(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងព័ត៌មាន តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។
សន្និបាតនេះ បានពិនិត្យទៅលើលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងបញ្ហាប្រឈមនានា។ សន្និបាតក៏បានពិនិត្យមើលការងារ ដែលនឹងត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២៤ផងដែរ។
ក្រសួងព័ត៌មានត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និង សោតទស្សន៍ ក្នុងនោះផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយការពិតពីកម្ពុជាតាមរយៈព្រឹត្តិបត្រ កាសែត ទស្សនាវដ្តី រូបថត វិទ្យុ ទូរទស្សន៍ និងផ្សព្វផ្សាយតាមអេឡិចត្រូនិច អនុញ្ញាតិឱ្យធ្វើអាជីវកម្ម និងគ្រប់គ្រងសេវាកម្មនានាដែលទាក់ទងការចេញផ្សាយផលិតផលព័ត៌មានសោតទស្សន៍ គាំពារសិទ្ធិសេរី ភាពសារព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសារព័ត៌មាន និងសោតទស្សន៍អន្តរជាតិ។
ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមការវិវត្តរីកចម្រើននៃបច្ចេកវិទ្យា ព័ត៌មាននាពេលបច្ចុប្បន្ន។ ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពចម្រុះ និងគ្រប់ទស្សនៈ បាននិងកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍ ឬហេតុការផ្សេងៗ ដែលបានកើតឡើងទាំងក្នុងប្រទេស និងពិភពលោក។ បន្ថែមពីលើនេះ ភាពសម្បូរបែប នៃមធ្យោបាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏បានអនុញ្ញាតឱ្យសាធារណជនអាចទទួលបានព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។
ក្នុងគោលបំណងតម្កល់នូវឧត្តមគតិជាតិដ៏ថ្លៃថ្លា ក្រសួងព័ត៌មានខិតខំបន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋ ដើម្បីធ្វើការ បម្រើជាតិ ប្រជាជន និងចូលរួមប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខសន្តិភាព និងវិបុលភាព មានការអភិវឌ្ឍន៍រស់រវើក មានជីវភាពកាន់តែប្រសើឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន។
នៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានសម្រេចបានការងារធំៗជាច្រើន សម្រាប់ប្រទេសជាតិគួរ ជាទីមោទនៈដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ព្រឹត្តិការណ៍ធំៗដែលបានរៀបចំនៅឆ្នាំ២០២៣កន្លងទៅរួមមាន៖ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEAGAMES) លើកទី៣២ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAMES) លើកទី១២ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ការងារផ្សព្វផ្សាយយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧ និងការងារផ្សព្វផ្សាយអំពីបុណ្យឯករាជជាតិ ពិធីបុណ្យអុំទុក អកអំបុក សំពះព្រះខែ។ ជាមួយនឹងវឌ្ឍនភាពការងារ និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានជួបប្រទះនឹងបញ្ហាមួយចំនួនក្នុងការបំពេញការងារ និងការអនុវត្តនូវភារកិច្ចរបស់ខ្លួន។
សរុបជារួមមកក្នុងឆ្នាំ២០២៣កន្លងទៅនេះ អគ្គនាយកដ្ឋានជំនាញទាំង៥ និងអង្គភាពចំណុះនៃក្រសួងព័ត៌មាន បានខិតខំបំពេញការងារដោយមធ្យ័ត និងទទួលខុសត្រូវខ្ពស់ដោយសម្រេចបាននូវលទ្ធផលប្រកបដោយក្តីមោទនៈ បើទោះបីមានប្រឈមមួយ ចំនួនយ៉ាងណាក្តី។ សមទ្ធិផលទាំងនោះបានធ្វើឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ កាន់តែមានការរីកចម្រើនបន្ថែមទៀត។
បញ្ហាប្រឈមនៅឆ្នាំ២០២៣ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ទាមទារឱ្យមានការដោះស្រាយឱ្យបានទាន់ពេលវេលាដើម្បីបង្កើនគុណភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ និងការងារផ្សព្វផ្សាយព័ត៌មាន សម្រាប់ទិសដៅការងារឆ្នាំ២០២៤ ក្រសួងព័ត៌មានបន្តបំពេញការងារជាសេនាធិការរបស់រាជរដ្ឋាភិបាលស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន និងផ្តោតការយកចិត្តទុកដាក់លើការងារអាទិភាពសំខាន់ៗមួយចំនួនដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល រួមមាន៖ ការធ្វើទំនើបកម្មស្ថាប័ននិងការកសាងរដ្ឋបាលទំនើប ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ការពង្រឹងបទដ្ឋានបច្ចេកទេស ការ រៀបចំប្រព័ន្ធនិងយន្តការគ្រប់គ្រងលំហព័ត៌មាន និងការពង្រឹងកិច្ចសហប្រតិបត្តិការ។
តាមរយៈសន្និបាតរយៈពីរថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ទិសដៅការងារឆ្នាំ២០២៤ដូចខាងក្រោម៖
១៖ ពង្រឹងតួនាទីក្រសួងព័ត៌មានធ្វើជាស្ថាប័នទំនាក់ទំនងសាធារណ:របស់រាជរដ្ឋាភិបាលឱ្យកាន់តែសកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពលើវិស័យផ្សព្វផ្សាយ និងព័ត៌មាន។
២៖ បញ្ចប់សេចក្តីព្រាងអនុក្រិត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មានក្នុងបរិបទបរិវត្តកម្មឌីជីថល។
៣៖ បញ្ចប់សេចក្តីព្រាងច្បាប់ស្តីសិទ្ធិទទួលព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចពិនិត្យរបស់ក្រសួងយុត្តិធម៌។
៤៖ កសាងសមត្ថភាព និងគុណភាព មូលធនមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជជីវៈ និងជំនាញក្នុងអង្គភាពផ្សាយរបស់រដ្ឋ ដើម្បីដើរទាន់ទីផ្សារឌីជីថល ក្នុងវិស័យព័ត៌មាននិងផ្សព្វផ្សាយ។
៦៖ ពង្រីកលំហប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិឱ្យគ្របដណ្ដប់បានទូទាំងប្រទេស និងឆ្ពោះទៅកាន់អន្តរជាតិ។ ៧៖ ជំរុញដំណើរការផ្លាស់ប្ដូរប្រព័ន្ធផ្សាយទូរទស្សន៍ពីអាណាឡូក ទៅឌីជីថល ឱ្យចេញដំណើរបានទាន់ផែនការបិទបញ្ចប់នៅឆ្នាំ២០២៥៕ អត្ថបទ៖ Fresh News