សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាសផ្អាកការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងអនុញ្ញាតឱ្យបន្ដ​ធ្វើ​ការ​ងារជាប្រក្រតីទាំងស្ថាប័នរដ្ឋ និងឯកជន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្ដិ ភាព សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរនេះ  គឺ​តម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការជាធម្មតា ហើយរដ្ឋនឹងធ្វើការសងថ្ងៃឈប់សម្រាកវិញ​ក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការ។ សម្ដេចតេជោបានបន្ដថា កន្លែងដែលមានសុវត្ថិភាពបំផុតនៅ​ពេលនេះ នៅតាម​រោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័ន គឺជាកន្លែងដែលមាន​សុវត្ថិភាពបំផុត។ សម្ដេចតេជោបានលើកឡើងថា បើទុកបណ្ដោយឱ្យដើរលេង សភាការណ៍​នេះ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ អាចមានហានិភ័យខ្ពស់បំផុត។ សម្ដេចតេជោបានអះអាងថា រហូតមកដល់ពេលនេះ មេដឹកនាំនៅមិនទាន់មាននរណាម្នាក់មានគ្រោះថ្នាក់នោះទេ តែអ្វី​ដែលជាគ្រោះថ្នាក់គឺប្រជាពលរដ្ឋ សូម្បីតែឥឡូវមិនទាន់ដល់ពេលចូលឆ្នាំផង ចាប់ផ្ដើមជល់​កែវគ្នាដោយលែងគិតអំពីគម្លាតសុវត្ថិភាពទៅហើយ។

សម្តេចតេជោបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សា​ និងប្រកាស​ឱ្យស្ថាប័ន រដ្ឋ និងឯកជនទាំងអស់ធ្វើការដោយមិនឈប់សម្រាកនោះទេ គឺធ្វើការជាម្មតា ហើយរដ្ឋ​នឹងផ្តល់ ឬសងថ្ងៃឈប់សម្រាកត្រឡប់វិញ នៅពេលណាដែលជំងឺកូវីដ-១៩ ផុត​រលត់ នឹងត្រូវសងឱ្យឈប់សម្រាក០៥ថ្ងៃ។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋថាផ្អាកចូលឆ្នាំ ដើម្បី ទប់ស្កាត់កុំឆ្លងជំងឺកូវីដ-១៩ ពីអ្នកកើតទៅអ្នកមិនទាន់កើត ដែលជាវិធានការមួយ ហើយសង វិញថ្ងៃឈប់សម្រាកវិញនៅពេលក្រោយ”។ សម្ដេចតេជោក៏សូមអំពាវ​នាវដល់បងប្អូនប្រជា​ពល​រដ្ឋ មន្រ្ដីរាជការ​ ក៏ដូចជាកម្មករ កម្មការិនី មានការយោគយល់ចំពោះ​ការលំបាករបស់​ប្រទេសជាតិ មិនមែនការលំបាក​ត្រឹម​តែរបស់រាជរដ្ឋាភិបាលនោះទេ។  សម្តេចតេជោបាន​ថ្លែងបន្ថែមថា បើអនុញ្ញាតឱ្យឈប់សម្រាកហើយមិនអនុញ្ញាតឱ្យទៅស្រុក ហើយបើទៅស្រុក​ហើយធ្វើឱ្យប្រជាពលរដ្ឋនៅជនបទខ្លាចនាំជំងឺទៅ បើអីចឹ្ចងមិនចាំបាច់ទៅទេ គឺនៅនឹង កន្លែង​តែម្តង។ សម្តេចតេជោបន្ថែមទៀតថា រាជរដ្ឋាភិបាលបានសំណូមពរកាត់បន្ថយការធ្វើ​ដំណើរ​ទៅភូមិកំណើត ឬកន្លែងកម្សាន្តនានាដើម្បីចៀងវាងការនាំជំងឺទៅ ឬមេរោគទៅ ឬនាំពីទី​ក្រុង​ទៅជនបទ ឬជនបទទៅទីក្រុង។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា យើងហាមឃាត់នៃការប្រារព្វពិធីចូលឆ្នាំដូចជាការ​ជួបជុំលេងល្បែង​ប្រជាប្រិយ ការជួបជុំគ្នាដែលមានមនុស្សច្រើ ដើរកម្សាន្ត ប៉ុន្តែការរៀបចំ​ទទួលទេវត្តានៅធ្វើជាធម្មតា។ ជាមួយគ្នានេះ ការធ្វើបែបនេះដើម្បីទប់ស្កាត់ចំពោះអ្នក​ឆ្លងទៅ​អ្នក​ដែលមិនឆ្លង ដែលជាវិធានមួយនៃវិធានការផ្សេងទៀត៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ