អគ្គរដ្ឋអាជ្ញាឡាវប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ក្នុងឱកាសនៃជំនួប ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជា នាឱកាសនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏បានគោរពជម្រាបជូនបន្ថែម អំពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) ការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា (២) ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្តការចែករំលែកបទពិសោធន៍ និងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន និង(៣) ការបន្តជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមអគ្គរដ្ឋអាជ្ញា បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមហាអយ្យការអមតុលាការកំពូលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឡាវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានអបអរសាទរចំពោះលទ្ធផលដែលទទួលបានខាងលើ ដែលជាការរួមចំណែក និងគាំទ្រកិច្ចសហប្រតិបត្តិការជារួម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យមានការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់រវាងប្រទេសទាំងពីរ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ