សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យជប៉ុនធ្វើការសិក្សានិងពន្លឿនការប្រើប្រាស់សេវាកម្ម ទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ឱ្យបានល្អប្រសើរ

ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹក​ចិត្ត​​ឱ្យឯកឧត្ដម yamamoto KOZO  សមាជិកសភាជប៉ុន ធ្វើការសិក្សា និងពន្លឿនការប្រើ​ប្រា​ស់​​សេវាកម្មទូទាត់ប្រាក់ ជាពិសេសអ្វីដែលហៅថា Blockchain  ដើម្បីឱ្យការទូទាត់ប្រាក់តាម​ប្រ​​ព័ន្ធ​​ឌីជីថល ឱ្យមានដំណើរការទៅបានល្អប្រសើរ និង​សុក្រឹ​ត្យ​​ភាព។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទា​ប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុ​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដម yamamoto KOZO សមាជិកសភាជប៉ុន ចូលជួបសម្ដែងការ​គួរ​ស​ម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

ឯកឧត្ដម yamamoto KOZO បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្ដមធ្លាប់​បា​ន​ជួ​ប​​សម្ដេចតេ​ជោកាលពីឆ្នាំ២០០៧ ហើយនៅពេលនេះ​ឯកឧត្ដមបានពិនិត្យ​ឃើញថា កម្ពុជាមា​ន​ការអភិវឌ្ឍយ៉ាងខ្លាំងជាទីបំផុត។ ឯកឧត្ដមបានបន្តថា ដំណើរទស្សនកិច្ច​របស់ឯកឧត្ដម​ មក​កា​ន់​កម្ពុជា នាពេលនេះ គឺមានគោលដៅពីរ ទី១ គឺដើម្បីសិក្សាអំពីសេវា​ទូទាត់​ប្រាក់តាម​ប្រ​ព័​​ន្ធទូរស័ព្ទ និងការអភិវឌ្ឍអ្វីដែលហៅថា Blockchain។ ឯកឧត្ដមបាន​មាន​ប្រសាសន៍ថា ការ​អភិ​វឌ្ឍ Blockchain នេះប្រសិនណាបើកម្ពុជាបានដាក់ចេញ​និងប្រើប្រាស់​ហើយនោះ កម្ពុជា​គឺ​ជា​​ប្រទេសទីមួយហើយ ដែលបានដាក់ចេញនូវប្រព័ន្ធប្រើប្រាស់​ឌីជីថល​ដ៏ទំនើបនេះ។ ទី២ គឺ​ឯ​​កឧត្ដមមានបំណងធ្វើការសិក្សាអំពីបញ្ហាផ្គត់ផ្គង់ទឹកស្អាត​នៅទីក្រុង​ភ្នំពេញ។ ក្នុងន័យនេះ ឯកឧត្ដមក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី​សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី ពាក់ព័ន្ធនឹង​បញ្ហា​ទាំ​​​ងពីរខាងលើនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យឯកឧត្ដម yamamoto KO​Z​O ធ្វើការសិក្សា និងពន្លឿនការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់ ជាពិសេសអ្វីដែលហៅថា Bl​o​ck​​chain នេះ ដើម្បីឱ្យការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះ ឬក៏អាចហៅថា ការបូប​ឆ្លាត​នេះ ឱ្យ​មានដំណើរការទៅបានល្អប្រសើរ និងសុក្រឹត្យភាព។ ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត សម្ដេចតេ​ជោ​ថ្លែងថា កម្ពុជាត្រូវការពង្រីកស្ថានីយទឹកស្អាតដោយមូលហេតុថា រាជ​ធា​​នីភ្នំ​ពេញ​​បានពង្រីកទំហំផ្ទៃដីពី ៣០០គីឡូម៉ែត្រក្រឡា ឡើងរហូតដល់៦០០គីឡូម៉ែត្រ​ក្រ​ឡា​ ហើយការអភិវឌ្ឍលំនៅឋានប្រជាពលរដ្ឋ បានរីកចម្រើនកើឡើងយ៉ាងឆាប់រហ័ផងដែរ។ ទន្ទឹម​នេះ រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ បានកំពុងទទួលផ្គត់ផ្គង់ទឹក​ទៅកាន់ខេត្តកណ្ដាល​បន្ថែម​ទៀ​ត​។ ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្ដថា ការងារពីរដែល​ត្រូវ​ធ្វើ​ ទី១ គឺយើងត្រូវពង្រីកនូវសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់​ប្រជាជនប្រើប្រាស់ឱ្យបាន​កាន់​តែ​ធំ​ទូលាយ និងទី២  គឺត្រូវធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយ​ទៅកាន់តំបន់អភិវឌ្ឍ​ន៍​ថ្មី​ៗ​​ថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ