ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិជ្រាបអំពីការបង្កើនថវិកាជាតិលើវិស័យអាទិភាព និងការធានាផ្គត់ផ្គង់ជីវភាពវីរកងទ័ពជួរមុខរបស់រាជរដ្ឋាភិបាល៖
ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យសង្គមកិច្ចនៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ថវិកាសម្រាប់វិស័យអប់រំក្នុងឆ្នាំ២០២៧ កើនឡើង ៤,៧% ខណៈដែលវិស័យសុខាភិបាលកើន ១,៥% ធៀបនឹងឆ្នាំ២០២៦។ កំណើនថវិកាជាតិលើវិស័យសង្គមកិច្ច ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគលើសុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ក្នុងការចំណាយ បើទោះបីជាសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសាកល និងសេដ្ឋកិច្ចកម្ពុជាក៏ដោយ។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបដិសេធព័ត៌មានដែលថា ការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មី មានន័យថា រដ្ឋាភិបាលអស់លុយ ដោយសម្តេចបានបញ្ជាក់ថា នោះគឺជាព័ត៌មានមិនពិតក្នុងចេតនាញុះញង់ឱ្យប្រជាពលរដ្ឋភាន់ច្រឡំ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋចាញ់កលព័ត៌មានទាំងនោះ និងកុំនាំគ្នាផ្អើលទៅដកប្រាក់ពីធនាគារ តាមការបំផុសក្នុងចេតនាអាក្រក់របស់ក្រុមមនុស្សមួយចំនួន។
សម្តេចធិបតីបានធានាអះអាងថា រដ្ឋនៅតែមានសាច់ប្រាក់គ្រប់គ្រាន់ដែលស្តែងឡើងតាមរយៈការបើកប្រាក់ខែទៀងទាត់ជូនមន្ត្រីរាជការ និងបើកពីរដងក្នុងមួយខែ ហើយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រាក់ខែនឹងត្រូវបើកសរុបតែមួយដង រួមទាំងប្រាក់ឧបត្ថម្ភសម្រាប់ភ្ជុំបិណ្ឌ ៥ម៉ឺនរៀលបន្ថែមផង ដើម្បីអនុញ្ញាតឱ្យមន្ត្រីរាជការយកទៅចាយវាយសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។ លើសពីនេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញនឹងបញ្ចេញរថយន្តក្រុងសាធារណៈចំនួន ៦០០ គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ។ ផែនការ សកម្មភាពទាំងអស់នេះបញ្ជាក់ថា រដ្ឋមានថវិកាគ្រប់គ្រាន់នៅក្នុងដៃ។
សម្តេចប្រមុខរាជរដ្ឋាភិបាលពន្យល់ថា ការដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ថ្មីប្រភេទ៥ម៉ឺនរៀលនិង១០ម៉ឺនរៀល កាលពីពេលថ្មីៗនេះ មានគោលដៅសំខាន់ពីរ គឺដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលត្រូវបានកម្ទេចចោល និងដើម្បីបង្កើនគុណភាពនិងសុវត្ថិភាពនៃក្រដាសប្រាក់កុំឱ្យមានការក្លែងបន្លំក្រដាស់ប្រាក់ក្លែងក្លាយ។ សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ឬចាញ់បោកការញុះញង់ឱ្យទៅដកប្រាក់ពីធនាគារឱ្យសោះ។
ទី២. រាជរដ្ឋាភិបាលធានាការផ្គត់ផ្គង់របបអាហារគ្រប់គ្រាន់ដល់កងទ័ពជួរមុខ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានច្រានចោលព័ត៌មានខុសការពិតមួយចំនួនដែលផ្សាយថា កងទ័ពជួរមុខកម្ពុជា ខ្វះអាហារហូបចុករហូតដល់ហូបបាយជាមួយអំបិលបុកម្ទេស ដោយសម្តេចចាត់ទុកការផ្សព្វផ្សាយបែបនោះថា ជាចេតនាវាយបំបាក់ទឹកចិត្តកងកម្លាំងប្រដាប់អាវុធជួរមុខ។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពជួរមុខរបស់កម្ពុជាមានអាហារហូបចុកគ្រប់គ្រាន់ ដោយមានទាំងស្បៀងគ្រៀមសម្រាប់ធានាទុករយៈពេលយូរ និងមានការផ្គត់ផ្គង់ជាប្រចាំពីក្រសួងការពារជាតិ ក៏ដូចជាការចូលរួមពីសប្បុរសជន មានគោលរបបស្តង់ដារ និងប្រាក់បំប៉នដែលធ្វើឱ្យការផ្គត់ផ្គង់មានកម្រិតខ្ពស់។ រាជរដ្ឋាភិបាលក៏មានគោលការណ៍រៀបចំឱ្យបើកប្រាក់បៀវត្សរ៍ជូនកងទ័ព តាមប្រព័ន្ធធនាគារឱ្យបានសម្រេចនៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខនេះ។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលមានការព្រួយបារម្ភចំពោះសុខទុក្ខកងទ័ព សូមស្រាវជ្រាវនិងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុននឹងបង្ហោះចែកចាយបន្ត ដើម្បីជៀសវាងការទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលអាចត្រូវក្រុមអគតិយកទៅប្រើប្រាស់ក្នុងការបំផ្លាញទឹកចិត្តកងទ័ពការពារជាតិ។ សម្តេចធិបតីក៏បានប្រកាសស្វាគមន៍និងលើកទឹកចិត្តកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋឱ្យផ្ញើសារមកកាន់សម្តេចផ្ទាល់ប្រសិនបើមានករណីខ្វះខាត ដើម្បីឱ្យរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និងអន្តរាគមន៍ដោះស្រាយជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យកងទ័ព ឬកងកម្លាំងណាម្នាក់ជួបប្រទះការខ្វះខាតនោះឡើយ។
ទី៣. សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ចេញប្រតិកម្មឆ្លើយតបយ៉ាងខ្លាំងចំពោះក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយចំនួនដែលនិយាយបំផ្លើសបំភ្លៃខុសការពិត តាមការចោទប្រកាន់មួលបង្កាច់របស់ប្រទេសថៃ ខណៈដែលកម្ពុជាទទួលរងសង្គ្រាមឈ្លានពានទឹកដីពីប្រទេសជិតខាងមួយនេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកត់សម្គាល់ដោយហួសចិត្តថា ការចោទប្រកាន់មួលបង្កាច់របស់ប្រទេសឈ្លានពានជារឿងមួយ ប៉ុន្តែ អ្វីដែលខ្មែរឈឺចាប់បំផុតគឺការបន្ទរសំឡេងចោទប្រកាន់មួលបង្កាច់នេះពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនដែលជាខ្មែរដូចគ្នា ដែលនេះជាអំពើក្បត់ជាតិដ៏ធំមួយ៕
សូមអរគុណ!

