(ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា ដែលបានចំណាយពេលវេលារង់ចាំ និងទទួលស្វាគមន៍សម្តេចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុតនៅសណ្ឋាគារ។
សូមបញ្ជាក់ថា បន្ទាប់ពីចំណាយពេលហោះជាង២០ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូហោះដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាវេលាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាយប់ថ្ងៃទី២១ ខែកញ្ញា ម៉ោងនៅក្រុងញូវយ៉ក។
ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី និងលោកជំទាវ ទទួលស្វាគមន៍ដោយលោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។
នៅឯសណ្ឋាគារទីដែលសម្តេចធិបតីស្នាក់នៅនោះ មានការរង់ចាំស្វាគមន៍យ៉ាងច្រើនកុះករ ប្រកបកដោយក្តីនឹករលឹក គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក។
សូមរំលឹកថា សម្តេចធិបតី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។
នេះជាការអញ្ជើញបំពេញបេសកកម្មការងារនៅក្រៅប្រទេសលើកទី៣ហើយ បន្ទាប់ពីសម្តេចទទួលបានការគាំទ្រដឹកនាំរាជរដ្ឋាភិបាលក្នុងរយៈពេលមួយខែ៕