វិមានសន្តិភាព, រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣
– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
– លោកជំទាវ Irina Bokova អគ្គនាយិការនៃអង្គការយូណេស្កូ
– លោកជំទាវ Katalin Bogyay ប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ
– លោកជំទាវ Alissandra Cummins ប្រធានគណៈប្រតិបត្តិនៃអង្គការយូណេស្កូ
– ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ និងអ្នកជំនាញការនៃស្ថាប័នពិគ្រោះយោបល់
– ឯកឧត្តម លោកជំទាវគណៈប្រតិភូ អស់លោក លោកស្រី
ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងការស្នាក់នៅលើទឹកដីនៃមាតុភូមិរបស់ខ្ញុំ នៅមុនពេលកិច្ចប្រជុំលើកទី៣៧របស់យើងនេះ។
ពិធីបើកកិច្ចប្រជុំនេះនឹងប្រព្រឹត្តឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសមេ្តចនឹងថ្លែងជាកិត្តិយសក្នុងឱកាសនេះ។ ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចចិត្តយ៉ាងពិសេស និងដ៏កម្រ ក្នុងការអញ្ជើញគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់យើងមករៀបចំសម័យ ប្រជុំលើកទី៣៧ នៅវិមានសន្តិភាពក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តីនេះ។ ជាការពិតណាស់ ក្នុងនាមគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ដែលជាប្រធានគណៈកម្មាធិការ សូមសម្តែង នូវអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជួយជ្រោមជ្រែងឱ្យមានព្រឹត្តិការណ៍នេះឡើង។
ឯកឧត្តម លោកជំទាវ
សហការីទាំងអស់
អស់លោក លោកស្រី ជាទីមេត្រី
ទី១
ជាបឋម ខ្ញុំសូមថ្លែងអំពី
គណៈកម្មាធិការអន្តររដ្ឋាភិបាល និងប្រធានរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក
ដូចយើងទាំងអស់គ្នាដឹងហើយថា រហូតមកដល់ថ្ងៃនេះ ចំនួនរដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក បានឈានដល់ចំនួន១៩០ប្រទេស។ ដោយសារអង្គការយូណេស្កូមានសមាជិក១៩៥ប្រទេស នេះមាន ន័យថា អនុសញ្ញានេះស្ទើរតែក្លាយជាលិខិតូបករណ៍គតិយុត្តិសកលទៅហើយនាពេលឥឡូវនេះ។ ដូច្នេះ បេសកកម្មរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលគឺជាបេកសកម្មសកល។ អំណាចរបស់គណៈកម្មាធិការ មានលក្ខណៈទូលំទូលាយ ចម្រុះ និងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ផ្នែកវប្បធម៌ ធម្មជាតិ និងសង្គម។
និយាយឱ្យច្បាស់ជាងនេះ គណៈកម្មាធិការមានកាតព្វកិច្ចក្នុងការធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ដោយ ផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ថាតើគួរចុះបញ្ជី ឬមិនចុះបញ្ជីសម្បត្តិណាមួយក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គណៈកម្មាធិការក៏មានកាតព្វកិច្ចផងដែរក្នុងការសិក្សាលើស្ថានភាពអភិរក្សនៃសម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីហើយ ដែលជួនកាលអាចត្រូវប្រកាសថាជាសម្បត្តិបេតិកភណ្ឌកំពុងរងគ្រោះ។ ក្នុងករណីដែលសម្បត្តិបេតិកភណ្ឌមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជាក់លាក់ណាមួយ និងនៅពេលដែលលែងមានភាពគ្រោះថ្នាក់ សម្បត្តិបេតិកភណ្ឌនោះនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌកំពុងរងគ្រោះថ្នាក់។
យើងទាំងអស់គ្នាឯកភាពថា ការទទួលខុសត្រូវទាំងអស់នេះគឺពិតជាមានសារៈសំខាន់ណាស់ ហើយវាគឺជាបេះដូងនៃប្រព័ន្ធបេតិកភណ្ឌពិភពលោក។ ប្រសិនបើខ្ញុំនិយាយយោងលើអត្ថបទអនុសញ្ញានេះ វាមិនមែនមិនសំខាន់នោះទេ ប៉ុន្តែវាជាការបញ្ជាក់យ៉ាងច្បាស់ពីការទទួលខុសត្រូវហ្មត់ចត់ដែលបានផ្តល់ឱ្យគណៈគម្មាធិការនេះ និងសមាជិកនីមួយៗរបស់ខ្លួន។ ក្នុងន័យនេះ នៅពេលដែលយើងមានកិត្តិយស នៅក្នុងគណៈកម្មាធិការនេះ វាគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ និងធានាថា ការសម្រេចចិត្តរបស់យើង គឺត្រូវផ្អែកយ៉ាងម៉ឹងម៉ាត់លើទិន្នន័យនិងឯកសារដែលផ្តល់ឱ្យដោយរដ្ឋភាគី និងការវាយតម្លៃដែលធ្វើឡើងដោយស្ថាប័នពិគ្រោះយោបល់ទាំងអស់។
ថ្ងៃនេះ ក៏ដូចជាអ្វីដែលយើងតែងតែអនុវត្តកន្លងមកដែរ ការសម្រេចចិត្តនានាដែលយើងធ្វើឡើង ពុំត្រូវផ្អែកលើការយោគយល់ ដែលធ្វើឱ្យប៉ះដល់ដល់កិត្តិយសរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់យើង ឡើយ។
នៅពេលដែលយើងនិយាយអំពីបេសកកម្មរបស់គណៈកម្មាធិការ យើងមិនអាចមិននិយាយអំពីតួនាទីរបស់ប្រធានគណៈកម្មាធិការបានទេ។
សូមអនុញ្ញាតឱ្យខ្ញុំជម្រាបថា ខ្ញុំប្តេជ្ញាអនុវត្តតាមវិធាននីតិវិធី និងយកចិត្តទុកដាក់ជាពិសេសលើលទ្ធភាព សម្របសម្រួលណាមួយក្នុងការសិក្សា និងការដោះស្រាយនូវបញ្ហាពិបាកៗ។
ដូច្នេះហើយ ទើបខ្ញុំបានទៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីសចំនួនពីរលើក។ លើកទីមួយកាលពីថ្ងៃទី៦ ទី៧ និងទី៨ ខែមករា ឆ្នាំ២០១៣ និងលើកទីពីរកាលពីថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០១៣។ ការទៅទីស្នាក់ការកណ្តាលយូណេស្កូនេះគឺជាកិច្ចប្រជុំបន្ថែមដើម្បីប្រមូលព័ត៌មាន និងដើម្បីធ្វើការសន្ទនា ពិគ្រោះយោបល់ជាដំបូងជាមួយនឹងសហការីរបស់ខ្ញុំ សមាជិកគណៈកម្មាធិការ ជាពិសេសជាមួយអនុប្រធាន បន្ទាប់មកជាមួយនឹងតំណាងមកពីស្ថាប័នពិគ្រោះយោបល់ ព្រមទាំងជាមួយនឹងមន្រ្តីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដែលដឹកនាំដោយលោក Kishore Rao និងបណ្ឌិត Mechtild Rossler ដែលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីទាំងអស់នាពេលនេះ។
ទី២
ឥឡូវនេះ ខ្ញុំសូមលើកអំពី
បេតិកភណ្ឌមនុស្សជាតិ និងអនាគតរបស់អនុសញ្ញាបេតិកភណ្ឌពិភពលោក
ជាការពិត ប្រសិនបើបញ្ហាការផ្តល់ហិរញ្ញវត្ថុអន្តរជាតិនៅតែជាបញ្ហាយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចគិតពីគោលដៅ និងការអភិវឌ្ឍប្រកបដោយវិជ្ជមាននោះទេ។
ក្នុងទស្សនៈរបស់យើង អនុសញ្ញាពាក់ព័ន្ឋនឹងការការពារបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ពិភពលោក នៅតែជាប្រភពនៃមោទនភាព។ នេះគឺពិតជាលិខិតតូបករណ៍គតិយុត្តិអន្តរជាតិដែលមានលក្ខណៈពិសេសជាងគេ ដូចដែលយើងបានឯកភាពគ្នានាពេលថ្មីៗនេះនៅក្នុងទីក្រុងក្យូតូ ប្រទេសជប៉ុន (ចាប់ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២) នៅពេលដែលយើងប្រារព្វខួបលើកទី ៤០ នៃអនុសញ្ញា ដែលបានអនុម័តដោយមហាសន្និបាតអង្គការយូណេស្កូកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧២។
នៅក្នុងសុន្ទរកថាបើករបស់ខ្ញុំនៅក្នុងទីក្រុងក្យូតូ ខ្ញុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពចម្រុះនៃវប្បធម៌ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយខ្ញុំក៏បានលើកឡើងផងដែរថា យើងត្រូវតែមានមោទនភាពលើទិដ្ឋភាពជាច្រើន។
ដូច្នេះ ឥឡូវនេះ បេតិកភណ្ឌពិភពលោកត្រូវបានគេគោរព និងប្រារព្ធអបអរសាទរឡើងជាសកល។ ប៉ុន្តែទន្ទឹមគ្នានោះផងដែរ យើងត្រូវដឹងថា អនុសញ្ញានេះនៅថ្ងៃអនាគតទំនងជាប្រឈមនឹងបញ្ហាប្រឈមធំៗជាច្រើន។ ការលំបាកជាច្រើនបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើការចុះបញ្ជីនិងការវាយតម្លៃលើស្ថានភាពអភិរក្សនៃសម្បត្តិបេតិកភណ្ឌមួយចំនួនដែលមានភាពមិនច្បាស់លាស់។ ដូចដែលខ្ញុំគួរផ្តល់អនុសាសន៍ ពោលគឺមានភាពចាំបាច់ណាស់ក្នុងការបញ្ចៀសនូវភាពតានតឹងនានានៅក្នុងគណៈកម្មាធិការ និងពិចារណាយ៉ាងល្អិតល្អន់លើស្ថានភាព ព្រមទាំងរកវិធីសាស្រ្តនិងមធ្យោបាយនានា ដើម្បីឈានទៅមុខឱ្យបានលឿន និង ប្រសើរជាងនេះ។
អនុសាសន៍
ជាទីបញ្ចប់ ខ្ញុំសូមទាញចំណាប់អារម្មណ៍ទៅលើអ្វីដែលខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង នោះគឺអនុសាសន៍ចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
អស់រយៈកាលជាងមួយទសវត្សមកហើយ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំសេចក្តីព្រាងនិងការអនុវត្តកម្មវិធីអភិរក្ស និងអភិវឌ្ឍអង្គរ ដែលជារមណីយដ្ឋានបេតិកភណ្ឌខ្មែរដ៏សំខាន់។ ខ្ញុំអនុវត្តការងារនេះក្នុងនាមជាប្រធានអាជ្ញាធរអប្សរា ដែលអាជ្ញាធរនេះជាអ្នកគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងតាមរយៈការចូលរួមរបស់ខ្ញុំក្នុងកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ។ តាមរយៈការងារនេះ ខ្ញុំបានដឹងច្បាស់ពីបញ្ហាជាច្រើនដែលគណៈកម្មាធិការបេតិកភណ្ឌកំពុងតែដោះស្រាយ។
ឈរលើមូលដ្ឋាននៃបទពិសោធន៍នេះ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍សម្រាប់ធ្វើការពិភាក្សាស្តីអំពីអនាគតរបស់អនុសញ្ញានេះ។
អនុសាសន៍ទីមួយរបស់ខ្ញុំទាក់ទងជាមួយនឹងមូលនិធិបេតិកភណ្ឌពិភពលោក។ ជាការពិតណាស់ ខ្ញុំសូម លើកឡើងថា ស្ថានភាពនៃមូលនិធិបេតិកភណ្ឌនេះបានខិតមកដល់ស្ថានភាពប្រកាសអាសន្នហើយ។ គំលាតកាន់តែធំរវាងធនធានហិរញ្ញវត្ថុដែលមាន និងការចាំបាច់សម្រាប់ដំណើរប្រតិបត្តិការឲ្យបានរលូនក្នុងការអនុវត្តអនុសញ្ញានេះ គឺថាការស្នើសុំចុះបញ្ជី និងការធ្វើរបាយការណ៍ស្តីពីស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌ។ បន្ថែមពីលើនេះ គឺជាការវិភាគលើសំណើសុំជំនួយពីអន្តរជាតិ ដែលមានសារៈសំខាន់បំផុតសម្រាប់បណ្ដាប្រទេសក្រីក្របំផុត ឬសម្រាប់ប្រទេសដែលមិនមានមធ្យោបាយគ្រប់គ្រាន់។
ខ្ញុំសូមជំរុញដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងតំណាងរដ្ឋភាគីទាំងអស់។ អនុសញ្ញាមួយនេះគឺជារបស់យើងទាំងអស់គ្នា ហើយអនាគតរបស់អនុសញ្ញានេះគឺសម្រាប់យើងទាំងអស់គ្នា។ ពិតណាស់ គឺមានតែយើងទាំងអស់គ្នានេះហើយ ដែលអាចធ្វើឲ្យស្ថានភាពមូលនិធិបេតិកភណ្ឌពិភពលោកប្រសើរឡើង។ យើងទាំងអស់គ្នាអាចបរិច្ចាកធនធានដោយស្ម័គ្រចិត្ត ឬក៏បរិច្ចាកផ្ទាល់ទៅឱ្យកម្មវិធីប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលលើការអនុវត្តនៃអនុសញ្ញា។ ខ្ញុំសូមទទូចឱ្យមានការចូលរួមដូច្នេះ។
អនុសាសន៍ដ៏សំខាន់មួយទៀតរបស់ខ្ញុំ គឺជាការគោរពរបស់យើងទាំងអស់គ្នាចំពោះអនុសញ្ញា។ ភាពជោគជ័យរបស់អនុសញ្ញាគឺអាស្រ័យជាចម្បងទៅនឹងការគោរពតាមបែបបទ និងនីតិវិធីពីអតីតកាលទៅតាមជំហាននីមួយៗកន្លងមកនេះ។ យើងទាំងអស់គ្នានិយាយដោយមោទនភាពថា “បេតិកភណ្ឌពិភពលោកគឺជាបេតិកភណ្ឌរួម”។ ដូច្នេះការចុះបញ្ជីត្រូវបន្តតម្រូវឲ្យមានការជឿជាក់បានជាបន្តបន្ទាប់។ នេះហើយគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។
ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយសូមកោតសរសើរដោយស្មោះចំពោះស្ថាប័នពិគ្រោះយោបល់សម្រាប់កិច្ចការដ៏មានសារៈសំខាន់ៗដែលស្ថាប័នបានធ្វើ។ ហើយខ្ញុំសូមរំឮកដល់ស្ថាប័នទាំងនេះថា អ្នកជំនាញការរបស់ពួកគេ គួរតែមានការប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឲ្យមានភាពមន្ទិលសង្ស័យទៅលើកិត្តិនាមរបស់ ICOMOS និងIUCN។ ខ្ញុំក៏សូមលើកឡើងផងដែរថា មានតែការសន្ទនាជាមួយរដ្ឋភាគីនៃអនុសញ្ញានោះទេដែល អាចធ្វើឱ្យប្រសើរឡើងនៃលក្ខខណ្ឌនៃការអនុវត្តអនុសញ្ញានេះ។
សូមអរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។