នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានផ្តល់សេចក្តីសង្ខេបព័ត៌មានអំពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលក្នុងនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកពិភាក្សាផងដែរអំពីបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងជាក្តីបារម្ភរួម។
សម្ដេចធិបតី ក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជាប្រធានរដ្ឋវៀតណាម និងឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម ព្រមទាំងជួបពិភាក្សាជាមួយ ឯកឧត្តម ជិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ផងដែរ។ ក្រៅពីកម្មវិធីខាងលើ, សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នា ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាពនិងប្រជាជនជាស្នូល ដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន»។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា គណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលដែលអញ្ជីញអមដំណើរ សម្ដេចបធិបតី និងលោកជំទាវបណ្ឌិត នាឱកាសនោះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានិងសមាគមឧកញ៉ាកម្ពុជា។
ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕

