ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ ដោយបានបង្កើតគណៈកម្មាធិការចំពោះកិច្ច ដើម្បីប្រឆាំង Online Scams ដែលមានការចូលរួមពីក្រសួង ស្ថាប័ន មានការអនុវត្តច្បាប់ពាក់ព័ន្ធសំខាន់ៗ ដែលមាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ដឹកនាំយន្តការនេះ ដោយផ្ទាល់ និងមាន ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការចំពោះកិច្ច ដោយបានរៀបចំផែនការ កំណត់ថាការបោសសម្អាតធានាប្រព្រឹត្តិទៅដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងដូចនេះ នៅថ្ងៃទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្តម កើត រិទ្ធ បានថ្លែងបន្តថា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាជាលាយលក្ខណ៍អក្សរមួយ នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥ គឺបទបញ្ជាបោសសម្អាត Online Scams នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែជាអកុសលនៅថ្ងៃទី២៤ ខែកក្តដា កម្ពុជាបានទទួលរងនូវការឈ្លានពានយ៉ាងអយុត្តិធម៌ពីសំណាក់ប្រទេសជាតិខាង។ ដូច្នេះការយកចិត្តទុកដាក់លើបញ្ហាជាតិទាំងមូល ត្រូវបានប្រមូលផ្តុំនៅជុំវិញបញ្ហាព្រំដែន។
ឯកឧត្តមបន្តថា ទោះបីកម្ពុជាជួបបញ្ហាដូចនេះក្តី ក៏រាជរដ្ឋាភិបាលនៅតែបន្តធ្វើសកម្មភាពប្រឆាំង Online Scams ក្នុងទ្រង់ទ្រាយមួយដែលមិនដូចមុន ពីព្រោះត្រូវញែកកម្លាំងប្រមូលផ្តុំនៅតាមព្រំដែន តែក្រោយមានបទឈប់បាញ់លើកទី២ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺរាជរដ្ឋាភិបាលនៅតែបន្តធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំង Online Scams នេះយ៉ាងខ្លាំងក្លាបន្ថែមទៀត៕





