ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន

នៅព្រឹក​ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់​ពីផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល​ពីឆ្នាំ២០២២កន្លងទៅនេះ។ ពិធីថ្ងៃនេះ ក្រៅតែពីការបើកការដ្ឋានសាង​សង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។

តាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោម​សមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹង​ប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូល​រួមចំណែកមិនអាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។ គម្រោងសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់​ផ្តើម​ពីឃុំ​ថ្ម​គរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។

គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដូចខាងក្រោម៖

-ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB) ១២ សង់ទីម៉ែត្រ ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំងសងខាង។

-សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែង សរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។

-សាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង។

-សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។

-រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។

-ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន រហូតដល់ ១០០ និង ១២០គីឡូម៉ែត្រ/ក្នុងមួយម៉ោង។

-គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដោយ រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធឆ្លងកាត់ព្រំដែននេះ។

ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ  រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់​ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០​ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង​ការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោង​ចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិ​បបត្តិការ -ផ្ទេរ​(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិ​យោគ​របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចី​របស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់​ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ