ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងសិស្សថ្នាក់វិជ្ជាជីវៈ ចំនួន១៦២៥នាក់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ថវិកាចំណូលរបស់ពលករកម្ពុជានៅក្រៅប្រទេស គឺជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងប្រឹងប្រែង ដើម្បីឲ្យពលករខ្មែរទទួលបានភាពស្របច្បាប់ ដើម្បីបានធ្វើការនិងរស់នៅក្រៅប្រទេសដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពលករស្របច្បាប់គឺជាពលករ ដែលមានជំនាញច្បាស់លាស់ ដែលអាចទៅធ្វើការស្របតាមតម្រូវការការងារនៅក្រៅប្រទេស ប៉ុន្តែពលករចំណាកស្រុកខុសច្បាស់វិញ គឺជាពលករ ដែលទៅធ្វើការតាមមេខ្យល់ និងគ្មានជំនាញពិតប្រាកដ ដែលជាបញ្ហានៅពេលទៅដល់ក្រៅប្រទេស។ ដូចនេះសម្តេចតេជោ បានជម្រុញអោយមានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញអោយបានច្រើន ដែលថ្នាក់ជំនាញផ្សេងៗនោះ គឺពិតជាមានសារៈសំខាន់សម្រាប់ផ្តល់ឱកាសដល់អ្នកមិនមានលទ្ធភាពសិក្សាថ្នាក់កំរិតឧត្តមជាដើម។ ជាមួយគ្នានេះ សម្តេចតេជោ បានបង្ហាញថាតាមរយៈការផ្លាស់ប្តូរគោលនយោបាយក្នុងអាណត្តិទី៥នេះ ពីការកំណត់វិស័យអាទិភាពពីពេលមុនគឺ ទឹក ផ្លូវ ភ្លើង មនុស្ស មកជាអាទិភាពគឺ មនុស្ស ទឹក ផ្លូវ ភ្លើង វិញនោះ គឺបានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនេះ អោយសមស្របទៅនឹងតម្រូវការការងារទាំងក្នុងប្រទេស និងក្រៅប្រទេសតែម្តង។
ដូចគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសគឺជារឿងធម្មតា ដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម គឺមិនមែនគ្មានកម្លាំងពលកម្មនោះទេ ប៉ុន្តែប្រទេសទាំងនោះបានបញ្ជូនប្រជាពលរដ្ឋខ្លួនចេញទៅធ្វើការនៅប្រទេសផ្សេងដែលមានប្រាក់ឈ្នួលខ្ពស់ជាងក្នុងស្រុក ហើយជំនួសដោយកម្លាំងពលកម្មរបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្លៃពលកម្មទាបវិញ។ ស្របពេលដែលប្រទេសក្នុងតំបន់អាស៊ានមួយចំនួនកំពុងស្វែងរកទីផ្សារបញ្ជូនពលកររបស់ខ្លួនទៅធ្វើការក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញថា រាជរដ្ឋាភិបាលក៏កំពុងពិចារណា ស្វែងរកទីផ្សារការងារជូនពលរដ្ឋខ្មែរ នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសសម្រាប់បងប្អូនខ្មែរឥស្លាមផងដែរ។
គួរកត់សំគាល់ថា តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល បានអោយដឹងថា នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ មានពលករកម្ពុជាប្រមាណជាង ១លាននាក់១៥ម៉ឺននាក់ទៀត ដែលកំពុងធ្វើការនៅបរទេស ដែលបាននាំយកប្រាក់ចំណូលមកក្នុងប្រទេសកម្ពុជាប្រមាណជាង ១ពាន់៧រយលានដុល្លារអាមេរិកក្នុង១ឆ្នាំ។ នៅក្នុងនោះមានពលករកម្ពុជាប្រមាណ៤ម៉ឺននាក់កំពុងបម្រើការងារ នៅប្រទេសកូរ៉េខាងត្បូង។ រីឯ កម្មករនិយោជិតសរុបទូទាំងប្រទេសក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧នេះ មានចំនួនជាង១លាន២សែននាក់។ នៅក្នុងនោះ កម្មករនិយោជិតផ្នែករោងចក្រវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង មានចំនួនជាង៧៤ម៉ឺននាក់។ បើគិតប្រាក់ឈ្នួល ជាមធ្យមក្នុងវិស័យទាំងពីរនេះគឺមានទឹកប្រាក់សរុបជាង១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំពោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនយោជិតក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៧នេះ ត្រូវបានដំឡើងពីចំនួន១៤០ដុល្លារអាមេរិកទៅ ១៥៣ ដុល្លារអាមេរិក (កើន៩,៣%) ហើយបើគិតទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ចំណូលពី១៧០ ដុល្លារអាមេរិក ទៅ១៨១ដុល្លារអាមេរិក ក្នុងមួយខែ៕