ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃនេះសាជាថ្មីហើយសម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនិងក្រុមការងារមូលដ្ឋានខេត្តបន្ទាយមានជ័យទាំងអស់ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុម ប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សនិងមានប្រសិទ្ធភាព។ សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជនដោយសម្តេចបានលើកបង្ហាញពីវីរភាពនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ពដែលបានយកទ្រូងពាំងគ្រាប់ដើម្បីជាតិ ទឹកដី និងប្រជាជន។
ដើម្បីតបស្នងស្នងគុណក៏ដូចជាការអនុវត្តន៍នយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» សម្តេចតេជោបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។ សម្ដេចបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័សនិងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានានិងចូលរួមថែរក្សាឱ្យបានគង់វង្ស។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀននិងបទល្មើសបច្ចេកវិទ្យាហើយ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀស វាងភាពអសកម្មឬការគៀបសង្កត់ណាមួយនិងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។
គួរបញ្ជាក់ផងដែរថា នេះជាបេសកកម្មលើកទី១៤ និងចំនួន១៦ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល ,សៀមរាប ,ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕















