នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែងស្ថិតនៅបណ្តោយផ្លូវលេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង៧ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាល ជាមួយសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។
ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ។