សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មានមនុស្ស៣នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបំភ្លៃអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី​ ដែលបច្ចុប្ប​ន្នជា ប្រធានព្រឹទ្ធសភា បានប្រកាសថា រហូតដល់ពេលនេះ មានមនុស្ស៣នាក់ហើយ ត្រូវបានចាប់ខ្លួន ក្នុងករណីញុះញង់បំភ្លៃអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ថា ជាការកាត់ខេត្តកម្ពុជាចំនួន៤ ទៅឱ្យវៀតណាម។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន​ សែន បានធ្វើឡើងតាមរយៈវីដេអូពិសេសសមួយ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីក្រុមប្រឆាំងមួយចំនួន​បាននាំគ្នាបំភ្លៃ អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាល បានកាត់ដីចំនួន៤ខេត្ត ​នៅតំបន់ត្រីកោនរួមបញ្ចូលជាមួយវៀតណាម។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងបានចាប់ខ្លួនមនុស្ស៣នាក់រួចទៅហើយ យើងក៏ចង់ទុកឱ្យគេលមើល ប៉ុន្តែយើងក៏បានចាប់ខ្លួនម​នុស្ស៣នាក់រួចទៅហើយ ថ្ងៃមុនចាប់មួយយកពីសៀមរាប ថ្ងៃនេះ(២៣កក្កដា) ចាប់២នាក់ យកមកពីសៀមរាបថែមទៀត»។

សម្តេចបានបង្ហើបថា ក្នុងចំណោម៣នាក់ ដែលត្រូវបានចាប់ខ្លួននោះ ក៏មានផងដែរនូវ លោក ស្រ៊ុន ស្រ៊ន ដែលសម្តេចបានហៅបុគ្គលនោះថា «គ្រូសន្និសីទទីក្រុងប៉ារីស»។

សម្តេចបញ្ជាក់បន្ថែមថា៖ «គ្រូសន្និសីទទីក្រុងប៉ារីស ដែលមាននៅក្នុង TikTok និយាយអាក្រក់ គឺមិនអាចទុកទេ ទៅតថ្លៃគ្នាជាមួយតុលាការ រកឯកសារមក ហើយខាងនេះក៏រកឯកសារ សូមអញ្ជើញសិស្សនិស្សិតទៅស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យដឹងថា អ្វីខ្លះទៅជាកិច្ចព្រមព្រៀងនៅទីនេះ»។

សម្តេចបានបញ្ជាក់ថា នៅទីនេះគ្មានកិច្ចព្រមព្រៀងណា ដែលទាក់ទងនឹងការបញ្ចូលដែនដីជាមួយគ្ន​ានោះទេ ក្រៅតែពីបញ្ហាសេដ្ឋកិច្ចសង្គម សន្តិសុខ និងការពារជាតិ ដែលប្រទេសនីមួួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក​។ សម្តេចបានលើកឡើងថា មិនមែនតែកម្ពុជាទទួលបានផលប្រយោជន៍ ហើយវៀតណាមក៏មានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះដែរ។

បើតាមសម្តេចតេជោ រហូតមកដល់ពេលនេះ CLV មានកិច្ចព្រមព្រៀងចំនួន៥ ប៉ុណ្ណោះ ក្នុងកម្រិតរាជរដ្ឋាភិបាល ក្នុងនោះរួមមានដូចតទៅ៖

១៖ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
២៖ កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម
៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា-វៀតណាម
៤៖ អនុស្សារណៈស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ ចុះហត្ថលេខា២៨មិនា២០០៨
៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខា១៣ មករា ២០១៣

ក្រៅពីកិច្ចព្រមព្រៀងទាំងនោះ មានអនុស្សារណៈដែលចុះហត្ថលេខាដោយ ស្ថាប័នមួយថែមទៀត។ សម្តេចបានបន្តថា ក្រៅពីនោះ គឺមានផែនការមួយចំនួនទៀតដូចជា ទី១៖ ផែនការទាក់ទិនជាមួយនឹងផែនការកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតំបន់ អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម ២០១០-២០២០ ទី២៖ ​ផែនការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ទី៣៖ ផែនការអភិវឌ្ឍទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍ និងទី៤៖ ផែនការឧស្សាហកម្មកៅស៊ូតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាមជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ