នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញធ្វើជាអធិបតី ការរៀបចំមហាសន្និបាតលើកទី៧ នៃក្រុមប្រឹក្សាលើកតម្កើងហ្រ្វង់កូហ្វូនីនៅកម្ពុជា (CPFC) ។ តំណាងពាក់ព័ន្ធហ្វ្រង់កូហ្វូនជាច្រើននាក់មកពីក្រសួង ស្ថាប័នសាធារណៈ ស្ថានទូតនៃប្រទេសប្រើប្រាស់ភាសាបារាំង គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។
មហាសន្និបាតនេះ បានចាប់ផ្តើមតាមរយៈការបង្ហាញអំពីព្រឹត្តិការណ៍សំខាន់ៗនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៩ នៅ Villers-Cotterêts ប្រទេសបារាំង ក៏ដូចជាការងារត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅកម្ពុជា។ មហាសន្និបាតក៏បានផ្តល់ឱកាសដល់អ្នកចូលរួមបង្ហាញអំពីសកម្មភាពហ្រ្វង់កូហ្វូនរបស់ស្ថាប័នរៀងៗខ្លួន ដែលត្រូវបានអនុវត្តក្នុងឆ្នាំ២០២៣-២០២៤។ កិច្ចប្រជុំក៏បានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា យុវជន ការអប់រំ ការបណ្តុះបណ្តាល និងសកម្មភាពហ្រ្វង់កូហ្វូនដែលត្រូវបានអនុវត្ត និងបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ហ្រ្វង់កូហ្វូនីនៅកម្ពុជា តាមរយៈកិច្ចប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធនឹងហ្វ្រង់កូហ្វូន។