នៅវេលាថ្ងៃត្រង់ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីជំនួបពិភាក្សារួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ ក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សម្តេចមានសេចក្តីសោមនស្សរីករាយណាស់ ដោយមានកិត្តិយសរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយសនាឱកាសនេះ។ សម្តេចសូមអបអរសាទរចំពោះឯកឧត្តមប្រធានាធិបតី ដែលបានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាមួយគ្នានេះសម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ា នឹងសម្រេចបានការងារអាទិភាពទាំងឡាយដែលរដ្ឋាភិបាលរបស់ឯកឧត្តមបានដាក់ចេញ។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ ជាសក្ខីភាពនៃការបញ្ជាក់ អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសយើងទាំងពីរ។
ក្នុងឱកាសទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតី នាពេលនេះ បានផ្តល់ឱកាសដល់យើងទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ។
កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។
សម្តេចពិតជារីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូកន្លងមករវាងប្រទេសយើងទាំងពីរ ទៅលើពហុវិស័យប្រកបដោយផ្លែផ្ការួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ ព័ត៌មាន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ជាពិសេសការប្រកាន់ ឥរិយាបថសាមគ្គីភាពគ្នាយ៉ាងស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ អាស៊ាន និងនៅលើឆាកអន្តរជាតិ តាមរយៈការថែរក្សាការពារដោយសន្តិវិធីនូវឧត្តមគតិរួម ផលប្រយោជន៍រួមនៃប្រទេសយើងទាំងពីរ ព្រមទាំងភាពជាដៃគូដ៏រឹងមាំ ទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងបន្តរីកចម្រើនឥតឈប់ឈរ។
សម្តេចសូមជូនពរ ឯកឧត្តមប្រធានាធិបតី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ សូមមានសុខភាពល្អប្រសើរ ទទួលបានជោគជ័យនិងពោរពេញដោយថាមពល ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕




