ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ មេដឹកនាំអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ានផ្សេងទៀត រួមមានចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញូហ្សេឡែន ឥណ្ឌា និងសហរដ្ឋអាមេរិក បានយាងនិងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយលើកទី៣ ដើម្បីពិនិត្យនិងវាយតម្លៃទៅលើ កាលានុវត្តភាព និងបញ្ហាប្រឈមនានា ដែលបានអនុវត្តន៍នាពេលកន្លងមក និងការលើកទិសដៅសម្រាប់អនាគត។ កិច្ចប្រជុំនេះ ធ្វើឡើង រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុង បាងកក ព្រះរាជាណាចក្រថៃ។
ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា របៀបវារ: កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ RCEP ត្រូវបានរចនាឡើង ជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការដោះស្រាយបញ្ហាលំបាកៗ ដូចជាពាណិជ្ជកម្មឌីជីថល កំណែទម្រង់បទប្បញ្ញត្តិបើកចំហ ពាណិជ្ជកម្ម និងការចល័តនៃពលករជំនាញ សុទ្ធសឹងតែស្ថិតក្នុងរបៀបវារ:ជួរមុខ នៃពាណិជ្ជកម្មបែបទំនើប។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃប្រទេស RCEP បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្រ្តី RCEP និងក្រុមការងារដែលបានសម្រេចនូវកិច្ចព្រមព្រៀងRCEPមួយ ដែលមានលក្ខណ:ទំនើប ទូលំទូលាយ ប្រកបដោយគុណភាពខ្ពស់ ជាពិសេសបានផ្តល់នូវប្រព្រឹត្តិកម្មពិសេស និងដោយឡែកសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។ មេដឹកនាំទាំងអស់ បានចាត់ទុកដែរថា ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP នាពេលនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារ:សំខាន់ថ្មីមួយជាប្រវត្តិសាស្រ្ត សម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិកទាំងមូល បន្ទាប់ពីថ្នាក់ដឹកនាំ RCEP បានប្រកាសឱ្យបើកការចរចាជាផ្លូវការ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ ទោះបីជានៅមានបញ្ហាបច្ចេកទេសខ្លះ ដែលត្រូវបញ្ចប់មុននឹងឆ្លងនីតិវិធីផ្ទៃក្នុង សម្រាប់ការចុះហត្ថលេខានៅប្រទេសវៀតណាម នៅឆ្នាំ២០២០ខាងមុខ។ ផ្អែកលើការអនុវត្ត នៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀង ដែលរួមបញ្ចូលទាំងឧបសម្ព័ន្ធនានា RCEP នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកប្រភពថ្មីនៃកំណើន សេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដើម្បីជំរុញនិងផ្តល់សន្ទុះដល់ពាណិជ្ជកម្មទំនិញ សេវា និងការ វិនិយោគ បន្ថែមពីនេះ ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP គឺជាសារនយោបាយ ដ៏មុត ស្រួចទៅកាន់ ពិភពលោក បច្ចុប្បន្ន បង្ហាញឱ្យឃើញអំពីឆន្ទ:របស់ថ្នាក់ដឹកនាំ នៃប្រទេស RCEP ក្នុងការគាំពារសកលភាវូបនីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ចពិភពលោក តំបន់បើកចំហ ដែលជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការឆ្លើយតបនឹងនិន្នាការគោលនយោបាយគាំពារនិយម និង ឯកតោភាគីនិយម។
ដូចគ្នានឹងមេដឹកនាំអាស៊ានដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន ប្រសាសន៍លើកឡើងថា ទោះបីជាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច អាចនឹងមានតម្រូវការមានការកែទម្រង់ផ្នែកច្បាប់ រចនាសម្ព័ន្ធសេដ្ឋកិច្ច និងរដ្ឋបាលជាច្រើន បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ប៉ុន្តែសម្តេចនៅតែធ្វើការសម្រេចចិត្តដោយក្តីរីករាយបំផុត ក្នុងការផ្តល់អាណត្តិឱ្យរដ្ឋមន្រ្តីកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងRCEPនេះ នៅក្នុងឆ្នាំ២០២០ខាងមុខ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេស RCEP បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ RCEP៕
ដោយ ជឹម ណារី