សម្រង់​សង្កថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​​​ពិធី​សម្ពោធ​រោង​ចក្រប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ ដំណាក់កាល ទី ២

សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារ​ណរដ្ឋ​បារាំង​ប្រ​ចាំ​ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូលរួមនៅក្នុងឱកាស​នេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។

សម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី ២

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលមកភាគខាង​ត្បូងរាជធានីភ្នំពេញ​សាជា​ថ្មី​ម្ដង​ទៀត។ កាលពីថ្ងៃ ច័ន្ទ គឺនៅភាគខាងត្បូង បានសេចក្ដីថា សម្ពោធផ្លូវ​ ៦០ ម៉ែត្រ នៅឯបឹងជើងឯក ភ្ជាប់ទី​ក្រុង​ភ្នំ​ពេញ​ជាមួយនឹងខេត្តកណ្ដាល។ ម្សិលមិញនេះ គឺសម្ពោធ និងបើកការដ្ឋាន នៅទិសខាង​ជើង​រាជ​ធា​នី​ភ្នំពេញ ទាក់ទងទៅនឹងវិស័យកីឡា ដែលទាំងការចាប់ផ្ដើមសាងសង់ និងសាងសង់រួចហើយ តម្លៃ​ប្រ​ហាក់​ប្រហែល ២០០ លានដុល្លារ(អាមេរិក) ដោយឡែកតែសំណង់ថ្មី គឺ ១៥៧ លាន ដុល្លារ(អាមេរិក)។

អភិវឌ្ឍទិសខាងជើង មិនភ្លេចទិសខាងកើត

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានមកទិសខាងត្បូងវិញម្ដង សម្រាប់សម្ពោធដាក់អោយប្រើប្រាស់នូវ​រោងចក្រ​ប្រ​ព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ២ ដែលកសាងឡើងដោយថវិកាបដិភាគរបស់រដ្ឋាករស្វយ័តក្រុងភ្នំ​ពេញ និងកម្ចីពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ សម្រាប់ថ្ងៃស្អែក គឺនឹងវិលទៅទិសខាងជើងវិញ គឺសម្ពោធ​ដាក់​អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦អា។ មុននឹងដាច់ឆ្នាំវក ឈានចូលឆ្នាំរកា​ ពិតណាស់ថា ការងារ​ជាប់​រហូតមិនចេះអស់ ប៉ុន្តែ គ្មានជម្រើសណាល្អ​ជាងជម្រើសដែលត្រូវតែធ្វើដំណើរ ដើម្បីនឹងបំពេញ​កាតព្វ​កិច្ច​ក្នុងឋានៈប្រមុខរាជរដ្ឋាភិបាលនោះទេ។ ឧប​នាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី និងមន្រ្តីមួយចំនួន ក៏​ត្រូវ​ធ្វើដំណើរអមជាមួយ ដោយបោះបង់ចោល​ការងារមួយចំនួននៅស្ថាប័ន/មន្ទីរ និងក្រសួងរបស់​ខ្លួន។ ថ្ងៃ​នេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយណាស់ តាមរយៈនៃសមិទ្ធផលដែលយើងបានកសាងឡើងនៅទីនេះ ហើយ​ដែល​ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ បានធ្វើរបាយ​ការណ៍​ជូន​​ចំពោះបងប្អូនជនរួមជាតិរួចមកហើយ អំពីប្រវត្តិ និងទិសដៅទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតនៅ​រាជធា​នី​​​ភ្នំពេញរបស់យើង។

ប្រវត្តិនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ

និយាយដល់បញ្ហាទឹកនេះ ខ្ញុំព្រះករុណាខ្ញុំ មានវិប្បដិសារីមួយ ពាក់ព័ន្ធជាមួយនឹងអតីតកាលដ៏ជូរចត់ នោះ​នៅ​ត្រង់ថា កាលពីឆ្នាំ ១៩៧៩ កុំថាឡើយមានទឹកម៉ាស៊ីនប្រើប្រាស់ គឺយើងគ្មានទេនៅទីក្រុងភ្នំពេញនេះ។ ព្រលឹមឡើងត្រូវទៅអូសទឹកពីទន្លេ យកមកដើម្បីចាក់ចូលពាងនៅខាងក្រោម។ ថ្ងៃមួយ ខ្ញុំព្រះករុណាខ្ញុំ មាន​ការធ្វេសប្រហែស បន្ទាប់ពីការជួបជាមួយនឹងភរិយារបស់ ខ្ញុំព្រះករុណាខ្ញុំ ជាមួយកូនប្រុសដែលមិន​ស្គាល់​ឪពុក ហើយដែលហៅឪពុកថា ពូៗរយៈពេល ២ ខែ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ មិនបានយកទឹកពី​ក្រោមឡើងទៅលើទេ បែរជាទុកអោយភរិយា គឺរែកទឹកពីក្រោមឡើងទៅលើ។ ដូច្នេះ ក៏បានធ្វើឲ្យបាត់​បង់​កូន​មួយទៀត ដែលពាក្យខ្មែរយើងហៅថា រលូតកូន។ នេះជាប្រវត្តិពិតប្រាកដ ដែលយើងបានចាប់ផ្ដើម​តាំង​ពី​ពេលដែលយើងប្រើប្រាស់ទឹក ដែលត្រូវយកពីទន្លេមេគង្គយកមកប្រើប្រាស់ ក្នុងឋានៈជារដ្ឋ​មន្ត្រី​ការ​បរទេស​នៅក្នុងសម័យនោះ។

ឥឡូវ​​ស្ថានភាពបានផ្លាស់ប្តូរហើយ។ បន្ទាប់ពីការដែលយើងបានជួសជុលដាក់ឲ្យប្រើប្រាស់ឡើងវិញ នូវ​បណ្តាញ​ទឹក ប៉ុន្តែ បណ្តាញទឹករបស់យើងកាលនោះ ខ្ញុំព្រះករុណាខ្ញុំ នៅចំាបានថា កន្លែងមួយចំនួនប្រជា​ពល​រដ្ឋ​របស់​យើងទៅចោះទុយោ រួចហើយគាត់ទាញទឹកពីអាហ្នឹង ដើម្បីគាត់ដាក់ធុងអូសយកទៅលក់​ឲ្យ​អ្នក​ដទៃទៀត។ នេះវាជារឿងប្រវត្តិ នៃការផ្គត់ផ្គង់ទឹកក្នុងទីក្រុងភ្នំពេញ។ ការពិតទៅប្រវត្តិ នៃការទាក់ទង​(នឹង​ការ)ផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញនេះ មានតំាង​ពីអតីតកាលមក ក៏ប៉ុន្តែ វាក៏បានខូចខាតក្នុងដំណាក់​កាលមិនប្រើប្រាស់ក្នុងដំណាក់កាល ប៉ុល ពត ដែលបានបណ្តេញប្រជាជនចេញពីទីក្រុងភ្នំពេញ។ អញ្ចឹង ការដែលមិនបានប្រើប្រាស់នៅក្នុងរយៈពេល​​ជិត ៤ ឆ្នំា គឺបានធ្វើឲ្យទុយោទឹកទាំងអស់មានការកកស្ទះ ហើយដែលពេលនោះការប្រើប្រាស់ជួបការលំបាកយ៉ាងខ្លំាង។

ផ្ទះរបស់ ខ្ញុំព្រះករុណាខ្ញុំ នេះរហូតមកដល់ឆ្នំា ១៩៩៣ ឬ ១៩៩៤ ហើយទើបមានទឹកប្រើពិតប្រាកដ។ កាល​​ពី​មុននោះ មានឡានដឹកទឹកមួយ មិនដឹងថាវាឆុងយ៉ាងម៉េចសម្រាប់ផ្ទះខ្ញុំព្រះករុណាខ្ញុំ។ មួយនេះ គឺ​ថា ធ្វើជានាយករដ្ឋមន្ត្រីហើយហ្នឹង វាអត់មានទឹកប្រើនឹងគេ ទឹកវាមកមិនដល់អាកន្លែងហ្នឹង ប្រហែលជា​កន្លែង​ហ្នឹងទួល(ហើយ)មើលទៅ បានឡានដឹកទឹកយកមក រួចហើយបាន​មានម៉ូទ័រទាញ​ឡើងទៅ​ខាង​លើ។ ប៉ុន្តែឥឡូវនេះ វាមិនដូច្នេះទេ សភាពការណ៍ការដោះស្រាយទឹករបស់យើងបានពង្រីកជាបន្ទាប់ ពីដំ​ណាក់​កាលមួយមកកាន់ដំណាក់កាលមួយ។

សហប្រតិបត្តិការត្រីភាគី កម្ពុជា បារាំង ជប៉ុន ផ្គត់ផ្គង់ទឹក

កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នំា ២០១៣ ខ្ញុំព្រះករុណាខ្ញុំ បាននំាមកសម្ពោធនៅទីនេះ ដើម្បីដាក់​ឲ្យប្រើ​ប្រាស់​នូវ​រោង​ចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ១ ដែលពេលនោះ ក្រោមថវិការបស់​រដ្ឋាករទឹក​ទីក្រុង​ភ្នំ​ពេញ និងថវិកាទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ ព្រមទំាងភ្នាក់ងារសហប្រតិបត្តិការណ៍ជាតិ នៃប្រទេស​ជប៉ុន​ផងដែរ។ ថ្ងៃនេះយើងសម្ពោធសាជាថ្មីម្តងទៀត ដើម្បីដាក់អោយប្រើប្រាស់នៅជំហានទី ២ ដែល​មាន​សមត្ថភាពផ្គត់ផ្គង់ដូចពេលមុន តម្រូវការនៅទីក្រុងភ្នំពេញកាន់តែធំទៅៗ ដែលទាមទារឲ្យយើងដោះ​​ស្រាយ ហើយការដោះស្រាយទឹករបស់យើងនៅពេលនេះ មិនមែនជាការដោះស្រាយដូចទសវត្សរ៍ ៨០ នោះទៀតទេ ទឹករបស់យើងពេលនេះ គឺអាចផឹកបានតែម្តង មិនចំាបាច់យកទៅដំា ប៉ុន្តែយកល្អ ដើម្បី​ធានា​អ​នា​ម័យ គឺដំាល្អជាងមិនដំា។

តម្រូវការផ្គត់ផ្គង់ទឹកស្អាត គឺនៅគ្រប់ទីកន្លែងទាំងអស់

ការរីកលូតលាស់របស់យើងនេះ តាមរយៈការគ្រប់គ្រងដ៏ល្អរបស់រដ្ឋាករទឹកទីក្រុងភ្នំពេញ ដែលជា​អង្គ​ភាព​ស្វយ័ត​មួយ សម្រាប់ការផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញនេះ ហើយលាតសន្ធឹងទៅដល់ទីក្រុងតាខ្មៅ នៃ​ខេត្ត កណ្តាល។ ឥឡូវនេះ យើងបន្តជំហានបន្តទៅទៀត ដូចដែល ឯកឧត្តទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​លើក​ឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាការផ្គត់ផ្គង់ទឹក តម្រូវការនេះ មិនគ្រាន់តែសម្រាប់ប្រជាជននៅក្នុងទី​ក្រុង​នោះ​ទេ ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែង ប្រជាជនសុទ្ធតែមានតម្រូវការ។ យើងមានផែនការមេមួយ សម្រាប់ការ​ផ្គត់​ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋរបស់យើង។

អរគុណដល់ដៃគូ/ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ឥណទាន ដែលរួមចំណែកទៅដល់ការអភិវឌ្ឍទឹកស្អាត

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង តាមរយៈ AFD ( Agence Française de Développement) ដែលបានផ្តល់​នូវ​ឥណ​ទាន សម្រាប់រួមចំណែកទៅដល់ការអភិវឌ្ឍ ទឹកស្អាត ដំណាក់កាលទី ២ នៅទីនេះ ​ហើយសង្ឃឹមថា មិត្ត​បារាំងនឹងបន្តជួយដល់កម្ពុជាតទៅទៀត។ ថ្លែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន ក្វាងស៊ី Construction ក៏ដូចជា ក្រុមហ៊ុន Surface ដែលមក ពីបារាំង សម្រាប់ការសាងសង់ឲ្យសម្រេចនៅទីនេះ ចំ​ណាយថវិការហូតទៅដល់ជាង ៦០ លានដុល្លារ​សហរដ្ឋអាមេរិក ដែលក្នុងហ្នឹង ២៤ ជិត ២៥ លាន​ដុល្លារ​(អាមេរិក) មកពីរដ្ឋាករទឹកទីក្រុងភ្នំពេញ និង ៣៦ លានដុល្លារ(អាមេរិក) មកពីទីភ្នាក់ងារបារាំង​សម្រាប់​ការអភិវឌ្ឍ។

អនុសាសន៍ ២ ចំណុច ពាក់ព័ន្ធនឹងប្រ័ពន្ធផ្គត់ផ្គង់ទឹក/ភ្លើង 

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ផ្តល់ជាអនុសាសន៍ ចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលជា​អា​ណាប័ក ព្រមទាំងរដ្ឋាករទឹកនៅទីក្រុងភ្នំពេញ៖

ទី ១. ដោយសារកាលពីមុននេះ បណ្តាឃុំមួយចំនួនរបស់ខេត្តកណ្តាល ស្ថិតនៅក្នុងក្របខណ្ឌ នៃខេត្ត​កណ្តាល ហើយពេលនោះក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយចំនួនបានធ្វើការវិនិយោគ សម្រាប់ការ​ផ្គត់​ផ្គង់​ទឹកទៅដល់ប្រជាពលរដ្ឋ។ ឥឡូវ សង្កាត់ទាំងនោះបានកាត់មកចូលទីក្រុងភ្នំពេញហើយ ដូច្នេះ កិច្ច ការដែលត្រូវធ្វើ សូមឲ្យរដ្ឋាករទឹកទីក្រុងភ្នំពេញ ទិញយកនូវបណ្តាញទឹកដែលវិស័យឯកជន​បានវិនិ​យោគ​នូវបណ្តាឃុំ ដែលមុននេះជាឃុំនៅក្នុងខេត្តកណ្តាល ឥឡូវ បានកាត់ចូលមកទីក្រុងភ្នំពេញ។ ដូច្នេះ យើង ត្រូវបន្ថែមទុនមួយចំនួនទៀត ដើម្បីទិញយកនូវផ្នែកផ្គត់ផ្គង់ទឹក ដែលមុននេះវិស័យឯកជនបានវិនិ​យោគ​នៅ​ទី​នោះ ហើយនៅផ្នែកខាងត្បូងទីក្រុងនេះ ដូចជាលោកឧកញ៉ា កុក អាន។ ដូច្នេះ យើងខិតខំទិញ​យក ដើម្បីធានាការផ្គត់ផ្គង់ទឹក ព្រោះឥឡូវឃុំ/សង្កាត់មួយចំនួន ដែលកាត់ចូលមកទីក្រុងភ្នំពេញ​នៅប្រើ​ប្រាស់​ទឹក​ដែលមានតម្លៃខុសគ្នា ជាមួយអ្នកដែលរស់នៅទីក្រុងភ្នំពេញ។ ដូច្នេះសង្ឃឹមថា លោកឧកញ៉ា កុក អាន នឹងយោគយល់ទៅដល់សភាពការណ៍នេះ ហើយក្រៅពីនោះ ក៏នៅមានបណ្តាញ​ទឹកមួយ​ចំនួន​ផ្សេង​ទៀត ដែលនៅសង្កាត់ទើបនឹងកាត់ចូលមកទីក្រុងភ្នំពេញ ត្រូវបន្តការទិញយក ដើម្បីយើងបន្ត យើងត​ភ្ជាប់​ជាមួយនឹងបណ្តាញទឹក ដែលមានបច្ចុប្បន្ននេះ ហើយអនុវត្តនូវថ្លៃប្រហាក់ប្រហែលគ្នា។

ចំណុចទី ២ គឺពិភាក្សាជាមួយនឹងអគ្គិសនីកម្ពុជា ទាក់ទងនឹងការប្រើប្រាស់អគ្គិសនី នោះវាទាក់ទង​នឹង​តម្លៃ​ទឹក ដែលអាចផ្តល់លទ្ធភាពឲ្យរដ្ឋាករទឹកទីក្រុងភ្នំពេញ។ បញ្ចុះនូវថ្លៃទឹកពីផ្នែកណាមួយ តាមរយៈ នៃ​កា​រចុះថ្លៃភ្លើង សម្រាប់ការបូមទឹកផ្គត់ផ្គង់ សម្រាប់ទីក្រុងភ្នំពេញ។ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អាជ្ញា​ធរអគ្គិសនី ក៏ដូចជា ក្រុមហ៊ុនអគ្គិសនី បានដាក់គោលដៅរួចហើយ និងរបៀបប្រើប្រាស់រួចហើយ។ ការ​ប្រើប្រាស់បូមទឹក ឬប្រើប្រាស់នៅក្នុងការផលិតឧស្សាហកម្មនៅក្នុងពេលយប់ តម្លៃអគ្គិសនី គឺមាន​តម្លៃ​ថោក​ជាងពេលថ្ងៃ។ ដូច្នេះ សុំឲ្យរដ្ឋាករទឹកទីក្រុងភ្នំពេញ ឆ្លៀតប្រើប្រាស់អគ្គិសនីក្នុងពេលយប់ នៅពេល​ដែល​ថ្លៃអគ្គិសនីនោះ គឺមានតម្លៃថោកជាងពេលថ្ងៃ ដោយសារពេលយប់យើងនៅសល់ភ្លើងច្រើន ពេលថ្ងៃ​យើង​ប្រើភ្លើងច្រើនណាស់។ ប៉ុន្តែ ពេលយប់ចំនួនភ្លើងដែលយើងប្រើប្រាស់មានចំនួនតិចជាង។ ដូច្នេះ អគ្គិសនីកម្ពុជា ក៏បានបញ្ចុះតម្លៃសម្រាប់ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងទៀត ជាពិ​សេស​ក្នុងវិស័យឧស្សាហកម្ម គឺមានតម្លៃថោកជាង។ អញ្ចឹង សូមពិភាក្សាគ្នា រវាងក្រសួងឧស្សាហកម្ម និង​សិប្បកម្ម, រដ្ឋាករទឹក, ក៏ដូចជា អាជ្ញាធរអគ្គិសនី, ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ ក្រុមហ៊ុន​អគ្គិសនី​ទាក់ទងនឹងការប្រើអគ្គិសនី ហើយការប្រើអគ្គិសនីនេះ នឹងនាំទៅដល់ការទម្លាក់តម្លៃទឹក​ សម្រាប់ការប្រើ​ប្រាស់​របស់ប្រជាជនយើង។

រៀបចំអនុស្ថានីយអគ្គិសនី ធានាផ្គត់ផ្គង់ទឹក និងតម្លៃថោក

មានរឿងមួយក៏ត្រូវតែសិក្សាផងដែរ តាមរបៀបគណនានៃតម្លៃអគ្គិសនី ការតភ្លើងភ្ជាប់ចេញពីបណ្តាញ ដែល​មានតម្លៃវាខ្ពស់ជាង។ ប៉ុន្តែ បើសិនជាចេញពីអនុស្ថានីយតែម្តងតម្លៃទាបជាង។ ដូច្នេះ សូមពិភាក្សា​គ្នារវាងអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកតែម្តង តើយើងគួររៀបចំដាក់អនុស្ថានីយអគ្គិសនី នៅក្នុងរោងចក្រនេះ​ឬ​ទេ? ដើម្បីធានាផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់បូមទឹក។ ជួនកាលវាអាដាច់ភ្លើងកន្លែងនេះ ​កន្លែង​នោះ ក៏ប៉ុន្តែ បើយើង​ដាក់អនុស្ថានីយ គឺទី ១ ធានាការផ្គត់ផ្គង់សម្រាប់ការបូមទឹក និងទី ២ ថ្លៃថោក​ទៀត។ បើនិយាយពីថ្លៃ​សម្រាប់ការតពីអនុស្ថានីយ គឺថោកជាង។ អញ្ចឹង ត្រូវពិភាក្សាគ្នា តើអ្នកទិញ​អគ្គិស​នីដែល សម្រាប់បូមទឹកនៅទីនេះ ​ក៏ដូចជា រោងចក្រផលិតអគ្គិសនីដទៃទៀត វិនិយោគបង្កើតអនុស្ថានីយ​ខ្លួន​ឯង ឬទុកឲ្យអគ្គិសនីកម្ពុជាជាអ្នកចេញទុនវិនិយោគ?

តម្លៃទឹកអាចខុសគ្នាតាមទីតាំង សូមយោគយល់

ខ្ញុំព្រះករុណាខ្ញុំ យល់ថា បើយើងគិតគូរបែបនេះ យើងអាចរកវិធីបន្ថយថ្លៃទឹក ដើម្បីរួមចំណែកការលំបាក​សម្រាប់ប្រជាជន តាមរយៈការកាត់បន្ថយតម្លៃប្រើប្រាស់អគ្គិសនី ក្នុងការបូមទឹក។ ប៉ុន្តែ សូមមេត្តាយោគ​យល់​ថា តម្លៃទឹកមិនមែនទាក់ទងទាំងស្រុងទៅលើបញ្ហាអគ្គិសនីទេ។ ឥឡូវហិរញ្ញប្បទាននៅទីនេះ ចំនួន ៦០ លានដុល្លារ(អាមេរិក) ក្នុងនោះកម្ចីពីបារាំង ចំនួន ៣៦ លានដុល្លារ។ អញ្ចឹង ត្រូវសងទៅបារាំង​ទាំង​ការ​ទាំងដើម។ បើដូច្នោះ​ ការផលិតទឹកក៏ត្រូវមានផលចំណេញរបស់វាមួយចំនួនណានោះ ដើម្បីវិនិយោគ​បន្ត​ផង និងដើម្បីមានលុយសងទាំងការទាំងដើម។ សងទៅបារាំងវិញផង មិនមែនបារាំងឲ្យទទេទេ បើ​បា​រាំង​ឲ្យទទេ ក៏ត្រូវតែមានការគិតគូរក្នុងតម្លៃដើម្បីធានាជាមួយនឹងថ្លៃដើមនៃការផលិតផងដែរ។ ហើយកន្លែង​នី​មួយៗ​តម្លៃខុសគ្នា ដូចមានក្នុងសៀវភៅជំនួយស្មារតី នៃការណែនាំហើយ។ កន្លែងខ្លះដើម្បីធ្វើឲ្យទឹក​បាន​ស្អាត​ គឺត្រូវប្រើនូវរបៀបកែច្នៃវា ដើម្បីឲ្យទឹកនោះអាចប្រើប្រាស់បាន។ ទឹកមួយម៉ែត្រគូបដូចគ្នានៅតំបន់​របស់​យើង​នេះ ប៉ុន្តែ វាថោកជាងទឹកមួយម៉ែត្រគូបនៅតំបន់ផ្សេង ដែលមានជាតិពុលយ៉ាងខ្លាំង ហើយជាតិ​ពុល​នោះ​តម្រូវឲ្យរដ្ឋាករទឹក និងអ្នកផលិតទឹកប្រើប្រាស់វិធីគ្រប់យ៉ាង ដែលមានតម្លៃថ្លៃជាង ដើម្បីនឹង​ធ្វើឲ្យ​ទឹកស្អាតប្រើប្រាស់បាន។ ដូច្នេះ តម្លៃវាមិនដូចគ្នាទេ។ អញ្ចឹង សូមយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែល​ជាអ្នកប្រើប្រាស់ទឹក។

ទាមទារជម្រុញការតបណ្តាញទឹកទៅកន្លែងដែលមិនទាន់មាន

មួយទៀត គឺទាមទារឲ្យមានការជម្រុញការតបណ្តាញទឹក ទៅកាន់តំបន់ដែលមិនទាន់មានទឹក។ អម្បាញ់​មិញ ប្អូនប្រុសខាងនោះបានលើកឡើងថា សូមសម្តេចជួយតបណ្តាញទឹកទៅសង្កាត់ព្រែកថ្មី។ ចេះតែត​ទៅ សម័យនេះមិនមែនសម័យអូសទឹកទេ ហើយក៏មិនមែនសម័យផលិតក្អមទូលទឹក និងរែកទឹកដូច​មុន​ដែរ។ កន្លែងខ្លះប្រើអណ្តូងស្នប់  អណ្តូងនេះ អណ្តូងនោះ និងកន្លែងមួយចំនួនប្រើដោយ​ម៉ាស៊ីនទៅ​ហើយ​។ សូម​បន្តការខិតខំដើម្បីតម្រង់ឆ្ពោះ​ទៅរកការគ្រប់ដណ្តប់ តាមរយៈជម្រុញការតទុយោទឹក ទៅតំបន់ដែល​មិន​ទាន់​​មានទឹក ទាំងតំបន់ដែលកសាងលំនៅស្ថានថ្មី និងតំបន់ដែលប្រជាជនកំពុងរស់នៅ ហើយមិន​ទាន់​មាន​​ទឹក។ នេះជា​អនុសាសន៍ ដែលខ្ញុំព្រះករុណាខ្ញុំ ផ្តល់ជូនក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏​ដូច​ជា ចំ​ពោះរដ្ឋាករទឹកទីក្រុងភ្នំពេញ ហើយក៏អាចទាក់ទងនឹងទឹកជាមួយនឹងបណ្តាខេត្តដទៃទៀត។

អរគុណស្ថាប័នពាក់ព័ន្ធបានតទឹក/ភ្លើងដល់ផ្ទះជួល កាត់បន្ថយការលំបាកកម្មករ/ការិនី សិស្ស/និស្សិត 

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ អរគុណចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជា រដ្ឋាករ​​ទឹក ដែលបានខិតខំអនុវត្តនូវអនុសាសន៍របស់ ខ្ញុំព្រះករុណាខ្ញុំ អំពីការតទឹក និងផ្គត់ផ្គង់ទឹក សម្រាប់​កម្មករ/ការិនី និស្សិត/សិស្ស ដែលរស់នៅតាមផ្ទះជួល ដែលមុននេះ តម្លៃទឹកត្រូវបានកំណត់​ដោយ​ម្ចាស់​ផ្ទះ។ តែឥឡូវនេះ តម្លៃទឹកត្រូវបានកំណត់ដោយក្រសួង/ស្ថាប័នអ្នកផ្គត់ផ្គង់ទឹក ដែលធ្វើឲ្យកម្មករ​របស់​យើង​ធូរ​ស្រាលនៅក្នុងការ​បង់តម្លៃទឹក ក៏ដូចជាតម្លៃភ្លើងផងដែរ។ មុននេះ តម្លៃភ្លើងអាស្រ័យទៅលើម្ចាស់​ផ្ទះ យើងឲ្យប្រើប្រាស់ ៥០ គីឡូវ៉ាត់ម៉ោងចុះក្រោមត្រឹមតែ ៦១០ រៀលទេ តែម្ចាស់ផ្ទះតម្រូវឲ្យ​កម្មករ​(កម្មការិ​នី)​ចេញ(ថ្លៃអគ្គិសនី)ដល់ទៅ ១.០០០ (រៀល) ឬជាង ១.០០០ (រៀល)។ ទឹកក៏ដូចជា តែ ១.២៥០ (រៀល) ប៉ុន្តែ ម្ចាស់ផ្ទះឲ្យ(ចេញថ្លៃ)រហូតទៅដល់ ២.០០០ (រៀល) ឬអាចលើសពីនេះ។ អញ្ចឹងទេ សុំកោតសរសើរ ចំ​ពោះការខិតខំទាំងអស់នេះ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ចំពោះកម្មករ/ការិនី ដែលរស់នៅតាម​ផ្ទះ​ឈ្នួល និស្សិត/សិស្ស ដែលរស់នៅតាមផ្ទះឈ្នួលផងដែរ។

ប្រជាពលរដ្ឋមានការសប្បាយរីករាយ នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍប្រទេស

ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបាននិយាយច្រើន ដោយសារតែវានិយាយជាប់គ្នា ហើយឥឡូវស្អកកតែម្តង។ ម្សិលមិញឆ្លៀត ទៅជួបជុំជាមួយនឹងកីឡាករ/ការិនី។ ឃើញតែក្មួយៗរាំហ្នឹង គឺហត់ជួសតែម្តង ព្រោះសុទ្ធ តែលោត។ ឥឡូវជិតចូលឆ្នាំហើយ ខ្ញុំឃើញគេចាក់ Video Clip ពីត្រង់ណា ឃើញចាស់ៗនាំគ្នាលេង​សប្បាយ​ម្យ៉ាងដែរ។ លេងលាក់កន្សែង។ ឃើញចាស់ៗរត់ឲ្យត្រុយ រួចហើយគាត់រាំឲ្យរំពើនតែម្តង ហើយឆ្នាំ​នេះ គឺជាឆ្នាំដែលយើងនឹងមានការសប្បាយរីករាយជាបន្តទៀត តាមរយៈកម្មវិធីជាច្រើន ក្នុងនោះ ប្រជា​ពលរដ្ឋ​ចូល​រួមសប្បាយរីករាយ នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍប្រទេសរបស់យើង។

ការព្យាករណ៍ឧតុនិយម

សង្ឃឹមថា ឆ្នាំនេះភ្លៀងក៏ធ្លាក់ ឥឡូវថ្ងៃហ្នឹង(ភ្លៀង)ធ្លាក់ទៀតបើតាមមើលទៅ ព្រោះឧតុនិយមគេថា(ភ្លៀង) ធ្លាក់។ ឧតុនិយមឥឡូវហ្នឹងទាយអត់ខុសទេ។ ហើយ(ភ្លៀង)ធ្លាក់គ្រប់ខេត្តទាំងអស់ ប៉ុន្តែ វាខុសពីឆ្នាំទៅ។ ឆ្នាំទៅអត់ភ្លៀង អត់ទឹកពិបាកណាស់។ ឯឆ្នាំនេះ យើងមានភ្លៀង យើងមានទឹក ហើយប្រហែលជាទទួល ទេវតាឆ្នាំនេះ ប្រហែលជាទទួលនៅកន្លែងខ្លះមានភ្លៀងតែម្តង ទេវតាចុះមកនាំភ្លៀងមកជាមួយតែម្តង។ ឮថា(ទេវតាចុះ)ម៉ោង ៣ (អធ្រាត្រ)ប៉ុន្មាននាទីឯណោះ? ម៉ោង ៣ (និង) ១២ នាទី(អធ្រាត្រ)។ ប្រហែលជា ខ្ញុំព្រះករុណាខ្ញុំ អត់បានទទួលទេ សុំទទួលពីល្ងាចទុកឲ្យហើយ ហើយភ្លឺឡើងចាំទទួលម្តងទៀត ទៅមើល មុខទេវតា។

គតិលោក រឿងខ្លាចប្រពន្ធ

មន្ត្រីរាជការដែលធ្វើការនៅខាងនេះ មានអ្នកខ្លះទៅ(លេង)អង្គរវត្តឆ្នាំនេះ? អង្គរសង្ក្រាន្តឆ្នាំនេះ? រៀងរាល់ ឆ្នាំ(​​ទីក្រុង)ភ្នំពេញស្ងាត់តែម្តង។ ប៉ុន្តែឥឡូវនេះ មិនមែនប្រមូលផ្តុំនៅតែអង្គរទេ ទៅគ្រប់ទីកន្លែងទាំងអស់។ សុំផ្តាំផ្ញើឲ្យហើយ ទៅណាក៏ទៅចុះ អាណិតស្ពាយប្រពន្ធទៅជាមួយ (សំណើច និងស្នូរទះដៃរបស់មហា ជន)។ ប្រសិនបើប្រពន្ធកូនខ្ចី សុំកុំទៅណាចោល នៅមើលប្រពន្ធ។ អាហ្នឹងផ្តាំទុកឲ្យហើយ ដើម្បីធានាថា ចូលឆ្នាំ គឺមិនមានរឿងក្នុងគ្រួសារកើតឡើងទេ។ ការពិត បើទោះបីឆ្នាំនេះ ឆ្នាំវក ដែលជាសត្វស្វា អញ្ចឹង​អី? ឆ្នាំក្រោយឆ្នាំរកា ឆ្នាំមាន់ ខ្ញុំព្រះករុណាខ្ញុំ បានមាន់ដល់ទៅបីឥឡូវហ្នឹង។ មានមួយ គឺកូន ហើយ​មាន់​ពីរ​នឹងកើតនៅពេលខាងមុខនេះ ក្នុងមួយគ្រួសារនេះ គឺមានមាន់ដល់ទៅបី។ សង្ឃឹមថា វាកើតនៅពេល​យប់​ទៅចុះ ព្រោះកើតពេលយប់វាមិនសូវរពិស។ បើទោះបីកើតឆ្នាំណាក៏ដោយ ទៅដណ្តឹង(កូន)គេ ត្រូវ​ទៅ​មើលឆ្នាំវ៉ៃលេខអាតាក់អីទាំងអស់។ ឆ្នាំនេះត្រូវហ្នឹងឆ្នាំនោះឬអត់? បុរសអត់បញ្ហាទេ ឆ្នាំណានៅតែឆ្នាំ​ហ្នុង ប៉ុន្តែអ្វីដែលសំខាន់ ស្ត្រីមុនការ គឺឆ្នាំវក (តែដល់ពេល)ការហើយ គឺឆ្នាំខាល បានសេចក្តីថា មុនការ គឺ​(ឆ្នាំ)ស្វា ដល់ការហើយក្លាយទៅជាខ្លាតែម្តង។

អញ្ចឹងទេ យកល្អយើងដាក់ខ្លួនទៅជាអ្នកខ្លាចប្រពន្ធទៅល្អជាង ហើយសមាគមអ្នកខ្លាចប្រពន្ធ ត្រូវបាន​បង្កើត​នៅឆ្នាំ ២០០១ នៅប្រទេសប្រ៊ុយណេ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពេលនោះ បង្កើតសមាគម​ខ្លាច​ប្រ​ពន្ធ ប្តីខ្លាចប្រពន្ធ។ ខ្ញុំព្រះករុណាខ្ញុំ ធ្វើជាប្រធាន (សំណើច និងស្នូរទះដៃរបស់មហាជន)។ នាយករដ្ឋ​មន្ត្រី​ថៃ​ពេលនោះធ្វើជាអនុប្រធាន ឥឡូវ ប្រហែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយធ្វើជាអនុប្រធាន ប៉ុន្តែ សួរ​ទៅ​មើល អ្នកខ្លះនៅខាងក្រោយអួតថា​សុទ្ធតែមិនខ្លាចប្រពន្ធ?

ដំណាលរឿងមួយទៅចុះ។ ព្រះរាជាព្រះអង្គចង់ដឹងថា តើមន្ត្រីរបស់ព្រះអង្គមានប៉ុន្មានខ្លាចប្រពន្ធ? មាន​ប៉ុន្មាន​អត់ខ្លាចប្រពន្ធ? ព្រះរាជាក៏ឲ្យមន្ត្រីរបស់ព្រះអង្គ ថាអ្នកណាខ្លាចប្រពន្ធឲ្យទៅខាងនេះ អញ្ចឹង​ចេះ​តែ​ដើរ​ហែរទៅ នៅសល់មន្ត្រីម្នាក់អត់ព្រមទៅណាតែម្តង នៅស្ងៀមនៅហ្នឹង។ ព្រះរាជាក៏បានសួរទៅ​មន្ត្រី​ហ្នឹងថា ម៉េចបានជាលោកឯងអត់ទៅណា? មន្ត្រីនោះក៏បានឆ្លើយតបទៅព្រះអង្គវិញថា ប្រពន្ធទូលបង្គំ​ប្រាប់​មកថា គេឲ្យទៅណាក៏កុំទៅ។ នៅឲ្យស្ងៀម។ កាលពីមុន ព្រះរាជាគិតស្មានថា បុរសម្នាក់នេះ មន្ត្រី​មួយនាក់នេះអត់ខ្លាចប្រពន្ធទេ ព្រោះអ្នកខ្លាចប្រពន្ធទៅនៅខាងនោះអស់រលីងទៅហើយ អញ្ចឹង អ្នក​ដែល​អត់ទៅនេះ គឺអ្នកអត់ខ្លាចប្រពន្ធ។ ព្រះអង្គគិតថា យ៉ាងហោចណាស់ក៏មាន(មន្ត្រី)មួយដែរ​អត់ខ្លាច​ប្រ​ពន្ធ ប៉ុន្តែ មិននឹកស្មានថា មួយនេះខ្លាចជាងគេទៅទៀត (សំណើច​របស់សម្តេច និងមហាជន)។ ប្រពន្ធ​​ប្រាប់​មក​ពី​ផ្ទះថា បើគេឲ្យទៅណាកុំទៅ។ នេះរឿងខ្លាចប្រពន្ធ។ ជាការល្អ ខ្លាចប្រពន្ធ (គឺ)មានសុភមង្គល មិន​មែនបានសេចក្តីថា ប្រពន្ធហ្នឹងខាំទេ។

១ ឆ្នាំ ជួបសាសនិកឥស្លាម ១ ដង នៅពេលស្រាយបួស

ខ្ញុំព្រះករុណាខ្ញុំ ថ្ងៃនេះអរគុណជាមួយនឹងការនិមន្តចូលរួមរបស់សម្តេច ព្រះតេជព្រះគុណគ្រប់ព្រះអង្គ ឯក​ឧត្តម លោកជំទាវ ជាពិសេស ឯកឧត្តមអគ្គរដ្ឋទូតបារាំង ក៏ដូចជា តំណាងប្រិយមិត្តបារាំង ដែលនៅក្នុង​ក្រប​ខណ្ឌជាអ្នកការទូត ឬក៏ក្របខណ្ឌ AFD និងក្រុមហ៊ុនក្វាំងស៊ី។ អរគុណចំពោះការចូលរួមរបស់ ឯក ឧត្តម លោកជំទាវ អស់លោក លោកស្រី ក៏ដូចជា បងប្អូនជនរួមជាតិ រាប់ទាំងបងប្អូនសាសនិកឥស្លាម ផងដែរ ដែលមកជួបជុំគ្នានៅទីនេះ ហើយសង្ឃឹមថា នៅពេលស្រាយបួសយើងនឹងជួបគ្នាទៀត នៅក្នុង អំឡុង ខែ មិថុនា ឬ ខែ កក្កដា។ ជិតដល់ពេលបួសហើយ ឆ្លងផុតតែ ខែ មេសា នឹងចូលដល់ខែបួស ហើយ។ អញ្ចឹងទេ​ ជាធម្មតាយើងជួបគ្នារាល់ឆ្នាំ។ ១ ឆ្នាំ ជួបគ្នាម្តង គឺស្រាយបួស។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមក សម្រាប់ លោកយាយ លោកតា ចំនួន ២០០ ​នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល។ ជូនក្រុមកាយប្ញទ្ធិ និងយុវជនកម្ពុជា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ១ ម៉ឺនរៀល។ សិស្សានុសិស្ស ចំនួន ៣.៤២៨ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ៥​ ពាន់រៀល។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន ២៥២ នាក់ ក្នុងម្នាក់ៗ ថវិកា ៣ ម៉ឺន រៀល។ ជូនបុគ្គលិក និងកម្មករ ចំនួន ៤៩​ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនវិទ្យាល័យច្បារអំពៅ សង្កាត់និរោធ ថវិកា ១ លានរៀល។ ជូនមណ្ឌលសុខភាពនិរោធ ថវិកា ១ លានរៀល។ ជូនសាលាខណ្ឌ ច្បារអំពៅ ថវិកា ១ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ១ លានរៀល។ ហើយក្រុមតន្ត្រីសម័យហ្នឹង ចេះច្រៀង (និង)រាំ(បទ)អញ្ចេះៗឬនៅ? (បទរាំ)អញ្ចេះៗ (និងបទ)ឆ្កែរត់បុកប៉ោត។ បើសិនជាមិត្តបារាំងចេះ រាំបទរាំញីកែងជើង បទ(រាំ)អញ្ចេះៗ ហើយបទឆ្កែរត់បុកប៉ោត ល្អតែម្តង។ អាហ្នឹងស្រួលរាំទេ ក្បាច់ដូច បារាំងដែរ (សម្តេច និងមហាជនសើច)។

ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី ២ ដែល ហិរញ្ញប្បទានសាងសង់ដោយថវិការដ្ឋាករស្វយ័តក្រុងភ្នំពេញ និងថវិកាកម្ចីទីភ្នាក់ងារបារាំង សម្រាប់ការអ ភិវឌ្ឍ ខ្ញុំព្រះករុណខ្ញុំ សូមប្រគេនពរ ចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort