ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១០ ដែលបានប្រារព្ធពិធីបើក កាលពីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ព្រះរាណាចក្រថៃ។
ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន-អង្គការសហប្រជាជាតិ បានសម្ដែងនូវការស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ២០១៦-២០២០ ក្នុងស្មារតីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។ មេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ បានចាត់ទុកថា អាស៊ាន និងអង្គការសហប្រជាជាតិ ត្រូវតែបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំង ពង្រឹងទំនាក់ទំនងរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលនូវការអនុវត្ត សកម្មភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ ការអនុវត្តផែនការកសាងសហគមន៍អាស៊ាន ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ អាស៊ាន និងអង្គការសហប្រជាជាតិ គួរខិតខំជំរុញអនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពស្តីពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ២០១៦-២០២០។
សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា កម្ពុជា និងប្រទេសអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ដើម្បីជំរុញអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់បណ្តាមេដឹកនាំអាស៊ាន អង្គការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដែរថា ចំពោះបញ្ហាអំពើហិង្សាជ្រុលនិយម និងអំពើភេរវកម្ម កម្ពុជាស្នើអាស៊ាន និងអង្គការសហប្រជាជាតិ បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយ:ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ ដែលមន្រ្តីអង្គការសហប្រជាជាតិអាចធ្វើបានជាមួយអាស៊ាន។ បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលរួចមក មេដឹកនាំអាស៊ាន អង្គការសហប្រជាជាតិ បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិ លើកទី១០ និងបានធ្វើការកត់សម្គាល់ផែនទីចង្អុល សម្រាប់ការបំពេញបន្ថែម២០២០-២០២៥៕
ដោយ ជឹម ណារី