ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន និងរដ្ឋមន្រ្ដីការបរទេសអាស៊ាន បានយាងនិងអញ្ជើញក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហ រដ្ឋអាមេរិក លើកទី៧ ជាមួយនឹងឯកឧត្តម រ៉ូប៊ែរ អូប្រៀន បេសកកជនពិសេស ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ ប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាលអាស៊ាន និងតំណាងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារ:ដែលបានគ្រោងទុក ពិសេសបានធ្វើការពិនិត្យ និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃទំ នាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់នូវសារ:សំខាន់ នៃការជំរុញភាពជាដៃគូជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមវិស័យ ដៃគូអភិវឌ្ឍន៍ និងភាគីខាងក្រៅដទៃទៀត តាមរយ:ក្របខ័ណ្ឌនីមួយៗ និងការអនុវត្តផែន ការសកម្មភាពទាំងឡាយ នៃកិច្ចសហប្រតិបត្តិការនានា។ មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិក ឱ្យបន្តគាំទ្រការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដំណាក់កាលទី៣ ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាត់អភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ មេដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាន និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក ស្តីពីកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន តាមរយ:នវានុវត្តន៍ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលនឹងបន្តជួយលើកកម្ពស់ការកសាងសហគមន៍អាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានឈានទៅចេញផ្សាយសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៧ និងបានអនុម័តសេចក្តីប្រកាសរបស់ ថ្នាក់ដឹកនាំអាស៊ាន សហរដ្ឋអាមេរិកស្តីពីសន្តិសុខថាមពល៕