទោស ដែលខ្ញុំយកពេលនិយាយបញ្ហាខ្លះ ដែល​វាចាំបាច់ត្រូវនិយាយ ព្រោះមានការប្រឌិត។ សូម្បីតែខ្លឹមសារក្បាលសារព័ត៌មានខ្លះ ចុះតែពីសតែពាស។ ខ្ញុំ​ថា ប្រធានាធិបតី ដូណាល់ ត្រាំម៍ ជេរសារព័ត៌មានមួយចំនួនរបស់អាមេរិក (ជារឿង)ត្រឹមត្រូវ ព្រោះវាខូចពេក ខូច​មហា​ខូច។ ដូចជាខ្ញុំនិយាយថា បើសិនជា ហ៊ុន សែន ស្លាប់ អ្នកឯងក៏អាចស្លាប់ ដល់ចំណងជើងគេថា នាយក​រដ្ឋ​មន្ត្រី​គំរាមសម្លាប់។ វាទៅអញ្ចឹងទៅ។

ឥឡូវឧទាហរណ៍ អាហ្នឹងខ្ញុំនិយាយសាជាថ្មីម្តងទៀត ពេលនេះ នៅមានខ្ញុំជានាយករដ្ឋមន្ត្រី ដូច្នេះ វាច្បាស់​ណាស់​មានឧបនាយករដ្ឋមន្ត្រី និង​មានបណ្តារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប៉ុន្តែ បើសិន​ជា​​ខ្ញុំ​ស្លាប់​ភ្លាម អ្នកដែលជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជា មុខងារនយោបាយ រលាយជាស្វ័យប្រវត្តិ។ អញ្ចឹង ពេលហ្នឹងអ្នកណាគ្រប់គ្រងសភាពការណ៍? គឺពួកយោធា ដែលស្ថិតនៅក្នុងមុខងារសាធារណៈ នគរបាលដែលស្ថិតនៅក្នុងមុខងារសាធារណៈ។ នៅទីនេះមានអគ្គ បញ្ជាការ ប៉ុល​ សារឿន។ អគ្គនគរបាលជាតិ នេត សារឿន។ អគ្គបញ្ជាការរង និងមេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស សៅ សុខា។ នៅមានបណ្តាអង្គភាពដទៃទៀត ដែលពេលហ្នឹងជួនកាលមានការញុះញង់ៗ គឺវ៉ៃគឹបតែម្តង។ ខ្មោចមិនអាចងើបមកត្រួតត្រាសភាពការណ៍ទេ។ ហើយ ទៀ បាញ់ ក៏អស់ដំណែង។ ស ខេង ក៏​អស់ដំណែង។ តើទៅត្រួតអ្នកណាទៀត? អញ្ចឹង បានជារឿងហ្នឹង ពេលខ្លះត្រូវយល់។ កុំចង់អោយ ហ៊ុន សែន ងាប់។ ទុក ហ៊ុន សែន ដើម្បីនឹងគ្រប់គ្រង។ អ្នកលក់ដូរកុំភ្លេចណា! អ្នកលក់ដូរបានលក់ដូររាល់ថ្ងៃនេះ ដោយសារ ការគ្រប់គ្រងរបស់ ហ៊ុន សែន។ អ្នកបើកភោជនីយដ្ឋាន បើកការរកស៊ី សណ្ឋាគារស្អីៗ មុខ​របរ​ទាំង​អស់ ដែលកំពុងមានសព្វថ្ងៃ ដោយសារអ្នកណា? វាត្រូវមានមេមានកើយរបស់វា។

មិនអាចកប់ខ្មោចតាមពាក្យមួយម៉ាត់ ដែលហៅថា “ដូរ” ឬពាក្យពីរម៉ាត់ ដែលហៅថា “ការផ្លាស់ប្តូរ” ទេ

ជាង ៣០ កន្លងមកនេះ ខ្ញុំបានធ្វើកិច្ចការសម្រាប់ប្រទេសនេះ ពីប្រទេសមួយមានសង្គ្រាមខ្ទេចខ្ទាំ ពីទីក្រុងខ្មោច មកឥឡូវយើងវាដូចគេដូចឯងហើយ វាមិនទាន់ដូចគេដូចឯងណាស់ណាទេ ប៉ុន្តែ ទីក្រុងនៃប្រទេសមួយចំនួន ដែលហៅថា ប្រទេសកំពុងអភិវឌ្ឍន៍ មិនទៅលើសពីយើងដែរ។ ឥឡូវការព្យាករខាង Diplomat នោះ យើងជាទីក្រុងមួយដែលមានប្រាក់ចំណូលខ្ពស់ បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី នៅប៉ុន្មានឆ្នាំខាងមុខ …។

កម្ពុជាយើងខ្លួនឯង សុខៗរកស៊ីស្រួលបួល បែរជានាំគ្នាទៅគាំទ្រ លន់ នល់ រួចហើយបានអី? បានបំផ្លាញ ខ្លួនហ្នឹង។ មានស្អី? អ្នកដែលទទួលរងផលប៉ះពាល់ គឺអ្នកដែលគាំទ្រអោយមានចលាចលហ្នឹង។ យើង មិន​អាចកប់ខ្មោចតាមពាក្យមួយម៉ាត់ ដែលហៅថា “ដូរ” ឬពាក្យពីរម៉ាត់ ដែលហៅថា “ការផ្លាស់ប្តូរ” ទេ។ យើងធ្វើអោយមានការផ្លាស់ប្តូររួចស្រេចទៅហើយ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ពីប្រទេសក្រ ១០០% យ៉ាងហោចណាស់ថ្ងៃនេះក៏មានការផ្លាស់ប្តូរដែរ គឺផ្លាស់ប្តូរពី ៣០០ ដុល្លារ(អាមេរិក) ឡើង ៥០០ ដុល្លារ(អាមេរិក) សម្រាប់ម្នាក់ៗទៅប្រកួត។ អាហ្នឹងស្អី? មិនផ្លាស់ប្តូរ? អាហ្នឹងវាផ្លាស់ប្តូរហើយ តែគេផ្លាស់ប្តូរអញ្ចឹង មិនមែន​ថា​ផ្លាស់​ប្តូរថ្ងៃស្អែកវាមានរឿងអីកើតឡើងទេ។

ជូនពរអោយជោគជ័យក្នុងការប្រកួត ហើយច្បាស់ណាស់ជោគជ័យនឹងបានទៅលើអ្នកឈ្នះ។ សូមជួប​ប្រទះ​តែនឹង​ពុទ្ធពរប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និង...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB)
beylikdüzü escort escort beylikdüzü beylikdüzü escort