CMF: 16 July, 2024
ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការ អនុវត្តមុខងារសេសសល់របស់អ.វ.ត.ក.
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី
ឯកឧត្តម មីហ្គែល ឌឺ សែប៉ា សូអារ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ
ឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ចូហ្សេប សូអើរ (Joseph SCHEUER) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា
ឯកឧត្តម ឃ្នុត រ៉ូសែនហ៊ក (Knut ROSANDHAUG) អ្នកសម្របសម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក.
ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ជាទីគោរពរាប់អាន!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សជាអនេក ដែលបានមកចូលរួម និង ថ្លែងសុន្ទរកថា ក្នុងពិធី “ទស្សនកិច្ចនិងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការ គណៈរដ្ឋមន្ត្រី និង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ជាបឋម ខ្ញុំសូមអរគុណចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា ក្នុងការលើកកម្ពស់ការអប់រំផ្សព្វផ្សាយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែល អ.វ.ត.ក. សម្រេចបានកន្លងមក ដល់សិស្ស និស្សិត ជនរងគ្រោះ អ្នកស្រាវជ្រាវ និងមនុស្សជាតិទាំងមូល ដើម្បីចូលរួមចំណែករក្សាសន្តិភាព និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបឃោរឃៅខ្មែរក្រហម លើទឹកដីកម្ពុជាម្តងទៀត ហើយវត្តមានរបស់យើងនៅថ្ងៃនេះ ក៏ជាការបង្ហាញពីការទទួលស្គាល់នូវសារៈសំខាន់នៃសមិទ្ធផលជាប្រវត្តិសាស្ត្រនេះផងដែរ។ របបខ្មែរក្រហម បានបន្សល់ ទុកនូវការខូចខាតនឹកស្មានមិនដល់ និងទុក្ខវេទនាដែលមិនអាចបំភ្លេចបាន ដល់ពលរដ្ឋខ្មែររហូតមកដល់ពេលបច្ចុប្បន្ន។ ទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សរ៍ហើយក៏ដោយ ក៏ពលរដ្ឋខ្មែរ នៅបន្តប្រយុទ្ធប្រឆាំងទៅនឹងភាពឈឺចាប់ទាំងនោះដដែល។ ជនរងគ្រោះដែលនៅរស់រានមានជីវិត ខិតខំតស៊ូជម្នះនៃវិបត្តិផ្លូវចិត្តនិងផ្លូវកាយពីការបាត់បង់សមាជិកគ្រួសារ និងបញ្ហាសុខភាពផ្ទាល់ខ្លួនជាប្រចាំ។
ខ្ញុំសូមឆ្លៀតយកឱកាសដ៏កម្រនេះ សូមសម្តែងនូវការគោរពអរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីទំាងស្រុង ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់និងការឧបត្ថម្ភគាំទ្ររបស់ សម្តេចតេជោ ចាប់តាំងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតតុលាការនេះ រហូតដល់បានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីប្រកបទៅដោយរលូន និងមានការទទួលស្គាល់ជាអន្តរជាតិ។ កម្ពុជាពិតជាមានមោទនភាពចំពោះការបិទទំព័រប្រវត្តិសាស្រ្តអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួន តាមរយៈការកសាង និងអភិវឌ្ឍប្រទេសជាតិពីចំណុចសូន្យដោយបាតដៃទទេ រហូតក្លាយជាដែនដីនៃសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន ព្រមទាំងបានផ្តល់ជាគំរូមួយក្នុងការស្ថាបនាសន្តិភាព, ការបញ្ចៀសជម្លោះក្រោយសង្រ្គាម និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅគ្រប់ទម្រង់។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ និងរម្លឹកផងដែរនូវស្នាដៃ ការលះបង់ និងកេរដំណែលរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានដឹកនាំក្រុមការងារចរចារបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយសមភាគីចចាររបស់អង្គការសហប្រជាជាតិ ក្នុងការបង្កើតតុលាការកូនកាត់មួយនេះ និងបានដំណើរការទៅដោយរលូន ព្រមទាំងរក្សាបាននូវអធិបតេយ្យភាព និងភាពម្ចាស់ការក្នុងដឹកនាំនិងចាត់ចែងដំណើរការកាត់សេចក្តី។
សន្តិភាព និងសង្រ្គាម តំណាងឱ្យទិដ្ឋភាពពីរ នៃរបៀបដែលយើងប្រាថ្នាចង់រស់នៅជាសង្គមមួយ និងរបៀប ដែលយើងដោះស្រាយនូវភាពខុសគ្នារបស់យើង។ សន្តិភាព និងសង្គ្រាម ជាស្ថានភាពដ៏ស្មុគស្មាញបំផុត ដែលមនុស្សគ្រប់រូបនឹងត្រូវប្រឈមមុខ មិនថាជាជនរងគ្រោះនៃសង្គ្រាម ឬជាអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជំលោះ និងកសាងសន្តិភាព។ ដើម្បីបញ្ចប់សង្គ្រាម និងបង្កើតសន្តិភាព គឺតម្រូវឱ្យមានការចូលរួមពីសំណាក់អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ និងអ្នកផ្សេងជាច្រើនបន្ថែមទៀត ដើម្បីរក្សាសន្តិភាព។ ហេតុដូច្នេះ នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្តល់លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។ ជាងនេះទៅទៀត តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំ នៃបណ្តាប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ។
ខ្ញុំសូមបញ្ជាក់ថា ការបង្កើតនិងដាក់ឱ្យដំណើការ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងផងដែរ ពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមរដ្ឋសមាជិកមួយរបស់អង្គការសហប្រជាជាតិ ដែលបានបំពេញ កាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួននិងប្រកបដោយជោគជ័យ ទាក់ទងទៅនឹងការបង្ការ ការទប់ស្កាត់ និងការដាក់ទណ្ឌកម្មអំពើប្រល័យពូជសាសន៍, និងការទទួលខុសត្រូវដើម្បីការពារ (Responsibility to Protect: R2P) ដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយបណ្តារដ្ឋនានានៅឯកិច្ចប្រជុំកំពូលពិភពលោក របស់អង្គការសហប្រជាជាតិឆ្នាំ២០០៥ ដើម្បីការពារប្រជាជនពីឧក្រិដ្ឋកម្មទ្រង់ទ្រាយធំទាំងបួន រួមមានអំពើប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងការបោសសម្អាត ជាតិពន្ធុ។
ដូចបានគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. រួចហើយ អ.វ.ត.ក. សម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រនឹកស្មានមិនដល់ និងគួរឱ្យកត់សំគាល់ក្រៃលែង ដែលបាននាំយកអតីតប្រមុខរដ្ឋនៃរបបមួយមកធ្វើការជំនុំជម្រះទោស បានលាតត្រដាងនូវការពិត ជាប្រវត្តិសាស្រ្តអំពីរបបខ្មែរក្រហម និងបានផ្តល់យុត្តិធម៌និងជួយសម្រាលផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងបានបន្សល់ទុកនូវឯកសារសំណុំរឿងចំនួនជាង ២,៤ លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង។ ឆ្លៀតក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាល កម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកទាំងឡាយ ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនេះ រួមមាន ចៅក្រម ព្រះរាជអាជ្ញា មេធាវី មន្ត្រីច្បាប់ និងមន្រ្តីបុគ្គលិករដ្ឋបាលតុលាការទាំងអស់ទាំងភាគីជាតិ និងអន្តរជាតិ។ ជាពិសេស ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដល់ជនរងគ្រោះដែលបានតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី និងបានផ្តល់សក្ខីកម្មអំពីរឿងរ៉ាវផ្ទាល់ខ្លួនដ៏ជូរចត់នៅចំពោះមុខតុលាការ ដើម្បីស្វែងរកការពិតនិងយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់នៃរបបដ៏ឃោរឃៅខ្មែរក្រហម។
មុននឹងចូលរួមកម្មវិធីនេះបន្តិច ខ្ញុំនិងថ្នាក់ដឹកនាំមួយចំនួន បានដើរពិនិត្យមើលដោយផ្ទាល់នូវសមិទ្ធផលសម្រេចបានរបស់អ.វ.ត.ក. ទាំងនៅក្នុងដំណាក់កាលជំនុំជម្រះក្តីអស់រយៈពេល១៦ឆ្នាំ (២០០៦-២០២២) និងទាំងក្នុងកំលុងពេលកំពុងអនុវត្តមុខងារសេសសល់ចាប់ពីឆ្នាំ២០២៣មក។ ជាពិសេស ការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ដែលមានសមាសភាគសំខាន់ ៗ ចំនួន៦ ដូចដែលបានលើកឡើងដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ រួចហើយដែរ។ ក្នុងនោះ មានគម្រោងសាងសង់ចំនួន២ គឺគម្រោងសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះនៃ របបខ្មែរក្រហម និងសាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងគម្រោងកសាង-ឧទ្យានសម្រាប់ការចងចាំ ដែលបានបញ្ចុះបឋមសិលាមុននេះ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤នេះ និង២០២៥ខាងមុខ។
ក្រៅពីសមិទ្ធផលខាងលើ ខ្ញុំក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តអប់រំ និងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីបណ្ណសារនៃសំណុំរឿង និងសមិទ្ធផលការងារសម្រេចបានរបស់ អ.វ.ត.ក. ដើម្បីឱ្យសិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ អាចមានលទ្ធភាពពង្រីកចំណេះដឹងរបស់ពួកគេពាក់ព័ន្ធនឹងរបបខ្មែរក្រហម ដោយត្រូវផ្សារភ្ជាប់ជាមួយនឹងការរៀបចំដំណើរទស្សនកិច្ចសិក្សា ដល់សាធារណជន ជាពិសេស យុវជន យុវនារី សិស្ស និស្សិត និងគ្រូបង្រៀនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. និងទីតាំងឧក្រិដ្ឋកម្មនានា (សារមន្ទីរប្រល័យពូជ-សាសន៍ទួលស្លែង និងសារមន្ទីរវាលពិឃាតជើងឯកជាដើម) និងជាពិសេស ស្វែងយល់អំពីប្រវត្តិ និងដំណើរការនៃការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងអំពីការកសាងវិមានឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ យើងត្រូវជំរុញឱ្យមានសហថាមភាពក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័ន អប់រំ វប្បធម៌ យុត្តិធម៌ និងទេសចរណ៍ ក្នុងការផ្ទេរនិងទទួលចំណេះដឹង ចំណេះធ្វើ បទពិសោធ ល្អៗ និងឯកសារនានាពីអ.វ.ត.ក. ក្នុងស្មារតីបញ្ជ្រាបការយល់ដឹង និងការចូលរួមថែរក្សាសមិទ្ធផលទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំងបង្ការនិងទប់ស្កាត់អំពើជ្រុលនិយម និងការកើតឡើងវិញនៃអតីតកាលដ៏ខ្មៅងងឹតនិងដ៏ជូរចត់របស់កម្ពុជានាពេលអនាគត។
ជាមួយនឹងការអប់រំ និងការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ អ.វ.ត.ក. នេះ យើងក៏ត្រូវគិតគូរផងដែរ អំពីការថែរក្សាប្រកបដោយលក្ខណៈនិរន្តរភាពនូវសមិទ្ធផលគម្រោងសំណងសមូហភាព និងផ្លូវចិត្ត ដែលអ.វ.ត.ក. បានសម្រេចផ្តល់ឱ្យដល់ដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះនៃរបបខ្មែរក្រហម នាពេលកន្លងមក និងបង្កើតគម្រោងនានាបន្ថែមទៀត ដើម្បីបន្តផ្តល់ការគាំទ្រដល់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះទាំងអស់។
សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់អ.វ.ត.ក. ដូចដែលយើងបានឃើញនៅពេលនេះ បានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយ ដែលមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ (Accountability Process)។ នេះ គឺជាអំណាចទន់ (Soft Power) របស់យើង ហើយយើងគួរមានមោទនភាព និងដើរតួរឱ្យកាន់តែសកម្ម ដើម្បីចែក-រំលែកបទពិសោធ និងសមិទ្ធផលទាំងអស់របស់យើងនៅថ្នាក់តំបន់ និងអន្តរជាតិ ក្នុងការលើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់កម្ពុជា ដែលមានបទពិសោធល្អៗទាក់ទង ទៅនឹងការស្វែងរកសន្តិ-ភាពក្រោយចម្បាំង ការដោះស្រាយជម្លោះប្រដាប់អាវុធ និងការបង្រួបបង្រួមជាតិ។ អំណាចទន់នេះ ក៏អាចក្លាយជាអំណាចរឹងមួយដែរ សម្រាប់កម្ពុជាលើវិស័យយុត្តិធម៌អន្តរកាល ពោលគឺការរកដំណោះ – ស្រាយក្រោយជម្លោះប្រដាប់អាវុធ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើត «វិទ្យាស្ថានរបស់ រដ្ឋមួយទទួលបន្ទុកកេរដំណែលរបស់ អ.វ.ត.ក.» ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីស្វែងយល់បន្ថែមអំពីអំពើឧក្រិដ្ឋកម្មធន់ធ្ងរ ក៏ដូចជាជោគជ័យនៃដំណើរការជំនុំជម្រះក្តីរបស់ អ.វ.ត.ក.។
ដោយមើលឃើញអំពីសារៈសំខាន់នៃការចែករំលែកចំណេះដឹង ការអប់រំនិងការផ្សព្វផ្សាយព័ត៌មាន, បទពិសោធ, សមិទ្ធផល, យុត្តិសាស្រ្ត (Jurisprudences) របស់អ.វ.ត.ក. នៅគ្រប់កម្រិតនិងទិដ្ឋភាពនៃសង្គមនៅកម្ពុជា និងនៅលើឆាកតំបន់និងអន្តរជាតិ ក្នុងការរក្សាបាននូវសន្តិភាពយូរអង្វែង, ការចូលរួម ពង្រឹងយុត្តិធម៌អន្តរកាល (Transitional Justice), និងការបង្ការនិងទប់ស្កាត់អំពើសាហាវយង់ឃ្នងនិងអំពើប្រល័យពូជសាសន៍ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃ អ.វ.ត.ក. ផ្ទាល់តែម្តង សូមគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទៅលើការបង្កើតវិទ្យាស្ថានខាងលើ ដែលមានលក្ខណៈស្វយ័ត ស្វ័យគ្រប់គ្រង និងនិរន្តរភាព ព្រមទាំងមានការចូលរួមពីស្ថាប័នជាតិ ស្ថាប័ន/អង្គការថ្នាក់តំបន់ អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងអ្នកជំនាញស្រាវជ្រាវជាតិ-អន្តរជាតិ ដូចខាងក្រោម៖
ទី១. អំពីចក្ខុវិស័យនិងបេសកកម្មរបស់វិទ្យាស្ថាន (Vision and Mission)៖ ចក្ខុវិស័យរបស់វិទ្យស្ថាន គួរផ្តោតទៅលើឧត្តមភាពក្នុងការស្រាវជ្រាវដល់ប្រទេសកម្ពុជា តាមរយៈការពង្រឹងយន្តការទប់ស្កាត់ជម្លោះ គាំទ្រសន្តិភាពប្រកបដោយនិរន្តភាព និងការចែករំលែកបទពិសោធ នៃគំរូតុលាការរបស់កម្ពុជា ទាក់ទងនឹងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ (Accountability Process) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងជុំវិញពិភពលោក។ រីឯ-បេសកកម្មរបស់វិទ្យាស្ថានវិញ គួរគ្របដណ្តប់ទៅលើ (ក) ការសម្របសម្រួល និងការអនុវត្ត គោលនយោបាយអភិវឌ្ឍគោលនយោបាយកសាងសន្តិភាព; (ខ) ការបង្កើនឧត្តមភាពក្នុងការស្រាវជ្រាវ ការវិភាគនិងផ្តល់អនុសាសន៍លើគោលនយោបាយដល់ស្ថាប័នក្នុងតំបន់អាស៊ាន; និង (គ) ការលើកកម្ពស់តម្លាភាពនិងគណនេយ្យភាព, ការរក្សានិរន្តរភាពសន្តិភាព, និងការពង្រឹងការបង្រួបបង្រួមសង្គមតាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់។
ទី២. អំពីគោលការណ៍គ្រប់គ្រងនិងតម្រង់ទិស (Guiding Principles)៖ គោលការណ៍គ្រឹះរបស់វិទ្យាស្ថាន គួរមានលក្ខណៈស្វយ័តក្នុងការលើកកម្ពស់ការត្រិះរិះពិចារណាកម្រិតខ្ពស់ ឧត្តមភាព ក្នុងការសិក្សាស្រាវជ្រាវ និងភាពជាអ្នកដឹកនាំលើយុត្តិធម៌អន្តរកាលក្នុងតំបន់ និងការ- កសាងសន្តិភាព ព្រមទាំងជំរុញឱ្យមានសហថាមភាពក្នុងការប្រមូលផ្ដុំតួអង្គសំខាន់ៗមកពីស្ថាប័នអប់រំ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ ស្ថាប័នសាធារណៈ ដើម្បីកសាងគំនិតផ្តួចផ្តើមស្តីពីការទទួលខុសត្រូវចំពោះមុខច្បាប់ (Initiatives on Accountability) និងពង្រឹងមាគ៌ាកម្ពុជាកសាងសន្តិភាព។
ទី៣. អំពីទីតាំង (Location)៖ ទីតាំងដែលត្រូវបង្កើតវិទ្យាស្ថានខាងលើ គួរយកអគារអនុវត្តមុខងារ សេសសល់របស់អ.វ.ត.ក. ធ្វើជាកន្លែងផ្លូវការ ដោយហេតុថាអគារបច្ចុប្បន្ននេះត្រូវបានភាគីជាតិនិងភាគីអន្តរជាតិ(ភាគីអ.ស.ប.) នៃអ.វ.ត.ក. បានធ្វើការជួសជុល, បានបំពាក់ហេដ្ឋា-រចនាសម្ព័ន្ធអេឡេចត្រូនិកនិងព័ត៌មានវិទ្យា(ICT), បានរៀបចំជា បណ្ណាល័យ, និហិតដ្ឋាន-បណ្ណសារ, និងសាលប្រជុំពហុមុខងារ, និងការតាំងពិព័រណ៍តាមជញ្ជាំងអគារជាដើម ដែលចំណាយអស់ថវិកាប្រមាណជិត៣លានដុល្លារអាម៉េរិករួចហើយ។ ជាពិសេស ទីតាំងនេះត្រូវបានក្លាយទៅជាទីកន្លែងពេញនិយមមួយនិងក៏មានការចាប់អារម្មណ៍ពីសំណាក់យុវជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិជាបណ្តើរៗរួចហើយ។
ទី៤. អំពីពេលវេលា (Timing)៖ ចំពោះពេលវេលាសមស្របដែលត្រូវបង្កើតវិទ្យាស្ថានវិញ គួរ-ពិចារណាបង្កើតនៅអំឡុងពេលស្របគ្នា ដែលអ.វ.ត.ក. កំពុងអនុវត្តមុខងារសេសសល់របស់ខ្លួន ហើយរដ្ឋបាលនៃអ.វ.ត.ក. អាចជួយកសាងលិខិតបទដ្ឋានគតិយុត្តបង្កើតវិទ្យាស្ថាន, ជួយបង្កើតយន្តការអនុវត្តការងារមួយសមស្រប និងអាចចាប់ផ្តើមបំពេញតួនាទីស្នូលជាបណ្តើរៗរបស់វិទ្យាស្ថានដែលត្រូវបង្កើតឡើងនោះ។
ជារួម, វិទ្យាស្ថានខាងលើ គឺជាមជ្ឈមណ្ឌលឧត្តមភាពមួយ (A Center of Excellence) ដើម្បីរៀបចំជាមេរៀនដ៏មានតម្លៃអំពីការដឹកនាំ នៃគោលនយោបាយកសាងសន្តិភាពជាតិ, «សៀវភៅស» ស្តីពីយុត្តិធម៌អន្តរកាល, និងការបង្កើតឧត្តមភាពខ្ពស់ ដើម្បីធ្វើការទៅលើការបង្ការនិងការទប់ស្កាត់មិនឱ្យកើតឡើងវិញ នៃអំពើសាហាវឃោរឃៅនិងប្រល័យពូជសាសន៍ ការថែរក្សាសន្តិភាពយូរអង្វែង និងការចងចាំនៅកម្ពុជា ហើយក៏ត្រូវផ្តល់ជាការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន ប្រព័ន្ធអង្គការសហប្រជាជាតិ និងរចនាសម្ព័ន្ធសន្តិភាព និងការអភិវឌ្ឍស្រដៀងគ្នា។ វិទ្យាស្ថាននេះ ក៏ត្រូវទទួលខុសត្រូវលើការថែរក្សាទុកឱ្យបានត្រឹមត្រូវនិងស្តង់ដារខ្ពស់នៃបណ្ណសារ និងការប្រើប្រាស់សមិទ្ធផល បទពិសោធ និងកេរដំណែលដ៏មានតម្លៃរបស់ អ.វ.ត.ក. ប្រកបដោយលក្ខណៈប្រសិទ្ធភាព គុណភាព និងតម្លាភាព។
ជាមួយគ្នានេះដែរ, ខ្ញុំក៏សូមស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្ត
មុខងារសេសសល់ និងរដ្ឋបាលនៃ អ.វ.ត.ក. ក៏បន្តការពិចារណាឱ្យបានស៊ីជម្រៅទៅលើចំណុចចំនួន៦ទៀត រួមមាន៖ ទី១-អំពីតួនាទី និងការទទួលខុសត្រូវស្នូលរបស់វិទ្យាស្ថាន (Core Roles and Responsibilities), ទី២-អំពីឈ្មោះនិងរចនាសម្ព័ន្ធ (Name and Structure), ទី៣. អំពីឋានៈនិងទម្រង់ (Status and Modality), ទី៤-អំពីដៃគូសហប្រតិបត្តិការ (Partners of Cooperation), ទី៥-អំពីការវាយតម្លៃផលប៉ះពាល់ (Impact Assessment), និងទី៦-អំពីតម្រូវការថវិកា (Budget Requirements)។
{ចាប់ផ្ដើមសេចក្ដីអធិប្បាយ}
(១) ឯកសារកាត់ទោសប្រល័យពូជសាសន៍ជាង ២ លាន ៤ សែនទំព័រ មានផ្នែកសំងាត់ និងផ្នែកកសាធារណរៈ
អម្បាញ់មិញនេះ ខ្ញុំដើរចូលមកបានមើលកន្លែងថែទាំឯកសារជាង ២ លាន ៤ សែនទំព័រ។ ពិតណាស់ ក្នុងនោះមានឯកសារដែលយើងត្រូវបែងចែក ជាឯកសារកំរិតសំងាត់ និងឯកសារ(កំរិត)ជាសាធារណរៈ។ ប៉ុន្ដែ អ្វីដែលសំខាន់ ការបញ្ចប់(ការកាត់ទោស)ក្នុង ១៦ឆ្នាំនេះ ដើម្បីបិទបញ្ចប់នូវប្រវតិ្ដសាស្ដ្រកម្ពុជាមួយដ៏ខ្មៅងងឹត។ ប៉ុន្ដែទំព័រប្រវត្ដិសាស្ដ្រនេះមិនត្រូវបិទហើយចាក់សោរទុកអោយដីគ្របនោះទេ។ ចាំបាច់ត្រូវរំលឹកឡើងវិញឲ្យកូនខ្មែរចងចាំ។ ពីថ្ងៃ
(២) មនុស្សចាស់នៅចាំមិនភ្លេច ឯយុវជនមួយចំនួនមិនជឿពីអ្វីដែលបានកើតក្នុងរបបប្រល័យពូជសាសន៍
ម្សិលម្ង៉ៃ ខ្ញុំបានឃើញវីដេអូឃ្លីបមួយ យកពីរឿងកុនមួយនៅជំនាន់ខ្មែរក្រហម។ នៅក្នុងវគ្គមួយនោះ គេបាន(បង្ហាញ)កងឈ្លបរបស់ខ្មែរក្រហមទៅហៅលោកតាម្នាក់ដែលកំពុងដេកគ្រុន ឲ្យទៅភ្ជួរស្រែ នៅពេលដែលមានមនុស្សពីរនាក់ទៀត ធ្វើជាគោក្នុងការភ្ជួរ។ រឿងដែលខ្ញុំចាប់អារម្មណ៍គឺនៅក្នុងខមិន។ យើងឃើញភាពខុសគ្នារវាងមនុស្សចាស់ និងមនុស្សក្មេង អ្នកដែលចូលខមិន។ មនុស្សចាស់ថា គាត់នៅចាំមិនអាចភ្លេចបានទេ។ ប៉ុន្ដែយុវជនក្មេងៗមួយចំនួនបាននិយាយថា មិនជឿថានៅសម័យនោះអត់គោក្របី ហើយយកមនុស្សមកភ្ជួរ។ គឺជាការសំដែងហួសជ្រុលពេក។ ទើបតែដំណាក់កាលប៉ុណ្ណេះ មានអ្នកនៅរស់(ពីរបបប៉ុល ពត) បានចងចាំផង (ប៉ុន្ដែ)គេមិនជឿបាត់ទៅហើយ (ព្រោះ)ប្រវត្ដិសាស្ដ្រមិនត្រូវបានចែករំលែក។ នេះមិនខុសពីនៅបណ្ដាប្រទេសមួយចំនួនដែលក្មេងមិនជឿថា holocaust កើតមាននៅពេលសង្គ្រាមលោកលើកទី២ ផង។
(៣) ត្រូវបង្កើតនិងរៀបចំវិទ្យាស្ថានថែរក្សា និងចែករំលែកឯកសារស្តីពីការកាត់ទោសប្រល័យពូជសាសន៍
ប្រវត្ដិសាស្ដ្រ មិនមែនសំរាប់រំលឹកតែអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្ដែវាជាតថភាពមួយនៅក្នុងសង្គម ដែលកម្ពុជានិងពិភពលោករងគ្រោះ ជាអ្វីមនុស្សជាតិមិនត្រូវការ(ឲ្យ)កើតឡើង។ ការរៀបចំ ចងក្រង ស្រាវជ្រាវ ចាំបាច់ត្រូវតែមាន ប៉ុន្ដែត្រូវមាន (ដោយ)ផ្អែកលើឯកសារដែលពិតប្រាកដ កុំឲ្យនិយាយពាក្យថាក្អែក ១ ក្អែក ១០។ បើប្រវត្ដិសាស្ដ្រមិនផ្អែកលើឯកសារពិតប្រាកដ ថ្ងៃក្រោយវានឹងក្លាយហើយ។ អញ្ចឹង ទាមទារនូវការតំកល់ទុកឯកសារនៅទីនេះ និងការបង្កើត រៀបចំ វិទ្យាស្ថាននៅថ្ងៃមុខ ថែរក្សា និងចែករំលែក។ ឥលូវ សូម្បីនៅអង្គការសហប្រជាជាតិ កន្លែងខ្លះក៏មានបង្កើតចេញជាថ្ងៃចងចាំអំពើប្រល័យពូជសាសន៍នៃប្រទេសមួយចំនួន ដើម្បីឲ្យមនុស្សជាតិចងចាំពីប្រវត្ដិសាស្ដ្រ។ ប្រវត្ដិសាស្ដ្រដែលល្អយើងត្រូវខិតខំប្រឹងប្រែងដើម្បីជោគជ័យ ប៉ុន្ដែប្រវត្ដិសាស្ដ្រដែលជូរជត់ត្រូវចងចាំ ហើយធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្ដអំពើជ្រុលនិយមការកាប់សំលាប់ប្រជាពលរដ្ឋ។
(៤) និស្សិតចូលមកស្រាវជ្រាវឯកសារកាត់ទោសពី ៨០ ទៅ ១០០ នាក់ ក្នុងមួយថ្ងៃ
ក្នុងគោលនយោបាយ ទិសដៅណាក៏ដោយ ហេតុផលណាក៏ដោយ ការចេញគោលនយោបាយកាប់សំលាប់ប្រជាជនរាប់លាននាក់បែបនេះ គឺមិនអាចទទួលយកបាន ហើយកូនខ្មែរទាំងអស់ត្រូវចងចាំ។ការសិក្សាស្រាវជ្រាវឯកសារនិងការចងក្រងឯកសារបែបនេះ ត្រូវថែរក្សាអោយបានជាប់ ដផយមិនត្រឹមថែរក្សាទុកនៅកន្លែងនេះទេ។ អម្បាញ់មិញឯកឧត្តម ក្រាញ់ តូនី បានប្រាប់ថា និស្សិតចូលមកស្រាវជ្រាវទីនេះចង់ពេញអស់ហើយ មួយថ្ងៃចូលប្រមាណពី ៨០ ទៅ ១០០ នាក់។ នេះជាកិច្ចការល្អ។ ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ទាំងជនបរទេស ទាំងខ្មែរ ដែលចង់សិក្សាអំពីប្រវត្ដិពិតប្រាកដ ការស្រាវជ្រាវឯកសារដើមនៅទីនេះ។ យើងមានឯកសារ source ទី១ និង២។ ឯកសារ source ទី១ គឺយកពីអ្នកដើមតែម្ដង។ ឯកសារដែលយកបន្ដគេហៅថាឯកសារប្រភពជំហាន២។ឧទាហរណ៍ លោក Nate Thayer ទៅសំភាសន៍ជាមួយនឹងប៉ុល ពត មុននឹងគាត់ស្លាប់។ នេះជាឯកសារដើមសំរាប់ទាំងអស់។ ប៉ុន្ដែគាត់យកទៅសរសេរបញ្ចេញបញ្ចូលអីទៅ (ដូចនេះ)អ្នកទៅស្រាវជ្រាវបន្ដនឹងបាត់ធាតុដើម។នៅកន្លែងនេះ ឯកសារធាតុដើមច្រើន។
(៥) ឯកសារកាត់ក្តី ១៦ឆ្នាំ មាន ២ លាន ៤ សែនសន្លឹក កូពី ជាឌីជីថល អាចបំរើសេចក្តីត្រូវការរាប់រយឆ្នាំបន្ដ
អម្បាញ់មិញនេះ មានទាំងវីដេអូទៀត។ សំភាសន៍សាក្សីណាមកមានទាំងវិដេអូបន្ថែមទៀត។ បើខ្លាចអ្នកយកទៅចងក្រងបាត់ពាក្យមើលវីដេអូបន្ថែម ព្រោះពាក្យពេចន៍នីមួយៗ ឃ្លានីមួយៗ បង្ហាញពីតថភាពជាក់ស្ដែង។ ការថែរក្សាបែបនេះគឺសំខាន់។ ការរៀបចំឯកសាររឹង បញ្ចូលជាឌីជីថល ហើយត្រូវមាន BACKUP ទៀត។ ខ្ញុំបានឲ្យយោបល់ថាកុំ BACKUP តែមួយក្នុងអគារ។ ប្រសិនបើបន្ទប់នឹងមានបញ្ហា ត្រូវមានបន្ទប់ផ្សេង ឬអគារផ្សេងដែលរក្សាឌីជីថល។ ឥលូវល្អដែរ ដោយសារ ២ លាន ៤ សែន សន្លឹកនេះ មិនចាំបាច់កូពី ២លាន ៤ សែនទេ។ យើងកូពីជាឌីជីថល ហើយអាចដាក់បានច្រើន ព្រោះឯកសារទាំងនេះ(ជាតឹកតាង ហើយគេ)មិនអាចត្រឡប់មកកាត់ក្ដី ១៦ឆ្នាំឡើងវិញទេ។ ប៉ុន្ដែ ឯកសារ ១៦ឆ្នាំនេះ អាចបំរើរាប់រយឆ្នាំបន្ដទៅទៀត ដែលចាំបាច់ត្រូវថែរក្សា។
(៦) ប្រវត្ដិសាស្ដ្រនិងបទពិសោធន៍ ពិសេសតុលាការកូនកាត់ ទុកសំរាប់ចែករំលែកដល់បណ្ដាតំបន់ស្រាវជ្រាវ
ប្រវត្ដិសាស្ដ្រដែលកម្ពុជាមាន ក៏មិនត្រឹមទុកតែ(សំរាប់)កម្ពុជាកូនខ្មែរនោះដែរទេ ត្រូវចែករំលែកទៅដល់បណ្ដាតំបន់ផ្សេងៗ តាមរយៈការបើកឲ្យស្រាវជ្រាវ ចែករំលែកបទពិសោធន៍ ជាពិសេសតុលាការកូនកាត់ដែលមានចរិតប្រវត្ដិសាស្ដ្រនេះ។ នេះជាអ្វីដែលជាភាពចាំបាច់ក្នុងការរៀបចំ ថែរក្សានូវអគារនេះ។ ថ្ងៃនេះ ជាជំហានមួយដែលថ្ងៃក្រោយយើងរៀបចំជាវិទ្យាស្ថានបន្ថែមទៀតដើម្បីពង្រីកសក្ដានុពល ទុកជាតំលៃសំរាប់កូនខ្មែរជំនាន់ក្រោយ រាប់ទាំងវប្បធម៌នៃការឈឺចាប់។ វប្បធម៌ និងប្រវត្ដិសាស្ដ្រដែលលំបាក បង្ហាញនូវភាពចំាបាច់ថែរក្សាសន្ដិភាព ព្រោះវាភ្ជាប់គ្នា។ វាភ្ជាប់គ្នានូវអ្វីដែលជាប្រវត្ដិសាស្ដ្រពីសម័យមហានគរចុះមករហូតមកដល់ចំណុចសូន្យ ហើយត្រូវចាប់ផ្ដើមឡើងវិញ និងរាប់រយឆ្នាំទៅមុខទៀត ដែលខ្ញុំនិយាយថា សម័យនេះសូម្បីអ្នកដែលបានឆ្លងកាត់ជាក់ស្ដែង ជួនកាលអ្នកដែលត្រូវគេយកទៅទឹមធ្វើគោផង នៅមានក្មេងៗមួយចំនួនមិនជឿ។ ទម្រាំតែអ្នកទាំងអស់នេះមានអាយុ ៥០ ឆ្នាំ … តើមានអ្នកណាប្រាប់(ថារឿងពិតវាយ៉ាងណា)? នេះគ្រាន់តែជាទិដ្ឋភាពមួយដែលខ្ញុំបានឃើញនិងដកស្រង់ជាក់ស្ដែងពីការដែលបានឃើញឃ្លីបខ្លីមួយដែលគេបង្ហោះពី(ជីវិត)សម័យប៉ុល ពត។ អញ្ចឹង ទម្រាំឯកសារជូរចត់រាប់លាននេះ វាជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ។
{បញ្ចប់សេចក្ដីអធិប្បាយ}
ជាទីបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្តាំផ្ញើ តាមរយៈឯកឧត្តម មីហ្គែល ឌឺ សែប៉ា សូអារ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ ជូនទៅឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមបង្កើតឱ្យមានតុលាការកូនកាត់គំរូមួយក្នុងទម្រង់ជា «អ.វ.ត.ក. ឬសាលាក្តីខ្មែរក្រហម» និងក៏សូមថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិផងដែរ ដែលបានគាំទ្រទាំងផ្នែកនយោបាយ បច្ចេកទេស និងថវិកា ដែលអនុញ្ញាតឱ្យតុលាការនេះបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តី របស់ខ្លួនប្រកបទៅដោយភាពរលូន ជោគជ័យ និងមានការទទួលស្គាល់ជាអន្តរជាតិ។ ជោគជ័យរបស់តុលាការនេះ ត្រូវបានចាត់ទុកជាជោគជ័យរួមទាំងអស់គ្នា រួមមាន៖ រាជរដ្ឋាភិបាលកម្ពុជា អង្គការសហ-ប្រជាជាតិ និងសហគមន៍អន្តរជាតិ ជាពិសេស គឺជាជោគជ័យសម្រាប់ជនរងគ្រោះនិងមនុស្សជាតិទាំងមូល។ ខ្ញុំសូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះ ទទួលបាននូវសុខភាពល្អ វិបុលភាព សុភមង្គល និង ជោគជ័យក្នុងគ្រប់ភារកិច្ច។ សូមអរគុណ៕