យោងតាមលិខិតរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្ញើទៅលោក រ៉ុន ឈុន ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការស្នើសុំរបស់លោក រ៉ុង ឈុន ដើម្បីពិនិត្យលទ្ធភាពសើរើឬត្រួតពិនិត្យឡើងវិញលើសាលដីការបស់តុលាការកំពូលគឺមិនអាចទៅរួចនោះឡើយដោយក្រសួងបញ្ជាក់ថាការសម្រេចសេចក្តីរបស់តុលាការគ្រប់ជាន់ថ្នាក់ ត្រូវបានធ្វើឡើងដោយត្រឹមត្រូវនិងអនុវត្តស្របតាមច្បាប់និងនីតិវិធីជាធរមានហើយក្រសួងយុត្តិធម៌ក៏ពុំរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
ប៉ុន្តែទោះជាយ៉ាងណា ក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមថា ក្នុងករណីលោក រ៉ុង ឈុន មានអង្គហេតុថ្មី ឬភស្តុតាងថ្មីដែលបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនក្នុងសំណុំរឿង លោកនៅតែអាចអនុវត្តសិទ្ធិក្នុងការធ្វើបណ្តឹងសើរើស នេះទៅតុលាការកំពូលដោយត្រូវអនុវត្តស្របតាមលក្ខខណ្ឌនិងនីតិវិធីដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជាធរមាន។
នៅក្នុងលិខិតដដែលបានបន្ថែមថា ចំពោះសំណើរបស់លោក រ៉ុង ឈុន សុំឱ្យក្រសួងយុត្តិធម៌ពិចារណាទម្លាក់ ចោលការអនុវត្តវិធានការកម្រិតសិទ្ធិនិងសេរីភាពជាមូលដ្ឋានវិញ ក្រសួងយុត្តិធម៌ក៏បានឆ្លើយតបថា ច្បាប់ជា ធរមានរបស់ព្រះរាជាណាចក្រកម្ពុជាពុំមានបទប្បញ្ញតិ្តណាមួយដែលមានចែងអនុញ្ញាតឱ្យក្រសួងយុត្តិធម៌អាចធ្វើការកែប្រែឬទម្លាក់ចោលនូវទោសដែលត្រូវបានសម្រេចដោយតុលាការឡើយ។ ដូច្នេះ ទោសដែលត្រូវបានសម្រេចនិងប្រកាសដោយសាលដីកាស្ថាពររបស់តុលាការរួចហើយ ត្រូវតែយកមកអនុវត្តស្របតាមច្បាប់និងនីតិវិធីជាធរមាន។
បន្ថែមពីលើនេះ ក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់ទៅកាន់លោក រ៉ុង ឈុន ថា ផ្អែកតាមមាត្រា៣១ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា «ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ហើយការប្រើសិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញត្រូវប្រព្រឹត្តទៅតាម លក្ខខណ្ឌកំណត់ក្នុងច្បាប់» ហើយមាត្រា៤៩ថ្មី កថាខណ្ឌទី១ ក៏បានចែងដែរថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវ គោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់»៕




