(រាជធានីភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ពិធីកាន់បិណ្ឌវេនទី៦នេះបានប្រព្រឹត្តនៅនារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែ តុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនាប្រកបដោយពុទ្ធវចនៈយ៉ាងក្បោះក្បាយ រំលេចឡើងនូវប្រវត្តិនិងជំនឿ ទំនៀមទម្លាប់ប្រពៃណីក្នុងការប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ។
សម្រាប់វេនបិណ្ឌទី៦នេះផងដែរ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក៏បានអញ្ជើញចូលរួមប្រគេនយាគូចំពោះព្រះសង្ឃ ដារពិស្ថាររាប់បាត្រ និងវេរភត្ថាហារប្រគេនព្រះសង្ឃ ជាកិច្ចបញ្ចប់បិណ្ឌវេនទី៦។
ក្នុងពិធីកាន់បិណ្ឌនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក៏ដូចជាជូនឧទ្ទិសដល់វិញ្ញាណក្ខន្ធថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដូចជាឯកឧត្តម អ៊ុង ផន, សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល និងសម្តេចវិបុលបញ្ញា សុខ អាន និងដល់វិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហាន ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងមក បានទៅសោយសុខក្នុងឋានសុគតិភព និងសូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិសជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះទៅហោង៕




















