ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រ គំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការ បង្កើត ឱ្យមានកិច្ចសន្ទនាអាស៊ាន-ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីឱ្យអាស៊ានចាប់ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឈោងចាប់យកសក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញនៃបដិវត្តន៍ឧស្សាហកម្មទី៤។
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ បានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលបណ្ដាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួម ជាមួយឯកឧត្តមនាយករដ្ឋ មន្រ្តីជប៉ុន អាបេ សិនហ្សូ ដើម្បីពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេលជាង២២ឆ្នាំ កន្លងទៅ។ ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹក នាំអាស៊ាន-ជប៉ុន មានសេចក្តីសោមនស្សរីករាយដោយបានឃើញ កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានសម្ដែងនូវ ការពេញចិត្តចំពោះភាគីជប៉ុន ដែលបានគាំទ្រក្នុងការពង្រឹងការតភ្ជាប់អាស៊ាន-ជប៉ុន ដែល មានសារៈសំខាន់ជាសារវន្តដល់ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-ជប៉ុន ទាំងផ្នែកពាណិជ្ជ កម្ម និងវិនិយោគ។ មេដឹកនាំអាស៊ាន ក៏បានសម្ដែងនូវការកោតសរសើរដល់ភាគីជប៉ុន ចំពោះ ការបន្តគាំទ្រដល់ការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន ២០១៦-២០២០ ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍរវាងបណ្តា ប្រទេសក្នុងតំបន់អាស៊ាន ស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ព្រមទាំងរបៀបវារ:អង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ មេដឹកនាំអាស៊ាន បានធ្វើការគូសបញ្ជាក់ទៅកាន់មេដឹកនាំជប៉ុនថា នឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយ និងជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាន នូវគោលដៅផែនទី ចង្អុលទិសសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្រ្ត២០២១-២០២២ ដោយ រួមបញ្ចូលផងដែរនូវ ការចុះហត្ថលេខាកាលពីពេលថ្មីៗកន្លងទៅ។ ទន្ទឹមនេះ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ជប៉ុន ដែលនិងជំរុញកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំរាម ការអភិ រក្សជីវ:ចម្រុះ ការគ្រប់គ្រង ជាតិពុលគីមី ការគ្រប់គ្រងទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ប្រកបដោយ គុណភាព សម្រាប់ការអភិវឌ្ឍទីក្រុង ក្នុងគោលដៅនៃការលើកកម្ពស់គុណភាព នៃជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀត សម្តេចតេជោនាយករដ្ឋ មន្រ្តីមានប្រសាសន៍លើកឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២នោះថា កម្ពុជា សូមសម្ដែងនូវការគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឱ្យមានកិច្ចសន្ទនាអាស៊ាន- ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីឱ្យអាស៊ានចាប់ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមាន លទ្ធភាពត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឈោងចាប់យកសក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផល ប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញនៃបដិវត្តន៍ឧស្សាហកម្មទី៤។ ក្នុងស្មារតីនេះ កម្ពុជាស្នើពង្រឹងមូលនិធិនៅក្រមក្របខ័ណ្ឌសមាហរណកម្មអាស៊ាន ជប៉ុន សម្រាប់បម្រើឱ្យការងារពាកព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤។ ទន្ទឹមនឹងនេះ កម្ពុជាសូមលើកទឹកចិត្តជប៉ុន ឱ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌល។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ អាស៊ាន-ជប៉ុន បានឯកភាពគ្នាឈានទៅចេញផ្សាយ នូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី២២ និងបានអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២២ ស្តីពីការតភ្ជាប់ផងដែរ៕
ដោយ ជឹម ណារី