សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលហេតុដែលរាជរដ្ឋាភិបាលដាក់គោលដៅនៅសៀមរាបពីព្រោះសៀមរាបគឺជាគោលដៅទេសចរណ៍ ប៉ុន្តែយើងចង់វាយតម្លៃថា នៅពេលដែលយើងបើកជាទូទៅតើគំហុកលុយហូរចូលមកយើងដែរឬអត់? តើលុយនេះហូរចូលតែក្នុងប្រទេសឬហូរចូលពីប្រទេសណាទៀតដែរឬអត់? ព្រោះខ្លាចថាយើងអាចទៅជាកន្លែងដែលទទួលលុយចាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងធ្វើបែបនេះមិនមែនថា យើងមិនហ៊ានធ្វើទេ ប៉ុន្តែយើងធ្វើដោយប្រុងប្រយ័ត្ន និងប្រកបដោយការទទួលខុសត្រូវ។ ការជួយសម្រួលទៅដល់បងប្អូនអាជីវករដែលធ្វើអាជីវកម្មក៏ជាកាតព្វកិច្ចរបស់យើង ជួយសម្រួលទេសចរណ៍កុំអោយកាន់លុយមកពិបាកចាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារការវាយតម្លៃមើលឃើញថា ធនាគារជាតិអាចរ៉ាប់រងបាន ទើបរាជរដ្ឋាភិបាលប្រកាសឱ្យបើកទទួលលុយចាស់ ឬរហែកទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសមាគមឧកញ៉ាកម្ពុជា និងអ្នកអភិវឌ្ឍន៍លំនៅឋាន» នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤៕