(រាជធានីភ្នំពេញ)៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកជំទាវ Vivian Loss Sanmartin ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយ ដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លោកជំទាវ Vivian Loss Sanmartin បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ និងបានលើកឡើងថា នេះគឺជាកិត្តិយសរបស់លោកជំទាវដែលត្រូវបានចាត់តាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយប្រចាំកម្ពុជា។ លោកជំទាវ បានគូសបញ្ជាក់បំណងចង់ស្វែងយល់អំពីប្រទេសកម្ពុជាឱ្យកាន់តែច្បាស់លាស់ថែមទៀត ដើម្បីធ្វើការរួមគ្នាពិនិត្យមើលវិស័យសក្តានុពលរបស់ប្រទេសទាំងពីរ និងចែករំលែកបទពិសោធល្អរបស់ប្រេស៊ីល ក្នុងវិស័យកសិកម្ម ការកែច្នៃអាហារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីសុខភាពសកល កម្មវិធីជាតិជំនួយសង្គម និងអភិបាលកិច្ចឌីជីថលជាដើម។ លោកជំទាវបានបង្ហាញនូវការបេជ្ញាចិត្តខ្ពស់ ក្នុងអាណត្តិការទូតរបស់លោកជំទាវ ដើម្បីពង្រឹងចំណងមិត្តភាព និងធ្វើពិពិធកម្មនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងធុរជននៃប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ប្រេស៊ីលក្នុងគ្រប់វេទិកា និងយន្តការពហុភាគី និងតំបន់ ខណៈដែលប្រេស៊ីលជាសមាជិកប្លុក BRICS និងបច្ចុប្បន្នជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ដែលនឹងក្លាយជាដៃគូសន្ទនាអាស៊ានពេញលេញនាពេលខាងមុខ។ ទោះបីកម្ពុជា និងប្រេស៊ីលមានភូមិសាស្ត្រនៅឆ្ងាយពីគ្នាបន្តិចក្តី ក៏ប៉ុន្តែទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងជិតស្និទ្ធ។ ជាក់ស្តែង ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្ពុជាក៏បានទទួលស្វាគមន៍ទេសចរប្រេស៊ីលមកទស្សនាកម្ពុជាផងដែរ បើទោះជានៅមានចំនួនតិចតួចក្តី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចផងដែរថា ប្រេស៊ីលជាប្រទេសធំ មានប្រជាជនច្រើន និងមានពិពិធកម្មសេដ្ឋកិច្ចកម្រិតខ្ពស់ ហើយក៏ជាប្រទេសសំខាន់មួយក្នុងតំបន់អាម៉េរិកឡាទីន។ ក្នុងន័យនេះ កម្ពុជា និងប្រេស៊ីលនៅមានលំហនិងសក្តានុពលជាច្រើនទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្កិការនយោបាយ បច្ចេកទេស និងគ្រប់វិស័យអាទិភាពមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឌីជីថល ការអភិវឌ្ឍជំនាញ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងទាក់ទាញទេសចរប្រេស៊ីលឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន តាមរយៈការផ្សព្វផ្សាយ និងការតភ្ជាប់ជើងហោះហើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតកាន់តែខ្ពស់លើគ្រប់វិស័យ។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា ជោគជ័យរបស់លោកជំទាវ គឺជាជោគជ័យរបស់កម្ពុជា។











