សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យគ្រឹះស្ថានអប់រំពង្រឹងស្តង់ដារបណ្តុះបណ្តាលឱ្យបានតឹងរ៉ឹង ដើម្បីទាញយកសមត្ថភាពពិតប្រាកដរបស់និស្សិត ដោយបានព្រមានថា ប្រសិនបើសិស្សរៀនពឹងផ្អែកតែលើបច្ចេកវិទ្យា AI នោះ នឹងមិនអាចបំពេញការងារបានឡើយ ហើយថែមទាំងបង្កើតជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់ធនធានមនុស្សរបស់ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចធិបតីអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សាលារៀនមិនមែនគ្រាន់តែជាកន្លែងផ្តល់សញ្ញាបត្រ ឬពិន្ទុល្អនោះទេ ប៉ុន្តែត្រូវរៀបចំវិធីសាស្ត្របង្រៀនដែលជំរុញឱ្យនិស្សិតបញ្ចេញសក្តានុពល និងអភិវឌ្ឍជំនាញជាក់ស្តែង ហើយជាឧទាហរណ៍ថា របងពីរម៉ែត្រលោតមិនរួច តែដល់ពេលមានឆ្កែខាំបែរជាអាចលោតរួច ដើម្បីបង្ហាញថា មនុស្សមានសមត្ថភាពធំធេងនៅពេលស្ថិតក្នុងបរិស្ថានដែលតម្រូវឱ្យខិតខំ និងដោះស្រាយបញ្ហា។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ការគ្រប់គ្រងគុណភាពអប់រំក្នុងយុគសម័យឌីជីថល ដោយបានបញ្ជាក់យ៉ាងច្បាស់ថា បើគាត់ពឹងតែ AI ទាំងស្រុង ហើយយើងឱ្យជាប់ដែរ នៅពេលគាត់ទៅធ្វើការអត់បានទេ ហើយកុំភ្លេចថា បើសិស្សម្នាក់ៗអត់ច្បាស់លាស់ ប្រទេសជាតិមួយនឹងមានធនធានមនុស្សដែលលំបាក។ សម្តេចធិបតី ផ្តល់អនុសាសន៍ដើម្បីដាស់តឿនដល់គ្រប់គ្រឹះស្ថានអប់រំ និងសិស្ស-និស្សិត ឱ្យផ្តោតលើគុណភាពនៃការសិក្សា និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារការងារ៕




